<bgsound loop='1' src='http://download1338.mediafire.com/1g08g8qr11rg/3kyyincn04b25qz/Welcome.MP3'></bgsound>

Tuesday, June 3, 2014

រឿង​បុរស ៤ នាក់ រៀន​សិល្ប ៤ បែប

-ម្នាក់​រៀន​ធ្វើ​ឲ្យ​កើត​ជា​រូប​មនុស្ស; -ម្នាក់​រៀន​ធ្វើ​ឲ្យ​មាន​អវយវៈ; -ម្នាក់​រៀន​ធ្វើ​ឲ្យ​មាន​សាច់​ឈាម​ពណ៌​សម្បុរ ; -ម្នាក់​រៀន​ធ្វើ​ឲ្យ​មាន​ជីវិត​ចេះ​និយាយ​ស្ដី ។

មាន​និទាន​មួយ​ថា : មាន​បុរស ៤ នាក់ ​ទៅ​ស្វែង​រក​រៀន​សិល្បសាស្ត្រ​ឯ​តក្កសិលា​មហា​នគរ, លុះ​រៀន​បាន​ចេះ​ចប់​សព្វ​គ្រប់​ហើយ ក៏​លា​លោក​គ្រូ​អាចារ្យ​ត្រលប់​មក​ស្រុក​វិញ, កាល​មក​ដល់​ពាក់​កណ្ដាល​ផ្លូវ ក៏​ឈប់​សម្រាក​នៅ​ទី​មួយ​ក្នុង​ព្រៃ ទី​នោះ​មាន​ខ្លា​កាច​សាហាវ​ជា​ច្រើន​នឹង​ដេក​មិន​លក់​សោះ ។ បុរស​ទាំង ៤ នាក់​នោះ​គិត​គ្នា​ថា “គួរតែ​យើង​យក​ឈើ​មក​ធ្វើ​ជា​រូប​ស្ត្រី​ម្នាក់ ឲ្យ​ដេក​កំដរ​យើង” ។ លុះ​គិត​ព្រមព្រៀង​គ្នា​ហើយ បុរស​ម្នាក់​យក​ឈើ​មក​ធ្វើ​ជា​រូប​រាង​ខ្លួន​ប្រាណ បុរស​ម្នាក់​ឆ្លាក់​រចនា​សម្រេច​ជា​រូប​អង្គ​ឲ្យ​ល្អ​ល្អះ ត្រចះ​ត្រចង់​សព្វ​សព៌ាង្គកាយ មាន​ទាំង​កេរ្តិ៍​ខ្មាស​ផង, បុរស​ម្នាក់​សូត្រ​សែក​មន្ត​ឧបទេស បន្ទន់​សាច់​ឲ្យ​មាន​ពណ៌​សម្បុរ​ល្អិត​ល្អ ព្រម​ទាំង​ឲ្យ​មាន​សំលៀក​បំពាក់​ដណ្ដប់​ស្បៃ វិស័យ​ជា​មនុស្ស​ពិត ៗ, បុរស​ម្នាក់​សូត្រ​សែក​មន្ត​វិសេស​ឧបទេស​ជប​ឲ្យ​រស​ជា​មនុស្ស​ចេះ​និយាយ​ស្ដី ។

កាល​បុរស​ទាំង ៤ នាក់​យក​ឈើ​មក​ធ្វើ​ឲ្យ​កើត​ជា​រូប​មនុស្ស​ស្ត្រី​បាន​ស្រេច​ហើយ ក៏​ដណ្ដើម​គ្នា​យក​ស្ត្រី​នោះ​ធ្វើ​ជា​ភរិយា​តែ​រៀង​ខ្លួន ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក គ្មាន​អ្នក​ណា​ជំនុំ​ជម្រះ​សម្រេច​ឲ្យ​សោះ ទើប​នាំ​គ្នា​ទៅ​ប្ដឹង​ចៅក្រម​តាម​ដំណើរ​ទីទៃ ៗ ។ ឯ​ចៅក្រម​ជំនុំ​ជម្រះ​ឲ្យ​ដោយ​នូវ​គន្លង​ធម៌​ពុំ​បាន​ក៏​នាំ​បុរស​ទាំង ៤ នាក់​នោះ ឡើង​ក្រាប​បង្គំ​ទូល​ព្រះមហាក្សត្រ​តាម​ដំណើរ​គ្រប់​ប្រការ ។ បុរស​ទាំង ៤ នាក់​ក្រាប​ទូល​សួរ​ថា “សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស, បើ​សេចក្ដី​ដូច្នេះ តើ​ស្រី​នេះ​គួរ​បាន​ជា​ប្រពន្ធ​អ្នក​ណា ? ” ។

ព្រះមហាក្សត្រ​ទ្រង់​ពិចារណា​ឈ្វេង​យល់​ស្រេច​ហើយ ទ្រង់​មាន​ព្រះបន្ទូល​ថា “បុរស​ដែល​យក​ឈើ​មក​ធ្វើ​ជា​រូប​រាង​សាង​ឡើង​ជា​អង្គ​នោះ​ត្រូវ​បាន​ជា​ម្ដាយ, បុរស​ដែល​ឆ្លាក់​សម្រេច​រូប​អង្គ​ផ្ចិត​ផ្ចង់​គ្រប់​ប្រការ​ឲ្យ​ល្អ​ល្អះ​សព្វ​សព៌ាង្គ មាន​ទាំង​កេរ្តិ៍​ខ្មាស​ផង​នោះ ត្រូវ​បាន​ជា​ប្រពន្ធ, បុរស​ដែល​សូត្រ​សែក​មន្ត​ឧបទេស បន្ទន់​សាច់​សម្បុរ​ស្បែក​ឲ្យ​ល្អិត​ល្អ ឲ្យ​មាន​សំលៀកបំពាក់​ដណ្ដប់​ស្បៃ​វិស័យ​មនុស្ស​ពិត​នោះ ត្រូវ​បាន​ជា​បង, ឯ​បុរស​ដែល​សូត្រ​សែក​មន្ត​ឧបទេស ជប​ឲ្យ​រស់​ជា​មនុស្ស​មាន​វិញ្ញាណ​ចេះ​និយាយ​ចេះ​ស្ដី​នោះ ត្រូវ​បាន​ជា​ឪពុក” ។

ព្រះមហាក្សត្រ​ទ្រង់​កាត់​ក្ដី​ដូច្នេះ ហៅ​សុគតិគមនំ​ហោង ។

រឿង​បុរស ៤ នាក់ រៀន​សិល្បសាស្ត្រ

-ម្នាក់​រៀន​ទាយ; -ម្នាក់​រៀន​បាញ់; -ម្នាក់​រៀន​មុជ​ទឹក; -ម្នាក់​រៀន​ជប ។

មាន​និទាន​មួយ​ថា : មាន​បុរស ៤ នាក់​ទៅ​ស្វែង​រៀន​សិល្បសាស្ត្រ អំពី​ព្រាហ្មណ៍​ម្នាក់​ជា​ទិសាបាមោក្ខាចារ្យ នៅ​តក្កសិលា​មហានគរ ។ បណ្ដា​បុរស​ទាំង ៤ នាក់​នោះ, បុរស​ម្នាក់​រៀន​ទាយ បុរស​ម្នាក់​រៀន​បាញ់ បុរស​ម្នាក់​រៀន​មុជ​ទឹក បុរស​ម្នាក់​ទៀត​រៀន​ជប​ឲ្យ​រស់​ឡើង​វិញ ។ អ្នក​ទាំង ៤ នាក់ សឹង​រៀន​ទីទៃ ៗ ពី​គ្នា លុះ​រៀន​ចប់​ហើយ ក្រាប​លា​ទិសាបាមោក្ខាចារ្យ ជា​គ្រូ​ទៅ​ស្រុក​វិញ លុះ​ចេញ​ដើរ​ទៅ ដល់​ពេល​ល្ងាច ឈប់​សម្រាក​ដេក​នៅ​ឆ្នេរ​សមុទ្រ ។ ព្រឹក​ឡើង​បុរស​ចេះ​ហោរ​និយាយ​នឹង​បុរស​ទាំង ៣ នាក់​ថា អ្នក​អើយ ! ពេល​នេះ​យើង​នឹង​មាន​លាភ​ដោយ​សត្វ​ឥន្ទ្រី​ពាំនាំ​កូន​ស្ដេច​មួយ​ព្រះអង្គ អំពី​ពារាណសី​មហានគរ ហើរ​មក​ទៀប​លំនៅ​យើង​នេះ​ឯង ។ បុរស​ទាំង ៤ នាក់​គិត​គ្នា​ហើយ ក៏​ឃ្លាំ​ចាំ​មើល​ដោយ​ទិស​ទីទៃ ៗ ។ ឰដ៏​កាល​នោះ ពុំ​យូរ​ឡើយ​សត្វ​ឥន្ទ្រី​ក៏​នាំ​នាង​ហើរ​មក ទៀង​ប្រាកដ​ឆុត​ដូច​ហោរ​ទាយ​នោះ​មែន, បុរស​ចេះ​បាញ់​ក៏​ដំឡើង​ធ្នូ​បាញ់​ត្រូវ​សត្វ​ឥន្ទ្រី​នោះ ធ្លាក់​នាង​អំពី​មាត់ ចុះ​ទៅ​ក្នុង​ទឹក​សមុទ្រ, អ្នក​ចេះ​មុជ​ទឹក ក៏​មុជ​ចុះ​ទៅ​ស្រង់​យក​នាង​ឡើង​មក​បាន​ដូច​បំណង, ឯ​អ្នក​ចេះ​ជប បាន​ជប​នាង​នោះ​ឲ្យ​រស់​ឡើង​វិញ ។ កាល​នាង​មាន​ជំរិត​រស់​ឡើង​វិញ​ហើយ អស់​អ្នក​ទាំង ៤ នាក់​នោះ ដណ្ដើម​គ្នា​ចង់​យក​នាង​ជា​ភរិយា​តែ​រៀង​ខ្លួន ។ អស់​អ្នក​ទាំង ៤ នោះ ឈ្លោះ​ប្រកែក​គ្នា​ពុំ​ដាច់​ស្រេច ក៏​នាំ​គ្នា​ទៅ​ប្ដឹង​ចៅ​ក្រម ដោយ​ដំណើរ​ខ្លួន​ទីទៃ ៗ ហើយ​សួរ​ចៅ​ក្រម​ថា “នាង​នេះ​តើ​បាន​ជា​ប្រពន្ធ​នរណា ? ” ។

ចៅ​ក្រម​ជំនុំ​ពិចារណា​រឿង​នេះ​ពុំ​បាន ក៏​នាំ​អ្នក​ទាំង ៤ ឡើង​ក្រាប​បង្គំ​ទូល​ព្រះ​មហា​ក្សត្រ​ដោយ​ដំណើរ​សព្វ​គ្រប់​ប្រការ ។ ព្រះមហាក្សត្រ​ទ្រង់​ពិចារណា​ឈ្វេង​យល់​ក្នុង​ព្រះរាជ​ហឫទ័យ​ថា ព្រះស្ដែង​ទាំង ៤ នេះ សឹង​មាន​គុណ​ប្រសើរ​ដូច ៗ គ្នា ហើយ​ទ្រង់​ត្រាស់​បង្គាប់​ថា “ បុរស​ចេះ​ហោរ​ត្រូវ​ទុក​ជា​គ្រូ, បុរស​ចេះ​បាញ់​ទុក​ជា​ឪពុក, បុរស​ចេះ​ប្រោះ​ឲ្យ​រស់​ត្រូវ​ទុក​ជា​ម្ដាយ, បុរស​ចេះ​មុជ​ទឹក​ដែល​គេ​បាន​ស្ទាប​បាន​កាន់​អស់​អង្គ​នាង​បាន​បីបម​ថ្នម​ទ្រ យក​នាង​ឡើង​មក​អំពី​ទឹក ត្រូវ​បាន​នាង​ជា​ប្រពន្ធ ” ។

លុះ​ចំណេរ​ទៅ​មុខ បុរស​ជា​ប្ដី​បាន​ជា​ស្ដេច​ក៏​ចិញ្ចឹម​រក្សា​អ្នក​ទាំង​បី​ដោយ​នូវ​គន្លង​ព្រះ​មហាក្សត្រ​ទ្រង់​ត្រាស់​បង្គាប់​នោះ ។

ព្រះមហាក្សត្រ​ទ្រង់​កាត់​សេចក្ដី​ដូច្នេះ ហៅ​សុគតិគមនំ ហោង ។

រឿង​មហាឫសី​ប្រោះ​ខ្លា

មាន​និទាន​មួយ​ដំណាល​ថា : មាន​ខ្លា​ទោល ១ ទៅ​ដេក​លើ​រូង​ពស់ ៗ​លូន​ចេញ​មក​ចឹក​ខ្លា​នោះ​ស្លាប់​នៅ​មាត់​រូង ។ ថ្ងៃ​នោះ​ជួន​ជា​មហាឫសី​មួយ​អង្គ​និមន្ត​គោចរ ទៅ​ឃើញ​ខ្លា​នោះ​ស្លាប់ ក៏​មេត្តា​ប្រោះ​ខ្លា​នោះ​ឲ្យ​រស់​ឡើង​វិញ ។ ខ្លា​រស់​ដឹង​ខ្លួន​ហើយ​និយាយ​ថា ˝ អញ​កំពុង​តែ​ដេក​លក់​ជា​សុខ​សប្បាយ​ក្នុង​ព្រៃ​ជា​លំនៅ​របស់​អញ ម្ដេច​ឡើយ​ក៏​ព្រះ​ស្ដែង​ហ៊ាន​មក​ធ្វើ​ឲ្យ​អញ​ភ្ញាក់ ម៉េ្លះ​ហើយ​អញ​ខាំ​ព្រះ​ស្ដែង ស៊ី​ពុំ​លែង​ឡើយ˝ ។ មហាឫសី​ឆ្លើយ​ថា ˝ព្រះស្ដែង​ដេក​លើ​រូង​ពស់ ៗ ចឹក​ស្លាប់ អញ​ប្រោះ ព្រះ​ស្ដែង​ឲ្យ​រស់​ឡើង​វិញ គួរ​តែ​ព្រះ​ស្ដែង​សង​គុណ​អញ ម្ដេច​ឡើយ​ក៏​ព្រះ​ស្ដែង​គិត​ខាំ​អញ​វិញ˝ ។ មហាឫសី​និង​ខ្លា​ប្រកែក​ជជែក​គ្នា​មិន​អស់ មិន​ហើយ ទើប​នាំ​ទៅ​ប្ដឹង​ចចក ថ្លែង​ប្រាប់​តាម​ដំណើរ​រៀង​ខ្លួន ។ ចចក​ជញ្ជឹង​គិត​ថា ˝ អញ​នៅ​ក្នុង​ព្រៃ​សព្វ​ថ្ងៃ​នេះ​ពឹង​ពាក់​អានុភាព​ខ្លា បើ​អញ​កាត់​ក្ដី​នេះ​ឲ្យ​ខ្លា​ចាញ់ សម​អញ​នឹង​ពឹង​ពាក់​ខ្លា​នៅ​នា​ព្រៃ​នេះ​ពុំ​បាន​ឡើយ˝ ។ ចចក​គិត​ដូច្នេះ​ហើយ ក៏​កាត់​ក្ដី​ឲ្យ​ខ្លា​ស៊ី​មហាឫសី ។ ឯ​ចចក​កាត់​ក្ដី​យ៉ាង​នេះ​ហៅ​ថា ឆន្ទាគតិ ។

មហាឫសី​មិន​សុខ​ចិត្ត ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នាំ​ខ្លា​ទៅ​ប្ដឹង​គោ ថ្លែង​ប្រាប់​តាម​ដំណើរ​រៀង​ខ្លួន​ដូច​មុន ។ គោ​គិត​ថា ˝ បើ​អញ​កាត់​ក្ដី​​ឲ្យ​ខ្លា​ចាញ់ សម​ខ្លា​នេះ​ស្អប់​អញ វា​នឹង​ខាំ​អញ​មិន​ខាន​ឡើយ˝ ។ ទើប​គោ​កាត់​ក្ដី​ឲ្យ​ខ្លា​ស៊ី​មហាឫសី ។ គោ​កាត់​ក្ដី​យ៉ាង​នេះ​ហៅ​ថា ភយាគតិ ។

មហាឫសី​មិន​សុខ​ចិត្ត​នាំ​ខ្លា​ទៅ​ប្ដឹង​ស្វា​ៗ គិត​ថា ˝កាល​មុន​មាន​បុរស​ម្នាក់​ធ្លាក់​ទៅ​ក្នុង​អណ្ដូង ឪពុក​អញ​ជួយ​សង្គ្រោះ​យោង​ឡើង​មក​លើ​មាត់​អណ្ដូង​បាន មាន​ខ្លា​មួយ​គិត​មក​ស៊ី​បុរស​នោះ ឪពុក​អញ​នាំ​បុរស​នោះ ឲ្យ​ឡើង​ទៅ​លើ​ដើម​ឈើ បាន​រួច​ពី​ភ័យ បុរស​នោះ​បែរ​ជា​ចិត្ត​អាក្រក់​សម្លាប់​ឪពុក​អញ​វិញ˝ ។ ស្វា​គិត​ដូច្នេះ​ហើយ ទើប​កាត់​ក្ដី​ឲ្យ​ខ្លា​ស៊ី​មហាឫសី ។ ស្វា​កាត់​ក្ដី​យ៉ាង​នេះ ហៅ​ថា​ ទោសាគតិ ។

មហាឫសី​មិន​សុខ​ចិត្ត​នាំ​ខ្លា​ប្ដឹង​ត្មាត ៗ គិត​ថា ˝សព្វ​ថ្ងៃ​នេះ​អញ​បាន​រំពា​សំណល់​អំពី​ខ្លា​ជា​អាហារ​ចំណី​ប្រក្រតី មិន​ដែល​ដាច់​ឡើយ បើ​អញ​កាត់​ក្ដី​នេះ​ឲ្យ​ខ្លា​ចាញ់ មុខ​ជា​ខ្លា​ខឹង​នឹង​អញ ម្ដេច​ឡើយ​អញ​និង​បាន​ស៊ី​រំពា​ខ្លា​នេះ​ទៀត˝ ។ ត្មាត​គិត​ដូច្នេះ​ហើយ​ ក៏​កាត់​ក្ដី​ឲ្យ​ខ្លា​ស៊ី​មហាឫសី ។ ត្មាត​កាត់​ក្ដី​យ៉ាង​នេះ​ហៅ​ថា​លោភាគតិ ។

មហាឫសី​មិន​សុខ​ចិត្ត​នាំ​ខ្លា​ទៅ​ប្ដឹង​ទេព្រក្ស​ៗ​គិត​ថា ˝មនុស្ស​ទាំង​ពួង​ដើរ ព្រៃ​អាស្រ័យ​ដោយ​ម្លប់​ឈើ​ផង​ទាំង​ឡាយ ចេះ​តែ​កាច់​មែក ហែក​សន្លឹក ស្ទោះ​សម្បក ឆ្លក​កាត់​ដើម˝ ។ ទេព្រក្ស​គិត​ដូច្នេះ​ហើយ​ក៏​កាត់​ក្ដី​ឲ្យ​ខ្លា​ស៊ី​មហាឫសី ។ ទេព្រក្ស​កាត់​ក្ដី​យ៉ាង​នេះ​ហៅ​ថា​មោហាគតិ មិន​ទៀង​ត្រង់​ឡើយ ។

មហាឫសី​មិន​សុខ​ចិត្ត​នាំ​ខ្លា​ទៅ​ប្ដឹង​ទន្សាយ​ប្រាប់​ថា ˝ខ្លា​នោះ​ដេក​លើ​រន្ធ​ពស់​វែក​ ៗ ចេញ​មក​ចឹក​ស្លាប់ អាត្មា​សូត្រ​មន្ត​បោស​ពិស​ពស់​ឲ្យ​ខ្លា​រស់​ឡើង​វិញ​ ។ ដោយ​គិត​ឃើញ​ថា​ខ្លា​នេះ​នឹង​តប​គុណ​អាត្មា​, ឥឡូវ​នេះ​ម្ដេច​ខ្លា​ក៏​ប្រាថ្នា​ស៊ី​អាត្មា​វិញ? តាម​តែ​ពិចារណា​ឲ្យ​អាត្មា​ចុះ˝ ។ ឯ​ខ្លា​ប្ដឹង​ថា ˝ខ្ញុំ​កំពុង​តែ​ដេក​លក់​ជា​សុខ​សប្បាយ​ក្នុង​ព្រៃ ស្រាប់​តែ​ព្រះស្ដែង​ឫសី​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ ហេតុ​នេះ​ត្រូវ​ខ្ញុំ​សុំ​ស៊ី​ព្រះ​ស្ដែង​ឫសី​នេះ ៗ ពុំ​សុខ​ចិត្ត​នាំ​ខ្ញុំ​ទៅ​ប្ដឹង​ចចក ៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ ៗ មិន​សុខ​ចិត្ត​នាំ​ខ្ញុំ​ទៅ​ប្ដឹង​គោ ៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ​ៗ មិន​សុខ​ចិត្ត​នាំ​ខ្ញុំ​ទៅ​ប្ដឹង​ស្វា​ៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ​ៗ មិន​សុខ​ចិត្ត​នាំ​ខ្ញុំ​ទៅ​ប្ដឹង​ត្មាត​ៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ​ៗ មិន​សុខ​ចិត្ត​នាំ​ខ្ញុំ​ទៅ​ប្ដឹង​ទេព្រក្ស ៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ ៗ មិន​សុខ​ចិត្ត​នាំ​ខ្ញុំ​មក​ប្ដឹង​លោក តាម​តែ​លោក​ពិចារណា​ឲ្យ​ខ្ញុំ​ចុះ ˝ ។

ទន្សាយ​ស្ដាប់​ពាក្យ​មហាឫសី និង​ពាក្យ​ខ្លា​ហើយ ក៏​ពិចារណា​ដោយ​ប្រាជ្ញា​ឈ្លាសវៃ ឈ្វេង​យល់​អាថ៌​សេចក្ដី​ហើយ​ប្រាប់​ថា ˝បើ​ដូច្នោះ​ចូរ​មហាឫសី និង​បង​ខ្លា​នាំ​គ្នា​ទៅ​ដល់​ទី​ដែល​កើត​ហេតុ​នោះ​ហើយ​ឲ្យ​បង​ខ្លា​ដេក​លក់​ជា​សុខ​ដូច​ពី​ដើម​ចុះ គឺ​ឲ្យ​មហាឫសី​ជូន​ទៅ​ដល់​កន្លែង​ដែល​ខ្លា​ដេក​នោះ​ឲ្យ​អញ​បាន​យល់​ហើយ​និង​ពិចារណា​ដោយ​ប្រការ​នោះ ˝ ។ ទើប​មហាឫសី និង​ខ្លា​បបួល​គ្នា​ទៅ នាំ​ទាំង​ទន្សាយ​ទៅ​ផង ។ លុះ​ទៅ​ដល់​កន្លែង​នោះ​ហើយ ខ្លា​ក៏​ប្រះ​ដេក​នៅ​ទី​ដដែល​នោះ យូរ​បន្តិច​ពស់​វែក​ចេញ​មក​ចឹក​ខ្លា​ស្លាប់​នៅ​មាត់​រន្ធ​នោះ​ឯង ។ កាល​បើ​ខ្លា​នោះ​ស្លាប់​ហើយ ទន្សាយ​ប្រាប់​មហាឫសី​ថា ˝សូម​លោក​មើល​ខ្លា​នោះ​ចុះ ហេតុ​តែ​ឥត​ធម៌ វង្វេង​ភ្លេច​គុណ​គេ ឥឡូវ​ពុំ​រំលង​និង​វេរា​កម្ម​ឡើយ, តាំង​ពី​ពេល​នេះ​ទៅ​មុខ លោក​កុំ​ធ្វើ​គុណ​នឹង​ខ្លា​ឲ្យ​សោះ ˝ឯ​ទន្សាយ​កាត់​ក្ដី​យ៉ាង​នេះ​ហៅ​ថា​សុគតិគមនំ (ដំណើរ​ល្អ) គឺ​សុចរិត យុត្តិធម៌​ហោង ។

Saturday, May 31, 2014

រឿង​ក្មេង​កំព្រា

កាល​ពី​ព្រេង​នាយ មាន​បុរស​អ្នក​ស្រែ​ម្នាក់ ប្រកប​របរ​ចិញ្ចឹម​ជីវិត​តែ​នឹង​ដាក់​ជុច​យក​ត្រី មក​លក់​ដូរ​ប៉ុណ្ណោះ ។ បុរស​នោះ មាន​កូន​ប្រុស​ពីរ​នាក់ កូន​បង​ អាយុ ១៣ ឆ្នាំ កូន​ប្អូន​អាយុ ១១ ឆ្នាំ ។ ប្រពន្ធ​ស្លាប់​ទៅ គាត់​នៅ​ពោះ​ម៉ាយ​ជា​មួយ​នឹង​កូន​ទាំង​ពីរ ហើយ​រក​ស៊ី​ចិញ្ចឹម​កូន​តែ​នឹង​ដាក់​ជុច​ដដែល ។ វេលា​ដែល​បុរស​នោះ​ទៅ​ព្រៃ រក​វល្លិ​ផ្ដៅ​ធ្វើ​ជុច តែង​យក​កូន​បង​ទៅ​ជា​មួយ, ឯ​កូន​ប្អូន​ទុក​ឲ្យ​នៅ​ចាំ​ផ្ទះ ។

ថ្ងៃ​មួយ កូន​ប្អូន​មាន​សេចក្ដី​សង្ស័យ​នឹង​ឪពុក​ទៅ​ព្រៃ​បោច​វល្លិ​ផ្ដៅ​ធ្វើ​ជុច​ពេក​ណាស់ ព្រោះ​ចង់​ដឹង​ថា តើ​ឪពុក​ធ្វើ​ជុច​យ៉ាង​ណា ខ្លួន​មិន​ដែល​ឃើញ​សោះ ក៏​និយាយ​​ប្រាប់​ឪពុក​ថា «ឪ! ខ្ញុំ​មិន​ហ៊ាន​នៅ​ផ្ទះ​តែ​ម្នាក់​ឯង​ទេ ខ្ញុំ​ខ្លាច​ណាស់! សូម​យក​ខ្ញុំ​ទៅ​ព្រៃ​ជា​មួយ​ផង» ។ ឪពុក​ក៏​ព្រម​យក​កូន​ប្អូន​ទៅ​ជា​មួយ ។ លុះ​ទៅ​ដល់​ព្រៃ​ឪ ពុក​ក៏​ខំ​ប្រឹង​រក​បោច​វល្លិ​ផ្ដៅ​បាន​ហើយ យក​មក​ពុះ​ច្រៀក​ជា​ចម្រៀក​តូច ៗ ល្មម​នឹង​ធ្វើ​ជា​សរសៃ​ជុច គាត់​ក៏​រែង​ធ្វើ​ជា​ជុច​ទៅ ។ កូន​បង​ដែល​ធ្លាប់​តែ​តាម​ឪពុក​ទៅ​ព្រៃ​ធ្វើ​ជុច​សព្វ ៗ​ថ្ងៃ មិន​ដឹង​ជា​ឪពុក​ធ្វើ​ជុច​យ៉ាង​ណា​ឡើយ ព្រោះ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ងារ​នោះ​សោះ គ្រាន់​តែ​បាន​ឃើញ​ជុច​ជាប់​ត្រី​ប៉ុណ្ណោះ ។ ឯ​កូន​ប្អូន​ដែល​ទើប​តែ​នឹង​បាន​តាម​ទៅ​ក្នុង​ថ្ងៃ​នោះ ក៏​ខំ​ពិនិត្យ​មើល​ឪពុក​ធ្វើ​ជុច ចាប់​តាំង​ពី​កាន់​កាំបិត​យក​ទៅ​កាប់​វល្លិ​ផ្ដៅ រហូត​ដល់​កើត​ជា​រាង​ជុច យក​ទៅ​ដាក់​ត្រី ជាប់​បាន​ត្រី​ហើយ យក​ត្រី​មក​ដុត​មក​អាំង ចម្អិន​ជា​ចំណី​អាហារ ។

ជួន​ជា​ថ្ងៃ​មួយ​នោះ ឪពុក​ភ្លេច​មិន​បាន​យក​ដែក​ភ្លើង​ទៅ គ្មាន​អ្វី​នឹង​បង្កាត់​ភ្លើង អាំង​ត្រី​ឲ្យ​កូន​បរិភោគ ក៏​ទៅ​កាប់​ឫស្សី​ស្ងួត​មួយ​កំណាត់ យក​មក​កូត​នឹង​គ្នា​ឲ្យ​ទាល់​តែ​ក្ដៅ កើត​ជា​ភ្លើង​ឆេះ​បាន ហើយ​គាត់​បង្កាត់​អាំង​ត្រី ឲ្យ​កូន​ទាំង​ពីរ​នាក់​បរិភោគ​ចម្អែត​ផ្ទៃ​មួយ​ពេល​ទៅ ។

ចំណេរ​ចេរ​កាល​មក​ខាង​ក្រោយ ឪពុក​មាន​ជំងឺ​ជា​ទម្ងន់ ស្លាប់​ទៅ ។ កូន​ទាំង​ពីរ​នៅ​កំព្រា​រញង់ ឥត​មេ​បា​នឹង​ចិញ្ចឹម​បី​បាច់​ថែ​រក្សា រស់​នៅ​ដោយ​ទ្រព្យ​បន្តិច​បន្តួច​ដែល​សល់​ពី​ឪពុក មិន​យូរ​ថ្ងៃ​ខែ​ប៉ុន្មាន​ក៏​អស់​ទ្រព្យ​នោះ​ទៅ ទើប​ប្អូន​និយាយ​នឹង​បង​ថា «ឱ បង​អើយ! កាល​ពី​ដើម​យើង​បាន​ឪពុក​ទំនុក​បម្រុង រក​ស៊ី​ចិញ្ចឹម​យើង​ទាំង​ពីរ​នាក់​យើង​ឥត​មាន​សេចក្ដី​ព្រួយ​លំបាក​អ្វី​ឡើយ ចាំ​តែ​បរិភោគ​ស្រាប់ ៗ ឥឡូវ​នេះ​ឪពុក​យើង​ស្លាប់​ចោល​ទៅ​ហើយ ឯ​យើង​ទាំង​ពីរ​នាក់​សោត​ទៀត ក៏​មិន​ទាន់​ពេញ​កម្លាំង​ល្មម​នឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​បាន​ដោយ​ខ្លួន​ឯង ទាំង​បង​ក៏​នៅ​តូច ទាំង​ខ្ញុំ​ក៏​នៅ​តូច​នឹង​ទៅ​រក​ស៊ី​ឈ្នួល​ជួល​ព័ទ្ធ​អ្នក​ជិត​ខាង ក្រែង​គេ​មិន​ព្រម​ទទួល ពី​ព្រោះ​យើង​ជា​មនុស្ស​កំព្រា​អនាថា រក​ទី​ពឹង​គ្មាន គេ​មិន​ហ៊ាន​ឲ្យ​នៅ​ជា​មួយ គេ​មិន​ទុក​ចិត្ត​យើង ហេតុ​តែ​យើង​គ្មាន​មេបា​ថែរក្សា បើ​ដូច្នេះ តើ​បង​គិត​យ៉ាង​ណា ឲ្យ​បាន​រស់​នៅ​ជា​មួយ​នឹង​គេ​ឯង បង! អង្ករ​យើង ថ្ងៃ​នេះ​នៅ​តែ ១ ទូក​ដៃ ល្មម​តែ​ល្ងាច​នេះ ថ្ងៃ​ស្អែក​គ្មាន​អង្ករ​ដាំ​បាយ​បរិភោគ​ទេ, បង! ដើរ​សូម​ទាន​គេ​ឬ​ដូចម្ដេច​ហ៎ះ! ខ្ញុំ​មិន​ទៅ​សូម​ទេ​ខ្មាស​គេ​ណាស់ ស៊ូ​តែ​ពី​ស្លាប់» ។ បង​សួរ​ប្អូន «ម្ដេច​ក៏​អូន​ថា​យ៉ាង​នេះ?» ។ ប្អូន​ឆ្លើយ​តប​ទៅ​នឹង​បង​ថា «ខ្ញុំ​មាន​ដៃ​ពីរ​ជើង​ពីរ គំនិត​មារយាទ ដូច​អ្នក​ទាំង​ពួង​ដែរ»។ «ឱ! ប្អូន​ឯង​គិត​យ៉ាង​ហ្នឹង? ពិត​មែន​តែ​មាន​ដៃ​ពីរ​ជើង​ពីរ គំនិត​មារយាទ​ដូច​អ្នក​ទាំង​ពួង​មែន​ហើយ តែ​ខ្លួន​យើង​នៅ​តូច​ណាស់ មិន​អាច​នឹង​ពុន​រែក កាប់​គាស់ លី​សែង​អ្វី​បាន​ឡើយ » ។ «ឱ! បង​អើយ សត្វ​ចាប​វា​ដែល​ទៅ​ពុន​រែក លីសែង​ឯណា​ដែរ​ឬ​? ម្ដេច​ក៏​វា​ចិញ្ចឹម​កូន​វា​រស់ ហើយ​កូន​វា​ទៀត ធំ​ឡើង​រក​ស៊ី​ដូច​មេ​វា​ទៀត​បាន, ចុះ​បង ម្ដេច​ក៏​មិន​គិត​ដល់​ការ​ងារ​របស់​ឪពុក​យើង​ផង?» ។ «ប្អូន! លាក់​បាំង​អ្វី! កាល​ពី​ខ្មោច​ឪ​យើង​នៅ​រស់​នៅ​ឡើយ គាត់​រក​ស៊ី​ចិញ្ចឹម​យើង​តែ​នឹង​ដាក់​ជុច ប៉ុន្តែ​បង​មិន​ដឹង​ថា​គាត់​ធ្វើ​ជុច យក​ទៅ​ដាក់​ត្រី​យ៉ាង​ណា​ទេ បង​ចាំ​តែ​ឆ្អិន​តែ​ម្យ៉ាង ។ ម្យ៉ាង​ទៀត​កាល​គាត់​យក​របស់​អ្វី​មក​ធ្វើ​ជុច ក៏​បង​មិន​ចាំ ហើយ​គាត់​ធ្វើ​ជុច​នោះ​មាន​សណ្ឋាន​បែប​ណា ក៏​បង​មិន​ដឹង​ទាំង​អស់ បើ​ដូច្នោះ ឲ្យ​បង​ធ្វើ​ដូច​ម្ដេច​កើត ឃើញ​តែ​ការ​សុំ​ទាន​រក​ស៊ី​ឈ្នួល​គេ​ហ្នឹង​ហើយ ដូច​ជា​ស្រួល​គ្រាន់​បើ ប្អូន! ណ្ហើយ​ចុះ! កាត់​កេរ្តិ៍​ខ្មាស​សិន​ទៅ​ចុះ ទម្រាំ​យើង​ធំ​ល្មម​រក​ស៊ី​ខ្លួន​ឯង​បាន! ។ «ទេ! បង ខ្ញុំ​មិន​ទៅ​សូម​ទាន​ឬ​ស៊ី​ឈ្នួល​គេ​ទេ ខ្មាស​គេ​ណាស់ ពី​ព្រោះ​ពូជ​យើង​មិន​ដែល​សុំ​ទាន ឬ​ស៊ី​ឈ្នួល​គេ​បើ​ទុក​ជា​ពី​ជីតា​ទួត​លួត​លា​មក ធ្លាប់​សុំ​ទាន ឬ​ស៊ី​ឈ្នួល​ឲ្យ​កម្លាំង​គេ​ប្រើ​ដូច​ជា​សត្វ​តិរច្ឆាន​ក៏​ដោយ ខ្ញុំ​មិន​ព្រម​ប្រព្រឹត្ត​តាម​បវេណី​វង្ស​ត្រកូល​នោះ​ដែរ នៃ​បង! ប្អូន​គិត​ឃើញ​ថា «កាល​បើ​មាន​អ្នក​សប្បុរស​ចិត្ត​ល្អ ដាក់​ទាន​ឲ្យ​យើង ឬ ក៏​បាន​ទៅ​ច្រក​កោន​នឹង​ចៅហ្វាយ​នាយ យើង​ក៏​បាន​ស្រួល​បន្តិច​ទៅ, តែ​បើ​ប្រទះ​ពារ​ទៅ​លើ​អ្នក​ចិត្ត​តក់​ម៉ក់​អាក្រក់​សម្លក់​ភ្នែក​ស្លែ ដូច​ភ្នែក​មៀម គំហក​គំរាម​យើង​ដូច​សត្វ​តិរច្ឆាន តើ​យើង​យក​មុខ​ទៅ​ទុក​ឯណា? ម្យ៉ាង​ទៀត អ្នក​ចិត្ត​ល្អ​ក្ដី អ្នក​ចិត្ត​អាក្រក់​ក្ដី កាល​គេ​ហុច​របស់​មក​ឲ្យ​យើង​ដោយ​ដៃ​គេ យើង​យក​ដៃ​ទៅ​ទទួល​ទាន​គេ ចុះ​ដៃ​ជា​ដៃ ជើង​ជា​ជើង​មាត់​ជា​មាត់ ដូច​គ្នា​ទាំង​អស់ ម្ដេច​ក៏​ដៃ​គេ​គ្មាន​សំពះ​សុំ​អ្នក​ណា? មាត់​គេ​មិន​ហា​និយាយ​សុំ​អ្នក​ណា? អន់​អ្វី​តែ​ដៃ​ជើង​មាត់​យើង​ជាង​គេ​ម្ល៉េះ ? បង​គិត​មើល​ចុះ ប្អូន​ថា​ប៉ុណ្ណេះ​ខុស​ឬ​ត្រូវ?» ។ «បើ​ដូច្នោះ ប្អូន​ចេះ​ចាំ​ការ​ងារ​របស់​ឪពុក​យើង​ដែរ​ឬ? »បង​សួរ​ទៅ​ប្អូន​វិញ ។ «អើ! មិន​អី​ទេ​បង! ប្អូន​ចាំ​ទាំង​អស់ បង​កុំ​ព្រួយ! កុំ​គិត​ទៅ​សូម​ទាន ឬ​ស៊ី​ឈ្នួល​ឲ្យ​កម្លាំង​គេ​ប្រើ វា​ថោក​ខ្លួន​ណាស់ យើង​នេះ​មិន​មែន​ជា​សត្វ​តិរច្ឆាន គេ​វាយ​ឯ​កើត​វាយ​ឯ​លិច​ដូច​សុនខ​ពេក​ទេ ឪពុក​គាត់​ទុក​កាំ​បិត​ព្រា​ឲ្យ​មួយ​ដែរ​តើ! យើង​ទៅ​ព្រួយ​អ្វី សព្វ​បើ​គ្រាន់​ចិញ្ចឹម​ជីវិត​មួយ​ប៉ុណ្ណឹង ។ «អើ! បើ​យ៉ាង​ហ្នឹង ប្អូន​គិត​ការ​ងារ​ឪពុក​ទៅ​ចុះ ។

ឯ​ប្អូន​ជា​ក្មេង​មាន​ប្រាជ្ញា ក៏​ប្រារព្ធ​ធ្វើ​ជុច​កើត យក​ទៅ​ដាក់​ត្រី​បាន​ដូច​បំណង ។ លុះ​ថ្ងៃ​ក្រោយ​​កន្លង​មក​ទៀត ប្អូន​អង្គុយ​គិត​តែ​ម្នាក់​ឯង មិន​ចេញ​វាចា​ប្រាប់​បង​សោះ​ថា «ឪពុក​អញ គាត់​ចេះ​ធ្វើ​ជុច​ដាក់​ត្រី​ប៉ុណ្ណោះ ឯ​សត្វ​ឯ​ទៀត​ៗ គាត់​ដាក់​ជុច​មិន​បាន​ឃើញ​ថា ប្រាជ្ញា​គាត់​នៅ​ខ្សោយ​ណាស់, បើ​ដូច្នោះ អញ​រក​ឧបាយ​នឹង​ធ្វើ​ជុច​ដាក់​សត្វ​ម្រឹគ មាន​សត្វ​ជ្រូក​ព្រៃ ឈ្លូស រមាំង​ជា​ដើម ។ លុះ​គិត​ឃើញ​ដូច្នោះ​ហើយ ក៏​និយាយ​ប្រាប់​បង «បង! យើង​គិត​ទៅ​រក​ដាក់​ជុច​ឯ​ព្រៃ​វិញ ក្រែង​បាន​ជាប់​ជ្រូក​ព្រៃ ឈ្លូស រមាំង ជា​សត្វ​ធំ ៗ មាន​សាច់​ច្រើន» ។ បង​ក៏​សុខ​ចិត្ត​តាម​ប្អូន​ទាំង​អស់​ ព្រោះ​យល់​ឃើញ​ថា ប្អូន​ចេះ​ចាំ​កិច្ច​ការ​របស់​ឪពុក​ពិត​ប្រាកដ​មែន, ហើយ​ក៏​បណ្ដើរ​គ្នា​ពីរ​នាក់​បង​ប្អូន ចូល​ទៅ​ក្នុង​ព្រៃ​ស្រោង​ជា​ទី​រហោស្ថាន ។ ទៅ​ដល់​ពាក់​កណ្ដាល​ព្រៃ បង​ស្រេក​ទឹក​យ៉ាង​ខ្លាំង ក៏​និយាយ​ប្រាប់​ប្អូន​ថា «ប្អូន! បង​ស្រេក​ទឹក​ណាស់! រក​ទឹក​ឯណា​ផឹក​បាន?» ។ ប្អូន​ឆ្លើយ​ថា «កាល​ឪពុក​យើង​រស់​នៅ បើ​ដើរ​ទៅ​ទី​ណា​ដែល​គ្មាន​ទឹក គាត់​តែង​ជី​ដី​ត្រង់​កន្លែង​ណា​សើម​ៗ យូរ​ៗ​ទៅ ចេញ​ទឹក​បាន, បើ​ដូច្នេះ បង​ជីក​ល​មើល!» ។ «ជីក​ឯណា​កើត បើ​អស់​កម្លាំង​យ៉ាង​នេះ» ។ «អើ! បើ​ដូច្នោះ ចាំ​ដើរ​ទៅ​ខាង​មុខ​បន្តិច​សិន ក្រែង​ជួន​ប្រទះ​ទឹក» ។ ដើរ​បាន​បន្តិច​ទៅ ក៏​ជួប​ប្រទះ​ត្រពាំង​មួយ​មាន​ទឹក​ថ្លា ពាស​ពេញ​ដោយ​ផ្កា​ឈូក​ផ្លែ​ឈូក បង​ប្អូន​ទាំង​ពី​នាក់ ក៏​នាំ​គ្នា​ងូត​ទឹក ផឹក​ទឹក បេះ​ផ្លែ​ឈូក​ស៊ី​តាម​សប្បាយ​ហើយ​ក៏​ទៅ​សម្រាន្ត​នៅ​ក្បែរ​មាត់​ត្រពាំង​នោះ​មួយ​ស្របក់ ។ លុះ​មាន​កម្លាំង​ល្មម​នឹង​ដើរ​ទៅ​ទៀត​បាន ក៏​នាំ​បង​ប្អូន​ដើរ​ទៅ ទៅ​ដល់​ព្រៃ​ធំ​មួយ ឈ្មោះ​ព្រៃ​ហិមពាន្ត មិន​ដែល​មាន​មនុស្ស​ណា​ទៅ​ដល់​សោះ បាន​ឃើញ​ពួក​សត្វ​ម្រឹគ​ជា​ច្រើន​នៅ​អាស្រ័យ​ក្នុង​ព្រៃ​នោះ ប្អូន​និយាយ​នឹង​បង​ថា «បង! យើង​ឈប់​នៅ​ក្នុង​ព្រៃ​នេះ​ហើយ មើល​ទៅ​ព្រៃ​នេះ​សម្បូណ៌​សត្វ​ម្រឹគីម្រឹគា​ណាស់, យើង​គិត​ធ្វើ​ជា​ធ្នះ​មួយ​នៅ​លើ​ចុង​ឈើ ហើយ​ខ្ញុំ​រក​ផ្ដៅ​មក​ធ្វើ​ជុច​ដាក់​សត្វ​ទាំង​នោះ យក​មក​ធ្វើ​ជា​ចំណី​អាហារ» ។ ប្អូន​ធ្វើ​ហើយ ឲ្យ​បង​នៅ​អាស្រ័យ​លើ​ធ្នះ​នោះ​ទៅ ខ្លួន​ទៅ​រក​បោច​ផ្ដៅ យក​មក​ធ្វើ​ជុច​ដាក់​សត្វ​ព្រៃ រៀប​ធ្វើ​ជា​ចំណារ​ចារ​ជុំ​វិញ​ព្រៃ ហើយ​ទុក​តែ​ផ្លូវ​១ ល្មម​សត្វ​នោះ​ដើរ​ចូល​បាន ដូច​ជា​ធ្វើ​កន្លែង​ដាក់​ត្រី​ដែរ ។ ពេល​នោះ មាន​ជ្រូក​ព្រៃ​មួយ​ដើរ​សំដៅ​ពី​នាយ​មក ហាក់​ដូច​ជា​គ្មាន​កោត​ក្រែង​ដល់​អ្វី​សោះ ដើរ​មក​តាម​ចន្លោះ​ផ្លូវ​ដែល​កុមារ​នោះ​ចារ ទៅ​ដល់​ត្រង់​កន្លែង​ដាក់​ជុច ក៏​ស្រាប់​តែ​ជាប់​ក្នុង​ជុច​កុមារ ។ ជ្រូក​នោះ​ខំ​បម្រះ​ននៀល​រើ​យ៉ាង​ណា​ក៏​មិន​រួច ជុច​រឹត​រួត​ជ្រូក​ព្រៃ​នោះ​យ៉ាង​តឹង ស្ទើរ​តែ​ដក​ដង្ហើម​មិន​រួច ។ មិន​យូរ​ប៉ុន្មាន​ជ្រូក​នោះ​ក៏​ដាច់​ខ្យល់​ស្លាប់​ទៅ ។ កុមារ​ទាំង​ពីរ ឃើញ​ជ្រូក​ព្រៃ​ជាប់​ជុច​ស្លាប់​ដូច្នោះ​ហើយ ក៏​ត្រេក​អរ​ពេក​ណាស់ នាំ​គ្នា​ដោះ​អូស​ចេញ​ពី​ជុច គិត​យក​មក​អាំង​ឆ្អើរ ធ្វើ​ជា​អាហារ​បរិភោគ ។ ជួន​ជា​វេលា​នោះ ដែក​ភ្លើង​ដែល​ដាក់​ក្នុង​ហោ​ប៉ៅ​អាវ​បង ក៏​អស់​ប្រឆេះ​រលីង គ្មាន​អ្វី​ធ្វើ​ភ្លើង​នឹង​បង្កាត់​អាំង​ឆ្អើរ​ជ្រូក, បង​ទាល់​គំនិត មិន​ដឹង​គិត​ធ្វើ​យ៉ាង​ណា ។ ឯ​ប្អូន​ជា​ក្មេង​មាន​គំនិត បាន​ដឹង​ជាក់​ប្រាកដ​ពី​កាល​ឪពុក​នៅ នាំ​ទៅ​ព្រៃ បើ​គ្មាន​ភ្លើង​បង្កាត់​ចម្អិន​អ្វីៗ គាត់​តែង​ទៅ​កាប់​ឫស្សី​ស្ងួត​មក​កួត​គ្នា ឲ្យ​កើត​ជា​ភ្លើង ដុត​អាំង​បាន​តាម​ប្រាថ្នា ហើយ​បាន​ចាំ​ទុក​ក្នុង​ចិត្ត​រួច​ស្រេច ។ វេលា​នោះ ប្អូន​និយាយ​ប្រាប់​បង​ថា «កាល​ពី​ឪពុក​យើង​គាត់​នៅ បើ​គាត់​ទៅ​ព្រៃ​គ្មាន​ភ្លើង​ដុត​អាំង​អ្វីៗ គាត់​កាប់​ឫស្សី​យក​មក​កួត​គ្នា ឲ្យ​កើត​ជា​ភ្លើង​បាន, បើ​ដូច្នោះ បង​ទៅ​ចាំ​សត្វ​ក្នុង​ទី​នេះ​ចុះ ខ្ញុំ​ទៅ​រក​កាប់​ឫស្សី​ស្ងួត​យក​មក​កួត​ធ្វើ​ភ្លើង​អាំង» ថា​តែ​ប៉ុណ្ណេះ​ហើយ ក៏​ទៅ​រក​កាប់​ឫស្សី​បាន​យក​មក ធ្វើ​តាម​តម្រា​ឪ​ពុក​កើត​មែន អាំង​ឆ្អើរ​ជ្រូក​នោះ​ទៅ​តាម​បំណង ឆ្អិន​បាន​បរិភោគ​ក្នុង​វេលា​នោះ​ទៅ ។ កុមារ​ទាំង​ពីរ​នៅ​អាស្រ័យ​ក្នុង​ព្រៃ​នោះ​អស់​កាល​ជា​យូរ​បាន​សេចក្ដី​សុខ​សប្បាយ រក​ស៊ី​តែ​នឹង​ដាក់​ជុច​សត្វ​ព្រៃ​ប៉ុណ្ណោះ ។ ពួក​សត្វ​ដែល​ដើរ​មក​ជាប់​ជុច​កុមារ​ទាំង​ពីរ​នោះ តាំង​តែ​ពី​សត្វ​ជ្រូក​ព្រៃ រមាំង​ ឈ្លូស រហូត​ដល់​ដំរី ។ រាត្រី​មួយ កុមារ​ប្អូន​បាន​ឃើញ​ដំរីស្ដ​មួយ​យ៉ាង​ធំ ដើរ​ក្បែរ​ធ្នះ​នោះ ក៏​មាន​បំណង​ចង់​ស៊ី​សាច់​ដំរី ទើប​និយាយ​ប្រាប់​បង​ថា «ខ្ញុំ​ចង់​ស៊ី​សាច់​ដំរី​ណាស់ ត្បិត​មាន​ដំរីស្ដ​មួយ​យ៉ាង​ធំ​ធាត់ ដើរ​មក​ក្បែរ​ធ្នះ​យើង​រាល់​រាត្រី ខ្ញុំ​គិត​ដាក់​ជុច​យក​ដំរី​នេះ​ឲ្យ​បាន» ។ បង​និយាយ​ឃាត់​ថា «ណ្ហើយ​ប្អូន កុំ!​ដំរី​នេះ​ធំ​ណាស់ ប្អូន​ដាក់​វា​មិន​ជាប់​ទេ ឬ​ថា ប្រសិន​ជា​វា​ដើរ​មក​ជាប់​ជុច​ប្អូន​ហើយ វា​បម្រះ​ត្រដរ​រួច​ទៅ​នោះ វា​ខឹង, កាល​បើ​វា​ខឹង​ហើយ ថ្ងៃ​ក្រោយ​វា​មក​ព្រេច​ធ្នះ​យើង, ល្អិត​ល្អោច​ខ្ទេច​ខ្ទី ហើយ​វា​ជាន់​សម្លាប់​យើង ស៊ី​ជា​ចំណី​អាហារ ពុំ​លែង​ឡើយ» ។ «ទេ មិន​អី​ទេ​បង កុំ​ព្រួយ! នៅ​ឲ្យ​តែ​ស្ងៀម​ទៅ​ចុះ ចាំ​មើល​ខ្ញុំ​ធ្វើ​ជុច​ដាក់​ដំរី​នេះ​ឲ្យ​ទាល់​តែ​បាន » ។ ប្អូន​ថា​ដូច្នោះ​ហើយ ក៏​រក​កាប់​ផ្ដៅ​ក្រែក​យ៉ាង​ធំ​ៗ យក​មក​រែង​ធ្វើ​ជុច ដាក់​ត្រង់​កន្លែង​ដែល​ដំរី​គោចរ ។

ឯ​ដំរី​ដែល​ដើរ​មក​សព្វ​រាត្រី ឥត​មាន​គិត​ក្រែង​អ្វី​សោះ​ឡើយ ដោយ​គិត​ថា «ព្រៃ​នេះ ស្រេច​លើ​អញ​ហើយ គ្មាន​អ្នក​ណា​ជា​ចម្បង​លើ​អញ​ទៀត​ទេ» ក៏​ដើរ​តម្រង់​ត្រង់​មក​កន្លែង​ដែល​កុមារ​ដាក់​ជុច​ ស្រាប់​តែ​ចូល​ទៅ​ក្នុង​ជុច ជាប់​ខ្លួន​ចង្អៀត​ណែន​ក្ដន់ ខំ​បម្រះ​ននៀល​ស្រែក​រោទ៍​រំពង​ព្រៃ​ធំ​យ៉ាង​ណា ក៏​មិន​រួច, មិន​យូរ​ប៉ុន្មាន​ដាច់​ខ្យល់​ស្លាប់​ទៅ ។

កុមារ​ទាំង​ពីរ​នាក់ បាន​ឃើញ​ដំរី​ជាប់​ជុច​ស្លាប់​ហើយ បបួល​បង​ប្អូន​បំពក់​ភ្លើង​ភ្នក់​យ៉ាង​ធំ ដុត​ឆ្អើរ​ដំរី ។ វេលា​នោះ ក្លិន​ឈ្ងុយ​សាច់​ដំរី ក៏​ផ្សាយ​រហូត​ភព​ជា​ទី​អាស្រ័យ​នៃ​យក្ស ដែល​មាន​អំណាច​គ្រប​សង្កត់​ពួក​យក្ស​ឯ​ទៀត​ៗ ។ យក្ស​នោះ​លាន់​មាត់​ថា ថ្ងៃ​នេះ​ធុំ​ក្លិន​អ្វី ក៏​ឈ្ងុយ​ឈ្ងប់​ម្ល៉េះ? មាន​អ្នក​ណា​ឆ្អើរ​សាច់​ឯណា​អេះ? បើ​ដូច្នេះ អញ​នឹង​ទៅ​រក​មើល ក្រែង​បាន​មួយ​ចម្អែត ពី​ព្រោះ​សាច់​នេះ​ក្លិន​ឆ្ងាញ់​ណាស់ ហើយ​ដោយ​ស្មាន​ទៅ​ប្រហែល​ជា​ច្រើន​ផង បាន​ជា​ធុំ​ក្លិន​ផ្សាយ​មក​ដល់​ទី​អញ​យ៉ាង​នេះ​អញ​ទៅ​គំរាម​យក​ស៊ី​ទាំង​អស់ កុំ​ឲ្យ​អ្នក​ឆ្អើរ​នេះ​នោះ​វា​បាន​ស៊ី » គិត​ដូច្នេះ​ហើយ ក៏​ចាប់​យក​ដំបង​ពេជ្រ គ្រវី​ហោះ​ឡើង​លើ​អាកាស​វេហា ងាក​មើល​ចុះ​ឡើង ឃើញ​ផ្សេង​ហុយ​ៗ ត្រង់​ព្រៃ​ធំ ក៏​ហោះ​ចុះ​សំដៅ​ទៅ​ត្រង់​កន្លែង​ផ្សែង​នោះ ក្រឡេក​មើល​ទៅ​ឃើញ​ក្មេង​តូច​ពីរ​នាក់​កំពុង​ឆ្អើរ​ដំរី, គិត​ថា «ថ្ងៃ​នេះ ពេញ​ជា​មហា​លាភ​ហើយ បាន​ទាំង​ចំណី បាន​ទាំង​ម្ចាស់​, បើ​ដូច្នេះ តើ​អញ​នឹង​ស៊ី​ដំរី​មុន ឬ​ស៊ី​ក្មេង​មុន​អេះ? បើ​ស៊ី​ដំរី​មុន ក្រែង​ក្មេង​នេះ​វា​ភ័យ​នឹង​អញ រត់​ពួន​បាត់​ទៅ ឥឡូវ​នឹង​ស៊ី​ក្មេង គ្មាន​អ្វី​គ្រាន់​ធ្វើ​ជា​បង្អែម សម្រាប់​លាង​មាត់​ខាង​ក្រោយ» ។ នៅ​ទី​បំផុត​នោះ យក្ស​សម្រេច​ចិត្ត​ថា «ណ្ហើយ! អញ​ស៊ី​ដំរី​មុន​ចុះ ទុក​ក្មេង​ស៊ី​ក្រោយ​ជា​បង្អែម​វិញ ទើប​ជ្រះ​មាត់​ស្រួល, ក្មេង​នេះ វា​មិន​មែន​រត់​ពួន​ទៅ​ឯណា​ឡើយ ទុក​ជា​វា​រត់​ពួន​កន្លែង​ណា​ក៏​មិន​កំបាំង​នឹង​ភ្នែក​អញ​ដែរ, វា​មក​ពី​ស្រុក​ភូមិ​របស់​មនុស្ស​លោក ចូល​មក​ដល់​ព្រៃ​នេះ​ម្ល៉េះ​ហើយ វា​រត់​ទៅ​ណា​នឹង​រួច» ទើប​យក្ស​ចូល​ទៅ​គំរាម​កុមារ​ដែល​កំពុង​ឆ្អើរ​ដំរី​នោះ​ថា « វ៉ី​អា​ក្មេង​ច្រមក់! អាឯង​មក​ពី​ណា? ដើរ​ចេញ​ឲ្យ​ឆាប់» ។ កុមារ​ទាំង​ពីរ​ដើរ​ចេញ​ពី​ទី​នោះ​ទៅ ។

ប៉ុន្តែ កុមារ​បង​មាន​សេចក្ដី​ភិត​ភ័យ​តក្កមា ព្រោះ​ខ្លួន​ស្គាល់​ច្បាស់​ជា​យក្ស​ហើយ បាន​ដឹង​ប្រាកដ​អំពី​សម្នាក់​ចាស់ៗ គេ​និយាយ​ប្រាប់​ថា «យក្ស​ខ្លួន​ធំ មាន​ចង្កូម​ពីរ សម្រាប់​ស៊ី​មនុស្ស​លោក» តែ​មិន​ចេញ​វា​ជា​ប្រាប់​ប្អូន​ឡើយ ។ ចំណែក​ខាង​កុមារ​ប្អូន​គិត​ថា «មនុស្ស​នេះ​មក​ពី​ណា រូប​រាង​ធំ​គម្រាំង ធ្មេញ​ធំ​ៗ សស្ងាច​ប៉ុន​ៗ​ចប​កាប់ ភ្នែក​ឡើង​ក្រឡោត​ៗ ក្រហម​ត្លែត ដូច​ភ្នែក​អាអូត ស្បែក​មុខ​ឡើង​គគ្រីតគគ្រាត ដូច​ស្បែក​គីង្គក់ ដង​ខ្លួន​ដូច​ក្របី​ដេក​ភក់ សំឡេង​ឮ​គ្រក់ៗ ដូច​ជា​ទឹក​ដក់​ក្នុង​រន្ធ​ឈើ ដុះ​ពុក​មាត់ ពុក​ចង្កា​ស្រមេម​ស្រមាម ដូច​បី​សាច​រាជ​ភូត, អា​នេះ​ប្រហែល​ជា​មិន​ខ្លាច​កោត​ញញើត​ចិត្ត​អញ​ទេ បាន​ជា​ហ៊ាន​មក​និយាយ​កំហែង​អញ​ដូច្នេះ មិន​អី​ទេ! អាឯង​ព្រហើន​ហ៊ាន​ស៊ី​ដំរី» ។ កុមារ​ប្អូន​ថយ​ចេញ​ពី​កន្លែង​នោះ​មិន​ឆ្ងាយ​ប៉ុន្មាន ទៅ​ឈរ​មើល​យក្ស​ស៊ី​ដំរី តែ​ក្នុង​ចិត្ត​នឹក​ក្នាញ់​ពេក​ណាស់ មិន​ទាន់​ចេញ​ស្ដី ថា​ដូច​ម្ដេច​ៗ​ឡើយ គ្រាន់​តែ​នឹក​ក្នុង​ពោះ​ប៉ុណ្ណោះ ។ ពេល​នោះ​យក្ស​សួរ​ថា «នែ​អា​ក្មេង! អា​ឯង​ធ្វើ​ដូច​ម្ដេច បាន​ជា​បាន​ដំរី​នេះ​យក​មក​ឆ្អើរ?» ។ ពេល​នោះ​កុមារ​តូច​បាន​ឱកាស ក៏​ឆ្លើយ​តប​ទៅ​យក្ស​វិញ​ថា «ពូ​ឯង​សួរ​ចង់​ដឹង​អ្វី? គិត​តែ​បរិភោគ​ទៅ​ចុះ! កុំ​ចាំ​បាច់​ដឹង​ហេតុការណ៍​អ្វី​ឡើយ» ។ «យើ! អា​ច្រមក់! ប្រាប់​ឲ្យ​ឆាប់ៗ អញ​ស៊ី​អាឯង​ឥឡូវ​នេះ​ហើយ» យក្ស​សួរ​គំរាម​កុមារ​តូច ។ «អើ! ដំរី​នេះ វា​ដើរ​មក​ជាប់​ជុច​ខ្ញុំ» កុមារ​ឆ្លើយ​តប​នឹង​យក្ស ។ «យីអើ! អា​ឯង​ធ្វើ​ជុច​ដូច​ម្ដេច​ក៏​ដាក់​ដំរី​បាន អាឯង​និយាយ​កុហក​ទេ​ឬ? ក្រែង​ដំរី​វា​ស្លាប់​ខ្លួន​វា​ទេ​ដឹង​? ហើយ​អា​ឯង​និយាយ​បញ្ឆោត​អញ​យ៉ាង​នេះ​ទៅ មើល​អាឯង​និយាយ​ឲ្យ​ត្រង់ តែ​កុហក អញ​ស៊ី​ឯង​ទៀត ឥឡូវ​នេះ​មិន​ខាន» ។ «ខ្ញុំ​មិន​ចេះ​និយាយ​កុហក​ទេ, ពូឯង​មើល​ចុះ ! ជុច​ខ្ញុំ​នៅ​ឯ​ណោះ​ហ្ន» ។ «ប្រាកដ​ជា​អាឯង​ដាក់​ជុច​ដំរី​នេះ​បាន​មែន?» យក្ស​សួរ​សង្កត់​សង្កិន​កុមារ ។ «មែន» កុមារ​ឆ្លើយ​តប​យ៉ាង​យក​ជុច​មក​ហើយ​ប្រាប់​យក្ស​ថា «ពូឯង​ចង​ដឹង ចូល​ទៅ​ក្នុង​ជុច​ខ្ញុំ​លង​មើល!» ។ ដោយ​ហេតុ​តែ​ការ​មើល​ងាយ​ថា «សត្វ​បើ​ជុច​សរសៃ​រ៉ើងៗ​ប៉ុណ្ណោះ អញ​គ្រាន់​តែ​កម្រើក ក៏​ដាច់​ខ្ទេច​ខ្ទី​ដែរ» ថា​ហើយ​ក៏​ត្បុរ​ក្បាល​ចូល​ទៅ​ក្នុង​ជុច ផុត​ដៃ​ផុត​ជើង​ទាំង​អស់ ស្រាប់​តែ​ជុច​រឹត​រួត​តឹង​ខ្លួន​ដូច​គេ​ចាក់​ស្រែះ បម្រះ​ននៀល​បាក់​ឈើ​ព្រៃ​ល្អិត​ល្អោច ស្រែក​ទ្រហោ​រំពង​ព្រៃ រឹទ្ធិ​យក្ស​ដែល​ធ្លាប់​ពូកែ​យ៉ាង​ណា ក៏​ប្រមូល​យក​មក​អស់ ថែម​ទាំង​នឹក​សូធ្យ​មន្ត​របៀន​សិល្បសាស្ត្រ ដែល​ធ្លាប់​ចេះ​ធ្លាប់​រៀន​មក​ប៉ុន្មាន ក៏​នៅ​តែ​រើ​មិន​រួច​ពី​ជុច​នោះ រឹត​តែ​តឹង​ឡើង​ៗ ស្ទើរ​នឹង​ដាច់​ខ្យល់​រក​តែ​ស្ដី​និយាយ​ស្ទើរ​តែ​មិន​រួច ។ យក្ស​ទើប​ដឹង​ថា «ជុច​ក្មេង​នេះ ពូកែ​មែន បើ​អញ​មិន​និយាយ​អង្វរ​ឲ្យ​វា​ស្រាយ​ជុច​នេះ​ចេញ​ទេ​នឹង​ស្លាប់​អសារ​ឥត​ការ​មិន​ខាន» ទើប​និយាយ​អង្វរ​កុមារ​ថា «ឱ​លោក​អើយ​! កាល​ពី​ដើម ខ្ញុំ​មើល​ងាយ​ជុច​លោក​ដោយ គិត​ឃើញ​ថា មើល​ទៅ​មិន​ល្មម​នឹង​កម្លាំង​ខ្ញុំ​សោះ ហេតុ​តែ​សេចក្ដី​មើល​ងាយ​នេះ​ហើយ បាន​ជា​ខ្ញុំ​ស្ទើរ​តែ​ស្លាប់​ខ្លួន​យ៉ាង​នេះ ហេតុ​នេះ សូម​លោក​អាណិត​ខ្ញុំ​ម្ដង​ទៅ​ចុះ​ខុស​ម្ដង​ឆ្គង​មួយ​ថ្ងៃ សូម​លោក​អធ្យាស្រ័យ​ឲ្យ​តែ​រស់​ជីវិត កុំ​ឲ្យ​តែ​ខ្ញុំ​ស្លាប់» ។

ឯ​កុមារ បាន​ឃើញ​យក្ស​បម្រះ​ននៀល​មិន​រួច​អំពី​ជុច​របស់​ខ្លួន​ហើយ ថែម​ទាំង​ឮ​និយាយ​អង្វរ​ទៀត កាំបិត​នៅ​ដៃ និយាយ​ត​ទៅ​នឹង​យក្ស​វិញ​ថា «ម៉េច​អា​ឯង​ជឿ​អញ​ទេ? ឥឡូវ មក​ធ្វើ​ជា​និយាយ​អង្វរ, ឯ​សាច់​ដំរី​អញ ឯង​ស៊ី​អស់ ហើយ​គិត​នឹង​ស៊ី​អញ​ទៀត អាឯង​ថ្លើម​ធំ​ណាស់ អញ​មិន​យក​អង្វរ​អាឯង​ទេ, ល្ងាច​នេះ អញ​គ្មាន​អ្វី​ស៊ី​សោះ ម្ដង​នេះ​អញ​ស៊ី​ថ្លើម​អាឯង​ហើយ ចុះ​មក​បង! ទៅ​រក​កាប់​ឫស្សី​មក​ធ្វើ​ត្រណោត​ ដោត​ថ្លើម​អា​ខូច​នេះ​អាំង​ស៊ី» ។ បង​ក៏​ចុះ​ពី​ធ្នះ​មក​ទាំង​ភ័យ​ញញី​ញញ័រ​ដល់​មក​ជិត​ប្អូន​ឃើញ​យក្ស​គួរ​សម្បើម ក៏​រឹង​រឹត​តែ​ញាប់​ញ័រ ។ ប្អូន​និយាយ​ថា «ឈប់​បង! កុំ​ញ័រ​ចង់​ស៊ី​សាច់​វា​ពេក ឈប់​សិន! ចាំ​ឆ្អិន​សិន, ហ៎ះ! ញ័រ​ចង់​អ្វី​ទៀត​ហើយ! កុំ​ញ័រ​អ្វី​ពេក ហើយ​ស៊ី​ឆៅ​មិន​ឆ្ងាញ់​ទេ ហើម​ពោះ​ពុង​ណា៎​បង!» ។ យក្ស​ឮ​សម្ដី​កុមារ​និយាយ​នឹង​បង​ដូច្នោះ​ហើយ រឹង​រឹត​តែ​ភិត​ភ័យ​ស្លុត​ព្រលឹង ហើយ​និយាយ​អង្វរ​កុមារ​ទៀត​ថា «ឱ​លោក​ម្ចាស់​ថ្លៃ​អើយ! សូម​លោក​អាណិត​ខ្ញុំ យក​តែ​បុណ្យ​ម្ដង​ទៅ​ចុះ, ខ្ញុំ​នឹង​ជូន​កន្លែង​បក់​កន្សែង​បោយ​មួយ ឲ្យ​តែ​លោក​លែង​ខ្ញុំ​ឲ្យ​បាន​រស់​មាន​ជីវិត, ត្បិត​ខ្ញុំ​ជា​ស្ដេច​យក្ស គ្រប់​គ្រង​អាណា​ប្រជានុរាស្ត្រ បើ​លោក​ឲ្យ​ខ្ញុំ​ស្លាប់​ទៅ​សម​ជា​ស្រុក​ទេស​របស់​ខ្ញុំ​អន្តរ​ធាន​មិន​ខាន ទាំង​កូន​ប្រពន្ធ​ខ្ញុំ ក៏​ពុំ​មាន​ទីពឹង» ។ កុមារ​ប្អូន​សួរ​បញ្ជាក់​យក្ស​ថា «ចុះ​ឯង​ឲ្យ​កន្សែង​បក់​កន្លែង​បោយ​ដល់​យើង កន្លែង​នោះ បើ​បក់​បោយ​ទៅ អាច​ឲ្យ​សម្រេច​ប្រយោជន៍​ដូច​ម្ដេច​ខ្លះ?» ។ «តាម​តែ​លោក​ចង់​បាន​អ្វី បក់​មក បាន​តាម​ប្រាថ្នា បើ​ចង់​ឲ្យ​បាត់​ទៅ​វិញ គ្រាន់​តែ​បោយ​ថា ទៅ​វិញ​ចុះ ក៏​ស្រាប់​តែ​បាត់​អស់​រលីង» ។ «ប្រាកដ​ជា​ឯង​ឲ្យ​យើង​មែន​ឬ?» ។ «មែន» ។ «ក្រែង​កុហក​អញ​ទេ​ដឹង?» ។ «មិន​កុហក​ទេ​លោក» ។ «បើ​កុហក តើ​ឲ្យ​យើង​ធ្វើ​ដូច​ម្ដេច? យើង​មិន​ទុក​ចិត្ត​ទេ ពី​ព្រោះ​ឯង​ជា​ស្ដេច​សោយ​រាជ្យ ក្រែង​រួច​ពី​កណ្ដាប់​ដៃ​យើង​ទៅ បបួល​រេហ៍ពល​មក​ច្បាំង​នឹង​យើង​វិញ? បង! យក​កាំ​បិត​មក​ពន្លះ​សាច់​វា អាំង​ស៊ី​សម្រន់​សេចក្ដី​ឃ្លាន​១​ស្របក់ សិន» ។ បង​នោះ​នៅ​តែ​មិន​ទាន់​បាត់​ភ័យ​នឹង​យក្ស ។ យក្ស​ឮ​កុមារ​តូច​ឲ្យ​បង​យក​កាំ​បិត មក​ពន្លះ​សាច់​ខ្លួន​ដូច្នោះ ក៏​ញាប់​ញ័រ​ស្ទើរ​បាត់​ស្មារតី ហើយ​និយាយ​អង្វរ​កុមារ​នោះ​ទៀត​ថា «សូម​លោក​ទុក​តែ​ជីវិត​ឲ្យ​ចុះ ខ្ញុំ​នឹង​ប្រគល់​រាជ្យ​ទាំង​អស់​ព្រម​ទាំង​ស្រុក​សួយ​ទាំង​អម្បាល​ម៉ាន ជូន​លោក​ទៀត ខ្ញុំ​សូម​រួច​តែ​ខ្លួន​នឹង​ភរិយា​បុត្រី​បុត្រា ហើយ​នៅ​ធ្វើ​ជា​សេនា​រក្សា​លោក​ទៀត » ។ កុមារ​ប្អូន​ក៏​សួរ​បញ្ជាក់​យក្ស​ថា «បើ​ឯង​និយាយ​ទៀត​ត្រង់​មែន ណ្ហើយ! យើង​អត់​ទោស​ឲ្យ​បាន, តែ​យើង​មិន​ដឹង​ជា​ឯង​ស្ដេច​សោយ​រាជ្យ​នៅ​នគរ​ណា ចុះ​ធ្វើ​ម្ដេច​ឲ្យ​យើង​ទៅ​តាម​យក​នគរ​ឯង​បាន? » ។ «ឱ​លោក មិន​សល់​ក្រ​អ្វី​នឹង​អញ្ជើញ​ទៅ​ឯ​នគរ​ខ្ញុំ​នោះ​ទេ ឲ្យ​តែ​លោក​លែង​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ធ្វើ​តម្រុយ​ជា​លំអាន​រហូត​ដល់​ទៅ​នគរ​ខ្ញុំ​ឯណោះ » ។ «ឯង​ធ្វើ​តម្រុយ​បែប​ណា?» ។ ខ្ញុំ​កាច់​មែក​ឈើ​ស្រស់​បោះ ហែៗ តាម​ផ្លូវ​ទៅ​កាល​បើ​លោក​អញ្ជើញ​ទៅ សូម​ទៅ​តាម​មែក​ឈើ​ដែល​ខ្ញុំ​កាច់​បោះ​នេះ​ចុះ »។ កុមារ​ទាំង​ពីរ​ក៏​ព្រម​ដោះ​យក​ចេញ​ពី​ជុច ។ ឯ​យក្ស​បាន​រួច​ខ្លួន​ពី​ជុច​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​កុមារ​ទាំង​ពីរ ដើរ​ទៅ​នគរ​ខ្លួន​វិញ ហើយ​កាច់​មែក​ឈើ​ជា​តម្រុយ ដើម្បី​ជា​ទី​សម្គាល់​ដល់​កុមារ​ទាំង​ពីរ​ប្រាណ ឥត​មាន​កុហក​ភូត​ភរ​អ្វី​ឡើយ លុះ​ដល់​ទៅ​នគរ​ហើយ​ចូល​ទៅ​និយាយ​ប្រាប់​ពួក​ពល​សេនា​យោធា​ទាហាន ដែល​នៅ​ចាំ​ក្លោង​ទ្វារ​ទាំង ៧ ជាន់​ថា «នែ​វ៉ឺយ! ថ្ងៃ​ស្អែក​នេះ​មាន​ក្មេង​តូច​ៗ ពីរ​នាក់ ជា​ក្មេង​មនុស្ស​លោក មក​ដណ្ដើម​រាជ្យ​អញ បើ​ឯង​ឃើញ​វា​មក​ហើយ ត្រូវ​ឃាត់​កុំ​ឲ្យ​វា​ចូល តែ​កុំ​ធ្វើ​ទុក​បុក​ម្នេញ​វា​ឡើយ គ្រាន់​តែ​ស្រែក​ឃាត់​ប៉ុណ្ណោះ​បាន​ហើយ ពី​ព្រោះ​ក្មេង​នោះ​ពូកែ​ណាស់ អម្បាល​អញ​ដែល​មាន​រឹទ្ធិ មាន​អំណាច​ច្បាំង​ដណ្ដើម​យក​នគរ​ឯ​ទៀត​ៗ បាន​មក​ធ្វើ​ជា​ប្រទេស​រាជ​ទាំង​ប៉ុន្មាន ក៏​វា​ដាក់​ជុច​អញ​ជាប់​ស្ទើរ​តែ​នឹង​ស្លាប់​អសារ​ឥត​ការ, តែ​ពួក​ឯង​រាល់​គ្នា​ឃាត់​វា​ល្បង​មើល​សិន​ចុះ​បើ​វា​មិន​ខ្លាច​ទេ បើក​ផ្លូវ​ឲ្យ​វា​ចូល​មក​ចុះ» ។ យក្ស​បាន​ប្រាប់​គ្រប់​សេនា​អ្នក​ចាំ​ក្លោង​ទ្វារ​ទាំង​៧ ជាន់​សព្វ​គ្រប់​ហើយ ក៏​ចូល​ទៅ​ក្នុង​ប្រាសាទ សម្ងំ​ដេក​លក់ ស្រមុក​ក​ក្រើក​ប្រឹថពី ។ ឯ​កុមារ​បង​ប្អូន​ទាំង​ពីរ​នាក់ ក៏​បណ្ដើរ​គ្នា​ទៅ​នគរ​យក្ស​តាម​តម្រុយ​មែក​ឈើ លុះ​បាន​ទៅ​ដល់​ហើយ​ក៏​ជួប​ប្រទះ​នឹង​ពួក​កង​ទ័ព​មួយ​កង ដែល​នៅ​ចាំ​ក្លោង​ទ្វារ​ទី ៧ នោះ​កុមារ​បង កាល​បាន​ឃើញ​យក្ស​ច្រើន​ដល់​ម្ល៉ោះ ក៏​ភ័យ​ញាប់​ញ័រ​ស្ទើរ​នឹង​បាត់​ស្មារតី, ប្អូន​និយាយ​កម្លា​បង​ឡើង​ថា «នែ​បង កុំ​ញ័រ​ចង់​ពេក! ឈប់! កុំ​អាល​ចង់​ចាប់​កាប់​ធ្វើ​បាប​វា ឈប់​ៗ កុំ​ៗ យើ​បង! ស្ទើរ​តែ​ឃាត់​មិន​ឈ្នះ​ណ្ហើយ កុំ​ញ័រ​ចង់​ពេក វា​ខ្លាច​បង​ឯង​ហើយ» ។ ពួក​ទាហាន យក្ស​បាន​ឮ​កុមារ​និយាយ​ដូច្នោះ ក៏​ខ្លាច​រួញ​ខ្លួន ឥត​ហ៊ាន​មាត់​ក​អ្វី​សោះ បើក​ផ្លូវ​ឲ្យ​កុមារ​ទៅ​ដោយ​ស្រួយ​រហូត​ដល់​ទៅ​ទ្វារ​ក្នុង​គម្រប់​៧​ជាន់ យក្ស​ខ្លាច​ទាំង​អស់ ។ ទើប​នាំ​បង​ប្អូន​ឡើង​ទៅ​លើ​ប្រាសាទ​យក្ស​ ឃើញ​យក្ស​កំពុង​ដេក​ស្រមុក​ខ្ទ័រ​ប្រាសាទ ឃើញ​ពួក​ស្រី​ស្នំ​កំពុង​តែ​អង្គុយ​បក់​ខាង​ស្ដាំ​មួយ​រយ ខាង​ឆ្វេង​មួយ​រយ ។ ឯ​បង​ឃើញ​យក្ស​ច្រើន​សម្បើម​ណាស់​ពេក ក៏​ភ័យ​ស្លុត​ស្មារតី ប្អូន​ស្រែក​ហៅ​យក្ស​ថា «នែ​! អា​នេះ​ក្រោក​ឡើង ! អញ​មក​ដល់​ហើយ​ដេក​ដល់​ណា​ទៀត» ។ យក្ស​ឮ​សំឡេង​កុមារ​តូច​ស្រែក​ហៅ​ខ្លួន ដែល​កំពុង​ដេក​លក់​ដូច្នោះ ក៏​ភ្ញាក់​ដឹង​ខ្លួន​ឡើង ក្រឡេក​មើល​ទៅ ស្គាល់​ជាក់​ជា​កុមារ​ម្ចាស់​ជុច ក៏​ភិត​ភ័យ​មហិមា ស្ទុះ​មក​ម្នីម្នា​ក្រាប​ថ្វាយ​បង្គំ​កុមារ​តូច​ទាំង​ពីរ ហើយ​ប្រាប់​ពួក​ស្រី​ស្នំ​ដែល​កំពុង​អង្គុយ​គាល់ ប្រើ​អមាត្យ​ឲ្យ​ហៅ​ពួក​សេនាបតី នាហ្មឺន​មុខ​មន្ត្រី ព្រាហ្មណ៍​ព្រឹទ្ធ បុរោហិត បណ្ឌិត​កវី ឲ្យ​ចូល​មក​ក្នុង​បុរី​យ៉ាង​ឆាប់​វៃ​ៗ ។ លុះ​ពួក​រាជ​សេវកាមាត្យ​មក​ជួប​ជុំ​គ្នា​សព្វ​គ្រប់​ហើយ យក្ស​ស្រែក​ប្រកាស​ថា «អ្នក​រាល់​គ្នា​ចូរ​ក្រាប​ថ្វាយ​បង្គំ​ស្ដេច​មនុស្ស​ទាំង​ពីរ​នាក់​នេះ ហើយ​ត្រូវ​គោរព​កោត​ខ្លាច​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដូច​ជា​ខ្លួន​អញ ត្បិត​អញ​ប្រគល់​រាជ្យ ឲ្យ​ស្ដេច​មនុស្ស​លោក​នេះ​សោយ​ហើយ ។ អញ​សូម​រួច​តែ​ខ្លួន​ប៉ុណ្ណោះ​ទេ, ឯ​អ្នក​ទាំង​អស់​ត្រូវ​នៅ​ជ្រក​ក្រោម​ម្លប់​បុណ្យ​ស្ដេច​មនុស្ស​លោក​នេះ​ចុះ» ។ ពួក​រាជ​សេវកាមាត្យ​ទាំង​អស់ ក្រាប​ថ្វាយ​បង្គំ​កុមារ​ទាំង​ពីរ​គ្រប់​គ្នា ឥត​មាន​នរណា​មួយ​ហ៊ាន​និយាយ​ថា​ដូច​ម្ដេច​ឡើយ ។

យក្ស​ក៏​បាន​រៀប​ពិធី​អភិសេក​ជា​ឯក​មង្គល ប្រជុំ​ពួក​ពល​យោធា​ជា​អនេក​ប្រការ ហើយ​ប្រគល់​ធីតា​របស់​ខ្លួន​ឲ្យ​ជា​មហេសី ។ ប៉ុន្តែ​កុមារ​ប្អូន​មិន​សោយ​រាជ្យ​ខ្លួន​ឯង​ទេ ឲ្យ​បង​សោយ​រាជ្យ​វិញ ព្រោះ​យល់​ឃើញ​ថា បង​បាន​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​ខ្លួន ។ កុមារ​ទាំង​ពីរ សឹង​នៅ​ជា​សុខ​សប្បាយ​ក្នុង​នគរ​យក្ស​នោះ រហូត​អវ​សាន​កាល​ទៅ​ហោង ។


គិត​គ្រប់​សព្វ​ដោយ​ផ្លូវ ក្ដី​ចន្លោះ​កុំ​បី​មាន

រឿង ហោរ​និង​តា​ចាស់​ដូន​ចាស់

កាល​ពី​ព្រេង​នាយ​មាន​ហោរ​ម្នាក់​ជា​អ្នក​ទាយ គន់​គូរ​មើល​ឆុត​ណាស់ ហោរ​នោះ​នៅ​ស្រុក​ជា​មួយ​នឹង​តា​ចាស់​យាយ​ចាស់ ។ មាន​កាល​ថ្ងៃ ១ តា​ចាស់​ដូន​ចាស់​គាត់​នាំ​គ្នា​ទាំង​ពីរ​នាក់​ទៅ​នេសាទ​ត្រី​នៅ​បឹង​ក្បែរ​ភូមិ​គាត់ ។ ពេល​នោះ​គាត់​រុត​បាន​ត្រី​រស់ ១ ហើយ​និង​បាន​ទន្សាយ​លង់​ទឹក​១ ដល់​ល្ងាច​គាត់​ត្រឡប់​មក​ផ្ទះ​វិញ គាត់​យក​ទន្សាយ​គ្រប​នឹង​អង្រុត​ទុក​នៅ​កណ្ដាល​ច្បារ​បន្លែ ខាង​មុខ​ផ្ទះ​គាត់, ត្រី​រ៉ស់ គាត់​ដាក់​ទ្រុង​ប្រោះ ទុក​ក្នុង​ត្រពាំង​នៅ​ជិត​ច្បារ​បន្លែ​គាត់ ក្បែរ​កន្លែង​ទុក​ទន្សាយ ។ ដល់​ព្រឹក​ឡើង តា​ចាស់​យាយ​ចាស់​គិត​គ្នា​ថា «យើង​ទៅ​រក​ហោរ​ទាយ​មើល ថា​ព្រឹក​នេះ​យើង​បាន​ម្ហូប​អ្វី​ស៊ី? បើ​ហោរ​នោះ​ទាយ​ត្រូវ សឹម​ជឿ​ថា​ពូកែ​មែន ព្រោះ​ចាប់​បាន​ត្រី​រ៉ស់​១ ទន្សាយ​១ បម្រុង​នឹង​ទុក​ធ្វើ​ម្ហូប​អាហារ​ស៊ី​ព្រឹក​នេះ​ហើយ» ។ ដល់​ព្រមព្រៀង​គ្នា​ស្រេច​ហើយ ក៏​ដើរ​ទៅ​លុះ​ទៅ​ដល់​មុខ​ផ្ទះ​ហោរ​នោះ តា​ចាស់​ក៏​ស្រែក​សួរ​ទៅ​ម្ចាស់​ផ្ទះ​ថា « អើ​អ្នក​អើយ! លោក​គ្រូ​នៅ​ៗ ហ្នឹង​ឬ? ។ ម្ចាស់​ផ្ទះ​ក៏​ប្រាប់​មក​តា​ចាស់​ដូន​ចាស់​ថា «គាត់​នៅ​នេះ មាន​ការ​អ្វី? តា​យាយ​អញ្ជើញ​ចូល​មក! » ។ តា​ចាស់​យាយ​ចាស់​នោះ​គ្នា​ចូល​ទៅ​ បន្តិច ហោរ​ដណ្ដឹង​សួរ​មក​តា​យាយ​ថា «ចុះ​អញ្ជើញ​មក​នេះ មានការ​អ្វី?» ។ តា​ចាស់​យាយ​ចាស់ ជម្រាប​ទៅ​ហោរ​វិញ​ថា «ខ្ញុំ​មក​នេះ មាន​ការ​បន្តិច សូម​លោក គ្រូ​មេត្តា​ករុណា​ចុះ» ។ ហោរ​សួរ​ថា «មាន​ការ​អ្វី? ចូរ​ថា​មក​ចុះ! » ។ តា​ចាស់​យាយ​ចាស់​ថា «ឱ​លោក​គ្រូ​អើយ​! យើង​ខ្ញុំ​ទាំង​ពីរ​នាក់​នេះ អត់​ម្ហូប​អាហារ​ទទួល​ទាន ពីរ​បី​ថ្ងៃ​ហើយ, តើ​ព្រឹក​នេះ នឹង​បាន​អ្វី​ទទួល​ទាន​ឬ​ទេ?» ។ ហោរ​ចាប់​ក្ដារ​ឆ្នួន​ឡើង វាយ​លេខ​មើល​ឲ្យ​តា​យាយ មើល​រួច​ស្រេច ក៏​ជម្រាប​តា​យាយ​ថា «ព្រឹក​នេះ តាយាយ​ឯង មុខ​តែ​លិទ្ធ​ប្រហុក​ក្នុង​ពាង!» ។ តា​យាយ​ឮ​ហោរ​ថា​ដូច្នោះ ក៏​នឹក​ក្នុង​ចិត្ត​ថា «ហោរ​នេះ គ្មាន​ពូកែ​ទេ ទាយ​ផ្ដេសផ្ដាស​សោះ, យើង​កុំ​ជឿ!» គិត​តែ​ប៉ុណ្ណោះ​ក៏​នាំ​គ្នា​លា​ហោរ​មក​ផ្ទះ​វិញ ហើយ​យាយ​ក៏​ប្រើ​តា​ឲ្យ​ទៅ​ចាប់​យក​ត្រី​ពី​ទ្រុង ទៅ​ធ្វើ​ក្បែរ​ត្រពាំង​ជិត​ផ្ទះ តា​លូក​ចាប់​ត្រី​យក​មក​ក្រៅ ត្រី​វា​បម្រះ​រួច លោត​ចុះ​ត្រពាំង​ទៅ ។ តា​ក៏​ស្ទុះ​ទៅ​យក​អង្រុត ដែល​គ្រប​ទន្សាយ​មក​ដេញ​រុត​ត្រី ។ ឯ​ទន្សាយ​នៅ​ក្នុង​អង្រុត​នោះ ក៏​ផ្អើល​រត់​បាត់​ទៅ​ទៀត ។ យាយ​មើល​ពី​លើ​មក​ឃើញ​ទន្សាយ​រត់​ចូល​ទៅ​ក្នុង ព្រៃ ក៏​ស្រែក​ប្រាប់​ថា «តា ៗ! ទន្សាយ​រួច​ទៅ​ហើយ!» ។ តា​ប្រាប់​ទៅ​វិញ​ថា "យាយ​អើយ ! ត្រី​វា​បម្រះ​រួច​ពី​ដៃ​ទៅ​ហើយ​ដែរ" ។ យា​ក៏​បន្ទោស​តា​ថា "តា​ឯង សម​តែ​ស៊ី​ប្រហុក​ក្នុង​ពាង ដូច​គេ​ទាយ​ពី​ព្រឹក​មិញ​នោះ​ឯង » ។ តា​ឮ​យាយ​ថា​ដូច្នោះ ក៏​នឹក​ឃើញ​ថា «គ្រូ​ទាយ​ឆុត​មែន» ដល់​ពេល​បាយ​ព្រឹក តាម​ចាស់​ដូន​ចាស់​ក៏​នាំ​គ្នា​ស៊ី​ប្រហុក​ក្នុង​ពាង​ដូច​ហោរ​ទាយ​ឲ្យ​នោះ​ឯង ។ ទើប​តា​ចាស់ ដូន​ចាស់​ដូន​ចាស់​ជឿ​ថា «ហោរ​ចេះ​ដឹង​ត្រឹម​ត្រូវ​តាម​ក្បួន​តម្រា​ប្រាកដ​មែន» ។


កុំ​អាង​អួត​អាត្មា ត្មះ​តម្រា​ប្រាជ្ញ​ព្រេង​នាយ

រឿង អាប៉ាង​នាង​តី

ក្នុង​សម័យ​មួយ​នោះ ជា​រដូវ​ស្រូវ​ទុំ អាប៉ាង​ទៅ​ដេក​ចាំ​ស្រូវ​វា ទាំង​យប់​ទាំង​ថ្ងៃ មាន​ទាំង​ចាប៉ី​មួយ​ទៅ​ផង, វេលា​ថ្ងៃ​ឡើង ថែ​ទាំ​ស្រូវ ដល់​ពេល​យប់​ទំនេរ តែង​ដេញ​ចាប៉ី ហើយ​ស្រែក​ច្រៀង​ផង។ លុះ​ច្រៀង​រាប់​យប់​ទៅ មាន​ខ្មោច​ស្រី​ក្រមុំ​ម្នាក់​ឮ​សូរ​ចម្រៀង​ច្រៀង​ចាប៉ី​ពីរោះ​ពេក​ក៏​ដើរ​ទៅ​ស្ដាប់ ទៅ​អង្គុយ​អាំង​ភ្លើង​ក្រោម​ខ្ទម​អាប៉ាង យូរ​បន្តិច​ទៅ អាប៉ាង​ក្រឡេក​ទៅ​ក្រោម​ផ្ទះ ឃើញ​ខ្មោច​ដែល​តំណែង​ខ្លួន​នោះ​អង្គុយ​អាំង​ភ្លើង អាប៉ាង​សួរ​ទៅ​ថា «អាណា​អង្គុយ​ក្រោម​ខ្ទម​នេះ?» ។ មេ​ខ្មោច​ប្រាប់​ថា «ខ្ញុំ» ។ អាប៉ាង​ថា «ប្រហែល​ជា​ខ្មោច​ទេ» ។ មេ​ខ្មោច​ឆ្លើយ​ថា «ខ្មោច​ថា​មិន​ខ្មោច»។ អាប៉ាង​សួរ​ថា «ហង​ឯង​ឈ្មោះ​អី? មក​រក​អី?» ។ មេ​ខ្មោច​ឆ្លើយ​ថា «ខ្ញុំ​ឈ្មោះ​តី, ខ្ញុំ​មក​ស្ដាប់​ចាប៉ី»។ អាប៉ាង​ថា «ឡើង​មក! បើ​មក​ស្ដាប់​ចាប៉ី» ។ មេ​ខ្មោច​ឡើង​ទៅ​អង្គុយ​ជិត​អាប៉ាង​ៗ ក៏​ស្រឡាញ់​គ្នា​យក​ជា​ប្ដី​ប្រពន្ធ​ទៅ ។ ដល់​រួច​ស្រូវ មេ​ខ្មោច​នោះ សួរ​ទៅ​អាប៉ាង​ថា «ឥឡូវ​រួច​ស្រូវ​ហើយ តើ​ឯង​ព្រម​យក​អញ​ឬ​ទេ? បើ​ឯង​មិន​យក​អញ​ៗ នឹង​កាច់​យក​ឯង» ។ អាប៉ាង​ថា «អញ​ព្រម​យក ប៉ុន្តែ​ចាំ​អញ​ដឹក​ស្រូវ​ទៅ​ទុក​ផ្ទះ​សិន» ។ លុះ​អាប៉ាង​ដឹក​ស្រូវ​យក​ទៅ​ទុក​រួច​ហើយ ក៏​ត្រឡប់​មក​យក​មេ​កន្តី​នោះ​វិញ ។ មេ​កន្តី ក៏​នាំ​អាប៉ាង​ទៅ​ជម្រាប​សួរ​ពួក​បង​ប្អូន​ខ្មោច​ទាំង​ប៉ុន្មាន រួច​ក៏​នៅ​ជា​មួយ​គ្នា​ទៅ ។

ប្រហែល​ជាង​មួយ​ខែ ពួក​ខ្មោច​ទាំង​ប៉ុន្មាន​បបួល​គ្នា ព្រម​ទាំង​អាប៉ាង​ឲ្យ​ទៅ​រក​បាញ់​សត្វ​មក​ធ្វើ​ជា​អាហារ ។ អាប៉ាង​ក៏​ទៅ​ជា​មួយ​នឹង​ពួក​ខ្មោច​នោះ លុះ​ទៅ​ដល់​កណ្ដាល​ព្រៃ​ដើម​ត្រថុក ដែល​ខ្មោច​ទាំង​ពួង​សម្គាល់​ថា ដើម​ឈើ​ទាល បាន​ប្រទះ​នឹង​កង្កែប​មួយ ខ្មោច​ទាំង​នោះ​ស្រែក​ថា «ប្រយ័ត្ន​វ៉ី​កន​យើង! ដំរី​ធំ​ណាស់ ទៅ​ហើយ! »។ អាប៉ាង​ឮ​គេ​ស្រែក​ថា​ដំរី ក៏​ប្រឹង​រក​មើល មិន​ឃើញ​ដំរី​សោះ ឃើញ​តែ​កង្កែប​លោត​មក​ត្រង់​មុខ​អាប៉ាង​ៗ ក៏​ចាប់​ដាក់​ក្នុង​ថ្នក់​សំពត់​ទៅ ។ ខ្មោច​អស់​នោះ ចេះ​តែ​ស្រែក​ថា «ប្រយ័ត្ន​វ៉ី​ដំរីស្ដ​មួយ​ធំ​ណាស់» ហើយ​ស្រែក​សួរ​អាប៉ាង​ថា «ឃើញ​ដំរី​ឬ​ទេ?» ។ អាប៉ាង​ស្រែក​ថា​ «មិន​ឃើញ​ទេ!» ។ ពួក​ខ្មោច​ក៏​នាំ​គ្នា​ដើរ​មក​ដល់​ជិត​អាប៉ាង​ហើយ​ថា «ទៅ​អាប៉ាង​ទៅ​ផ្ទះ​យើង រក​សត្វ​មិន​បាន​ទេ» ។ អាប៉ាង​ថា «អញ​បាន​កង្កែប​មួយ» ។ ខ្មោច​ទាំង​នោះ សួរ​ទៅ​អាប៉ាង​ថា «យ៉ាង​ដូច​ម្ដេច​អាប៉ាង​កង្កែប​នោះ? ឯង​ចែក​ឲ្យ​យើង​រាល់​គ្នា​ស៊ី​ផង» ។ អាប៉ាង​យក​កង្កែប​ចេញ​ពី​ថ្នក់ ហើយ​បង្ហាញ​ទៅ​ពួក​ខ្មោច​នោះ ។ ខ្មោច​អស់​នោះ​ឃើញ ក៏​នាំ​គ្នា​រត់​ព្រោង​ព្រាត​អស់​ទៅ​ហើយ​វា​មាន​វាចា​ថា «ទុក​ប្ដី​មី​កន្តី​ឲ្យ​នៅ​មិន​បាន​ទេ ព្រោះ​វា​ខ្លាំង​ពូកែ​ណាស់ វា​ហ៊ាន​ចាប់​ដំរី​យក​ទៅ​ដាក់​ក្នុង​ថ្នក់​វា, បើ​ដូច្នោះ យើង​ឲ្យ​អាប៉ាង​នេះ​នៅ​មិន​បាន​ទេ ឲ្យ​វា​ទៅ​វិញ​ទៅ!» អាប៉ាង​ក៏​បាន​រួច​ខ្លួន ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។


ល្ងង់​មើល​តែ​ខ្មោច

រឿង អា​សំគម​បាញ់​លលក

មាន​មនុស្ស​ម្នាក់ ជា​កូន​នៃ​អ្នក​ត្រកូល​ក្រី​ក្រ, បុរស​នេះ តាំង​ពី​ចម្រើន​ធំ​ឡើង គ្មាន​រក​ស៊ី​អ្វី​សោះ ខំ​ប្រឹង​សង្វាត​តែ​ខាង​ការ​បរ​បាញ់ ទាល់​តែ​ស្ទាត់​ជំនាញ, បើ​បុរស​នោះ​បាញ់​តម្រង់​សព្វ​ណា ចង់​ឲ្យ​ត្រូវ​ក្បាល ត្រូវ​ក ឬ​ទ្រូង រមែង​ត្រូវ​តាម​បំណង, តែ​រូប​ឆោម​លោម​ពណ៌​បុរស​នោះ អាក្រក់​មាឌ​ស្គម​កំព្រឹង សក់​ក្រញាង មុខ​ក្រញុះ អ្នក​ស្រុក​គេ​ដាក់​ឈ្មោះ​ហៅ​ថា «អា​សំគម​បាញ់​លលក» ព្រោះ​វា​តែង​ដើរ​បាញ់​លលក​រាល់​ថ្ងៃ ។

ថ្ងៃ​មួយ អា​សំគម​បាញ់​លលក លី​ស្នា​ដើរ​ទៅ​ស្វែង​រក​បាញ់​លលក បាន​ប្រទះ​ឃើញ​ភូមិ​សេដ្ឋី​១ មាន​ដើម​ឈើ​ដុះ​ត្រសាយ​ត្រសុំ​ដង្គុំ​ដង្គោល ជា​ទី​លំ​នៅ​នៃ​បក្សី​មាន​លលក​ជា​ដើម ។ សេដ្ឋី​នោះ​ជា​អ្នក​សម្បូណ៌​សំបុក​សម្បត្តិ ព្រម​ទាំង​មាន​កូន​ក្រមុំ​ពីរ​នាក់​ផង ។ អា​សំគម​បាញ់​លលក លី​ស្នា​ដើរ​សៀរ​តាម​របង​ភូមិ​សេដ្ឋី ក៏​ជួប​ជា​កូន​ស្រី​សេដ្ឋី​ទាំង​ពីរ​បណ្ដើរ​គ្នា​លេង​តាម​សួន​ច្បារ ក្នុង​ភូមិ​របស់​ខ្លួន ដ៏​ដេរដាស​ដោយ​ផ្ការីក​ស្គុស​ស្គាយ​ផ្សាយ​ក្លិន​ក្រអូប​ឈ្ងុយ​ឈ្ងប់ នៅ​ពេល​ព្រឹក​ព្រហាម ។ អា​សំគម​បាញ់​លលក​ដើរ​សៀរ​តាម​ភូមិ ងើប​មើល​លើ ក្រែង​មាន​សត្វ​លលក​ទំ​នៅ​ចុង​ឈើ ។ កាល​បើ​អា​សំគម​បាញ់​លលក ងាក​ភ្នែក​ចុះ​ឡើង ចោល​កន្ទុយ​ភ្នែក​ទៅ​ក្នុង​ភូមិ, ខ្សែ​ភ្នែក​ក៏​រត់​ទៅ​ប៉ះ​ទង្គិច​នឹង​រូប​រាង​នាង​ក្រមុំ​ទាំង​ពីរ ដែល​ប្រកប​ដោយ​គ្រឿង​តែង​ប្រាណ មាន​លំអ​ស្រស់​ស្រងៅ ទាំង​មាន​ព្រលឹង​សាច់​ទ្រលុក​ទ្រលន់ នាំ​ឲ្យ​ភ្ញាក់​កន្ទ្រាក់​ដួង​ចិត្ត​ប្រុស​នៅ​វេលា​ឃើញ​ដំបូង ។ ឯ​អា​សំគម​បាញ់​លលក គ្រាន់​តែ​ចោល​ភ្នែក​ទៅ​ប៉ះ​រូប​នាង​នោះ​ភ្លាម ក៏​ស្រឡាំងកាំង​ភាំង​ស្មារតី ភ្លេច​ខ្លួន ជ្រុះ​ទាំង​ស្នា​ទាំង​ព្រួញ​ដល់​ដី ។ អា​សំគម​បាញ់​លលក តាំង​ពី​បាន​ឃើញ​កូន​សេដ្ឋី ក៏​ស្រឡាញ់​ជាប់​ក្នុង​ចិត្ត នឹក​ឥត​ភ្លេច ហើយ​ក៏​ទៅ​ដល់​ផ្ទះ ថ្លែង​ប្រាប់​ឪពុក​ម្ដាយ និយាយ​នឹង​ម្ដាយ​ឲ្យ​ទៅ​ដណ្ដឹង​កូន​សេដ្ឋី​ឲ្យ ។ ម្ដាយ​និយាយ​នឹង​កូន​ថា «នៃ​កូន​! ម្ដេច​ក៏​ឯង​ទៅ​ស្រឡាញ់​កូន​សេដ្ឋី​អីចេះ! បើ​ឯង​ក្រី​ក្រ​ភោគ​សម្បត្តិ ទាំង​រូប​ឯង​ទៀត​ក៏​អាក្រក់ មិន​សម​នឹង​កូន​គេ ធ្វើ​ម្ដេច​គេ​នឹង​ឲ្យ​ឯង ?» អា​សំគម​បាញ់​លលក ក៏​និយាយ​នឹង​ម្ដាយ​ថា «ម៉ែ! បើ​ម៉ែ​មិន​ទៅ​ដណ្ដឹង​ឲ្យ​ខ្ញុំ​ទេ ខ្ញុំ​ក៏​អស់​ឃើញ​មុខ​ម៉ែ, ម៉ែ​ក៏​លែង​បាន​ឃើញ​មុខ​ខ្ញុំ តាំង​ពី​ថ្ងៃ​នេះ​ទៅ​ហើយ» ។

ម្ដាយ​ដែល​មាន​ចិត្ត​អាណិត​កូន ឮ​កូន​និយាយ​ដូច្នោះ ក៏​ស៊ូ​កាត់​កេរ្តិ៍​ខ្មាស ទៅ​និយាយ​ស្នើ​ការ​នឹង​សេដ្ឋី ៗ ​ក៏​តប​វិញ​ថា «ខ្ញុំ​ឥត​បើ​ស្អប់​ខ្ពើម​អី​កូន​នាង​ទេ ប៉ុន្តែ​កូន​ខ្ញុំ​ៗ នឹង​ឲ្យ​ពុំ​បាន ត្បិត​មិន​ទាន់​គ្រប់​ការ, ណ្ហើយ​នាង! ប៉ុណ្ណេះ​ទុក​ជា​ស្រេច​ចុះ កុំ​បាច់​ទៅ​មក​ទៀត» សំដី​ប៉ុណ្ណេះ ជា​សំ​ដី​បង្វែង​ដាន​មិន​ចង់​ឲ្យ ។ ម្ដាយ​អា​សំគម​បាញ់​លលក ទញ់​តុះ​គំនិត​រក​ឧបាយ​កល​និយាយ​ទៀត​គ្មាន ក៏​លា​សេដ្ឋី​ត្រឡប់​ទៅ​ផ្ទះ​ប្រាប់​កូន ។ អា​សំគម​បាញ់​លលក គ្រាន់​តែ​ម្ដាយ​ប្រាប់​ដូច្នោះ​ភ្លាម ក៏​ផ្លាស់​ទឹក​មុខ​ក្រៀម​ក្រំ អង្គុយ​ត្របោម​ក្បាល​ជង្គង់ ដង្ហើម​ឃូរៗ បាយ​លេង​នឹក ទឹក​លេង​ស្រេក​ចេះ​តែ​នឹក​មមៃ​ៗ ហាក់​ដូច​ជា​កូន​សេដ្ឋី​នៅ​ចំពោះ​មុខ​ស្រស់ៗ ដោយ​កម្លាំង​សេចក្ដី​ស្នេហា​ខ្លាំង​ពេក ហើយ​បែរ​ជា​មិន​បាន​ដូច​បំណង ។ នៅ​វេលា​ដែល​អា​សំគម​បាញ់​លលក​ចូល​ដេក ក៏​ចូល​ទៅ​ទាំង​នឹក​អាល័យ​ទៅ​ជា​មមើ ស្រែក​ច្រៀង​ទាំង​យប់​ថា ៖ «ឆោម​អើយ​ឆោម​ឆើត​ទាំង​ពីរ​ប្រាណ ធ្វើ​ម្ដេច​នឹង​បាន​មក​កៀក​កើយ ឲ្យ​ដូច​ជា​ពូក​និង​ខ្នល់​ខ្នើយ បើ​ម្ល៉េះ​ទៅ​ហើយ​អស់​សង្ឃឹម» ។

អា​សំគម​បាញ់​លលក ទុក​ជា​ដឹង​ថា គេ​លែង​ឲ្យ​ហើយ​ដូច្នោះ លុះ​ព្រឹក​ឡើង ក៏​នៅ​តែ​លី​ស្នា និង​ស្ពាយ​បំពង់​ព្រួញ ដើរ​ទៅ​សំដៅ​ភូមិ​សេដ្ឋី​រាល់​ថ្ងៃ​ឥត​ខាន​សោះ ពួន​ចាំ​លប​មើលកូន​សេដ្ឋី ។

ថ្លែង​ពី​បុរស​ម្នាក់​ទៀត ជា​កូន​អ្នក​មាន​សម្បត្តិ ទាំង​រូប​ឆោម​នោះ​ក៏​ស័ក្ដិសម ទឹក​មុខ​ឡើង​ស្រស់​បំព្រង ជា​ទី​ពេញ​ចំណង់​នៃ​ស្ត្រី​ភាព ។ បុរស​នោះ​ក៏​ស្រឡាញ់​កូន​សេដ្ឋី​នោះ​ដែរ លុះ​ទៅ​ដណ្ដឹង សេដ្ឋី​ក៏​មិន​ព្រម​ឲ្យ ។ បុរស​នោះ ទុក​ជា​ដឹង​ថា​គេ​មិន​ព្រម​ឲ្យ ក៏​នៅ​តែ​លប​មើល​កូន​សេដ្ឋី​រាល់​ថ្ងៃ ។ ចួន​ជា​ពេល​មួយ បុរស​នោះ​ក៏​ទៅ​អា​សំគម​បាញ់​លលក​ក៏​ទៅ ហើយ​បាន​ជួប​គ្នា អា​សំគម​បាញ់​លលក​សួរ​ថា «អ្នក​ឯង​ទៅ​ណា?» ។ បុរស​នោះ​ឆ្លើយ​ថា «ខ្ញុំ​មក​លប​មើល​កូន​សេដ្ឋី» ឆ្លើយ​ហើយ​សួរ​ថា «ចុះ​ឯង​មក​ធ្វើ​អ្វី​ដែរ?» ។ អា​សំគម​បាញ់​លលក​ថា «ខ្ញុំ​ក៏​មក​មើល​កូន​សេដ្ឋី​ដែរ» ។ បុរស​នោះ​ថា «យើ !រាង​នេះ អួត​ឯង​ចង់​បាន​កូន​សេដ្ឋី​ផង ! ប៉ុន​អម្បាល​រូប​ខ្ញុំ គេ​នៅ​តែ​មិន​ឲ្យ» ។ អា​សំគម​បាញ់​លលក​ថា «បង​ឯង​ចាំ​មើល ខ្ញុំ​យក​ទាល់​តែ​បាន» ។

ជួន​ជា​ថ្ងៃ​នោះ សេដ្ឋី​ប្ដី​ប្រពន្ធ​នាំ​គ្នា​ទៅ​វត្ត នៅ​តែ​កូន​ក្រមុំ​ពីរ​នាក់​ចាំ​ផ្ទះ ។ អា​សំគម​បាញ់​លលក​ដឹង​ដូច្នោះ កំពុង​តែ​គិត​រក​ឧបាយ ក៏​ចួន​ជា​ក្រឡេក​ទៅ​ឃើញ​សត្វ​លលក​មួយ​ទំ​នៅ​ចុង​ឈើ​មុខ​ផ្ទះ​សេដ្ឋី ។ អា​សំគម​បាញ់​លលក បាន​ឱកាស​ក៏​យឺត​ស្នា​បាញ់​ឮ​សូរ​ក្លឹង​ប៉ាប់ ស្រាប់​តែ​លលក​ទធាក់​ផើង ទទះ​ស្លាប​នៅ​ទី​ធ្លា​មុខ​ផ្ទះ ។ លំដាប់​នោះ កូន​ក្រមុំ​សេដ្ឋី​ម្នាក់​ចុះ​ទៅ​ដី ឃើញ​លលក​នោះ​ហើយ ក៏​ស្រែក​ប្រាប់​បង​ថា «អ្នក​បង ! អ្នក​ណា​បាញ់​លលក​ធ្លាក់​មក​នេះ?» ថា​ហើយ​ក៏​រើស​លលក​ទៅ ។ អា​សំគម​បាញ់​លលក​ធ្វើ​ដូច​ជា​មិន​ដឹង ដល់​គេ​បោច​រួច​ហើយ ស្រាប់​តែ​ឡូឡា​រក​លលក ដែល​ខ្លួន​បាញ់​នោះ​ថា «នរណា​លួច​លលក​អញ​ទៅ​ណា? តែ​អញ​រក​ឃើញ​មុខ​ជា​ប្ដឹង​រាជការ​ឲ្យ​យក​ទៅ​ដាក់​គុក​ពុំ​ខាន» ។ នាង​ក្រមុំ​ទាំង​ពីរ​នាក់ ឮ​ដូច្នោះ​ក៏​ភ័យ​ស្រែក​ប្រាប់​ថា «លលក​បង​ឯង​ខ្ញុំ​យក​មក​នេះ​ហើយ» ។ អា​សំគម​បាញ់​លលក​ស្ដី​គំរាម​ថា «ម្ដេច​ក៏​ហ៊ាន​លួច​លលក​អញ ត្រូវ​យក​មក​ឲ្យ​អញ» កូន​ស្រី​សេដ្ឋី​ក៏​យក​លលក​មក​ឲ្យ ។ អា​សំគម​បាញ់​លលក​ថា «ទេ! លលក​អញ​នៅ​រោម​នៅ​ស្លាប ឥឡូវ​នាង​ឯង​យក​ទៅ​បោច​រោម​ស្លាប​អស់​ហើយ ក្រែង​តែ​អាំង​ឲ្យ​ឆ្អិន​ឲ្យ​អញ​បាន​អញ​យក ។ «នាង​ក្រមុំ​ទាំង​ពីរ​នាក់ ក៏​យក​ទៅ​អាំង ឆ្អិន​ហើយ​យក​មក​ឲ្យ ។ អា​សំគម​បាញ់​លលក​ថា «នរណា​ស៊ី​តែ​សាច់​លលក ក្រែង​តែ​មាន​ស្រា​ផឹក​ផង ទើប​ស៊ី​កើត» ។ នាង​ទាំង​ពីរ​នាក់ ហេតុ​តែ​ខ្លួន​ជា​ស្រី​ប្រកប​ដោយ​សេចក្ដី​ភ័យ​ច្រើន ក៏​ទៅ​យក​ស្រា​មក​ឲ្យ ឲ្យ​មួយ​ពែង​ហើយ​ថា​មួយ​ពែង​ទៀត​ទាល់​តែ​ស្រវឹង​ដួល​ដេក​លើ​ផ្ទះ​នោះ​ទៅ ។ ឯ​នាង​ក្រមុំ​ទាំង​ពីរ​នាក់​គិត​គ្នា​ថា «បើ​យើង​បណ្ដោយ​ឲ្យ​វា​នៅ​ក្នុង​ទី​ហ្នឹង តែ​ឪ​ម៉ែ​មក​វិញ​ឃើញ យើង​មុខ​ជា​មាន​រឿង «គិត​ហើយ មិន​ដឹង​យក​ទៅ​ណា ក៏​នាំ​គ្នា​សែង​អា​សំគម​បាញ់​លលក យក​ទៅ​លាក់​ក្នុង​ផ្ទះ ។ ដល់​ពេល​យប់ អា​សំគម​បាញ់​លលក​ដឹង​ខ្លួន ក៏​ស្រែក​ថា «មូស​ខាំ​ណាស់ » ។ កូន​សេដ្ឋី​ភ័យ ក្រែង​ឪពុក​ដឹង ក៏​នាំ​គ្នា​សែង​ទៅ​ដាក់​ក្រោម​គ្រែ​ដេក​របស់​ខ្លួន ។ អា​សំគម​បាញ់​លលក​ស្រែក​ទៀត​ថា «សង្កើច​ខាំ​ណាស់ » ។ នាង​ទាំង​ពីរ​នាក់​ក៏​លើក​មក​ឲ្យ​ដេក​លើ​គ្រែ ក្នុង​មុង​ជា​មួយ ដោយ​គិត​ថា វា​ស្រវឹង​ស្រា នឹង​ធ្វើ​អ្វី! ។ ពេល​នោះ អា​សំគម​បាញ់​លលក​បាន​ឱកាស ក៏​តាំង​លូក​ប្រឡែង​ស្ទាប​អង្អែល ដោយ​សេចក្ដី​ស្រឡាញ់​ដរាប​ដល់​បាន​រួម​ដំណេក ជា​មួយ​នឹង​នាង​ក្រមុំ​ទាំង​ពីរ​នាក់​នោះ​ទៅ ។


ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ

រឿង ចៅ​ធុង ចៅ​សាញ់

បពិត្រ​អញ​ខ្ញុំ ហត្ថា​បង្គំ ប្រណម្យ​វន្ទា សូម​មាន​តេជះ ដូច​ព្រះ​រាមា សូម​មាន​ប្រាជ្ញា ដូច​ព្រះ​មហោសថ ។ ខ្ញុំ​ថ្វាយ​បង្គំ ព្រះពុទ្ធ​ឧត្ដម ប្រាជ្ញា​មោះ​មុត តែង​នាំ​សត្វ​ផង ឆ្លាស់​ឆ្លង​សមុទ្រ សង្សារ​ចំហុត ដាក់​ដល់​សួគ៌ា ។ ព្រះ​អង្គ​ត្រាស់​ត្រេច សាង​សម្ភារ​ស្រេច ផ្ដាច់​សង្សារា លើស​លែង​ត្រៃ​ភព សាយ​សព្វ​ទិសា ព្រះ​អង្គ​ផ្ចាញ់​មារ ដល់​និព្វាន​ហោង ។ បង្គំ​ព្រះ​ពុទ្ធ បារមី​ពិសុទ្ធ ពិសេស​ឥត​ហ្មង ពន្លឺ​រស្មី ភ្លឺ​ក្រៃ​កន្លង ដល់​សួគ៌​នាយ​ហោង ភ្លឺ​ផ្លេក​សព្វ​ស្ថាន ។ បង្គំ​ព្រះធម៌ ពិត​សេស​មាន​អាថ៌ ជ្រៅ​ពន់​ប្រមាណ អាច​តែង​ត្រង​រង សត្វ​ផង​សព្វ​ស្ថាន ជា​ខ្លឹម​ប្រធាន ត្រីពិធ​សម្បត្តិ ។ បង្គំ​ព្រះ​សង្ឃ ប្រសើរ​សឹង​ទ្រង់ សីល​សុទ្ធ​មធ្យ័ត ជា​ស្រូវ​ស្រែ​បុណ្យ មាន​គុណ​គាប់​ក្ដាត់ តាម​ផ្លូវ​ប្រតិបត្តិ ព្រះ​សង្ឃ​ទាំង​ឡាយ ។ លោក​ខំ​សង្វាត យក​បិណ្ឌ​បាត ប្រោស​សត្វ​សម្ជាយ ឲ្យ​អស់​ទុក្ខ​ភ័យ ទោសពៃរ៍​ក្នុង​កាយ សត្វ​ផង​ទាំង​ឡាយ តាម​សទ្ធា​ហោង ។ នេះ​នឹង​ស្រដី បុរស​ប្រុស​ស្រី ពីរ​នាក់​ជា​ម្ដង ប្ដី​និង​ប្រពន្ធ ឲ្យ​ធន​ធាន​ផង ឥត​ញាតិ​សោត​ហោង ឥត​ផៅ​សន្តាន ។ រក​ស៊ី​នៅ​នា ក្នុង​ព្រៃ​ព្រឹក្សា យូរ​ទៅ​ទើប​បាន កាប់​ឈើ​រើ​ព្រៃ នៅ​ព្រៃ​ស្មសាន បន្តិច​ទើប​បាន ចម្ការ​មួយ​ហោង ។ នោះ​ឯង​ធំ​ក្រៃ ប្រមាណ​នោះ​នៃ ប្រាំ​សិន​ជា​ម្ដង ជា​អ្នក​កម្សត់ ទុគ៌ត​កន្លង ទាំង​ពីរ​នាក់​ហោង ត្រេក​អរ​ពេក​ក្រៃ ។ លុះ​ដាំ​ស្រូវ​ទៅ ក្នុង​ចម្ការ​កូវ ស្រូវ​នោះ​ប្រពៃ នឹក​ថា​ស្រូវ​អញ នេះ​ពេញ​ល្អ​ក្រៃ គុម្ព​ធំ​ណាស់​នៃ លើស​ស្រូវ​អ្នក​ផង ។ ជា​យូរ​លង់​ទៅ រីឯ​ដើម​ស្រូវ នោះ​កូវ​សោត​ហោង ល្អ ៗ ក្រៃ​លែង កួរ​វែង​កន្លង ដាក់​គួរ​ល្គាយ​ល្គង ទន់ ៗ តាម​គ្នា ។ ល្អ​ល្អះ​ប្រពៃ រី​ស្រូវ​នោះ​នៃ ទុំ​ពេញ​ចម្ការ រន្ទាល​ច្រាល​ឆ្អៅ ផ្លែ​ស្រូវ​នោះ​ណា៎ ពាស​ពេញ​ចម្ការ បរិបូណ៌​ជា​ត្រើយ យក​ស្រូវ​មក​ហើយ ដាក់​លើ​ផ្ទះ​ហោង ។ លុះ​ដល់​រដូវ នាំ​គ្នា​យក​ស្រូវ ទៅ​ដាំ​ទៀត​ផ្គង ដូច​កាល​សព្វ​គ្រា ពី​ដើម​នោះ​ផង ស្រូវ​នោះ​ឯង​ហោង ល្អ​ដូច​ដើម​នៃ ។ យូរ​លង់​ទៅ​ណា បាន​ភោជ្យផលា រឹត​តែ​ច្រើន​ក្រៃ ពេញ​បរិបូណ៌​ណាស់ ឥត​ខ្វះ​ឡើយ​នៃ ត្រេក​អរ​ពេក​ក្រៃ ធ្វើ​ជង្រុក​ឯង ។ មួយ​នោះ​ធំ​ក្រៃ​ ហើយ​វែង​ផង​នៃ ប្រាកដ​ជាក់​ស្ដែង ធេង​ធំ​ទូលាយ ខ្ពស់​ក្រៃ​គួរ​ស្ញែង ជង្រុក​ប្រាំ ល្វែង​ឥត​ក្រែង​អ្នក​ផង ជា​យូរ​ទៅ​ណា​នាង​មាន​កូន​ង៉ា មួយ​ល្អ​កន្លង ឲ្យ​ឈ្មោះ​អាសាញ់ ធំ​ពេញ​ចិត្ត​ហោង ស៊ី​បាយ​ច្រើន​ដង មួយ​ឆ្នាំង​មួយ​ថ្ងៃ ។ លុះ​ដល់​គម្រប់​ប្រាំ​មួយ​ដណ្ដប់ ឆ្នាំ​ហើយ​សោត​នៃ​បរិភោគ​អាហារ​កាន់​តែ​ច្រើន​ក្រៃ នា​ក្នុង​មួយ​ថ្ងៃ បី​ថាំង​អង្ករ ។ រី​ម្ដាយ​ឪពុក ចេះ​តែ​កើត​ទុក្ខ ភ័យ​តែ​ពីរ​ក្រ រី​ស្រូវ​ក្នុង​ស្រែ​កាន់​តែ​មិន​ល្អ ភ័យ​តែ​ពីរ​ក្រ ធ្វើ​ស្រូវ​​មិន​ទាន់​ទើប​មក​គិត​គ្នា បើ​ខំ​ទុក​វា ឃើញ​ថា​មិន​គ្រាន់ ពី​ដើម​យើង​មាន​ ឥឡូវ​យើង​កាន់ តែ​ថយ​ជាក់​ស្បាន់ សម្បត្តិ​ហិន​ក្រ ។ រី​ស្រូវ​ចម្ការ យូរ​ឆ្នាំ​ហើយ​ណា កាន់​តែ​មិន​ល្អ ទុក​វា​ធ្វើ​អ្វី នាំ​ឲ្យ​តែ​ក្រ សម្លាប់​ឲ្យ​មរណ អា​ចោរ​ចង្រៃ ។


បទ​ព្រហ្មគីតិ

ឪពុក​ហៅ​កូន​ហើយ អាសាញ់​អើយ​មក​ឲ្យ​ឆាប់ ! ត្បិត​អញ​ចង់​ទៅ​គាប់ ឈើ​ព្រៃ​ភ្នំ​នោះ​ណា៎ ។ អាសាញ់​បាន​ឮ​ហើយ ដើរ​ព្រងើយ​ប្រាប់​ឈើ​ផង ។ ថា​ម៉ែ​ដាំ​បាយ​រ៉ា ដាំ​បាយ​ឆាប់​ពេក​កន្លង ខ្ចប់​ឲ្យ​អាសាញ់​ហោង ហើយ​អាសាញ់​ស្ដាយ​ដើរ​វៃ ។ ឪពុក​ថា​អាសាញ់ ខំ​ដើរ​ខ្មាញ់​អា​ចង្រៃ ហើយ​ក្រែង​មិន​ទាន់​ថ្លៃ នឹង​វិល​វឹង​មិន​ទាន់​ហោង ។ លុះ​ចរ​យាត្រា​ទៅ ដល់​ព្រៃ​ជ្រៅ​ដុងដែន​ដង ឃើញ​ឈើ​មួយ​ធំ​ផង ធំ​ចំនួន​បី​ឱប​តឹង ។ អាសាញ់​ព្យួរ​បាយ​ហើយ ឈរ​ព្រងើយ​ធ្វើ​មិន​ដឹង ឪពុក​ប្រឹង​សម្លឹង ធ្វើ​ទ្រមឹង​ទ្រមក់​នៅ ។ ឪពុក​ហៅ​ថា​នៃ អា​កុំ​ប្រែ​ឈរ​សៅ​ដៅ អញ​កាប់​ឈើ​នឹង​ទៅ ចាំ​ទទួល​វើយ​ខំ​ប្រឹង។ ឪពុក​ប្រឹង​តែ​កាប់ ប្រុង​សម្លាប់​អាសាញ់​ហ្នឹង អាសាញ់​ឈរ​សម្លឹង ស្ទុះ​ទៅ​ទ្រ​ឈើ​នោះ​ណា៎ ។ ឪពុក​ស្រែក​ថា​វ៉ី ខំ​ឃ្មាតខ្មី​ណា៎​អា​វ៉ា ឈើ​នេះ​ធ្វើ​ទូក​ក្ដារ កុំ​ឲ្យ​បែក​បាក់​ឡើយ​វ៉ី ។ ឯ​ឈើ​បាក់​សង្កត់ អាសាញ់​ស្រុត​លិច​ក្នុង​ដី ឪពុក​ស្រែក​ថា​ថ្វី ម្ដេច​ក៏​លិច​បាត់​ទៅ​ហើយ ។ គិត​ស្រេច​ហើយ​យាត្រា ដើរ​ម្នីម្នា​មក​កន្តើយ ថា​វា​ស្លាប់​ទៅ​ហើយ កាល​ណា​នឹង​រស់​ឡើង​វិញ ។ ដើរ​មក​ធ្វើ​ព្រងើយ ភ្លេច​បាយ​ហើយ​ពុំ​នឹក​មិញ ពុំ​ត្រឡប់​វិល​វិញ ទៅ​យក​បាយ​មក​ស៊ី​ឡើយ ។ គាត់​ដើរ​ចិត្ត​នឹក​គិត ក្នុង​គំនិត​គាត់​ជា​ត្រើយ ពុំ​បាន​នឹក​បាយ​ឡើយ ចេះ​តែ​គិត​ក្នុង​ឥន្ទ្រិយ ។ កាល​ពី​ដើម​មក​នៃ អញ​នឹក​ភ័យ​តែ​ពី​ស៊ី ឥឡូវ​គ្មាន​គ្នា​គ្នី មក​តាម​ស៊ី​បំផ្លាញ​ឡើយ ។ ពុំ​ដឹង​ខ្លួន​នឹង​ស្លាប់ ពៀរ​សម្លាប់​គេ​នោះ​ហើយ គេ​ពុំ​ស្លាប់​សោះ​ឡើយ ពៀរ​នោះ​ហើយ​ស្លាប់​ខ្លួន​ឯង ។ ដើរ​មក​រក​លំនៅ វង្វេង​ផ្លូវ​ដាច់​សង្វែង អត់​បាយ​ស្វិត​ពោះ​ធេង ប្រាំ​ពីរ​ថ្ងៃ​ក្ស័យ​ជន្មា ។ នឹង​ថ្លែង​ហក់​ទៅ​វិញ ឯ​ចៅ​សាញ់​នៅ​កំព្រា ងើប​រួច​ឡើង​ម្នីម្នា រក​បិតា​ពុំ​ឃើញ​ឡើយ ។ ប្រឹង​ស្រែក​ដង្ហោយ​ហៅ ថា​ឱ​ឪ! ទៅ​ណា​ហើយ អញ្ជើញ​មក​ឪ​អើយ ! មក​បរិភោគ​អាហារ​ហោង ។ ស្រែក​ហៅ​ពុំ​ឮ​ឆ្លើយ ទុក្ខ​ពុំ​ស្បើយ​ឱរា​រង ទើប​វិល​មក​វឹង​ផ្គង យក​អាហារ​បរិភោក្ដា ។ រួច​ហើយ​ទើប​ក្រោក​ដើរ ទៅ​មក​ឈើ​លី​លើ​ស្មា ទំហំ​បី​ឱប​ណា៎ លី​លើ​ស្មា​ហើយ​ដើរ​ទៅ ។ រេ​រក​ផ្លូវ​ទៀត​ណា៎ ឯក​អង្គា​ម្នាក់​ឯង​កូវ ឥត​គ្នា​ជា​ពីរ​នៅ គ្រាន់​ដើរ​ទៅ​រក​មណ្ឌល ។ រី​ផ្លូវ​ដែល​ដើរ​មក ឥឡូវ​រក​ក៏​ពុំ​យល់ ចេះ​តែ​ដើរ​វិល​វល់ អំពល់​ក្នុង​ព្រៃ​ព្រឹក្សា ។


បទ​មណ្ឌោកគតិ

ចៅ​សាញ់​ដើរ​ទៅ រក​ទី​លំនៅ​អាត្មា ពុំ​ឃើញ​ឡើយ​ណា៎ វង្វេង​ក្នុង​ព្រៃ​វក់វី ។ នឹង​ថ្លែង​តទៅ ឯ​ម្ដាយ​និត្យ​នៅ​ផ្ទះ​ខ្មី ចាំ​មើល​ផ្លូវ​ប្ដី ពុំ​ឃើញ​បាត់​ទាល់​ល្ងាច​ណា៎ ។ ចេះ​តែ​ទន្ទឹង សញ្ជប់​សញ្ជឹង​ខ្លោច​ផ្សា ព្រួយ​ក្នុង​ចិន្ដា ពុំ​បាន​និទ្រា​តិច​ឡើយ ។ ឮ​មាន់​រងា ស្មាន​ថា​ប្ដី​ហៅ​គិត​ឆ្លើយ បើក​ទ្វារ​ឡើង​ហើយ រក​មើល​ពុំ​ឃើញ​ឡើយ​ណា៎ ។ ស្ដាប់​ជាក់​ជា​មាន់ ក្នុង​ចិត្ត​ក្នាញ់​គ្នាន់​សោះ​សា ថា! ឱ​អនិច្ចា អ្នក​ជា​ស្វាមី​ខ្ញុំ​នេះ ។ ក្ស័យ​ឬ​យ៉ាង​ណា បាន​ជា​អ្នក​បាត់​ដល់​ម្ល៉េះ ថ្ងៃ​មិញ​យប់​នេះ ក៏​ពុំ​ទាន់​ឃើញ​មុខ​មាត់ ។ មើល​ផ្លូវ​បាត់​ហើយ នាង​នៅ​ព្រងើយ​ស្ងៀម​ស្ងាត់ ហេតុ​ត្បិត​ប្ដី​បាត់ ស្ងៀម​ស្ងាត់​រក​ស៊ី​ទៅ​ណា ។ នេះ​នឹង​ថ្លា​ថ្លែង និទាន​ចាយ​ចែង​ចរចា ទៅ​ចៅ​សាញ់​ណា៎ ឯ​ការ​ដើរ​តែ​ក្នុង​ព្រៃ ។ ចេះ​តែ​ដើរ​ទៅ ពុំ​ដែល​ដឹង​ផ្លូវ​ហើយ​នៃ ដើរ​ត្រាច់​ក្នុង​ព្រៃ រក​ផ្ទះ​ពុំ​ឃើញ​ឡើយ​ណា៎ ។ ឃើញ​តែ​ពួក​សត្វ ក្នុង​ចិត្ត​ស្ងប់​ស្ងាត់​សោះ​សា ថា​ឱ​អនិច្ចា! អញ​អើយ​កំព្រា​ម្នាក់​ឯង ។ ឱ! សត្វ​ទាំង​ឡាយ នៅ​សុខ​សប្បាយ​ឥត​ក្រែង អញ​អើយ​តែ​ឯង ហៅ​មហា​ចំបែង​ពុំ​ស្បើយ ។ មិន​ដូច​សត្វ​ផង ច្រើន​ក្រៃ​កន្លង​ជា​ត្រើយ មូល​នឹង​គ្នា​ហើយ ដើរ​ទៅ​ឯណា​ច្រើន​ក្រៃ ។ អញ​ដើរ​តែ​ឯង គិត​គ្រប់​ស្ញប់​ស្ញែង​ណាស់​ខ្មី ក្រែង​សត្វ​អ្វីៗ វា​មក​យា​យី​ពាធា ។ រីឯ​ដើម​ឈើ ដែល​អញ​លី​លើ​ស្មា​ណា៎ បង្ការ​ទុក​ជា ដើរ​តែ​ក្នុង​ព្រៃ​ឯក​អង្គ ។ នេះ​នឹង​ស្រដី ទៅ​ឯ​បុរី​រាជ​រុង មួយ​នាម​ឧត្តុង្គ នគរ​ព្រះ​បាទ​ព្រហ្មទត្ត ។ ព្រះ​អង្គ​សោយ​រាជ្យ មែន​មាន​អំណាច​ពេក​ក្ដាត់ គ្រង​អស់​រាស្ត្រ​រដ្ឋ នៅ​ក្នុង​នគរ​ភូមិ​ស្រុក ។ ស្ដេច​សុខ​សប្បាយ អស់​រាស្ត្រ​ទាំង​ឡាយ​ឥត​ទុក្ខ ព្រះ​អង្គ​សឹង​សុខ ពុំ​ដែល​មាន​ទុក្ខ​ភ័យ​សោះ ។ មនុស្ស​ផង​ច្រើន​ក្រៃ សប្បាយ​សត្វ​ថ្ងៃ​ទាំង​អស់ ទោះ​ស្រី​ទោះ​ប្រុស ស្រួល​ស្រុះ​ក្សេម​ក្សាន្ត​ចិន្ដា ។ ខ្លះ​លក់​ទំនិញ អ្នក​ខ្លះ​សោត​ទិញ​គ្នា​ណា៎ ខ្លះ​កាត់​ថ្លៃ​ថា បី​ទៀន​សាមសិប​ល្មម​ថ្លៃ ។ លក់​ដូរ​ទៅ​មក រអែក​រអោក​សព្វ​ថ្ងៃ ពុំ​ដែល​មាន​ភ័យ ធ្លាប់​សុខ​រៀង​ៗ​មក​ណា៎ ។ មាន​កាល​មួយ​ថ្ងៃ យក្ស​មួយ​កាច​ក្រៃ​សោះ​សា ចិត្ត​វា​មោហោ វា​នឹង​មរណា​មិន​ខាន ។ យក្ស​នោះ​ឯង​ណា៎ ចិត្ត​វា​ហាន​ក្លា​ក្នុង​ប្រាណ ចង់​ស៊ី​ក្សត្រ​ក្សាន្ត មិន​ដឹង​ខ្លួន​ស្លាប់​ឡើយ​ហោង ។ ទើប​យក្ស​មោហោ ប្រាយ​ប្រាប់​ក្សត្រា​ជា​ម្ដង ឲ្យ​រក​មនុស្ស​ផង មក​ដាក់​សួយ​ឲ្យ​អញ​ថ្វាត់ បើ​ពុំ​ព្រម​ដាក់ សួយ​ឲ្យ​អញ​ជាក់​មធ្យ័ត ទោះ​ទាំង​មហាក្សត្រ អញ​ស៊ី​ពុំ​លែង​ឡើយ​ណា ។ យក្ស​ប្រាយ​ប្រាប់​ហើយ វិល​វឹង​ព្រងើយ​សោះ​សា ដល់​ស្ថាន​ហើយ​ណា៎ ម្នីម្នា​ចូល​ទៅ​វៃ​ៗ ។ កាល​ក្រោយ​យក្ស​ទៅ ព្រះ​បាទ​ចោម​ចៅ​ស្ដេច​ភ័យ ទាំង​រាស្ត្រ​មន្ត្រី ប៉ុន្មាន​សឹង​ភ័យ​ពុំ​ស្បើយ ។ ខ្លះ​រត់​ម្នីម្នា ប្រាប់​គ្នី​ប្រាប់​គ្នា​ជា​ត្រើយ ថា​នៃ​វើយ​អើយ កុំ​ទៅ​ណា​ឆ្ងាយ​ឡើយ​ណា៎ ។ អស់​មនុស្ស​ទាំង​ឡាយ ភិត​ភ័យ​ប្រញាយ​សោះ​សា ថា​ឱ​អនិច្ចា ជា​ហេតុ​ប្រការ​កល​អ្វី ។ នាំ​គ្នា​កើត​ទុក្ខ ពុំ​បាន​ទិញ​លក់​ឡើយ​នៃ ចេះ​តែ​ភិត​ភ័យ ខ្លាច​ក្ស័យ​ជីវិត​រាល់​គ្នា ។ ស្ដេច​ត្រាស់​ឲ្យ​ហៅ អា​ធុង​ចូល​ទៅ​ម្នីម្នា ត្រាស់​បន្ទូល​ថា អា​ធុង​អញ​ចង់​ប្រើ​ឯង ។ ទៅ​ថ្លែង​ប្រាប់​យក្ស ថា​អញ​ព្រម​ដាក់​សួយ​ស្នែង ចាំ​ធ្វើ​កន្លែង ប្រាំ​ពីរ​ថ្ងៃ​ទៀត​សិន​ហោង ។ ត្បិត​ឯង​ជា​អ្នក ប្រាជ្ញា​ជៀង​ជាក់​ជា​ម្ដង ឯង​ប្រាប់​វា​ផង ដោយ​នូវ​ដំណើរ​អញ​ថា ។ អា​ធុង​ចង​ចាំ នូវ​ព្រះ​បណ្ដាំ​រាជា ទើប​បង្ខំ​លា យាត្រា​វិល​វឹង​ទៅ​ថ្កាន ។ ដល់​មក​ផ្ទះ​ហើយ ជា​ទុក​ពុំ​ស្បើយ​ក្នុង​ប្រាណ ទើប​រិះ​គិត​ធ្យាន អញ​យក​ប្រាជ្ញា​បទ​ណា ។ គិត​ស្រេច​ហើយ​នៃ ចុះ​ដើរ​ទៅ​វៃ​សោះ​សា រិះ​រក​ប្រាជ្ញា ដោយ​នូវ​ឧបាយ​កល​ហោង ។ ដើរ​ទៅ​ហើយ​ណា៎ ដល់​ស្ថាន​យក្សា​ដូច​ប៉ង ចរ​ចូល​ទៅ​ផ្គង ដល់​ទី​លំនៅ​យក្ស​ស្រេច ។ ទើប​យក្ស​សួរ​ថា ឯង​មក​មាន​ការ​ដូចម្ដេច ដំណើរ​សេចគ្រេច ដូចម្ដេច​ប្រាប់​អញ​ឲ្យ​ហើយ ។ អា​ធុង​ឆ្លើយ​ថា បពិត្រ​បិតា​ខ្ញុំ​អើយ អ្នក​ឯង​ជា​ត្រើយ ខ្ញុំ​សូម​ជា​ឪពុក​ខ្ញុំ ។ ឥឡូវ​នេះ​នៃ ព្រះ​មហាក្សត្រ​ថ្លៃ​ឧត្ដម ព្រះ​អង្គ​ប្រើ​ខ្ញុំ ឲ្យ​មក​ជម្រាប​លោក​ឪ ។ ព្រះ​អង្គ​ព្រម​ដាក់ សួយ​ឲ្យ​យើង​ដាក់​ហើយ​កូវ ប៉ុន្តែ​ឲ្យ​ឪ ចាំ​ប្រាំ​ពីរ​ថ្ងៃ​ទៀត​ហោង ។ ចាំ​ធ្វើ​សាលា រួច​ស្រេច​ហើយ​ណា៎​ជា​ម្ដង សូម​ឪ​ទៅ​ហោង ព្រះ​អង្គ​ស្ដេច​ដាក់​សួយ​ឲ្យ ។ យក្ស​ស្ដាប់​ពាក្យ​ពេចន៍ អស់​អាថ៌​ស្រេច​ដូច្នេះ​ហើយ អា​ឯង​កុំ​ស្បើយ ហេតុ​ពៀរ​វេរា​អាត្មា ។ នឹង​ក្ស័យ​ជីវិត ខ្លួន​ឯង​ពុំ​គិត​ណា៎ ហេតុ​ចិត្ត​មោហោ ដែល​វា​ប្រមាថ​ស្ដេច​ហោង ។ ទើប​យក្ស​មោហោ ប្រាប់​អា​ធុង​ឡើយ​ថា​ជា​ម្ដង អញ​ព្រម​ដែរ​ហោង ឯង​វិល​ទៅ​ទូល​ស្ដេច​ចុះ ។ យក្ស​ប្រាប់​ស្រេច​ហើយ គិត​ពុំ​លង់​ឡើយ​កាល​នោះ ទើប​អា​ធុង​ឆ្ពោះ លា​យក្ស​មក​ផ្ទះ​អាត្មា ។ មក​ដល់​ផ្ទះ​ហើយ ពិត​ពុំ​លង់​ឡើយ​ម្នីម្នា ចរ​ចុះ​យាត្រា ទៅ​ទូល​ព្រះមហាក្សត្រ​ថ្លៃ ។ ទៅ​ដល់​ហើយ​ណា៎ ក្រាប​ទូល​ក្សត្រា​ជៀស​ជ័យ ឥឡូវ​នេះ​នៃ យក្ស​នោះ​វា​ព្រម​ហើយ​ណា៎ ។ ស្ដេច​ទ្រង់​ជ្រាប​ហើយ ពិត​ពុំ​លង់​ឡើយ​ក្សត្រា ប្រាប់​អស់​សេនា ឲ្យ​រៀប​អស់​គ្រឿង​ប្រដាប់ ។ នឹង​សង់​សាលា ប្រាំ​ពីរ​ថ្ងៃ​ណា៎​ឲ្យ​ឆាប់ ឲ្យ​បាន​ប្រញាប់ នៅ​ក្នុង​កំណត់​ប៉ុណ្ណោះ ។


បទ​ពំនោល

កាល​នោះ​ព្រះបាទ​ក្សត្រា បង្គាប់​សេនា ស្រេច​ហើយ​ក៏​យាង​ចូល​ទៅ ។ សេនា​ថយ​ចេញ​ទៅ​ក្រៅ​ ទើប​បង្គាប់​ទៅ អស់​ទាំង​ភ្នាក់​ងារ​ទាំង​ឡាយ ។ ឲ្យ​នាំ​ឈើ​ចូល​មក​ថ្វាយ ត្បិត​ព្រះ​ឆោម​ឆាយ ព្រះ​អង្គ​ឲ្យ​ធ្វើ​សាលា ។ ភ្នាក់​ងារ​ស្ដាប់​ព្រះ​អាជ្ញា ហៅ​គ្នា​ម្នីម្នា នាំ​ឈើ​ចូល​មក​ឆាប់​វៃ ។ ទើប​ធ្វើ​ឲ្យ​ឆាប់​ឲ្យ​រួច​ដូច​ព្រះ​អាជ្ញា ។ ខំ​ធ្វើ​ប្រញាប់​ម្នីម្នា លុះ​រួច​សាលា ទើប​ចូល​ទៅ​ក្រាប​ទូល​ហោង។ ព្រះបាទ​ព្រហ្មទត្ត​ច្បាស់​ច្បង ទ្រង់​ជ្រាប​ហើយ​ហោង ឲ្យ​ហៅ​អា​ធុង​ចូល​ទៅ ។ អមាត្យ​រត់​ដល់​លំនៅ អា​ធុង​ហើយ​ហៅ ប្រាប់​ទៅ​ដូច​ព្រះ​ឱង្ការ ។ ទ្រង់​មាន​ព្រះបន្ទូល​ថា ឲ្យ​ទៅ​ម្នីម្នា ឥឡូវ​ដូច​ព្រះ​ប្រញប្ដិ ។ អា​ធុង​នោះ​បាន​ស្ដែង​ស្ដាប់​ព្រះ​បន្ទូល​ប្រាប់ ប្រញាប់​រៀប​អង្គ​អាត្មា ។ ចរ​ចុះ​ដើរ​ទៅ​ម្នីម្នា ដល់​ចុង​រោង​ណា៎ ក្រាប​ថ្វាយ​បង្គំ​ក្សត្រ​ថ្លៃ ។ ទ្រង់​ទត​ទ្រង់​ត្រេក​អរ​ក្រៃ ទ្រង់​បន្ទូល​វៃ ថា​ឯង​រក​មនុស្ស​ដាក់​សួយ ។ មនុស្ស​ដែល​មាន​ទោស​ដល់​មួយ ជីវិត​កុំ​ព្រួយ​ដាក់​សួយ​មួយ​ថ្ងៃ​ម្នាក់​ហោង ។ អា​ធុង​ក្រាប​លា​ជា​ម្ដង​យក​មនុស្ស​ទោស​ផង ដាក់​សួយ​ដូច​ព្រះ​បង្គាប់ ។ រួច​ហើយ​ថយ​ចេញ​ប្រញាប់ វិល​វឹង​ក្រឡាប់ ដើរ​មក​ផ្ទះ​ទាំង​ភ័យ​ភ្ញាក់ ។

នឹង​ថ្លែង​ត​តែង​ជៀងជាក់ ទៀត​ទៅ​ឯ​យក្ស អបលក្ខណ៍​ចោរ​កាច​ពេក​ក្រៃ ។ លុះ​ដល់​គម្រប់​គ្រប់​ថ្ងៃ យក្ស​ចោរ​ចង្រៃ មោហោ​ក្លា​កាច​អប្រិយ ។ មក​ដល់​សាលា​ហើយ​ខ្មី ចូល​ឆាប់​ម្នាម្នី ហែក​ស៊ី​សាច់​មនុស្ស​នោះ​ទៅ ។ តែ​សព្វ ៗ ថ្ងៃ​និត្យ​នៅ លុះ​បាន​ដល់​ទៅ ប្រាំ​ថ្ងៃ​នោះ​ឯង​ហោង​ណា៎ ។ យើង​ស្លេះ​ពុំ​ទាន់​ចរចា នេះ​នឹង​ថ្លែង​ថា ទៅ​ឯ​ចៅ​សាញ់​ជា​ត្រើយ ។ មក​ដល់​ចុង​ស្រុក​នោះ​ហើយ ព្រួយ​ប្រាណ​ពុំ​ស្បើយ បី​ខែ​ប្រាកដ​ជា​ម្ដង ។ អត់​បាយ​ដើរ​តែ​ឯង​ផង បី​ខែ​ហើយ​ហោង ដើរ​តែ​ក្នុង​ព្រៃ​ជាក់​ស្ដែង ។ គន់​គិត​ក្នុង​ចិត្ត​ខ្លួន​ឯង ថា​អ្នក​ណា​តែង សាលា​ដាក់​ទាន​នៅ​នេះ ។ ហើយ​នឹក​ថា​ភ័ព្វ​អញ​អេះ បាន​សាលា​នេះ គ្រាន់​ឈប់​អាស្រ័យ​ជា​ម្ដង ។ លុះ​ដើរ​ដល់​សាលា​ហោង ទម្លាក់​ឈើ​ផ្គង ក៏​ឮ​សន្ធឹក​ខ្លាំង​ក្រៃ ។ នឹង​ថ្លែង​ទៅ​អា​ធុង​នៃ ឮ​សព្ទ​លាន់​ព្រៃ នឹក​ថា​សន្ធឹក​សព្ទ​អ្វី ។ គិត​ស្រេច​ទើប​ចុះ​ទៅ​ដី ដើរ​ទៅ​ឆាប់​ខ្មី ក៏​ឃើញ​អា​សាញ់​ក្រអេះ ។ ហើយ​នឹក​ថា​អា​ចោរ​នេះ មក​ពី​ណា​អេះ គួរ​អញ​ដណ្ដឹង​សួរ​វា ។ គិត​ស្រេច​ហើយ​ចរ​យាត្រា ទៅ​ដល់​សាលា ក៏​ឃើញ​នូវ​ឈើ​នោះ​ហោង ។ ឃើញ​ធំ​ពន់​ពេក​កន្លង គួរ​ខ្លាច​ជា​ម្ដង គួរ​យក​គេ​ជា​ក្លើ​អញ ។ គិត​ស្រេច​ឡើង​ទៅ​ឃ្មាត​ខ្មាញ់ ហៅ​ថា​សំឡាញ់ ឯង​មក​ពី​ស្ថាន​ឯណា ។ អាសាញ់​ឮ​ហើយ​ឆ្លើយ​ថា ដោយ​នូវ​កិច្ចា អាត្មា​ក៏​ឃ្លាន​បាយ​ផង ។ រីឯ​ខ្លួន​អញ​នេះ​ហោង ពុំ​ដឹង​ស្រុក​ផង ដើរ​តែ​ក្នុង​ព្រៃ​ទេ​ណា៎ ។ បី​ខែ​លំបាក​អាត្មា​ ទោះ​ទាំង​ភោជនា នោះ​ក៏​ពុំ​បាន​បរិភោគ ។ ពុំ​ដឹង​ទីស្ថាន​ផ្លូវ​ជ្រក ចេះ​តែ​ដើរ​មក ទើប​ឃើញ​សាលា​នេះ​ណា៎ ។ នឿយ​ណាស់​ចូល​ឈប់​សិន​រ៉ា នៅ​ក្នុង​សាលា សម្រាក​កម្លាំង​សិន​ហោង ។ ចាំ​តែ​បាត់​ក្ដៅ​រោយ​ខ្នង នឹង​យាត្រា​ផ្គង ទៅ​រក​លំនៅ​ជា​ត្រើយ ។ រីឯ​អា​ធុង​ឆ្លាស់​ឆ្លើយ ថា​សំឡាញ់​អើយ ចូរ​ឯង​ទៅ​នៅ​នឹង​អញ ។ ទោះ​ទាំង​បាយ​ទឹក​នេះ​មិញ ធានា​នូវ​អញ នឹង​ចិញ្ចឹម​ឯង​ជា​ម្ដង ។ អាសាញ់​ឆ្លាស​ឆ្លើយ​វឹង​ស្នង ថា​អញ​នេះ​ហោង បរិភោគ​អាហារ​ច្រើន​ក្រៃ ។ អា​ធុង​ថា​អញ​សង្ស័យ ឯង​ស៊ី​សព្វ​ថ្ងៃ មួយ​ថ្ងៃ​តើ​អស់​ប៉ុន្មាន ។ អាសាញ់​ឆ្លាស់​ឆ្លើយ​វឹង​ថ្កាន អញ​ស៊ី​ប្រមាណ តិច​ទេ​មួយ​ថ្ងៃ​បី​ថាំង ។ អង្ករ​សម្រិត​សម្រាំង មួយ​ថ្ងៃ​បី​ថាំង នោះ​ឯង​ទើប​បាន​គ្រាន់​អញ ។ អា​ធុង​ឆ្លើយ​ថា​អា​សំឡាញ់ ធានា​នូវ​អញ ចិញ្ចឹម​រក្សា​ឯង​ហោង ។ អាសាញ់​ព្រម​តាម​ជា​ម្ដង ហើយ​ចុះ​ទៅ​ផ្គង ជា​មួយ​នឹង​អា​ធុង​ណា៎ ។ លើក​ឈើ​លី​ទៅ​សោះ​សា ហើយ​ចរ​យាត្រា ម្នីម្នា​ទៅ​ផ្ទះ​អា​ធុង ។ ដល់​ឃើញ​ទម្លាក់​ឮ​ក្នុង មុខ​ផ្ទះ​អា​ធុង ក៏​បែក​ខ្ចាត់​ខ្ចាយ​ពី​គ្នា ។ អា​ធុង​ប្រាប់​ទៅ​ភរិយា នូវ​អស់​មនុស្ស​ម្នា ឲ្យ​រក​បាយ​បី​ខ្ទះ​ត្នោត ។ អស់​ខ្ញុំ​ដណ្ដាំ​បាយ​សោត បាន​បី​ខ្ទះ​ត្នោត ស្រេច​ឲ្យ​អាសាញ់​បរិភោគ ។ សម្ល​ស្ល​បន្លែ​ឃ្លោក អាសាញ់​បរិភោគ បី​ខ្ទះ​ក៏​អស់​ទៅ​ហោង ។ រី​មនុស្ស​ម្នា​នោះ​ផង ។ សឹង​ស្ញែង​កន្លង ព្រោះ​បរិភោគ​ច្រើន​ក្រៃ ។ ព្រឹក​ល្ងាច​លុះ​បាន​ពីរ​ថ្ងៃ​កម្លាំង​ច្រើន​ក្រៃ ។ ដូច​កាល​ពី​ដើម​ជៀងជាក់ ។

នឹង​ថ្លែង​ចែង​ទៅ​ឯ​យក្ស កំណត់​វា​ជាក់ ជា​ក្ស័យ​ក្នុង​ថ្ងៃ​នោះ​នៃ ។ រសៀល​ព្រះសុរិយា​ទ័យ រី​អា​សាញ់​នៃ បរិភោគ​បាយ​រួច​ហើយ​ហោង ។ ទើប​អា​ធុង​ប្រាប់​ដើម​ទង អាសាញ់​ជា​ម្ដង អញ​ប្រើ​ឯង​ទៅ​ទារ​ប្រាក់ ។ ត្បិត​ឪ​អញ​គាត់​ជំពាក់ ឯង​ទៅ​ទារ​ប្រាក់ យក​មក​គ្រាន់​ទិញ​ស្រូវ​ស៊ី ។ បន្តិច​គាត់​មក​ឯ​ទី សាលា​នោះ​ខ្មី ឯង​នៅ​ចាំ​គាត់​មុខ​ណា៎ ។ អាសាញ់​បាន​ស្ដាប់​បញ្ជា ទើប​ចរ​យាត្រា ទៅ​ឯ​សាលា​នោះ​នៃ ។ លុះ​ថ្ងៃ​ប៉ប្រះ​មាត់​ព្រៃ យក្ស​ចោរ​ចង្រៃ ហោះ​មក​ចាប់​មនុស្ស​ភោក្ដា ។ យក្ស​យង់​មក​ដល់​សាលា ឡើង​ឆាប់​ម្នីម្នា ដល់​ទៅ​មាត់​ទ្វារ​នោះ​ហើយ ។ អាសាញ់​ពុំ​ផ្សូរផ្សង​ឡើយ ថា​នៃ​ឪ​អើយ អា​ធុង​វា​ឲ្យ​ទារ​ប្រាក់ ។ យក្ស​ថា​ជំពាក់​ប្រាក់​អ្វី អញ​ពុំ​មាន​ក្ដី ជំពាក់​ប្រាក់​កាស​នរណា ។ អាសាញ់​ឆ្លាស់​ឆ្លើយ​ទៅ​ថា អា​ធុង​ចរចា ថា​ឪ​ជំពាក់​ជា​ម្ដង ។ ប្រាក់​មួយ​កន្តាំង​នោះ​ហោង ហេតុ​នោះ​ជា​ម្ដង​ទើប​វា​ប្រើ​ខ្ញុំ​មក​ទារ ។ យក្ស​ស្ទាប់​ពុំ​ចេញ​ចរចា ស្ទុះ​ទៅ​ប្រវា ចាប់​នូវ​អាសាញ់​ខ្ជាប់​ហើយ ។ ច្របាច់​ក​មិន​លែង​ឡើយ ទើប​អាសាញ់​ឆ្លើយ ថា​ឪ​លែង​អញ​ចេញ​រ៉ា ។ លេង​អ្វី​ដៃ​ធ្ងន់​ម្ល៉េះ​ណា៎ លែង​អញ​ឆាប់​រ៉ា លេង​ម្ដេច​ដៃ​ធ្ងន់​អម្បាយ ។ ឲ្យ​លែង​មិន​លែង​គេ​ងាយ ច្របាច់​ស្ទើរ​ធ្លាយ បំពង់​ក​គេ​ជា​ម្ដង ។ អាសាញ់​ប្រាប់​ទៅ​ច្រើន​ដង មិន​លែង​ឡើយ​ហោង ថា​នៃ​ឪ​លែង​អញ​ចេញ ។ បន្តិច​ត្រូវ​កំផ្លៀង​មិញ មិន​លែង​ក​ចេញ អញ​ទះ​កំផ្លៀង​ឥឡូវ ។ កុំ​លេង​ដៃ​ធ្ងន់​ពេក​កូវ ទើប​ថា​នៃ​ឪ លែង​អញ​ឲ្យ​ឆាប់​ម្នីម្នា ។ យក្ស​ស្ដាប់​ពុំ​លែង​ឡើយ​ណា៎ ខំ​តែ​ប្រវា កាច់​ក​ឲ្យ​បាក់​ជា​ម្ដង ។ អាសាញ់​ក្រោធ​ក្រៃ​កន្លង អត់​ពុំ​បាន​ហោង ក៏​ទះ​នូវ​កំផ្លៀង​យក្ស ។ នោះ​ស្លាប់​ទៅ​ប្រាកដ​ជាក់ អាសាញ់​លោត​ធាក់ ថែម​ត្រូវ​មួយ​ចុង​ជើង​​ទៀត ។ ទើប​អាសាញ់​វា​ទៅ​ឆ្លៀត ស្ដាប់​ដង្ហើម​ទៀត ក៏​ផុត​ដង្ហើម​ជា​ត្រើយ ។ ខ្លួន​ក៏​ត្រជាក់​អស់​ហើយ​ទើប​គិត​ទៅ​ហើយ ថា​អា​នេះ​ស្លាប់​ហើយ​ណា៎ ។ គិត​ស្រេច​ចុះ​ពី​សាលា ដល់​ដី​ម្នីម្នា យាត្រា​ទៅ​ទាំង​អាធ្រាត្រ ។ ដើរ​ទៅ​ខំ​ស្រូត​ខ្មីឃ្មាត បើក​ទ្វារ​ឲ្យ​អញ​ទៅ​ផង ។ អញ​វិល​មក​វិញ​ហើយ​ហោង​បើក​ទ្វារ​ឲ្យ​ផង ត្បិត​មូស​វា​ខាំ​អញ​ណាស់ ។ ហៅ​ពីរ​បី​ដង​ស្រឡះ អា​ធុង​ពុំ​ច្បាស់ ភ្ញាក់​ឡើង​ខំ​ផ្ទៀង​ខ្មីឃ្មាត ។ នរណា​ហៅ​ទាំង​អធ្រាត្រ មាន​ការ​អ្វី​ទៀត ក៏​ហៅ​ទាំង​រាត្រី​ណា៎ ។ អាសាញ់​ឮ​ហើយ​ឆ្លើយ​ថា អញ​ហៅ​ទេ​ណា៎ បើក​ទ្វារ​ឲ្យ​អញ​ទៅ​ផង ។ អា​ធុង​ស្ដាប់​ជាក់​ហើយ​ហោង ទើប​គិត​កន្លង ថា​អញ​ប្រើ​ទៅ​ឲ្យ​ស្លាប់ ។ ម្ដេច​ឡើយ​វា​ប្រែ​ក្រឡាប់ ទៅ​ហើយ​មិន​ស្លាប់ ក៏​រស់​មក​វិញ​ជា​ម្ដង ។ ឬ​មួយ​ខ្មោច​អាសាញ់ លង​ឬ​មួយ​ម្ដេច​ម្ដង ក៏​យក​អង្ករ​បាច​ទៅ ។ អាសាញ់​ចេះ​តែ​ស្រែក​ហៅ នៅ​ឯ​ខាង​ក្រៅ មូស​ខាំ​ទះ​ស្ទើរ​រួយ​ដៃ ។ អា​ធុង​បាច​អង្គរ​វៃ ទាំង​អំបិល​នៃ ក៏​អស់​មួយ​ពាង​ទៅ​ហើយ ។ អាសាញ់​មិន​លែង​ហៅ​ឡើយ ចេះ​តែ​ហៅ​ហើយ ច្រើន​ដង​ច្រើន​គ្រា​ចៃ ៗ ។ ឆ្កែ​ព្រុស​លូ ៗ ឡៃ ។ អាសាញ់​ថា​ឆ្កែ អញ​ទេ​ឯង​ព្រុស​អញ​ថ្វី ។ អា​ធុង​បាន​ឮ​សំដី អាសាញ់​ហើយ​នៃ ក៏​ជឿ​ជាក់​ថា​រស់​មែន ។ បើក​ទ្វារ​ម្នីម្នា​មែន​ទែន ចុះ​ទៅ​អន​អែន កាន់​ចន្លុះ​បំភ្លឺ​ហើយ ។ ឃើញ​អាសាញ់​ជាក់​ជា​ត្រើយ អរ​ឯង​ឥត​ស្បើយ នឹក​ថា​អញ​បាន​ជា​ធំ ។ ទើប​បើក​ទ្វារ​របង​ធំ រួច​ហើយ​ក៏​សុំ អាសាញ់​ឲ្យ​ឡើង​គ្រឹហា ។ ទើប​សួរ​ទៅ​អាសាញ់​ថា ដូច​ម្ដេច​ឬ​អា សាញ់​ឯង​ទៅ​ទារ​ប្រាក់​នោះ ។ អាសាញ់​ប្រាយ​ប្រាប់​ទៅ​ស្មោះ ថា​ឪ​ឯង​នោះ ម្ដេច​ក៏​កាច​ក្រៃ​កន្លង ។ អញ​ប្រាប់​ទៅ​គាត់​ច្រើន​ដង ថា​ពី​ឯង​ហោង ឲ្យ​មក​ទារ​ប្រាក់​នោះ​ណា៎ ។ គាត់​ស្ដាប់​ហើយ​គាត់​ឆ្លើយ​ថា ដោយ​នូវ​វាចា សំឡេង​គាត់​នោះ​ធំ ៗ ។ គាត់​ថា​ឯ​អញ​នេះ​ពុំ ដែល​ធ្លាប់​ទៅ​ជំ- ពាក់​ប្រាក់​របស់​នរណា ។ ថា​ហើយ​ស្ទុះ​មក​ប្រវា ចាប់​ក​អញ​ណា៎ ច្របាច់​ស្ទើរ​តែ​នឹង​បែក ។ បំពង់​ក​ស្ទើរ​រហែក អញ​ប្រឹង​តែ​ស្រែក គាត់​ប្រឹង​ច្របាច់​ខ្លាំង​លន់ ។ អញ​ក្រេវ​ក្រោធ ក្រៃ​ពេក​ពន់ គាត់​រឹត​ដៃ​ធ្ងន់ អញ​អត់​ពុំ​បាន​ឡើយ​ណា៎ ។ អញ​ទះ​កំផ្លៀង​ដួល​ផ្ងារ នៅ​លើ​សាលា ក៏​ស្លាប់​តាយ​ហោង​ទៅ​ហើយ ។ អា​ធុង​ស្ដាប់​ជាក់​ជា​ត្រើយ អរ​ឯង​ពេក​ហើយ​ ទើប​បញ្ឆោត​ទៅ​អាសាញ់ ។ ថា​នៃ​អា​ឯង​នឹង​អញ នេះ​ជា​សំឡាញ់ នឹង​គ្នា​ប្រក្រតី​មក​នៃ ។ យក្ស​នោះ​របស់​ក្សត្រ​ថ្លៃ ម្ដេច​ក៏​ហ៊ាន​ក្រៃ ដល់​វាយ​ឲ្យ​វា​មរណា ។ ណ្ហើយ​ចុះ​បើ​ច្នោះ​ចូរ​អា ទៅ​អូស​យក្សា នោះ​ចោល​ចេញ​ឲ្យ​បាត់​ទៅ ។ កុំ​បី​អា​ទុក​វា​នៅ ក្នុង​ស្រុក​នេះ​កូវ ក្រែង​គេ​ដើរ​ទៅ​ឃើញ​ណា៎ ។ សឹម​អញ​ទៅ​ទូល​ក្សត្រា ឲ្យ​ទ្រង់​មេត្តា ករុណា​អត់​ទោស​អា​ម្ដង ។ ទោះ​ព្រម​មិន​ព្រម​ក្ដី​ហោង អញ​នឹង​ទូល​ស្នង ដោយ​នូវ​សេចក្ដី​នេះ​ណា៎ ។ អាសាញ់​ស្ដាប់​ហើយ​យាត្រា ទៅ​ឯ​សាលា អូស​ខ្មោច​យក្សា​ចៅ​ទៅ ។ ទើប​យាត្រា​វិល​វិញ​កូវ ដល់​ផ្ទះ​ដែល​នៅ ឡើង​ទៅ​និទ្រា​ហើយ​ណា៎ ។ លុះ​ដល់​រស្មី​សុរិយា រះ​ឡើង​កាល​ណា អា​ធុង​ភ្ញាភ្ញាក់​ហើយ​ហោង ។ លប់​មុខ​រួច​ស្រេច​តែ​ម្ដង ទើប​តែង​ខ្លួន​ផង ស្រេច​ហើយ​ចុះ​ពី​ផ្ទះ​ទៅ ។ ដើរ​ដល់​ទៅ​ចុង​រោង​ក្រៅ ព្រះ​បាទ​ចម​ចៅ ព្រះ​អង្គ​យាង​ចេញ​មក​ហោង ។ អា​ធុង​ក្រាប​ទូល​ជា​ម្ដង បពិត្រ​ច្បាស់​ច្បង តាម​តែ​ទ្រង់​ព្រះ​មេត្តា ។ រី​ឯ​ក្រុង​យក្ស​មោហោ នោះ​ខ្ញុំ​ករុណា បាន​វាយ​វា​ស្លាប់​ទៅ​ហើយ ។ ព្រះ​អង្គ​ត្រាស់​វិញ​ជា​ត្រើយ បើ​ដូច្នោះ​ហើយ ឯង​ធ្វើ​ជា​ចៅហ្វាយ​ចុះ ព្រះ​អង្គ​ប្រទាន​ត្រា​ស្មោះ ទី​ចៅហ្វាយ​នោះ មក​ឲ្យ​អា​ធុង​ហើយ​ណា៎ ។ អា​ធុង​រៀប​អស់​ភ្ញីផ្កា​ថ្វាយ​បង្គំ​ងារ ទទួល​ត្រា​តាំង​ជា​ម្ដង ។ បរិបូណ៌​សូ​រេច​ហើយ​ហោង ទើប​វិល​វឹង​ផ្គង កាន់​ផ្ទះ​អាត្មា​វិញ​ណា៎ ។ ហើយ​ប្រាប់​ទៅ​អាសាញ់​ថា ព្រះ​មហា​ក្សត្រា ព្រះអង្គ​ពុំ​ព្រម​ឡើយ​នៃ ។ ដូច្នេះ​ឯង​វេះ​ទៅ​ព្រៃ ចាំ​យប់​សិន​នៃ សឹម​ឯង​វិល​មក​ផ្ទះ​ណា៎ ។ អាសាញ់​បាន​ស្ដាប់​វាចា អា​ធុង​ហើយ​ណា៎ ទើប​យាត្រា​ទៅ​ពួន​ព្រៃ ។ ពួន​ជិត​រន្ធ​សត្វ​បក្សី សម្មត​តាម​នៃ ហៅ​សត្វ​ឥន្ទ្រី​នោះ​ណា៎ ។ លុះ​ដល់​ព្រលប់​សុរិយា វិល​មក​គេ​ហា រក​បាយ​បរិភោគ​ស្រេច​ហើយ ។ ចូល​ទៅ​និទ្រា​ជា​ត្រើយ លុះ​ថ្ងៃ​ឡើង​ហើយ យក​បាយ​ទៅ​ស៊ី​ក្នុង​ព្រៃ ។ លុះ​នៅ​បាន​ប្រាំ​ពីរ​ថ្ងៃ ឯ​បុត្រី​ថ្ងៃ​ព្រះ​បាទ​ព្រហ្មទត្ត​រាជា ។ កើត​ក្ដៅ​ក្រហាយ​អង្គារ នៅ​វាំង​ពុំ​ជា ទ្រង់​ចង់​លើ​លា​លេង​ព្រៃ ។ ព្រោះ​គូ​នឹង​អាសាញ់​នៃ គិត​ស្រេច​ស្រី​ថ្លៃ ទៅ​លា​មាតាបិតា ។ ព្រះ​អង្គ​ព្រម​បើក​ហើយ​ណា៎ បង្គាប់​សេនា ឲ្យ​រៀប​អស់​ពល​សេនីយ៍ ។ សេនា​ស្ដាប់​តម្រាស់​ខ្មី ថយ​ចេញ​វៃ ៗ ទៅ​បង្គាប់​អស់​យោធា ។ ហើយ​រៀប​ព្រះ​រាជរថ នូវ​រាជ​អស្សា ទាហាន​ពល​ផង​សល់​សែន ។ អាមាត្យ​ជា​អ្នក​វៃ​ក្វែន រួត​រត់​មែន​ទែន ទៅ​ប្រាប់​ទាហាន​ឆាប់​វៃ ។ ទាហាន​រៀប​រួច​ហើយ​នៃ ខ្លះ​កាន់​ទង់​ជ័យ ខ្លះ​សោត​កាន់​លំពែង​ដាវ ។ អមាត្យ​ជា​ធំ​ចូល​ទៅ ទូល​ព្រះ​ចម​ចៅ បពិត្រ​រួច​ហើយ​ក្សត្រ​ថ្លៃ ។ ព្រះអង្គ​ទ្រង់​ជ្រាប​ហើយ​នៃ ត្រាស់​ទៅ​ឆាប់​វៃ នឹង​រាជបុត្រី​ពន្លក ។ នាង​ទៅ​ចូរ​ឆាប់​មក ណា៎​ស្ងួន​ពន្លក សំឡាញ់​នៃ​បិតា​ហោង ។ នាង​ស្ដាប់​ហើយ​នាង​ទូល​ស្នង ដល់​រសៀល​ហោង ខ្ញុំ​ម្ចាស់​យាត្រា​មក​វិញ ។ ទូល​ភ្លាម​ទើប​នាង​យាង​ចេញ ពល​ទាហាន​មិញ អញ្ជើញ​គង់​រាជរថា ។ រី​អស់​ស្នំ​ស្និទ្ធ​ស្នេហា សឹង​ជិះ​រថា ខ្លះ​ជិះ​រទេះ​ទឹម​គោ ។ ស្រេច​ហើយ​អស់​ពល​ផង​ហ៊ោ​ឮ​សព្ទ​ឆោឡោ លើក​ចេញ​ទៅ​ព្រៃ​ជា​ម្ដង ។ នេះ​នឹង​ថ្លា​ថ្លែង​ទៅ​ត្រង់ ត​ទៅ​ដល់​អង្គ ចៅ​សាញ់​និត្យ​នៅ​កំព្រា ។ ឃើញ​អស់​ទាំង​ពល​យោធា​ភ័យ​ក្រៃ​មហិមា ក្រែង​តែ​គេ​លើក​មក​ចាប់ ។ ភ័យ​ណាស់​រត់​ទៅ​ប្រញាប់ សម្ងំ​ពួន​ថ្កាប់ រន្ធ​សត្វ​ឥន្ទ្រី​នោះ​អេះ ។ រីឯ​ដំណើរ​ន័យ​នេះ យើង​នឹង​ឈប់​ស្លេះ នៅ​នេះ​ពុំ​ទាន់​ស្រដី​។ នឹង​ថ្លែង​ឯ​រាជ​បក្សី ដែល​នៅ​ក្នុង​ព្រៃ មើល​យល់​ក្សត្រី​សោភា ។ គង់​លើ​ព្រះ​រាជរថា ហើរ​មក​ម្នីម្នា ចុះ​ឆាប​យក​នាង​ទៅ​ហោង ។ រីឯ​ស្នំ​ស្និទ្ធ​ពល​ផង យល់​ដូច្នោះ​ហោង ក៏​ស្រែក​ប្រាប់​ទៅ​សេនា ។ អើ​អស់​លោក​អ្នក​រាល់​គ្នា ហ្ន​សត្វ​អ្វី​ណា៎ ឆាប​រាជ​ធីតា​ទៅ​ហើយ ។ សេនា​ភិត​ភ័យ​ធុំ​ស្បើយ លើក​គ្នា​តាម​ហើយ ក៏​ពុំ​ទាន់​សត្វ​នោះ​ណា ។ ប្រឹង​ស្រែក​ប្រទេច​ផ្ដាសា ដោយ​នូវ​ក្រោធា ខ្លះ​នាំ​គ្នា​អង្គុយ​យំ ។ ថា​ឪ​ម្ចាស់​ថ្លៃ​ឧត្ដម ម្ល៉េះ​សម​យើង​ខ្ញុំ នឹង​ក្ស័យ​ជីវិត​ពុំ​ខាន ។ ត្បិត​តែ​សត្វ​ចោរ​សាមាន្យ យក​ម្ចាស់​កល្យាណ ទៅ​បរិភោគ​មិន​លែង​ឡើយ ។ សេនា​ត្រឡប់​មក​ហើយ វិល​វឹង​ជា​ត្រើយ មក​ដល់​ក្នុង​វាំង​រាជា ។ ស្ដេច​ទត​ទៅ​យល់​ហើយ​ណា៎ ទើប​ត្រាស់​សួរ​ថា ម្ដេច​កូន​ពុំងា​ថ្លើម​ថ្លៃ ។ កូន​អញ​នាង​ទៅ​លេង​ព្រៃ សប្បាយ​ឬ​អ្វី ហេតុ​ម្ដេច​ទើប​ឆាប់​វិល​មក ។ សេនា​ផង​សឹង​យំ​សោក រអែក​រអោក​នឹក​ថា​នឹង​ក្ស័យ​ជីវិត ។ ទើប​ទូល​ទៅ​ទាំង​ភ័យ​ភិត ខ្លាច​ក្ស័យ​ជីវិត ញ័រ​មាត់​ញ័រ​ក​ប៉ប៉ាប់ ។ ទោះ​បី​ព្រះ​អង្គ​សម្លាប់ នោះ​ខ្ញុំ​សូម​ស្លាប់, ទុក​រស់​ជា​ខ្ញុំ​បាទា ។ រីឯ​នាង​នាថ​ធីតា ត្រូវ​សត្វ​បក្សា មួយ​នោះ​ឈ្មោះ​សត្វ​ឥន្ទ្រី ។ វា​មក​ឆាប​យក​ទៅ​ស៊ី ខ្ញុំ​នាំ​គ្នា​គ្នី លើក​តាម​ទៅ​មិន​ទាន់​វា ។ ព្រះអង្គ​ទ្រង់​ស្ដាប់​វាចា ញ័រ​ព្រះ​អង្គា សោក​ស្ដាយ​ព្រះរាជ​បុត្រី ។ ទើប​ត្រាស់​ដណ្ដឹង​ទៅ​ខ្មី ថា​ព្រឹក​ឡើង​វៃ ឯង​ទៅ​ប៉ាវ​គង​ម្នីម្នា ។ រក​អ្នក​ណា​មាន​រឹទ្ធា ទៅ​យក​ធីតា កូន​អញ​នោះ​បាន​មក​ហើយ ។ អញ​នឹង​អភិសេក​ជា​ត្រើយ ឲ្យ​សោយ​រាជ្យ​ហើយ កូន​អញ​ឲ្យ​ជា​ភរិយា ។ លុះ​ព្រឹក​ព្រាង​ព្រះ​សុរិយា អស់​ទាំង​សេនា ចាត់​មនុស្ស​ឲ្យ​ប៉ាវ​គង​ផង ។ ស្រែក​ដូច​បង្គាប់​ជា​ម្ដង រៀង ៗ ទៅ​ហោង ពុំ​មាន​នរណា​ឆ្លើយ​ថា ។ នឹង​ស្លេះ​ទុក​នៅ​សិន​រ៉ា យើង​នឹង​ចរចា ទៅ​ឯ​ចៅ​សាញ់​នោះ​ហោង ។ ហៀប​នឹង​ត្រឡប់​ជា​ម្ដង​ទើប​យាត្រា​ផ្គង មក​រក​លំនៅ​វិញ​ណា៎។ ទើប​អា​ធុង​សួរ​ទៅ​ថា អាសាញ់​កាល​គ្រា ឯង​ទៅ​បាន​ឃើញ​ឬ​អ្វី ។ នាង​នាថ​ដែល​សត្វ​ឥន្ទ្រី ឆាប​យក​ទៅ​ស៊ី ឯង​បាន​ឃើញ​ទេ​អាសាញ់ ។ អាសាញ់​ឆ្លាស់​ឆ្លើយ​ទៅ​វិញ វា​ឆាប​ថ្ងៃ​មិញ ចូល​រន្ធ​ត្រង់​មុខ​អញ​ឯង ។ អា​ធុង​សួរ​សោក​ឥត​ក្រែង បើ​ដូច្នោះ​ឯង ទៅ​យក​បាន​ឬ​ពុំ​បាន ។ អាសាញ់​ឆ្លាស់​ឆ្លើយ​ទៅ​ថ្កាន អញ​ទៅ​យក​បាន អញ​បាន​ចំណាំ​រន្ធ​វា ។ អា​ធុង​ឆ្លាស់​ឆ្លើយ​ទៅ​ថា បើ​ដូច្នោះ​ណា៎ ស្អែក​នាំ​អញ​ទៅ​យក​នៃ ។ លុះ​ព្រឹក​ព្រះសុរិយា​ទ័យ អា​ធុង​ឆាប់​វៃ ទៅ​ទូល​ព្រះ​មហា​ក្សត្រា ។ ថា​ធានា​ខ្ញុំ​ករុណា ទៅ​យក​ធីតា មក​ថ្វាយ​ព្រះមហាក្សត្រ​ថ្លៃ ។ ព្រះ​អង្គ​ទ្រង់​ជ្រាប​ហើយ​នៃ ទ្រង់​ត្រាស់​ថា​ហៃ អា​ធុង​បើ​ឯង​ទៅ​យក ។ នាង​នាថ​ធីតា​ពន្លក កូន​អញ​បាន​មក អញ​ឲ្យ​ឯង​សោយ​រាជ្យ​ហោង ។ រី​កូន​អញ​នោះ​ជា​ម្ដង អញ​ឲ្យ​ឯង​ផង ជាក់​ជា​ភរិយា​ឯង​ប្រាកដ លែង​តែ​បាន​ដូច​ថា ទាំង​រាស្ត្រ​ប្រជា​ក៏​ឲ្យ​ឯង​គ្រង​ប្រាកដ ។ អា​ធុង​ស្ដាប់​ហើយ​អរ​ក្ដាត់ បង្គំ​លា​ថ្វាត់ មក​ផ្ទះ​អាត្មា​វិញ​ហោង ។ មក​ដល់​លំនៅ​ដូច​ប៉ង ទើប​ប្រាប់​ទៅ​ផ្គង ថា​ហៃ​អាសាញ់​ចូរ​បា ។ នាំ​អញ​ទៅ​យក​ធីតា បើ​បាន​ដូច​ថា ក្សត្រា​ព្រះអង្គ​លែង​ទោស ។ ដែល​អា​សម្លាប់​យក្ស​នោះ ព្រះអង្គ​ត្រាស់​ឆ្ពោះ ថា​ឲ្យ​អាឯង​ទៅ​យក ។ បើ​បាន​នាង​នាថ​នោះ​មក​ព្រះ​អង្គ​ពុំ​យក ទោស​ដែល​ដែល​ឯង​វាយ​យក្ស​ស្លាប់ ។ ប្រាប់​ស្រេច​រក​រៀប​ប្រដាប់ សង្រែក​សម្រាប់ ប្រដាប់​ទ្រ​បាត​កញ្ជើ ។ មាន​ខ្សែ​ដាក់​យោង​ពី​លើ បង្ហូរ​កញ្ជើ ដាក់​ទៅ​ក្នុង​រណ្ដៅ​ណា៎ ។ រៀប​ស្រេច​ទើប​ចរ​យាត្រា លើក​ពល​សេនា​ទៅ​ក្នុង​ព្រឹក្សា​នោះ​នៃ ។ ដល់​ទៅ​មាត់​រន្ធ​បក្សី ទើប​ប្រាប់​ទៅ​ខ្មី ថា​វ៉ើយ​អា​ធុង​នោះ​ហើយ ។ អា​ធុង​ស្ដាប់​ជាក់​ជា​ត្រើយ រៀប​សង្រែក​ហើយ ចង​ខ្សែ​ដាក់​កញ្ជើ​ទៅ ។


បទ​ព្រហ្មគីតិ

រីឯ​រាជ​បក្សី វា​ឆាប​ខ្មី​នាង​យក​ទៅ ជួន​ឈ្មោល​វា​មិន​នៅ វា​ពុំ​បាន​បរិភោក្ដា ។ ក្នុង​ចិត្ត​រាជ​បក្សី វា​ចាំ​ប្ដី​វា​នោះ​ណា៎ វា​ពុំ​ទាន់​ភោក្ដា ត្បិត​អាហារ​ត្រកាល​ក្ដាត់ ។ មិន​គឺ​ជា​សាច់​អ្វី គឺ​សាច់​ស្រី​ជាតិ​ជា​ក្សត្រ ប្ដី​អញ​ម្ដេច​ក៏​បាត់ គាត់​មិន​ទាន់​ឃើញ​មក​ខ្មី ។ អាសាញ់​ចុះ​ទៅ​ដល់ ក្នុង​មណ្ឌល​រាជ​បក្សី ភ្នែក​គយ​គន់​រំពៃ យល់​បក្សី​នៅ​នោះ​ណា៎ ។ រីឯ​រាជ​បក្សី ស្មាន​ជា​ប្ដី​នៃ​អាត្មា ទទួល​ឆាប់​សួរ​រ៉ា ហើយ​ប្រាប់​ថា​ខ្ញុំ​ទៅ​ព្រៃ ។ ប្រទះ​នឹង​កូន​ស្ដេច យាត្រា​ត្រាច់​មក​លេង​ព្រៃ ខ្ញុំ​ស្ទុះ​ទៅ​ឃ្មាតខ្មី ឆាប​ក្សត្រី​យក​មក​ណា៎ ។ ខ្ញុំ​ទុក​ចាំ​អ្នក​ឯង មក​ពី​ស្វែង​រក​ភោជនា ខ្ញុំ​មិន​ទាន់​ភោក្ដា ចាំ​តែ​អ្នក​ឯង​មក​ទេ ។ អាសាញ់​ស្ដាប់​ហើយ​ណា៎ ទើប​ប្រាប់​ថា​មើល​មេ​ៗ ហង​ស្លាប់​មិន​លែង​ទេ ថា​នៃ​មេ​ស្លាប់​ចោល​ប្ដី ។ បក្សី​សោត​ស្ដាប់​ជាក់ ទើប​ភ្ញាភ្ញាក់​ខ្លួន​ថា​យី មិន​មែន​ប្ដី​ទេ​វ៉ី នេះ​ជាក់​ជា​មនុស្ស​ទេ​ណា៎ ។ ជា​ភ័ព្វ​អញ​ពេក​ក្រៃ អ្នក​ដទៃ​គេ​សទ្ធា ដាក់​មនុស្ស​មក​ទៀត​ណា៎ ជា​អាហារ​អញ​ឆ្ងាញ់​ក្រៃ ។ គិត​ស្រេច​ស្ទុះ​ទៅ​ឆាប់ ចៅ​សាញ់​ចាប់​បាន​ជើង​ដៃ កន្ត្រាក់​មក​ឆាប់​វៃ ហើយ​ក៏​កាច់​បំបាក់​ទៅ ។ ចៅ​សាញ់​ចុះ​ទៅ​ដល់ នាង​និមល​រូប​ឥត​សៅ បែរ​បើក​ភ្នែក​មើល​ទៅ ឃើញ​នាង​នៅ​អង្គ​ឯកា ។ ព្រះ​ភក្ត្រ​ក្សត្រី​ថ្លៃ ក្រៀម​ក្រំ​ក្រៃ​ឥត​ឧបមា នឹង​ដល់​ព្រះមាតា ព្រះបិតា​នៅ​ឯនាយ ។ ចៅ​សាញ់​រំពឹង​ដល់ នាង​និមល​មិន​សប្បាយ ទើប​មាន​ពាក្យ​អភិប្រាយ លោក​កុំ​ឲ្យ​នាង​ភ័យា ។ ថា​ហៃ​ប្អូន​ពន្លក បង​នេះ​មក​យក​ប្អូន​ភ្ងា ទៅ​ថ្វាយ​ព្រះបិតា ព្រះ​មាតា​ប្អូន​ឯនាយ ។ ចូរ​ប្អូន​មាស​កល្យាណ នាង​កម្សាន្ត​ឲ្យ​សប្បាយ បង​យក​ប្អូន​ទៅ​ថ្វាយ ចូរ​នាង​ទៅ​នឹង​បង​រ៉ា ។ នាង​ស្ដាប់​ហើយ​ត្រេក​អរ មាន​អំណរ​ឥត​ឧបមា ចង់​ជួប​នឹង​បិតា ចិត្ត​ស្នេហា​ចៅ​សាញ់​ពិត ។ នាង​ឆ្លើយ​ដោយ​ទំនង ចិត្ត​នាង​ប៉ង​យក​ជា​មិត្ត នាង​នាថ​រំពឹង​គិត តែ​ក្នុង​ចិត្ត​នាង​នាថ​នៅ ។ នាង​ថា​ឱ​អ្នក​អើយ អ្នក​ឯង​ហើយ​ជាក់​ជា​គូ នឹង​ខ្ញុំ​មក​លង់​យូរ ជា​គូ​ព្រេង​នឹង​គ្នា​ហើយ ។ ទើប​បាន​អ្នក​មក​ជួយ ខ្ញុំ​មិន​ឲ្យ​ដល់​ស្លាប់​ឡើយ រួច​ពី​សត្រូវ​ហើយ យក​ខ្ញុំ​ទៅ​នគរា ។ នាង​ថា​ឱ​អ្នក​ថ្លៃ មាន​គុណ​ក្រៃ​ឥត​គណនា ឥត​អ្វី​នឹង​ឧបមា ប្រៀប​នឹង​គុណ​អ្នក​នោះ​បាន ។ ថា​បើ​យើង​ទៅ​ដល់ ទី​មណ្ឌល​ព្រះ​រាជ​ស្ថាន បាន​ជួប​នឹង​ក្សត្រ​ក្សាន្ត ឯ​ធន​ធាន​មិន​ខ្វះ​អ្វី ។ កុំ​ថា​ទ្រព្យ​ធន​នោះ ទោះ​ទ្រព្យ​ខ្ពស់​ប៉ុន្មាន​ក្ដី ប្រាថ្នា​ចង់​បាន​អ្វី តាម​តែ​អ្នក​ប្រាថ្នា​យក ។ ចៅ​សាញ់​ឆ្លាស់​ឆ្លើយ​ទៅ ថា​ហៃ​ពៅ​ស្រស់​ពន្លក ខ្លួន​បង​ប្រាថ្នា​មក យក​ប្អូន​ទៅ​ថ្វាយ​បិតា ។ មាតា​នាង​ទន្ទឹង ម្ល៉េះ​សម​នាង​សោយ​សោកា នោះ​ទើប​បង​យាត្រា មក​យក​ប្អូន​ទៅ​ថ្វាយ​ហោង ។ កុំ​ឲ្យ​ស្ដេច​បារម្ភ កើត​ទុក្ខ​ធំ​ក្រៃ​កន្លង ព្រះ​ទ័យ​ក្សត្រ​ច្បាស់​ច្បង សោក​អាល័យ​ស្ងួន​ពុំ​ងា ។ កុំ​ប្អូន​ស្ងួន​ឧត្ដម គិត​បារម្ភ​បង​ឡើយ​ណា៎ ឲ្យ​បាន​ស្ដេច​យល់​ភក្ត្រ ប្អូន​វរលក្ខណ៍​ស្រស់​ឆោម​ឆាយ ឲ្យ​ស្ដេច​បាន​សប្បាយ ក្នុង​ព្រះ​កាយ​សុខ​ប្រសើរ ។ ទើប​លើក​នាង​ដាក់​ទៅ ឲ្យ​ឋិត​នៅ​ក្នុង​កញ្ជើ នាង​ថា​មក​ពី​លើ រួច​ហើយ​តើ​អ្នក​ចាំ​អ្វី ។ ចៅ​សាញ់​ឆ្លើយ​ទៅ​ថា ហៃ​ប្អូន​ភ្ងា​មាស​ពិសី នាង​ទៅ​មុខ​ចុះ​ខ្មី បង​ទៅ​ក្រោយ​ប្អូន​ប្រសើរ ។ នាង​ឆ្លើយ​ថា​ទេ​អ្នក ក្រែង​គេ​ដាក់​តែ​កញ្ជើ មិន​យក​អ្នក​ហើយ​តើ បាន​នរណា​គេ​មក​យក ។ ចៅ​សាញ់​ឆ្លាស់​ឆ្លើយ​ទៅ ថា​ហៃ​ពៅ​ស្រស់​ពន្លក ថា​បើ​គេ​ពុំ​យក បង​នេះ​ទៅ​ក៏​ហើយ​ចុះ ។ ឲ្យ​តែ​នាង​បាន​ទៅ កុំ​ប្អូន​ពៅ​គិត​រើ​រុះ ឯ​បង​ជា​កូន​ប្រុស យ៉ាង​យូរ​ណាស់​ត្រឹម​បី​ខែ ។ ចៅ​សាញ់​រុញ​កញ្ជើ អ្នក​ឯ​លើ​ចាប់​ទាញ​ខ្សែ បាន​ដល់​មក​លើ​ឯ ចៅ​សាញ់​នៅ​ក្នុង​រូង​សត្វ ។ លើក​នាង​មក​ដាក់​មក​លើ ដោះ​កញ្ជើ​ប្រញាប់​ក្ដាត់ នាង​នាថ​ប្រាប់​ទៅ​ថ្វាត់ ថា​នែ​អ្នក​ម្ដេច​ដូច្នោះ ។ គ្នា​នៅ​ក្នុង​នោះ​នៃ ស្រាវ​មក​អ្វី​ទទេ​នោះ ម្ដេច​មិន​ទម្លាក់​ចុះ យោង​យក​គ្នា​មក​ប្រញាប់ ។ អា​ធុង​ឆ្លើយ​ទៅ​ថា យោង​ថ្វី​អា​ចោរ​មុខ​ងាប់ ទុក​ឲ្យ​វា​នៅ​ស្លាប់ ហើយ​ស្រែក​ថា​យើង​ឃ្មាតខ្មី ។ ចូរ​ទៅ​ឲ្យ​ឆាប់​រ៉ា រួស​ម្នីម្នា​នៅ​ចាំ​អ្វី ចូល​គាល់​ព្រះចក្រី ឲ្យ​ក្សត្រ​ថ្លៃ​ទ្រង់​មេត្តា ។ អាសូរ​ប្រោស​ប្រណី យើង​ទី​ទៃ​រាល់​ៗ​គ្នា ទោះ​នឹង​ចង់​បាន​ងារ ឬ​ទ្រព្យ​អ្វី​ក៏​សឹង​បាន ។ ទើប​លើក​ពល​វិល​ទៅ ដល់​លំនៅ​រាជ​ស្ថាន ហើយ​នាំ​នាង​កល្យាណ ចូល​ទៅ​គាល់​ព្រះរាជា ។ ព្រះ​អង្គ​ទត​មក​យល់ នាង​និមល​បុត្រ​ពុំ​ងា ទ្រង់​ត្រេក​អរ​ម្នីម្នា ឱប​ប្រវា​ធីតា​ថ្លៃ ។ ទ្រង់​ព្រះ​កន្សែង​សោក សែន​អមោក្ស​ពន់​ពេក​ក្រៃ ថា​ឱ​កូន​មាស​ថ្លៃ យើង​នឹង​ថា​ក្ស័យ​ទៅ​ហើយ ។ ឥឡូវ​កូន​ពន្លក នាង​វិល​មក​បាន​ស្រាក​ស្បើយ បាន​ជួប​បិតា​ហើយ នូវ​មាតា​ស្ងួន​មាស​ថ្លៃ ។ រី​អស់​ស្នំ​ស្នេហា សឹង​សោកា​រាល់​គ្នា​នៃ ដោយ​ចិត្ត​គិត​អាល័យ យំ​ស្ទើរ​ក្ស័យ​ជន្ម​ជីវិត ។ ឱ​មាស​ថ្លៃ​ឧត្ដម សព្វ​ថ្ងៃ​ខ្ញុំ​ព្រួយ​ចិត្ត​គិត ដល់​ម្ចាស់​ថ្លៃ​វរ​មិត្រ ទន់​ស្រយុត​អស់​កាយា ។ ឥឡូវ​ម្ចាស់​មក​ដល់ ខ្ញុំ​បាន​យល់​ជាក់​ហើយ​ណា៎ សឹង​បាន​ស្បើយ​ទុក្ខា បាន​បម្រើ​នៅ​ផ្គត់​ផ្គង់ ។ លុះ​ស្បើយ​ក្ដី​សោកា នាង​យាត្រា​ទៅ​ឯ​ក្នុង ប្រាសាទ​ដែល​នាង​គង់ នៅ​ជា​សុខ​សប្បាយ​ក្រៃ ។ ឯ​ព្រះ​បាទ​ព្រហ្មទត្ត បន្ទូល​ថ្វាត់​នឹង​មន្ត្រី ឲ្យ​សង់​រាជ​រោង​ជ័យ នឹង​អភិសេក​ធីតា​ស្ងួន ។ ឲ្យ​មាន​របាំ​ណា៎ ដោយ​ភាសា​ខ្មែរ​ចិន​យួន រៀប​ឲ្យ​នឹង​ក្បួន តាម​របៀប​ច្បាប់​ព្រេង​នៃ ។ សេនា​ស្ដាប់​បន្ទូល អរ​ស្រុះ​ស្រួល​ទទួល​វៃ ចរ​ចេញ​មក​ទី​ទៃ ប្រាប់​ភ្នាក់​ងារ​ការ​ដោយ​ឡែក ។ ឲ្យ​រៀប​រោង​របាំ តាម​ចំណាំ​អភិសេក ថ្ងៃ​នេះ​នូវ​ថ្ងៃ​ស្អែក ហៅ​គ្នា​មក​ធ្វើ​ទៅ​ហោង ។


បទ​ពំនោល

អស់​ទាំង​សេនា​អឺងកង រៀប​ធ្វើ​រោង​ផង ទាំង​យប់​ទាំង​ថ្ងៃ​សោះ​សា ។ យើង​ស្លេះ​ពុំ​ទាន់​ចរចា​ថ្លែង​ត​ទៅ​ណា៎ ឯ​ចៅ​សាញ់​វិញ​ជា​ម្ដង ។ នៅ​ក្នុង​រន្ធ​សត្វ​នោះ​ហោង យូរ​ក្រៃ​កន្លង ជិត​ដល់​បី​ខែ​ហើយ​ណា៎ ។ ទើប​បាន​ក្ដៅ​ដល់​អាសនា សម្ដេច​ឥន្ទ្រា- ធិរាជ​ចម​ចៅ​ក្សត្រ​ក្សាន្ត ។ ទើប​ស្ដេច​បើក​ទិព្វ​ចក្ខុវិញ្ញាណ ព្រះ​នេត្រ ថ្កើង​ថ្កាន ក៏​ទត​មក​ដល់​ផែន​ដី ។ ទត​សព្វ​ភូមិ​ភព​បុរី ពុំ​មាន​យល់​អ្វី យល់​តែ​ចៅ​សាញ់​ជា​ម្ដង ។ បុណ្យ​មាន​បាន​សោយ​រាជ្យ​ហោង បារមី​កន្លង នឹង​បាន​ជា​ម្ដង​ប្រាកដ ។ អា​ធុង​នោះ​ឯង​កំណត់ អាយុ​សន្មត នឹង​អស់​ជន្មា​នោះ​ហោង ។ គិត​ស្រេច ស្ដេច​ហោះ​ចុះ​ផ្គង ដល់​ដី​ជា​ម្ដង ក៏​ប្រែ​កាឡា​ឆាប់​ក្រៃ ។ រំពេច​កើត​ជា​ពួរ​ជ្រៃ​សំយុង​ទៅ​នៃ ក្នុង​រណ្ដៅ​នោះ​ឯង​ណា៎ ។ ចៅ​សាញ់​ឃើញ​ហើយ​ប្រវា ពួរ​ជ្រៃ​នោះ​ណា៎ ក៏​តោង​ឡើង​មក​ដល់​លើ ។ យល់​ថ្ងៃ​រសៀល​ហើយ​តើ ទើប​ចរ​ចេញ​ដើរ​សំដៅ​ផ្ទះ​អា​ធុង​ពិត ។ រីឯ​ពួរ​ជ្រៃ​និម្មិត ព្រះឥន្ទ្រ​ប្រសិទ្ធិ ក៏​បាត់​ពុំ​ឃើញ​ឡើយ​ហោង ។ ដើរ​មក​ដល់​ទ្វារ​របង ផ្ទះ​អា​ធុង​ហោង ក៏​ឡើង​ទៅ​លើ​គ្រឹហា ។ ទើប​ប្រាប់​ទៅ​អា​ធុង​ថា អា​ធុង​អើយ​អា អញ​ឃ្លាន​បាយ​​ពេក​ណាស់​នៃ ។ មនុស្ស​ម្នា​ត្រៀប​ត្រា​ច្រើន​ក្រៃ មន្ត្រី​ផង​នៃ ក៏​សឹង​តែ​នៅ​ពាស​ពេញ ។ កណ្ដាល​ជំនុំ​នោះ​មិញ នាហ្មឺន​គាល់​ពេញ មិន​ក្រែង​មិន​ខ្លាច​ខ្លួន​ឡើយ ។ អា​ធុង​ក្រោធ​ក្រៃ​ពុំ​ស្បើយ ស្ដែង​ស្ដាប់​ជាក់​ហើយ ទើប​ប្រាប់​ទៅ​អស់​ភ្នាក់​ងារ ។ ថា​ចាំ​អ្វី​មិន​ចាប់​រា អស់​ទាំង​ភ្នាក់​ងារ ស្ដាប់​ហើយ​ក៏​ស្ទុះ​ទៅ​ចាប់ ។ ចៅ​សាញ់​នោះ​ឯង​ចង​ខ្ជាប់ ទើប​អា​ធុង​ប្រាប់ ថា​ឲ្យ​នាំ​ចេញ​ទៅ​ឆ្ងាយ ។ ប្រាប់​ទៅ​ភ្នាក់​ងារ​ទាំង​ឡាយ ឲ្យ​ដាក់​ខ្នោះ​វាយ ហើយ​ដាក់​ច្រវាក់​ឃ្នាង​ផង ។ ទម្រាំ​តែ​ព្រឹក​ស្អែក​ហោង ចូរ​គ្នា​យើង​ផង នាំ​វា​យក​ទៅ​សម្លាប់ ។ កូន​ក្មួយ​នោះ​សោត​បាន​ចាប់ ដាក់​ច្រវាក់​ខ្ជាប់ ឃ្នាង​ខ្នោះជើង​ដៃ​ផង​ណា៎ ។ យើង​ស្លេះ​ទុក​នៅ​នេះ​ណា៎ ថ្លែង​ឯ​មេការ ប្រញាប់​ធ្វើ​រោង​នោះ​នៃ ។ រួច​ស្រេច​បរិបូណ៌​ប្រពៃ​ នា​គ្រា​នោះ​នៃ រៀប​ចង​នូវ​គោម​កែវ​ផង ។ យើង​ស្លេះ​នៅ​នេះ​សិន​ហោង នឹង​ថ្លែង​រំលង​ទៅ​ឯ​ចៅ​សាញ់​វិញ​នៃ ។ លុះ​ថ្ងៃ​បរិបូណ៌​ប្រពៃ នាំ​ចេញ​ទៅ​វៃ​រៀប​គ្រឿង​លំពែង​ជុំ​នៅ ។ ដង្ហែ​ចៅ​សាញ់​ចេញ​ទៅ បណ្ដើរ​តាម​ផ្លូវ ឲ្យ​ស្រែក​អាក្រោស​ទៅ​ហោង ។ យើង​ស្លេះ​នៅ​នេះ​សិន​ហោង នឹង​ថ្លែង​ទៅ​ផ្គង ឯ​អង្គ​អមរិន្រ្ទា​ថ្លៃ ។ កើត​ក្ដៅ​ក្រហាយ​ពេក​ក្រៃ នឹង​ក្នុង​ព្រះ​ទ័យ ថា​មាន​ហេតុ​អ្វី​ច្នេះ​ណា៎ ។ គិត​ស្រេច​សម្ដេច​ឥន្ទ្រា បើក​ទិព្វ​ចក្ខា ទត​យល់​នូវ​រូប​ចៅ​សាញ់ ។ នឹក​ថា​អ្នក​នេះ​ដែល​អញ ជួយ​ពី​មុខ​មិញ ឥឡូវ​ម្ដេច​ត្រូវ​ទៅ​ទៀត ។ ចេះ​នឹង​ស្លាប់​ចោល​បង់​សៀត អញ​ជួយ​ម្ដង​ទៀត ឲ្យ​រួច​អំពី​ទោសា ។ គិត​ស្រេច​ហោះ​ចុះ​មក​ណា៎ ទើប​ប្រែ​កាឡា ជា​តា​ចាស់​មួយ​នាក់​នៃ ។ កាន់​សាយ​ដៀវ​មួយ​ប្រពៃ តម្រង់​ទៅ​ឰ ត្រង់​មុខ​ចៅ​សាញ់​នោះ​ណា៎ ។ ចៅ​សាញ់​ក្រឡេក​ឃើញ​តា កាន់​សាយ​ដៀវ​ណា៎ ក៏​មាន​ចិត្ត​ត្រេក​អរ​ក្រៃ ។ ទើប​អង្វរ​ទៅ​ថា ហៃ អ្នក​ពេជ្ឈឃាដ​ថ្លៃ ចូរ​អ្នក​អាណិត​ខ្ញុំ​រ៉ា ។ ខ្ញុំ​ស្លាប់​ឥឡូវ​ហើយ​ណា៎ សូម​អ្នក​មេត្តា បើក​ឲ្យ​ខ្ញុំ​លេង​សិន​ហោង ។ ខ្ញុំ​រត់​ពុំ​រួច​ជា​ម្ដង ខ្ញុំ​ស្លាប់​ហើយ​ហោង ឲ្យ​ខ្ញុំ​លេង​សិន​ទៅ​រ៉ា ។ ពេជ្ឈឃាដ​ស្ដាប់​នូវ​វាចា​ចៅ​សាញ់​ហើយ​ណា៎ ក៏​ព្រម​បើក​ឲ្យ​លេង​ហោង ។ ទើប​ប្រាប់​អស់​ទាំង​គ្នា​ផង បើ​ដូច្នេះ​ហោង ចូរ​អស់​ទាំង​គ្នា​មក​ស្រាយ ។ ឲ្យ​វា​លេង​ឲ្យ​សប្បាយ អស់​គ្នា​ទាំង​ឡាយ ឈរ​ឃុំ​ឲ្យ​ជុំ​ខ្លួន​វា ។ ក្សិណ​នោះ​សម្ដេច​ឥន្ទ្រា ចរ​ចូល​នៃ​អ្នក​តា​មេត្តា ។ ឲ្យ​ខ្ញុំ​ខ្លី​សាយ​ដៀវ​រ៉ា ខ្ញុំ​ច្រៀង​តិច​ណា៎ ឲ្យ​បាន​សប្បាយ​សិន​ហោង ។ តា​ចាស់​ហុច​សាយដៀវ​ផ្គង ចៅ​សាញ់​ដេញ​លេង ស្រេច​ដេញ​ជា​សាច់​ភ្លេង​ហើយ ។ ច្រៀង​នៅ​ជើង​វាំង​ជា​ត្រើយ តាំង​ចាប់​ដើម​ឡើយ ពី​កាល​ដែល​វាយ​យក្សា ។ លុះ​ទៅ​ពួន​ក្នុង​ព្រៃ​ណា៎ ឃើញ​ពល​យោធា ដង្ហែ​នាង​ទៅ​លេង​ព្រៃ ។ ខ្ញុំ​ខ្លាច​ហើយ​ខ្ញុំ​ភិត​ភ័យ រត់​ទៅ​ពួន​វៃ ខាង​រន្ធ​បក្សី​នោះ​ណា៎ ។ បក្សី​ហើរ​រក​អាហារ វា​ឃើញ​ធីតា វា​ឆាប​យក​នាង​ទៅ​ហោង ។ លុះ​ខ្ញុំ​ទៅ​យក​ជា​ម្ដង នាង​នាថ​នោះ​ហោង បាន​រួច​ពី​ក្ស័យ​ជីវិត ។ ហើយ​ខ្ញុំ​នៅ​ក្នុង​រូង​សត្វ គេ​នាំ​នាង​ថ្វាត់ មក​ថ្វាយ​ព្រះមហាក្សត្រ​ថ្លៃ ។ នឹង​ថ្លែង​ទៅ​ឯ​ក្សត្រី នាង​នាថ​នោះ​នៃ បាន​ឮ​សំឡេង​ចៅ​សាញ់ ។ នាង​នាថ​ម្នីម្នា​ស្ទុះ​ចេញ មក​ឯ​ក្រៅ​មិញ បាន​ឃើញ​ចៅ​សាញ់​នោះ​ណា៎ ។ នាង​នឹក​តែ​ក្នុង​ចិន្ដា ថា​អ្នក​នេះ​ណា៎ ដែល​ទៅ​យក​អញ​ឯង​នៃ ។ គិត​ស្រេច​សម្ដេច​ក្សត្រី​ស្ដេច​ចូល​ទៅ​វៃ ក្រាប​ទូល​ព្រះវរបិតា ។ បពិត្រ​សូម​ទ្រង់​មេត្តា ខ្លួន​ខ្ញុំ​នេះ​ណា៎ បាន​រួច​ពី​ក្ស័យ​ជីវី ។ ដោយ​អ្នក​ទោស​នោះ​ប្រណី សូម​ព្រះ​ចក្រី​បិតា​ទ្រង់​ប្រោស​ខ្ញុំ​ផង ។ គាត់​ទៅ​យក​ខ្ញុំ​ជា​ម្ដង រី​អា​ធុង​ហោង ។ នៅ​តែ​ឯ​លើ​ទេ​ណា៎ ។ ព្រះ​អង្គ​ជ្រាប​ហើយ​ក្សត្រា ត្រាស់​ប្រើ​សេនា ថា​ទៅ​ឃាត់​ជា​ប្រញាប់ ។ នាំ​ចូល​មក​គាល់​អញ​ឆាប់​ដូច​ពាក្យ​អញ​ប្រាប់ កុំ​អាល​សម្លាប់​ឡើយ​នៃ អញ​នឹង​សួរ​ពាក្យ​សម្ដី ឲ្យ​ដឹង​សេចក្ដី​កន្លៀត​គន្លោង​គំនិត ។ ចូរ​ឯង​ប្រាប់​អញ​ដោយ​ពិត កុំ​បី​ឯង​បិទ មាត់​ជិត​នៅ​ស្ងៀម​ធ្វើ​អ្វី ។ នោះ​ទាំង​វាយ​យក្ស​នោះ​នៃ ឯង​លាក់​ធ្វើ​អ្វី ប្រាប់​អញ​ឲ្យ​ត្រង់​មក​ណា៎ ។ អា​ធុង​ស្ដាប់​ព្រះ​ឱង្ការ ព្រះមហាក្សត្រ ត្រាស់​សួរ​មក​ខ្លួន​ឯង​នៃ ។ នឹក​ថា​សម​អញ​និង​ក្ស័យ ជីវិត​ប្រល័យ, ក្នុង​ថ្ងៃ​នេះ​ឯង​មែន​ពិត ។ ទើប​ចូល​ទៅ​ទាំង​ភ័យ​សេចក្ដី​នេះ​ពិត គឺ​ចៅ​សាញ់​នោះ​មែន​ហើយ ។ ព្រះ​អង្គ​ត្រាស់​បន្ទូល​ឆ្លើយ បើ​ដូច្នោះ​ហើយ យក​អា​ធុង​ទៅ​សម្លាប់ ។ នាំ​វា​ចេញ​ទៅ​ឲ្យ​ឆាប់ សម្លាប់​ឲ្យ​ស្លាប់ ឥឡូវ​នេះ​ឲ្យ​ឆាប់​ណា៎ ត្បិត​វា​ចោរ​ចិត្ត​មោហា ព្រហើន​មុសា ទុក​វាត​ទៅ​ពុំ​បាន ។ អមាត្យ​ស្ដាប់​បន្ទូល​ថ្កាន ក្រោក​ស្រុះ​គ្រប់​ប្រាណ ចោម​ចាប់​អា​ធុង​យ៉ាង​មាំ ហើយ​ចង​ចំណង​ទាំង​ប្រាំ ប្រការ​រួច​នាំ យក​ទៅ​កាប់​ឯ​វាល​ល្បិញ ។ ឯ​អ្នក​ផ្ទះ​វា​នោះ​មិញ ទ្រង់​ឲ្យ​ចុះ​ចេញ​ បណ្ដេញ​ទៅ​នៅ​ស្រុក​ឆ្ងាយ ។ អស់​ទ្រព្យ​សម្បត្តិ​ទាំង​ឡាយ ព្រះបាទ​ពណ្ណរាយ ព្រះ​អង្គ​ឲ្យ​រឹប​យក​ណា៎ ។ បញ្ចូល​ក្នុង​ឃ្លាំង​រាជការ ញាតិ​សន្តាន​វា បញ្ចូល​ជា​អ្នក​ងារ​អស់ ។ អភិសេក​ចៅ​សាញ់​នោះ​ស្មោះ ឲ្យ​សោយ​រាជ្យ​ឆ្ពោះ គ្រប់​គ្រង​នគរ​នោះ​ណា៎ ។ ឯ​អង្គ​ព្រះបាទ​ក្សត្រា​ស្ដេច​ដាក់​រាជ្យ​ណា៎ ឲ្យ​ចៅ​សាញ់​គ្រង​វិញ​ហោង ។ ឯ​រាជ​បុត្រី​ស្នេហ៍​ស្នង ព្រះបាទ​ច្បាស់​ច្បង អភិសេក​ជា​អគ្គ​ជា​យា ។


បទ​កាកគតិ

ស្ដេច​រៀប​អភិសេក បុត្រ​ទាំង​ពីរ​ឯក ឲ្យ​សោយ​រាជា មាន​ទាំង​របាំ​ច្រៀង​រាំ​នានា សព្វ​គ្រប់​ភាសា ខ្មែរ​ចាម​ចិន​យួន ។ រៀប​លេង​ដោយ​សាសន៍ ច្រើន​ក្រៃ​ដេរ​ដាស ពេញ​ពាស​តាម​ក្បួន ខ្លះ​លោត​អន្ទាក់ ខ្លះ​លាក់​លេង​ពួន លែង​ល្បែង​ដោយ​ខ្លួន ដោយ​សាសន៍​តាម​ធ្លាប់ ។ ល្ខោន​ខោល​ចូល​ចេញ តាំង​ចាប់​ផ្ដើម​មិញ​គឺ​ស្វា​ប្រចាប់ ស្វា​ខ្មៅ​ស្វា-ស ក្បាច់​ល្អ​ចំណាប់ ក្បាច់​ស្វា​ប្រចាប់ ចេញ​បើក​រោង​ណា៎ ។ មាន​ទាំង​ល្ខោន​យន្ត រូប​រាង​ទន់​ភ្លន់ វិស័យ​មនុស្សា ងីវ​ចិន​ល្អ​លន់ គួរ​គន់ ទស្សនា ច្រៀង​តាម​ភាសា ដោយ​បទ​ភ្លេង​គេ ។ មាន​ទាំង​ងីវ​យន្ត រូប​រាង​ល្អ​លន់​ដូច​ល្ខោន​យន្ត​ខ្មែរ លេង​រឿង​សាមកុក សៃហាន់​បន្លែ លុះ​ព្រះ​សុរិយេ ព្រលប់​ពន់​ពេក ។ របាំ​ខេមរា លេង​ណាំង​រចនា មិន​លេង​ងីវ​ស្បែក​ក្បាច់​ក្បូរ​ល្អ​ៗ រៀប​អភិសេក ចៅ​សាញ់​ជា​ឯក នគរ​នោះ​ណា៎ ។ ទាំង​យប់​ទាំង​ថ្ងៃ សប្បាយ​ពេក​ក្រៃ​ប្រាំពីរ​ទិវា យប់​សោត​អជុ​គោម តាម​ព្រះ​ចន្ទ្រា លុះ​ដល់​សុរិយា ភ្លឺ​ស្រាង​ស្រេច​ស្រាប់ ។ អភិសេក​ស្រេច​ហើយ ស្ដេច​ពុំ​ព្រងើយ ប្រដៅ​ក្ដី​ច្បាប់ ដល់​បុត្រ​ទាំង​ពីរ​តាម​វេណី​ស្រាប់ ឲ្យ​ដឹង​សណ្ដាប់ ក្រម​ក្រឹត្យ​រាជា ។ អាសាញ់​សោយ​រាជ្យ មែន​មាន​អំណាច លើស​ព្រះបិតា សឹង​បាន​សាន្ត​សុខ ឥត​ទុក្ខ​ភយា ទាំង​រាស្ត្រ​ប្រជា​ឥត​មាន​ទុក្ខ​សោក ។ ខ្លះ​លក់​ទំនិញ ដូច​ពី​មុខ​មិញ ទិញ​គ្នា​ទៅ​មក គគ្រឹក​គគ្រេង​រអែក​រអោក ទិញ​ដូរ​គ្នា​យក តាម​ធម្មតា​ហោង ។ ឥត​ទុក្ខ​ឥត​ភ័យ រក​ស៊ី​សព្វ​ថ្ងៃ​សប្បាយ​ឥត​ហ្មង ចៅ​សាញ់​សោយរាជ្យ អំណាច​កន្លង ពុំ​ផ្អើល​ដល់​ម្ដង សុខ​ស្ងប់​ក្រៃ​លែង ។ រឿង​ព្រេង​និទាន ដែល​អញ​ខ្ញុំ​បាន នាំ​មក​ចារ​ចែង តាម​បែប​ទំនង​ចាស់​ផង​ថ្លា​ថ្លែង អស់​ប៉ុណ្ណេះ​ឯង សូ​រេច​ចប់​ហោង ។


គូ​គេច​មិន​រួច អាយុ​មិន​អស់​មិន​ស្លាប់

រឿង​ អ្នក​ដំណើរ​ពីរ​នាក់​ដណ្ដើម​គ្នា​ដេក​កណ្ដាល

កាល​ពី​ព្រេង​នាយ មាន​មនុស្ស​ពីរ​នាក់​ដើរ​ទៅ​ផ្លូវ​ឆ្ងាយ ចួន​យប់​ក្នុង​ព្រៃ​ងងឹត​ដើរ​ទៅ​មិន​រួច បបួល​គ្នា​ដេក​ក្នុង​ព្រៃ ។ អ្នក​ទាំង​ពីរ​នាក់ ចង់​ដេក​កណ្ដាល​តែ​រៀង​ខ្លួន ប៉ុន្តែ​មិន​ដឹង​គិត​ធ្វើ​ដូច​ម្ដេច​នឹង​បាន​ដេក​កណ្ដាល ។ បុរស​ទាំង​ពីរ​នាក់​គិត​គ្នា​ថា " បើ​ដូច្នោះ យើង​ដេក​យក​ជើង​ទល់​គ្នា " ហើយ​បុរស​ទាំង​នោះ ក៏​ដេក​យក​ជើង​ទល់​គ្នា​ទាំង​ពីរ​នាក់​ទៅ ។ ក្រោយ​មក​មាន​ខ្លា​មក​ឃើញ​មនុស្ស​ដេក​យក​ជើង​ទល់​គ្នា ហើយ​ទទូរ​សំពត់​ជិត មើល​មិន​ដឹង​ជា​សត្វ​អ្វី​វែង​ដូច្នោះ ឆ្ងល់​ណាស់​ត្បិត​មិន​ដែល​ឃើញ ក៏​បបួល​អស់​សត្វ​ឯទៀត​ជា​ច្រើន មាន​ទាំង​ដំរី​ ក្របី គោ រមាស រមាំង ក្ដាន់​ប្រើស ទ្រាយ ចចក ស្វាន ស្វា គ្រប់​សត្វ​ទាំង​អស់​មក​មើល គ្មាន​សត្វ​ណា​មួយ​ស្គាល់​សោះ ។ ក្រោយ​មក​ទៀត សត្វ​ទាំង​អស់​នោះ​គិត​គ្នា​ថា "ឥឡូវ​នេះ នឹង​មាន​អ្នក​ឯណា​ស្គាល់​សត្វ​នេះ? ពួក​យើង​បបួល​គ្នា​មក​មើល​សត្វ​នេះ ច្រើន​ភាសា​ណាស់​ហើយ នៅ​សល់​សត្វ​អ្វី​ទៀត ដែល​មិន​ទាន់​បាន​មក​មើល?" ។ អស់​សត្វ​ទាំង​នោះ​គិត​គ្នា​ទៅ ឃើញ​នៅ​សល់​តែ​ទន្សាយ​ពុំ​បាន​មក មួយ​ទៀត ឮ​ល្បី​ថា "ទន្សាយ​នោះ​ជា​អ្នកមាន​ប្រាជ្ញា ចេះ​និយាយ​ក្បួន​ច្បាប់​ទម្លាប់ ចេះ​កល​មាយា ចាំ​ទំនឹម​ទំនៀម​ច្រើន​បើ​ដូច្នេះ យើង​ប្រើ​បង​ដំរី​ឲ្យ​ទៅ​អញ្ជើញ​បង​ទន្សាយ​នោះ​ទើប​បាន ត្បិត​បង​ទន្សាយ​បើ​មាន​នរណា​ទៅ​ពឹង​ការ​អ្វី​គាត់​ៗ កាន់​ខ្លួន​ណាស់" ។ សត្វ​ទាំង​នោះ​គិត​គ្នា​ហើយ ឲ្យ​ដំរី​ទៅ​អញ្ជើញ​ទន្សាយ ។ ដំរី​ក៏​ទៅ ឃើញ​ទន្សាយ​អង្គុយ​នៅ​លើ​ក្បាល​ដំបូក ។ ទន្សាយ​ឃើញ​ដំរី​ដើរ​យេកយោក​មក​ពី​នាយ ក៏​សួរ​ថា "បង​ដំរី ! មាន​ហេតុ​អ្វី បាន​ជា​រលះ​រលាំង​មក? " ។ ដំរី​ឆ្លើយ​ថា "បង​ទន្សាយ! ត្បិត​មាន​សត្វ​អ្វី​មួយ​ចម្លែក​ណាស់ គ្មាន​នរណា​ស្គាល់​សោះ បាន​ជា​អស់​សត្វ​ក្នុង​ព្រៃ​នេះ ឲ្យ​ខ្ញុំ​មក​អញ្ជើញ​បង​ទន្សាយ​ឯង​ទៅ​មើល ក្រែង​បង​ទន្សាយ​ឯង​ស្គាល់​សត្វ​នោះ" ។ ឯ​ទន្សាយ​ឮ​ដូច្នោះ ហើយ​សួរ​ថា សត្វ​នោះ​ដូច​ម្ដេច តូច​ឬ​ធំ វែង​ឬ​ខ្លី ? ។ ដំរី​ថា "សត្វ​នោះ ធំ​ចុង ធំ​គល់ តូច​កណ្ដាល ហើយ​វែង​ប្រមាណ​ប្រាំ​ហត្ថ " ។ ទន្សាយ​ឮ​ដូច្នោះ​ឆ្លើយ​ឡើង​ថា " ឱ​បើ​ដូច្នោះ បង​ដំរី​កុំ​ព្រួយ​ចិត្ត ចាំ​ខ្ញុំ​ទៅ​មើល​ឲ្យ​ស្គាល់​សត្វ​នោះ ប៉ុន្តែ​បង​ដំរី​ឯង ឲ្យ​ខ្ញុំ​ជិះ​លើ​ក្បាល​បង​ឯង​ទៅ" ។ ដំរី​ឮ​ដូច្នោះ​ហើយ ដើរ​ចូល​ទៅ​ឱន​ក្បាល​ឲ្យ​ទន្សាយ​ជិះ​លើ​ក្បាល ទន្សាយ​ធ្វើ​ជា​ក្អេង​ក្អាង លុះ​ទៅ​ដល់​ហើយ ចុះ​ពី​ក្បាល​ដំរី យក​ស្លឹក​ឈើ​ដែល​មាន​ស្នាម​ដង្កូវ​វារ​ដូច​ជា​អក្សរ កាន់​លើក​ឡើង​ធ្វើ​ជា​សំបុត្រ​ថា "អស់​បង​ប្អូន​ស្ដាប់​ខ្ញុំ ត្បិត​ខ្ញុំ​ជា​បម្រើ​ព្រះ​ឥន្ទ្រ​ៗ លោក​ប្រើ​ឲ្យ​នាំ​សំបុត្រ​មក " ហើយ​ទន្សាយ​ឡើង​លើ​ដំបូក​ធ្វើ​ជា​អាន​សំបុត្រ​ថា "សត្វ​នេះ ព្រះឥន្ទ្រ​លោក​ប្រើ​មក ឈ្មោះ​សត្វ​យោគី​យោគា យក​ទាំង​អស់​គ្នា យក​ទាំង​អញ យក​ទាំង​ឯង " ។ អស់​សត្វ​ឮ​ទន្សាយ​មើល​សំបុត្រ​ថា "ព្រះឥន្ទ្រ​ឲ្យ​មក​យក​ទាំង​អស់​គ្នា" ក៏​ស្ទុះ​បោល​ជាន់​គ្នា​ស្លាប់ បាក់​ដៃ​បាក់​ជើង​ពាស​ពេញ ស្រែក​លាន់​ទាំង​ព្រៃ ។ មនុស្ស​២​នាក់​នោះ ដឹង​ថា​សត្វ​ទាំង​នោះ ផ្អើល​ភ្ញាក់​រត់​ជាន់​គ្នា​ស្លាប់​ដូច្នោះ ក្រោក​ឡើង​លើក​ដៃ​សំពះ​ទន្សាយ​ថា "បង​ទន្សាយ មាន​គុណ​នឹង​យើង​ខ្លាំង​ណាស់ បើ​ប្រសិន​ជា​យើង​មិន​បាន​បង​ទន្សាយ​មក​ធ្វើ​ឧបាយ​កល​ឲ្យ​យើង​ទេ នោះ​សម​ខ្លា​វា​នឹង​ខាំ​យើង​ស៊ី​ជា​ចំណី​វា​ទៅ​ហើយ បង​ទន្សាយ​ឯង​មាន​ប្រាជ្ញា​ល្មម​ធ្វើ​ជា​សុភា​បាន" ។

ឯ​មនុស្ស​ទាំង​ពីរ​នាក់ មើល​ទៅ​ឃើញ​អស់​សត្វ​ជាន់​គ្នា​ស្លាប់​ពេញ​ព្រៃ​ដូច្នោះ បបួល​គ្នា​អារ​យក​សាច់​រែក​ទាំង​ពីរ​នាក់ ដើរ​ទៅ​បន្តិច ឃើញ​ខ្លា​សំគម​មួយ​ដំរី​ជាន់​បាក់​ជើង ដើរ​បាន​តិចៗ ក៏​បបួល​គ្នា​យក​ខ្សែ​ចង​ដឹង​យក​ទៅ លុះ​ដើរ​ទៅ​បន្តិច​ជួប​នឹង​អ្នក​បរ​រទេះ​គោ ។ ឯ​អ្នក​បរ​រទេះ​គោ​នោះ ឃើញ​អ្នក​ទាំង​ពីរ​រែក​សាច់​មក​ដូច្នោះ​ក៏​បញ្ឈប់​រទេះ​សួរ​ថា "អ្នក​ធ្វើ​ដូច​ម្ដេច ក៏​បាន​សាច់​ច្រើន​ម្ល៉េះ​? ។ អ្នក​នោះ​បញ្ឆោត​ថា "ឆ្កែ​កំបាក់​ជើង​ខ្ញុំ​នេះ​ឯង វា​ដេញ​ខាំ ត្បិត​ឆ្កែ​នេះ ជា​ឆ្កែ​ប្រដេញ វា​តែង​តែ​ដេញ​សត្វ​មក មិន​ដែល​ស្ងួត​ឆ្នាំង​ដល់​មួយ​ពេល​ទេ ក្រែង​តែ​គ្មាន​សត្វ បើ​ព្រៃ​ឯណា​មាន​សត្វ​ហើយ មិន​ដែល​រួច​ពី​អាក្លឹក​ឆ្កែ​ប្រដេញ​ខ្ញុំ​នេះ​ទេ ឲ្យ​តែ​វា​ឃើញ​ស្នាម​ជើង​នោះ សង្ឃឹម​ថា​បាន​ឲ្យ​លាង​ឆ្នាំង​ចាំ​ឲ្យ​ហើយ​ទៅ មុខ​ជា​នឹង​បាន​មិន​ដែល​ខាន​ទេ" ។ ឯ​អ្នក​បរ​រទេះ​គោ ឮ​អ្នក​នោះ​និយាយ​អួត​ប្រាប់​ដូច្នោះ ហេតុ​តែ​ជា​មនុស្ស​ល្ងង់​មិន​ស្គាល់​ក៏​ចង់​បាន​ខ្លា​កំបាក់​ជើង​សំគម​នោះ​គិត​ថា ជា​ឆ្កែ​មែន​ទែន ហើយ​និយាយ​អង្វរ​លួង​លោម​ថា "បើ​ដូច្នោះ​អ្នក​អាណិត​ខ្ញុំ​ៗ សុំ​ទិញ​ឆ្កែ​អ្នក​យក​ទៅ​ប្រដេញ​ត្បិត​ស្រុក​ខ្ញុំ​មាន​សត្វ​ច្រើន​ណាស់ " ។ អ្នក​រែក​សាច់​ឆ្លើយ​ថា " បើ​ខ្ញុំ​លក់​ឆ្កែ​នេះ​ឲ្យ​អ្នក​ទៅ ផ្ទះ​ខ្ញុំ​សម​នឹង​ស្ងួត​ឆ្នាំង​ហើយ រក​អ្វី​ស៊ី​គ្មាន​ទេ ប៉ុន្តែ​អ្នក​បាន​ជួប​នឹង​ខ្ញុំ​ម្ដង បើ​មិន​និយាយ​គ្នា​ក៏​មិន​បាន, ឆ្កែ​ខ្ញុំ​នេះ ខ្ញុំ​ស្រឡាញ់​វា​រក​អ្វី​ប្រៀប​គ្មាន​ទេ បើ​អ្នក​ចង់​ទិញ តើ​អ្នក​ឲ្យ​ថ្លៃ​ប៉ុន្មាន ? " ។ អ្នក​បរ​រទេះ​គោ​ឆ្លើយ​ថា " ខ្ញុំ​មាន​តែ​គោ​មួយ​នឹម​នេះ​ឯង ហើយ​គោ​នេះ ខ្ញុំ​ស្រឡាញ់​រក​អ្វី​ប្រៀប​គ្នា​ទេ ត្បិត​បរ​មួយ​ថ្ងៃ​រាល់​ល្ងាច​មិន​ឈប់​សោះ​ក៏​បាន ក្នុង​មួយ​ថ្ងៃ​ឲ្យ​ទឹក​ផឹក​តែ​ម្ដង ទាំង​ល្បឿន​ទៀត​ក្នុង​ស្រុក​អាយ​នេះ គ្មាន​គោ​ណា​លឿន​ស្មើ​ទេ, តែ​ឥឡូវ​នេះ ចិត្ត​ខ្ញុំ​ចង់​បាន​ឆ្កែ​អ្នក​ឯង យក​ទៅ​ដេញ​សត្វ​ឯ​ស្រុក​ខ្ញុំ​ៗ សុំ​ដូរ​ថ្នូរ​គោ​មួយ​នឹម ព្រម​ទាំង​កណ្ដឹង ចង្ក្រង់ ត្រដោក ខ្សែ​ទាម ខ្សែ​ចន្ទោល​គ្រប់​ប្រដាប់ ស្រាប់​តែ​ឡើង​ជិះ​បរ​តែ​ម្ដង, ខ្ញុំ​សុំ​តែ​ខ្លួន​និង​ប្រពន្ធ​ចុះ​ចេញ" ។ អ្នក​រែក​សាច់​ឮ​អ្នក​បរ​រទេះ​ថា "ដូរ​ជា​គោ​មួយ​នឹង​គ្រប់​ប្រដាប់ ស្រាប់​តែ​ឡើង​បរ" ក៏​នឹក​អរ​ក្នុង​ចិត្ត​ណាស់ ដោយ​សារ​រែក​សាច់​វា​ធ្ងន់​ផង ហើយ​ធ្វើ​ជា​មិន​ចង់​ដូរ​ទេ តែ​ក្នុង​ចិត្ត​ដូរ​ណាស់ និយាយ​ថា "ឆ្កែ​ខ្ញុំ​នេះ​ខ្ញុំ​ស្រឡាញ់​ណាស់, ឥឡូវ​អ្នក​មក​សុំ​ដូរ​ពី​ខ្ញុំ​ទៅ ខ្ញុំ​ខំ​កាត់​ចិត្ត​ដូរ​ឲ្យ​អ្នក​ទៅ​ចុះ, ប៉ុន្តែ​អ្នក​ថ្នម​វា​ឲ្យ​ល្អ កុំ​ឲ្យ​វា​អត់​ឃ្លាន ហើយ​អ្នក​យក​សាច់​នេះ ទុក​ឲ្យ​វា​ស៊ី​តាម​ផ្លូវ​ទៅ " ។ ឯ​អ្នក​រែក​សាច់ ឲ្យ​សាច់​ទៅ​អ្នក​នោះ​ល្មម​ខ្លា​ស៊ី​ឆ្អែត ហើយ​យក​សាច់​ដាក់​លើ​រទេះ​បរ​ទៅ ។ អ្នក​ម្ចាស់​រទេះ​គោ​នោះ ក៏​ដឹក​ខ្លា​សំគម​កំបាក់​ជើង​ទេ ទៅ​បន្តិច​ទៅ ឲ្យ​សាច់​ទៅ​ខ្លា​ស៊ី​ជា​រឿយៗ ។ ខ្លា​នោះ​បាន​សាច់​ស៊ី មាន​កម្លាំង ក៏​ក្រាញ​មិន​ចង់​ទៅ ត្រា​តែ​ដាច់​ខ្សែ ហើយ​ដើរ​ចូល​ក្នុង​ព្រៃ​ទៅ, អ្នក​នោះ​ដឹង​ថា​ខ្លា​បោល​ចូល​ទៅ​ក្នុង​ព្រៃ​ហើយ ក៏​រត់​ទៅ​តាម​ចាប់ ហើយ​ហៅ​ថា "បឺសៗ ! អាក្លឹក​មក​ឯ​អាយ" ។ ខ្លា​ឃើញ​មនុស្ស​ទៅ​ជិត បែរ​មក​គំរាម​ធ្វើ​ហ៊ែៗ ហ៊ៗ សន្ធាប់​ឲ្យ​អ្នក​នោះ ។ អ្នក​នោះ ឃើញ​ខ្លា​គំរាម​មុខ​គួរ​ឲ្យ​ខ្លាច​ដូច្នោះ ក៏​ថយ​មក​ក្រោយ​វិញ​ មិន​ហ៊ាន​តាម​ទៅ​ទៀត ប៉ុន្តែ​នឹក​ស្ដាយ មើល​ទៅ​រទេះ​បរ​ទៅ​បាត់ មិន​ដឹង​ជា​ទៅ​ដល់​ណា ។ អ្នក​ម្ចាស់​ខ្លា​បាន​រទេះ​គោ​នោះ​ហើយ ក៏​ម្នីម្នា​ដាក់​អម្រែក​លើ​រទេះ ឡើង​ជិះ​ទាំង​ពីរ​នាក់ បរ​ជា​ប្រញាប់​ទៅ ឲ្យ​តែ​ហួស​ពី​មុខ​ម្ចាស់​រទេះ​នោះ ។ ឯ​អ្នក​ម្ចាស់​រទេះ​ដល់​ខ្លា​បោល​ចូល​ព្រៃ​ទៅ​ហើយ នឹក​ស្ដាយ​ណាស់ មិន​ដឹង​គិត​ធ្វើ​ដូច​ម្ដេច ក៏​បបួល​ប្រពន្ធ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។


យក​ហេះ​ទៅ​ដូរ​ហោះ

រឿង បុរស​ចាក់​ស្មុគ

កាល​ពី​ដើម​ម្នាក់​ចេះ​ចាក់​ស្មុគ ។ បុរស​នោះ ចង់​បាន​ខ្ញុំ​ប្រើ ក៏​ឡើង​ទៅ​ចាក់​ស្មុគ​លើ​ចុង​ត្នោត ហើយ​គិត​តែ​ម្នាក់​ឯង​ថា " បើ​អញ​ចាក់​ស្មុគ​បាន ១ លក់​បាន ១០ សេន, បើ​ចាក់​ស្មុគ​បាន ១០០០ នឹង​លក់​ទៅ​បាន ១០០ រៀល រួច​អញ​លោះ​មនុស្ស​ប្រើ, បើ​ប្រើ​មិន​បាន​ដូច​ចិត្ត អញ​នឹង​ធាក់​វាយ​វា" ។ បុរស​នោះ​មិន​គ្រាន់​តែ​គិត​ក្នុង​ចិត្ត ក៏​យារ​ដៃ​លើក​ទាំង​ជើង ធាក់​ធាង​ត្នោត ក៏​របូត​ខ្លួន​ធ្លាក់​ពី​លើ​ចុង​ត្នោត តែ​បាន​ដៃ​ប្រវា​ចាប់​ស្លឹក​ត្នោត​ជាប់​ទាន់ ក៏​នៅ​តែកតោក​ៗ ដូច​ជា​គេ​ព្យួរ ។ គ្រា​នោះ មាន​ទ្រមាក់​ដំរី​ម្នាក់ ជិះ​ដំរី​មក​ជិត​នោះ ។ បុរស​នោះ​ស្រែក​ថា " បើ​អ្នក​ណា​ជួយ​ដាក់​ខ្ញុំ​ពី​ចុង​ត្នោត​បាន ខ្ញុំ​សុខ​ចិត្ត​ចូល​ទៅ​បម្រើ​លោក​អស់ ១ ជីវិត " ។ ទ្រមាក់​ដំរី​ឮ​ហើយ មាន​ចិត្ត​ត្រេក​អរ បរ​ដំរី​ចូល​ទៅ​ដល់​ក្រោម​ដើម​ត្នោត ឈរ​លើ​ខ្នង​ដំរី​ដៃ​តោង​ជើង​បុរស​នោះ​ជាប់ ដូច​ជា​អង្រួន​ខ្នង​ដំរី​នោះ ដំរី​ក៏​ដើរ​ទៅ ។ ទ្រមាក់​ដំរី​ក៏​ព្យួរ​ជា​មួយ​នឹង​បុរស​នោះ ។ គ្រា​នោះ​មាន​មនុស្ស​ទំពែក​ ៤ នាក់ ដើរ​ស្វែង​រក​មនុស្ស​ទៅ​បម្រើ​ប្រពន្ធ​គ្រប់​គ្នា លុះ​ដើរ​ទៅ​ដល់​ក្រោម​ដើម​ត្នោត​នោះ ទ្រមាក់​ដំរី​និង​បុរស​ចាក់​ស្មុគ​ស្រែក​ថា "បើ​លោក​អ្នក​ណា​ជួយ​ខ្ញុំ​ឲ្យ​បាន​រួច​ពី​ចុង​ត្នោត​នេះ ខ្ញុំ​ទាំង​ពីរ​នាក់ សុខ​ចិត្ត​ទៅ​នៅ​បម្រើ​លោក​អស់​១​ជីវិត ។ ទំពែក​ទាំង ៤ នាក់​នោះ​ឮ​ហើយ​ត្រេក​អរ​ណាស់ គិត​ថា​បាន​ដូច​សេចក្ដី​ប្រាថ្នា ក៏​ស្រែក​ថា " យើង​ទាំង ៤ នាក់​នឹង​ជួយ​អ្នក​ឲ្យ​រួច" ។ ទំពែក​ទាំង ៤ ឈ​ក្រោម​ដើម​ត្នោត យក​សំពត់​ចង​ក​ខ្វែង​ទល់ មុខ​គ្នា​ជា ៤ ជ្រុង ហើយ​ស្រែក​ប្រាប់​ទៅ​បុរស​ចាក់​ស្មុគ និង​ទ្រមាក់​ដំរី​ថា " ចូរ​អ្នក​ទាំង​ពីរ​នាក់​ទម្លាក់​ខ្លួន​ពី​លើ​ចុង​ត្នោត​នោះ​មក​ចុះ ! " ។ បុរស​ចាក់​ស្មុគ​និង​ទ្រមាក់​ដំរី​ទម្លាក់​ខ្លួន​ទាំង​បី​នាក់ មក​លើ​សំពត់​ដែល​បុរស​ទំពែក​ទាំង ៤ នាក់​ចង​នោះ ដូច​ជា​គេ​ទាញ​សំពត់​ជាប់​នឹង​ក​ទំពែក​ទាំង ៤ ជល់​ក្បាល​គ្នា​ស្លាប់​ទាំង​បួន​នាក់​ទៅ ។ ឯ​ទ្រមាក់​ដំរី​និង​បុរស​ចាក់​ស្មុគ ឃើញ​ទំពែក​ទាំង ៤ នាក់​ស្លាប់​ដូច្នោះ ភ័យ​ណាស់ ទៅ​និយាយ​នឹង​យាយ​ចាស់​ម្នាក់​ថា "បើ​និយាយ​គិត​ដូច​ម្ដេច​ឲ្យ​បាន​សុខ យើង​ទាំង​ពីរ​នាក់ នឹង​នៅ​បម្រើ​យាយ ទាល់​អស់​ជីវិត" ។ យាយ​ចាស់ មាន​ចិត្ត​ត្រេក​អរ ដោយ​ប្ដី​ខ្លួន​ទៅ​កាប់​ចម្ការ​ឯ​ព្រៃ ហើយ​និយាយ​ថា " បើ​ដូច្នោះ អ្នក​ទៅ​យក​ខ្មោច​ទាំង ៤ នោះ​មក​ដាក់​ក្នុង​ផ្ទះ ចង​រុំ​ឲ្យ​ស្រេច " រួច​យាយ​ចាស់​ឲ្យ​យក​ខ្មោច ១ ចេញ​ពី​ផ្ទះ​មក គាត់​ស្រែក​យំ ។ អ្នក​ស្រុក​សួរ, គាត់​ប្រាប់​ថា " ប្ដី​គាត់​ស្លាប់" អ្នក​ស្រុក​ក៏​ជួយ​យក​ខ្មោច​នោះ​ទៅ​ដុត, យាយ​ចាស់​ប្រាប់​ថា "សូម​អ្នក​ទាំង​អស់​ដុត​ធ្វើ​ឲ្យ​ល្អ ត្បិត​ប្ដី​ខ្ញុំ​គាត់ ស្រឡាញ់​ខ្ញុំ​ណាស់ កាល​ដែល​គាត់​នៅ​រស់ " ។ លុះ​គេ​យក​ខ្មោច ១ ទៅ​ដុត​ហើយ​យាយ​ចាស់​ស្រែក​ថា " ប្ដី​គាត់​ទៅ​ផ្ទះ​ទៀត​ហើយ " ។ អ្នក​ស្រុក ក៏​ទៅ​យក​មក​ដុត​ទៀត ។ លុះ​ដុត​ទៅ​គម្រប់ ៤ លើក ទើប​ឃើញ​តា​ចាស់​ប្ដី​យាយ​នោះ​ចេញ​មក​ពី​ព្រៃ​ចម្ការ មាន​ខ្លួន​នោះ​ប្រឡាក់​សុទ្ធ​តែ​ធ្យូង ពួក​អ្នក​ស្រុក​ឃើញ ក៏​នាំ​គ្នា​ដេញ​ចាប់​តា​ចាស់​នោះ យក​ទៅ​ដុត​ទាំង​រស់​ឲ្យ​ស្លាប់​ទៅ ។


រយោង​ដូច​សម្ល​កំពឹស

រឿង ស្រី​កណ្ដុរ​ល្អោច គឺ​កណ្ដុរ​បំផ្លាញ

កាល​ពី​ដើម មាន​បុរស​ម្នាក់​មាន​ប្រពន្ធ ។ បុរស​នោះ​តែង​ទៅ​កាប់​ចម្ការ​សព្វ​ថ្ងៃ លុះ​កាប់​ចម្ការ​ទៅ​ដល់​ដើម​ជ្រៃ​មួយ ស្ដេច​កណ្ដុរ​ស ដែល​នៅ​នឹង​ដើម​ជ្រៃ​នោះ មាន​សេចក្ដី​ភិត​ភ័យ ហើយ​ហើយ​ទៅ​អង្វរ​បុរស​ដែល​កាប់​ព្រៃ​ធ្វើ​ចម្ការ​នោះ​ថា "សុំ​ឲ្យ​បុរស​ទុក​តែ​ដើម​ជ្រៃ​មួយ​នេះ ខ្ញុំ​នឹង​ឲ្យ​រង្វាន់​ជា​មាស ក្នុង​មួយ​ថ្ងៃ​មួយ​ដុំ" ។ បុរស​នោះ ក៏​ព្រម​ទុក​ដើម​ជ្រៃ​ឲ្យ ។ ស្ដេច​កណ្ដុរ​ស បាន​យក​មាស​មក​ប្រគល់​ឲ្យ​បុរស​នោះ​តែ​រាល់​ថ្ងៃ ។ បុរស​បាន​មាស​ហើយ យក​ទៅ​ប្រគល់​ឲ្យ​ប្រពន្ធ​តែ​រាល់​ថ្ងៃ ។ ប្រពន្ធ​សួរ​ថា " អ្នក​បាន​មាស​ពី​ណា? " ។ ប្ដី​ថា "នាង​កុំ​ចង់​ដឹង​អី ចេះ​តែ​ទុក​ទៅ" ។ ប្រពន្ធ​ថា "បើ​អ្នក​មិន​ប្រាប់​ខ្ញុំ ខ្ញុំ​នឹង​ទៅ​ប្ដឹង​អ្នក​រាជការ​ចៅទៃ ឬ​ទៅ​ទូល​ស្ដេច​ថា អ្នក​លួច​ព្រះរាជ​ទ្រព្យ" ។ បុរស​នោះ ឮ​ប្រពន្ធ​ថា​ដូច្នោះ ក៏​ភ័យ ហើយ​បាន​ថ្លែង​ប្រាប់​ទៅ​ប្រពន្ធ តាម​ដំណើរ​ដែល​បាន​មាស​ពី​ស្ដេច​កណ្ដុរ​ស​នោះ ។ នាង​ប្រពន្ធ​បាន​ដឹង​ដូច្នោះ​ហើយ ក៏​ប្រាប់​ទៅ​ប្ដី​វិញ​ថា " អ្នក​នេះ ហៅ​ពេញ​ជា​ឆោត ចាញ់​ប្រាជ្ញា​សត្វ បើ​អ្នក​កាប់​ដើម​ជ្រៃ​នោះ​ឲ្យ រលំ​ហើយ​ពុះ​បំបែក​យក​មាស​ពី​ក្នុង​ដើម​ជ្រៃ​នោះ នឹង​បាន​ច្រើន ព្រោះ​ស្ដេច​កណ្ដុរ​ស វា​យក​មាស​តែ​ពី​ក្នុង​ដើម​ជ្រៃ​នោះ " ។ បុរស​បាន​ឮ​សំដី​ប្រពន្ធ​ហើយ ក៏​ជឿ លុះ​ព្រឹក​ឡើង ទៅ​កាប់​រលំ​ដើម​ជ្រៃ​នោះ​រលំ​ទៅ ហើយ​ក៏​ពុះ​មើល ពុំ​ឃើញ​មាន​មាស​អ្វី​បន្តិច​សោះ ។ ស្ដេច​កណ្ដុរ​ស​ក៏​រត់​ចោល​ដើម​ជ្រៃ​នោះ​ទៅ ។ វេលា​យប់​ស្ដេច​កណ្ដុរ​ស នាំ​គ្នា​ទៅ​លួច​យក​មាស ពី​ផ្ទះ​បុរស​នោះ​អស់​មក​វិញ ។


ចង់​ស៊ី​កុំ​តាម​ឃ្លាន

រឿង អាឡេវ

កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់​ឈ្មោះ​អ្នក​ង៉េះ ប្រពន្ធ​នាង​ង៉ោះ មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ អាឡេវ ។ កូន​នោះ លុះ​ធំ​ឡើង​អាយុ ៧ ឆ្នាំ ជា​ក្មេង​មាន​ប្រាជ្ញា​ដឹង​ថា​ម្ដាយ​ឪពុក​ល្ងង់ មិន​ចេះ​ធ្វើ​ការ​រក​ស៊ី ជា​អ្នក​ក្រលំបាក វា​ក៏​និយាយ​នឹង​ម្ដាយ ឪពុក​ថា «ម៉ែ​អើយ! ឪ​អើយ! ឥឡូវ​នេះ យើង​គ្មាន​របរ​ធ្វើ​ការ​រក​ស៊ី​អ្វី​នឹង​គេ​បាន​ជា​យើង​ក្រ បើ​ដូច្នេះ ខែ​វស្សា​យើង​ធ្វើ​ស្រែ ខែ​ប្រាំង​យើង​ទៅ​ធ្វើ​ចម្ការ ឯ​ខ្ញុំ​ទៅ​ធ្វើ​ស្រែ​ជា​មួយ​នឹង​ឪ​ឯង បើ​យើង​អត់​ស្លា​ម្លូ​អង្ករ​ម្ហូប​ចំណី​អ្វី សឹម​ខ្ញុំ​មក​រក​យក​ពី​ផ្ទះ​នេះ ទៅ​ស៊ី» ។ អាឡេវ​និង​ឪពុក​ម្ដាយ គិត​គ្នា​ព្រម​ហើយ ក៏​រៀប​ប្រដាប់​ប្រដា​ឡើង​ទៅ​ធ្វើ​ស្រែ ។ លុះ​នៅ​ស្រែ​យូរ​ទៅ អាឡេវ​នឹក​ចង់​ស៊ី​នំ ហើយ​វា​គិត​ថា «បើ​ដូច្នេះ​អញ​នឹង​បញ្ឆោត​ម៉ែ​ឪ​អញ​យក​នំ​ស៊ី» គិត​ហើយ​ប្រាប់​ឪពុក​វា​ថា «ឪ​ៗ! ខ្ញុំ​ទៅ​ផ្ទះ​យក​ស្លា​ម្លូ​មក​ស៊ី» ។ ឪពុក​ក៏​ឲ្យ​កូន​ទៅ​ផ្ទះ ។ អាឡេវ ដើរ​ទៅ​ដល់​កណ្ដាល​ផ្លូវ​បាន​ឃើញ​វត្ត​លោក ក៏​ចូល​ទៅ​ថ្វាយ​បង្គំ​រក​លោក​កោរ​សក់​ឲ្យ, លុះ​កោរ​រួច​ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​លោក​ទៅ ។ លុះ​ទៅ​ដល់​ជិត​ផ្ទះ អាឡេវ មក​សំពត់​ទទូរ​ក្បាល​ហើយ​ធ្វើ​ជា​យំ ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ ។ ឯ​ម្ដាយ​ឃើញ​កូន​យំ​ដូច្នោះ ក៏​សួរ​ទៅ​កូន​ថា «ថ្វី​ក៏​កូន​យំ?» ។ អាឡេវ ធ្វើ​ជា​យំ​ខ្លាំង​ឡើង​ទៀត ។ ម្ដាយ​ឃើញ​កូន​រឹត​តែ​យំ​ខ្លាំង​ឡើង​ដូច្នោះ ក៏​ស្ទុះ​ទៅ​ឱប ហើយ​បើក​សំពត់​អំពី​ក្បាល​កូន​ចេញ ឃើញ​ក្បាល​កោរ​រលីង រឹត​តែ​សង្ស័យ ហើយ​សួរ​ទៀត​ថា «ហេតុ​អ្វី​ ក៏​បាន​ជា​កោរ​សក់​ហើយ​យំ​ដូច្នេះ?» ។ អាឡេវ​ប្រាប់​ម្ដាយ​ថា «ឪ​គាត់​ស្លាប់​ហើយ!» ។ នាង​ង៉ោះ លុះ​ឮ​កូន​ថា​ដូច្នោះ ក៏​គក់​ទ្រូង​ស្រែក​ទួញ​យំ​អាឡោះ​អាល័យ រៀប​រាប់​ពី​កាល​ចាប់​ដៃ​គ្នា​បាន​ជា​ប្ដី​ប្រពន្ធ​រៀង​រាប​ដរាប​មក ។ អាឡេវ ឃើញ​ម្ដាយ​យំ​សង្រេង​សង្រៃ​ដូច្នោះ ក៏​អង្វរ​លួង​លោម​ម្ដាយ​ថា «អ្នក​ម៉ែ​អើយ! អ្នក​កុំ​យំ! បើ​អ្នក​ចេះ​តែ​យំ តើ​ធ្វើ​ដូច​ម្ដេច​នឹង​បាន​ធ្វើ​បុណ្យ​ទាន​បញ្ជូន​ទៅ​ឲ្យ​ឪ!» ។ នាង​ង៉ោះ​ជា​ម្ដាយ ឮ​អាឡេវ​ឃាត់​មិន​ឲ្យ​យំ ហើយ​សួរ​ទៅ​អាឡេវ​ថា «បាន​រៀប​បញ្ចុះ​ខ្មោច​ឪ​ឯង​រួច​ហើយ​ឬ​នៅ?» ។ អាឡេវ​ប្រាប់​ម្ដាយ​ថា «ខ្ញុំ​បាន​ពឹង​អ្នក​ស្រុក ឲ្យ​គេ​ជួយ​រៀប​បញ្ចុះ​ខ្មោច​ឪ​រួច​ល្អ​ល្អិត​ហើយ» ។ នាង​ង៉ោះ​ឮ​កូន​ថា​ដូច្នោះ ក៏​ម្នីម្នា​រៀប​ធ្វើ​អន្សម​នំ​គម​ចំណី​ចំណុក ហើយ​និយាយ​នឹង​អាឡេវ​ថា «កូន​អើយ! ឯង​យក​នំ​ចំណី​នេះ ទៅ​ធ្វើ​បុណ្យ​​ឲ្យ​ឪ​ឯង​ចុះ! អញ​មិន​ទៅ​ទេ, បើ​អញ​ទៅ​ឃើញ​ស្រែ​ដែល​ឪ​ឯង​ធ្វើ កន្លែង​ដែល​ឪ​ឯង​ទៅ និង​ផ្នូរ​ខ្មោច​ឪ​ឯង​នោះ ម្ដាយ​រឹត​ជា​កើត​ទុក្ខ​ច្រើន​ឡើង​ទៀត បើ​ដូច្នោះ ឯង​ទៅ​ចុះ» ។ អាឡេវ​ឮ​ម្ដាយ​ថា​ដូច្នោះ ក៏​នឹក​អរ​ក្នុង​ចិត្ត​ណាស់ ត្បិត​ត្រូវ​នឹង​គំនិត​ខ្លួន​ដែល​កុហក​ម្ដាយ​នោះ ហើយ​ក៏​ម្នីម្នា​រៀប​សង្រែក រួច​ហើយ​ក៏​រែក​ទៅ លុះ​ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ ដាក់​អម្រែក​ពី​លើ​ស្មា ហើយ​អង្គុយ​ស៊ី​នំ​និង​ចំណី​ចំណុក​លុះ​ត្រា​តែ​ឆ្អែត នៅ​សល់​ខ្លះ អាឡេវ​រៀប​ទុក​យក​ទៅ​ផ្ញើ​ឪ​វា ។ លុះ​ទៅ​ដល់​ជិត​ខ្ទម​ឪ​វា​ៗ ធ្វើ​ជា​យំ​ទៀត ។ អ្នក​ង៉េះ​ជា​ឪពុក​ ឃើញ​កូន​យំ ហើយ​សក់​ទើប​នឹង​កោរ​ថ្មីៗ ដូច្នេះ ក៏​សួរ​ទៅ​ថា «កូន​អើយ! ថ្វី​ក៏​ឯង​យំ ហើយ​កោរ​ទាំង​សក់​ក្បាល​ដូច្នេះ» ។ អាឡេវ​ប្រាប់​ឪពុក​ថា «ឪ​អើយ! ឥឡូវ​នេះ ម៉ែ​គាត់​ស្លាប់​ទៅ​ហើយ បាន​ជា​ខ្ញុំ​កោរសក់, អស់​បង​ប្អូន​គេ​រៀប​ធ្វើ​បុណ្យ​ឲ្យ​ម៉ែ បាន​ជា​មាន​ទាំង​នំ ឥឡូវ​នេះ ខ្ញុំ​យក​មក​ផ្ញើ​ឪ​ពិសា!» ។ ឯ​ឪពុក​ជា​មនុស្ស​ឆោត​ល្ងង់​ណាស់ ឮ​កូន​ប្រាប់​ដូច្នោះ ក៏​យំ​អាណិត​ប្រពន្ធ ហើយ​ក៏​និយាយ​នឹង​អាឡេវ​ថា «កូន​អើយ! អំពី​ថ្ងៃ​នេះ​ទៅ ឪពុក​លែង​ទៅ​ទន្លេ​ទៀត​ហើយ» ។ អាឡេវ​ឮ​ថា​ឪពុក​លែង​ទៅ​ស្រុក​ដូច្នោះ ក៏​នឹក​អរ​ក្នុង​ចិត្ត​ណាស់ ព្រោះ​ត្រូវ​នឹង​គំនិត​ខ្លួន​គិត ។

លុះ​យូរ​បន្តិច​ទៅ អាឡេវ​និយាយ​នឹង​អ្នក​ង៉េះ​ជា​ឪពុក​ថា «ឪ​អើយ! ឥឡូវ​នេះ ឪ​នៅ​តែ​ពីរ​នាក់​នឹង​ខ្ញុំ ដូច​សព្វ​ថ្ងៃ​នេះ លំបាក​ណាស់, គ្មាន​អ្នក​ណា​នឹង​ដណ្ដាំ​បាយ​ស៊ី គ្មាន​អ្នក​ណា​នឹង​ដេរ​សំពត់​អាវ​ស្លៀក​ដណ្ដប់, បើ​ដូច្នោះ ឪ​ឯង​រក​ដណ្ដឹង​ប្រពន្ធ​យក​មក គ្រាន់​នឹង​ដាំ​បាយ ដង​ទឹក បុក​ស្រូវ ទើប​យើង​មិន​សូវ​នឿយ​ហត់​ដូច​សព្វ​ថ្ងៃ​ពេក» ។ អ្នក​ង៉េះ​ជា​ឪពុក ឆ្លើយ​ឡើង​ថា «កូន​អើយ! ម្ដាយ​ឯង​ស្លាប់​ទៅ ពុំ​ទាន់​បាន​មួយ​ខែ​ទេ, ឥឡូវ​នេះ ឯង​ឲ្យ​ឪ​យក​ប្រពន្ធ​ទៀត កូន​មិន​អាណិត​ម៉ែ​ឯង​ទេ? ឬ​មួយ​ទៀត​ឪ​ខ្មាស​គេ ក្រែង​គេ​ថា​ប្រពន្ធ​ស្លាប់​ពុំ​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ ប្ដី​គិត​រក​ប្រពន្ធ​ថ្មី ឪ​ខ្មាស​គេ​ណាស់​មិន​យក​ប្រពន្ធ​ទៀត​ទេ» ។ អាឡេវ​ចេះ​តែ​អង្វរ​ឪពុក​តែ​សព្វ​ថ្ងៃ ។ ថ្ងៃ​មួយ​អាឡេវ​ឃើញ​ឪពុក​មក​ពី​ស្រែ​នឿយ​ហត់​ណាស់ វា​ក៏​និយាយ​ថា «ឪ​អើយ! ឥឡូវ​នេះ ឪ​ឯង​នឿយ​ណាស់ ព្រោះ​គ្មាន​ប្រពន្ធ​នឹង​ជួយ​កម្លាំង មួយ​ទៀត ពាក្យ​បុរាណ​លោក​ថា មនុស្ស​គ្មាន​ប្រពន្ធ​ដូច​ជា​ឪ​ឯង​នេះ បើ​ទៅ​ធ្វើ​ការ​ឯ​ព្រៃ បាត់​ការ​ឯ​ផ្ទះ ធ្វើ​ការ​ផ្ទះ បាត់​ការ​ឯ​ព្រៃ, ធ្វើ​ដូច​ម្ដេច នឹង​បាន​ប្រាក់​ចាយ​បាយ​ស៊ី​នឹង​គេ ហើយ​ខ្លួន​ក៏​នឿយ​ណាស់​ផង» ។ អ្នក​ង៉េះ​ឮ​កូន​អង្វរ​ដូច្នោះ ក៏​សួរ​ទៅ​ថា «បាន​នរណា​គេ​ទៅ​ដណ្ដឹង​ប្រពន្ធ​ឲ្យ​ឪ? ។ អាឡេវ​ឆ្លើយ​ឡើង​ថា «ឪ​កុំ​ព្រួយ សឹម​ខ្ញុំ​ទៅ​រក​ដណ្ដឹង​ជូន ឪ​នៅ​ចាំ​តែ​រៀប​របស់​នឹង​ទៅ​ការ​ចុះ» ។ អ្នក​ង៉េះ​ជា​ឪពុក​ឮ​កូន​ថា ដូច្នោះ ក៏​ថា «តាម​តែ​កូន​គិត​ចុះ!» ។ អាឡេវ​ឮ​ឪពុក​ព្រម​ដូច្នោះ​ហើយ ក៏​រៀប​ខ្លួន​ម្នីម្នា​ទៅ​ផ្ទះ​នាង​ង៉ោះ​ជា​ម្ដាយ នៅ​បាន​ពីរ​បី​ថ្ងៃ ទើប​វា​និយាយ​នឹង​នាង​ង៉ោះ​ជា​ម្ដាយ​ថា «ម៉ែ​អើយ! យើង​នៅ​តែ​ពីរ​នាក់, ខ្ញុំ​ក៏​ក្មេង មិន​ចេះ​រក​ស៊ី​ធ្វើ​ការ ម៉ែ​ជា​ស្រី​ហើយ​មេ​ម៉ាយ​ផង ឥឡូវ​មាន​គេ​ចង់​បាន​ម៉ែ​ៗ យក​ប្ដី​ទៅ គ្រាន់​គេ​នឹង​ចិញ្ចឹម សោះ​អត់​ឃ្លាន, យើង​ក៏​មិន​សូវ​លំបាក» ។ ឯ​នាង​ង៉ោះ​ឮ​អាឡេវ​ជា​កូន​ថា​ដូច្នោះ ក៏​ឆ្លើយ​ថា «កូន​អើយ! ឪ​ឯង​ទើប​តែង​នឹង​ស្លាប់​បាន ៥-៦ ថ្ងៃ ឥឡូវ​នេះ កូន​ឲ្យ​ម្ដាយ​យក​ប្ដី​ទៀត​ដូច្នេះ មិន​ត្រូវ​ទេ អ្នក​ផង​គេ​នឹង​សើច​តិះ​ដៀល​និន្ទា​ថា «ស្រី​ចើក​អាស ប្ដី​ស្លាប់​ពុំ​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ ចង់​បាន​ប្ដី​ទៀត» ។ អាឡេវ​ឮ​ម្ដាយ​ថា​ដូច្នោះ ក៏​ឆ្លើយ​ឡើង​ថា «ម៉ែ​អើយ! បើ​ទុក​ជា​ម៉ែ​ខ្លាច​ពាក្យ​អ្នក​ផង​គេ​និន្ទា​ដូច្នោះ គេ​ក៏​មិន​បាន​មក​រក​ចិញ្ចឹម​យើង​ដែរ គេ​បាន​ប្រាក់​កាស គេ​មិន​ឲ្យ​ចាយ​ទេ កាល​ខ្ញុំ​នៅ​ឯ​ស្រែ មាន​ប្រុស​ម្នាក់ មុខ​មាត់​ខ្លួន​ប្រាណ​ដូច​ខ្មោច​ឪ ហើយ​គាត់​ស្រឡាញ់​ខ្ញុំ​ដូច​ជា​កូន​គាត់ សួរ​ខ្ញុំ​ថា «ឯង​មាន​ម៉ែ​ឪ​ដែរ​ឬ​ទេ? ខ្ញុំ​ប្រាប់​គាត់​ថា «គ្មាន​ឪ​ទេ មាន​តែ​ម៉ែ ហើយ​គាត់​និយាយ​នឹង​ខ្ញុំ​ថា «ចង់​បាន​ម៉ែ​ជា​ប្រពន្ធ តើ​ម៉ែ​ឯង​ព្រម​ដូច​ម្ដេច?» បើ​ម៉ែ​ព្រម​គាត់​នឹង​រៀប​រណ្ដាប់​មក​ចែចូវ មាន​អ្នក​ផ្លូវ​ចៅ​មហា មាន​ខាន់​ស្លា​ក្រយា​សំពេះ តាម​ច្បាប់​សណ្ដាប់​ប្រពៃ​ណី​ពី​បុរាណ​មក, បើ​ម៉ែ​មិន​ព្រម ខ្ញុំ​ក៏​មិន​ដឹង​ដែរ តាម​តែ​ម៉ែ​គិត ធ្វើ​ការ​រក​ស៊ី​ចុះ» ។ នាង​ង៉ោះ​ជា​ម្ដាយ ឮ​កូន​និយាយ​អង្វរ​ផ្ទញ់​ផ្ទាល់​ដូច្នោះ ក៏​ឆ្លើយ​តប​ទៅ​វិញ​ថា «តាម​តែ​កូន​គិត​ចុះ» ។ អាឡេវ ឮ​ម្ដាយ​ថា​តាម​តែ​ចិត្ត​ដូច្នោះ ក៏​អរ​ណាស់​គិត​ថា​«ពេល​នេះ អញ​បាន​នំ​ស៊ី​ទៀត​ហើយ» ហើយ​ក៏​រៀប​ចំ​ផ្ទះ​សម្បែង​រួច​ប្រាប់​នាង​ង៉ោះ​ជា​ម្ដាយ​ថា «ត្បិត​គេ​ចង់​រៀប​ការ​ឆាប់ៗ ខ្ញុំ​លា​ម៉ែ​ទៅ​ស្រែ​ ដើម្បី​រក​មាន់​ទា​បន្លែ​បង្ការ ហើយ​នឹង​ប្រាប់​អ្នក​ដែល​ចង់​បាន​ម៉ែ​ជា​ប្រពន្ធ​នោះ​ផង ដើម្បី​ឲ្យ​គេ​រក​រណ្ដាប់​រៀប​ការ» ។ អាឡេវ ក៏​ម្នីម្នា​រៀប​ខ្លួន​ទៅ​ស្រែ ទៅ​ដល់​ហើយ ក៏​និយាយ​ប្រាប់​អ្នក​ង៉េះ​ជា​ឪពុក​ថា «ឪ​អើយ! ខ្ញុំ​ទៅ​រក​ប្រពន្ធ​ឲ្យ​ឪ​បាន​ហើយ នាង​នោះ​មុខ​មាត់​សំដី​សំដៅ​កម្ពស់កំព​សម្បុរ​សំបក​ដូច​ម៉ែ​បេះ​បិទ ឥឡូវ​ខ្ញុំ​ឲ្យ​គាត់​នៅ​លើ​ផ្ទះ​យើង​ហើយ បើ​ដូច្នេះ​ឪ​រៀប​រណ្ដាប់​ទៅ​ការ​ឲ្យ​ឆាប់» ។ អ្នក​ង៉េះ​ឮ​អាឡេវ​ប្រាប់​ថា​គេ​ឲ្យ​រៀប​ការ​ជា​ឆាប់​ដូច្នោះ ក៏​ម្នីម្នា​ពឹង​អ្នក​ស្រុក​ជិត​ខាង​ ឲ្យ​ជួយ​ធ្វើ​នំ​នែក​ចំណី​ចំណុក ហើយ​ខ្លួន​គាត់​ទៅ​រក​ទិញ​មាន់​ទា បន្លែ​បង្ការ​បាន​សព្វ​គ្រប់​មុខ ។ ឯ​អាឡេវ​ចេះ​តែ​ស៊ី​នំ​រាល់​ថ្ងៃ ហើយ​និយាយ​នឹង​ឪពុក​ថា ប្រពន្ធ​ដែល​ខ្ញុំ​ដណ្ដឹង​ឲ្យ​នោះ មេបា​បើក​ឲ្យ​រៀប​ការ​តែ​យប់ បើ​មិន​ព្រម​ដូច្នោះ មេបា​មិន​បើក​ឲ្យ​ការ​ទេ» ។ អ្នក​ង៉េះ​ឮ​អាឡេវ​ថា​ដូច្នោះ ហេតុ​តែ​ជា​មនុស្ស​ឆោត​ល្ងង់ តាម​តែ​ពាក្យ​អាឡេវ​បង្គាប់​ដូច​ម្ដេច ក៏​តាម​ទាំង​អស់ ទើប​រក​វេលា​ទៅ​រៀប​ការ​ឲ្យ​តែ​វេលា​យប់ ។ ពេល​ល្ងាច អ្នក​ង៉េះ​ក៏​ពឹង​អស់​បង​ប្អូន ដែល​នៅ​ជិត​ខាង ឲ្យ​ជួយ​ជញ្ជូន​អស់​បណ្ណាការ នាំ​ទៅ​រៀប​មង្គល​ការ ។ លុះ​ទៅ​ដល់​កន្លែង​ការ​ក៏​រៀប​ដណ្ដាំ​បាយ​ស្ល​ស្លុក អ្នក​ខ្លះ​ក៏​រៀប​ផ្លែ​ឈើ​ចំណី​ចំណុក​ទៅ​ជូន​មេបា​តាម​ទំនៀម ។ នាង​ង៉ោះ​ពឹង​អស់​បង​ប្អូន មក​រៀប​បណ្ណាការ​ទទួល​តាម​ច្បាប់ ។ ឯ​អាឡេវ គិត​តែ​ស៊ី​នំ​ឲ្យ​ឆ្អែត ។ នាង​ង៉ោះ​ឮ​មាត់​អ្នក​ង៉េះ នឹក​ឆ្ងល់​ក្នុង​ចិត្ត​ថា «មាត់​និយាយ​នោះ ដូច​ជា​សំឡេង​អ្នក​ង៉េះ​ប្តី​អញ» ។ អ្នក​ង៉េះ​ឮ​មាត់​នាង​ង៉ោះ​ក៏​ឆ្ងល់​ក្នុង​ចិត្ត​ថា «សំឡេង​និយាយ​នោះ ដូច​ជា​សំឡេង​នាង​ង៉ោះ​ប្រពន្ធ​អញ» ។ អ្នក​ង៉េះ​សង្ស័យ​ណាស់ ក៏​ឡើង​ទៅ​លើ​ផ្ទះ ឃើញ​នាង​ង៉ោះ​ក៏​ថា «នាង​នេះ​ដូច​ជា​នាង​ង៉ោះ​ប្រពន្ធ​អញ » ។ ឯ​នាង​ង៉ោះ​ថា «អ្នក​នេះ ដូច​ជា​អ្នក​ង៉េះ​ប្តី​អញ» ។ អស់​បង​ប្អូន​អ្នក​ស្រុក​គេ​ថា «អ្នក​ង៉េះ​ហើយ​ ថា​មិន​អ្នក​ង៉េះ នាង​ង៉ោះ​ហើយ​ថា​មិន​នាង​ង៉ោះ » ។ លុះ​អ្នក​ង៉េះ​និង​នាង​ង៉ោះ ឃើញ​គ្នា​ជាក់​មែន​ទែន​ហើយ ទើប​ដឹង​ថា​អាឡេវ​វា​បញ្ឆោត​ ក៏​អៀន​រត់​ទៅ​ដោយ​ខ្លួន​ទីទៃៗ ។ អាឡេវ​ដឹង​ថា​ម្ដាយ​ឪពុក​ដឹង​ដូច្នោះ ក៏​វេះ​ពួន លុះ​ព្រឹក​ឡើង អាឡេវ​រត់​ទៅ​នៅ​វត្ត ធ្វើ​ជា​កូន​សិស្ស​លោក ។ ឯ​អ្នក​ង៉េះ​និង​នាង​ង៉ោះ ក៏​នៅ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ដូច​ដើម​ទៅ ។ អាឡេវ​នៅ​រៀន​អក្សរ នឹង​លោក​គ្រូ​សង្គ្រាជ ។ លុះ​នៅ​យូរ​ទៅ អាឡេវ​គិត​ថា «អញ​នឹង​បញ្ឆោត​លោក​សង្ឃ​ណា​ដែល​មាន​ប្រាក់​ច្រើន យក​ទៅ​ឲ្យ​ម៉ែ​ឪ​អញ» ។ អាឡេវ​គិត​ដូច្នោះ​ហើយ​ក៏​ទៅ​និយាយ​នឹង​លោក​ភិក្ខុ​កំលោះ​មួយ​អង្គ ដែល​មាន​ប្រាក់​ច្រើន​ថា «មាន​ស្រី​ម្នាក់​ស្រឡាញ់​លោក​គ្រូ ស្រី​នោះ​ក្រមុំ​ល្អ​ល្អាច់​ណាស់» ។ លោក​ឮ​អាឡេវ​ថា​ដូច្នោះ​អរ​ចង់​បាន ហើយ​និយាយ​នឹង​អាឡេវ​ថា «បើ​ប្រាកដ​ដូច​ឯង​ថា​មែន អញ​នឹង​ឲ្យ​ប្រាក់​ឯង​មួយ​បាទ» ។ អាឡេវ​ថា «ចាំ​ដល់​ពេល​យប់​ងងឹត លោក​គ្រូ​ទៅ​ចាំ​នៅ​កន្លែង​នោះ ខ្ញុំ​ករុណា​នឹង​នាំ​ស្រី​នោះ​មក» ហើយ​វា​លា​លោក​ចុះ​ពី​លើ​កុដិ ដើរ​តម្រង់​ទៅ​ផ្ទះ​ចិន គិត​ទៅ​និយាយ​បញ្ឆោត​ចិន​ទៀត លុះ​ទៅ​ដល់​ហើយ ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ និយាយ​នឹង​ចិន​ថា «ចិក ៗ! ចង់​បាន​ស្រី​ក្រមុំ​ល្អ​ដែរ​ឬ​ទេ?» ។ ចិន​ឆ្លើយ​ថា «អើ​អញ​ចង់​បាន» ។ អាឡេវ​ថា «បើ​ចិក​ចង់​បាន តើ​ឲ្យ​ប្រាក់​អញ​ប៉ុន្មាន?» ។ ចិន​ថា «អញ​ឲ្យ​មួយ​បាទ» ។ អាឡេវ​ថា «តិច​ណាស់ បើ​ឲ្យ​ពីរ​បាទ​នោះ​អញ​រក​ស្រី​ក្រមុំ​ស​ៗ​ល្អ​ៗ ឲ្យ​ចិក​ឯង» ។ ចិន​ថា «អើ!» ។ អាឡេវ​ថា «បើ​ដូច្នោះ​ចាំ​ពេល​យប់​ងងឹត អញ​នឹង​នាំ​មក​ឲ្យ​ចិក​ឯង» ហើយ​អាឡេវ​ក៏​ត្រឡប់​ទៅ​វត្ត​វិញ​លុះ​ដល់​វេលា​យប់​ងងឹត​មើល​គ្នា​មិន​ស្គាល់ វា​ក៏​នាំ​លោក​នោះ ឲ្យ​ទៅ​អង្គុយ​ចាំ​ក្នុង​រោង​មួយ​ស្ងាត់ ហើយ​វា​និយាយ​ផ្កាំ​លោក​ថា «បើ​ខ្ញុំ​ករុណា​នាំ​ស្រី​នោះ​មក​ដល់ លោក​យក​ចីពរ​ទទូរ​ព្រះកេស​ឲ្យ​ជិត» ។ អាឡេវ​ផ្ដាំ​លោក​នោះ​រួច​ហើយ ក៏​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ចិន ហៅ​ចិន​នោះ​ចេញ​មក ហើយ​និយាយ «ឥឡូវ​អញ​រក​ស្រី​ក្រមុំ ឲ្យ​ចិក​ឯង​បាន​ហើយ» ។ អាឡេវ​វា​ផ្ដាំ​ចិន​ថា «បើ​ចិក​ឯង​ចូល​ទៅ​ដេក​នឹង​ស្រី​នោះ​ ត្រូវ​ទទូរ​ក្បាល​ឲ្យ​ជិត» ទើប​នាំ​ចិក​នោះ​ទៅ​រៀប​រោង​ដែល​លោក​នៅ​ចាំ ហើយ​វា​ខ្សឹប​ប្រាប់​ចិន​ថា «ស្រី​នៅ​ក្នុង​នេះ​ហើយ ឲ្យ​ប្រាក់​មក​» ។ ចិន​មើល​ទៅ​ក្នុង​រោង​ឃើញ​លោក​អង្គុយ​ទទូរ​ចីពរ​នៅ​នោះ គិត​ស្មាន​ថា​ជា​ស្រី​មែន ក៏​ឲ្យ​ប្រាក់​ទៅ​អាឡេវ ។ អា​ឡេវ​បាន​ប្រាក់​ហើយ ក៏​វេះ​ជា​ប្រញាប់​ត្រឡប់​ទៅ​វត្ត​វិញ ។ លុះ​ចិន​និង​លោក​បាន​ជួប​គ្នា​ហើយ ចិន​គិត​ថា «លោក​ជា​ស្រី» លោក​ក៏​គិត​ថា ចិន​ជា​ស្រី​ក៏​ប្រចាប់​គ្នា​ផ្ដួល ដោយ​លោក​អត់​ចង្ហាន់​ល្ងាច​មិន​មាន​កម្លាំង​ក៏​ដួល​ដេក​ទៅ ។ ចិន​ពាល់​ត្រូវ​ស្វាស​លោក ក៏​ដឹង​ថា​អាឡេវ​កុហក ។ ទាំង​លោក​ទាំង​ចិន លុះ​ដឹង​ថា​អាឡេវ​បញ្ឆោត​ក៏​អៀន​ទៅ​កុដិ ទៅ​ផ្ទះ​ដោយ​ខ្លួន​ៗ​ទៅ ។ អាឡេវ​នៅ​ចាំ​លោក​ឯ​កុដិ លុះ​លោក​មក​ដល់​កុដិ​ហើយ វា​ក៏​ទារ​ប្រាក់​អំពី​លោក​ៗ​នោះ​ថា «អាឡេវ​ឯង​បញ្ឆោត​អញ ហើយ​ឯង​មក​ទារ​ប្រាក់​ពី​អញ​ទៀត អញ​មិន​ឲ្យ​ឯង​ទេ» ។ អាឡេវ​ថា «បើ​លោក​មិន​ឲ្យ​ប្រាក់​ទេ ខ្ញុំ​ករុណា​នឹង​ទៅ​ពិត​លោក​គ្រូ​ធំ​ថា «លោក​ទៅ​ដេក​នឹង​ស្រី» ហើយ​នឹង​ទៅ​ប្រាប់​អស់​ឧបាសក ទាយក អ្នក​ស្រុក ក្នុង​ភូមិ​ទាំង​អស់​ឲ្យ​គេ​ដឹង​ទៀត បើ​គេ​ដឹង​ហើយ គេ​មិន​ឲ្យ​បាយ​លោក​ឆាន់​ទេ ហើយ​លោក​ក៏​នឹង​ខ្មាស​គេ នៅ​វត្ត​ជា​មួយ​គេ​ពុំ​បាន» មួយ​ទៀត បើ​ខ្ញុំ​ករុណា​ទៅ​ដល់​ក្រុម​សង្ឃការី មុខ​ជា​គេ​មក​ចាប់​លោក​យក​ទៅ​ជំនុំ​ជម្រះ​ពិចារណា តាម​ដំណើរ​ដែល​លោក​ជួល​ខ្ញុំ​ករុណា​ឲ្យ​រក​ស្រី ហើយ​លោក​ថា ឲ្យ​ប្រាក់​ខ្ញុំ​ករុណា​មួយ​បាទ ឥឡូវ​នេះ លោក​បាន​ដេក​នឹង​ស្រី​ហើយ លោក​គេច​ថា មិន​ឲ្យ​វិញ ខ្ញុំ​ករុណា​មិន​លែង​លោក​ទេ! មុខ​ជា​ទៅ​ពិត​លោក​គ្រូ​ធំ​ហើយ» ។ លោក​នោះ ឮ​អាឡេវ​ថា​ដូច្នោះ ក៏​ភិត​ភ័យ​ខ្លាំង​ណាស់ យក​ប្រាក់​មួយ​បាទ​ឲ្យ​ទៅ​អាឡេវ​ជា​ប្រញាប់ ។ អាឡេវ​មិន​ព្រម​ទទួល​យក​វា​ថា «កាល​លោក​និយាយ​នោះ​ថា ឲ្យ​ប្រាក់​មួយ​បាត្រ​ដែល​ឆាន់​បាយ​សព្វ​ថ្ងៃ ឥឡូវ ត្រូវ​លោក​យក​ប្រាក់​វាល់​ពេញ​បាត្រ​ទើប​ខ្ញុំ​ករុណា​ទទួល​យក» បើ​លោក​មិន​រក​ឲ្យ​ទេ នឹង​ទៅ​ពិត​លោក​គ្រូ​ធំ​ថា លោក​ទៅ​ដេក​និង​ស្រី​ពី​យប់​មិញ​.. លោក​គ្រូ​ធំ​ជ្រាប​ហើយ នឹង​ចាប់​លោក​យក​ទៅ​វាយ​បណ្ដេញ​មិន​ឲ្យ​នៅ​ក្នុង​វត្ត​មួយ​ទៀត ខ្ញុំ​ករុណា​នឹង​ទៅ​ប្ដឹង​លោក​ឧកញ៉ា​ព្រះ​ស្ដេច​ជា​ធំ​ក្នុង​ក្រុម​សង្ឃការី ឲ្យ​មក​ចាប់​យក​ទៅ ពួក​សង្ឃ​ការី​នឹង​យក​សំពត់​បោក​ក្បាល​លោក​ផ្សឹក​ចេញ​ពី​សង្ឃ​ហើយ​ដាក់​ជា​ពលរាជនិមន្ត ពុំ​នោះ​សោត​គេ​នឹង​ដាក់​ជា​ពល​បោច​ស្មៅ​ដំរី» ។ លោក​ឮ​អាឡេវ​ថា​ដូច្នោះ ក៏​ភ័យ​ណាស់​អង្វរ​ថា «ចាំ​រក​ប្រាក់​ឲ្យ​កុំ​ទៅ​ពិត​លោក​គ្រូ​ធំ! និង​ទៅ​ប្ដឹង​ក្រុម​សង្ឃការី​ឡើយ» ហើយ​ខំ​រក​ប្រាក់​លក់​ទាំង​ស្បង់​ចីពរ​ផ្សែ​ផ្សំ​ឲ្យ​អាឡេវ ។ អាឡេវ​ឃើញ​លោក​លក់​ស្បង់​ចីពរ​ផ្សែ​ផ្សំ​ប្រាក់​ឲ្យ​ដូច្នោះ ក៏​និយាយ​នឹង​លោក​ថា «ណ្ហើយ​ចុះ! លោក​រក​ប្រាក់​ឲ្យ​ខ្ញុំ​ករុណា​ល្មម​តែ​ស្ពាយ​ទៅ​ផ្ទះ​រួច​បាន​ហើយ» ។ លោក​ឮ​អាឡេវ​ថា​ដូច្នោះ ក៏​មាន​ចិត្ត​ត្រេក​អរ​ណាស់ រៀប​វេច​ប្រាក់​រួច​សម្ពាយ​ឲ្យ​អាឡេវ ហើយ​និយាយ​អង្វរ​ថា «កុំ​ឲ្យ​និយាយ​ប្រាប់​ឲ្យ​គេ​ដឹង, ដឹង​អាណិត​យក​តែ​បុណ្យ​ទៅ​ចុះ» ។ អាឡេវ​ថា «លោក​កុំ​ព្រួយ​ព្រះទ័យ ខ្ញុំ​ករុណា​មិន​ប្រាប់​គេ​ទេ» ហើយ​ទទួល​យក​ប្រាក់​ពី​លោក​ដើរ​ទៅ​ផ្ទះ ។

លុះ​ទៅ​ដល់​ផ្ទះ​ជួប​នឹង​ម្ដាយ អាឡេវ​ក៏​ស្រែក​ប្រាប់​ម្ដាយ​ថា «ម៉ែ​ដេរ​ថង់​ៗ» ។ នាង​ងោះ​ឮ​ហើយ​សួរ​ទៅ​ថា «ដេរ​ធ្វើ​អ្វី?» ។ អាឡេវ​បង្ហាញ​ប្រាក់​ដែល​ស្ពាយ ។ នាង​ង៉ោះ​ជា​ម្ដាយ​ឃើញ​អាឡេវ​បាន​ប្រាក់​មួយ​សម្ពាយ​ដូច្នោះ ក៏​ស្ទះ​ទៅ​ប្រាប់​អ្នក​ង៉េះ​ជា​ប្ដី ។ អ្នក​ង៉េះ​មក​ឃើញ​អាឡេវ​បាន​ប្រាក់​មួយ​សម្ពាយ ក៏​បាត់​ខឹង​នឹង​អាឡេវ​ដែល​បញ្ឆោត​អំពី​មុន​នោះ អរ​នឹង​អាឡេវ​ទាំង​ម្ដាយ​ឪពុក ហើយ​អ្នក​ង៉េះ​សួរ​ទៅ​អាឡេវ​ថា «កូន​បាន​ប្រាក់​នេះ​ពី​ណា! កូន​ធ្វើ​ម្ដេច​បាន​ជា​បាន? ។ អាឡេវ​ប្រាប់​ឪពុក​វា​ថា «ក្រអី​សព្វ​បើ​ប្រាក់​ គ្រាន់​តែ​បង្ហាញ​កេរ្តិ៍​ខ្មាស​ឲ្យ​អ្នក​ផ្សា​មើល​គ្រប់​គ្នា ខ្លះ​គេ​ឲ្យ​មួយ​បាទ ខ្លះ​ពីរ​បាទ តែ​រាល់​គ្នា​ដូច្នេះ​ទៅ ក៏​បាន​ច្រើន​ហើយ បើ​ឪ​ចង់​បាន​ប្រាក់​ច្រើន​ទៅ​បង្ហាញ​កេរ្តិ៍​ខ្មាស​ឲ្យ​អ្នក​ផ្សារ​មើល​ម្ដង​ម្នាក់​ទៅ ឪ​យក​ប្រាក់​មិន​អស់» ។ អ្នក​ង៉េះ​ជា​ឪពុក​ឮ​អាឡេវ​ថា​ដូច្នោះ​ហើយ ហេតុ​តែ​ជា​មនុស្ស​ឆោត​ល្ងង់​ក៏​ទៅ​ធ្វើ​តាម​ពាក្យ​អាឡេវ លុះ​ទៅដល់​ផ្សារ ក៏​ឈរ​នៅ​មាត់​ទ្វារ​ផ្ទះ​គេ ហើយ​ស្រាត​ខោ​បង្ហាញ​កេរ្តិ៍​ខ្មាស ។ អ្នក​ផ្ទះ​ឃើញ​ដូច្នោះ ក៏​អៀន​ខ្មាស​បបួល​គ្នា​ដេញ​វាយ ។ អ្នក​ង៉េះ​ចេញ​ពី​ផ្ទះ​មួយ​ចូល​ចូល​ទៅ​ផ្ទះ​មួយ​ទៀត ហើយ​បង្ហាញ​កេរ្តិ៍​ខ្មាស​គេ គេ​ដេញ​វាយ​ស្ទើរ​តែ​នឹង​ស្លាប់ អ្នក​ង៉េះ​ភ័យ​ក៏​រត់​ទៅ​ផ្ទះ ។ ឯ​អាឡេវ​ចាំ​មើល​ឪពុក​ពាក់​កណ្ដាល​ផ្លូវ ឃើញ​ឪពុក​រត់​មក​ពី​ផ្សារ ហើយ​ជួន​ជា​មាន​ជ្វា​ស្ពាយ​ទំនិញ​ព្រែ ហូល​ប្រអប់​ប្រាក់ មាស ជា​ច្រើន​មក​អំពី​ចម្ងាយ ក៏​ប្រាប់​ទៅ​អ្នក​ក៏​ប្រាប់​ទៅ​អ្នក​ង៉េះ​ជា​ឪពុក​ថា «ហ្ន​ឪ! អ្នក​ផ្សារ​គេ​តាម​មក​វាយ​ឪ​ហើយ បើ​ដូច្នោះ​ឪ​រត់​កាត់​វាល​នេះ​ទៅ​ទើប​រួច​ខ្លួន» ។ អ្នក​ង៉េះ​ឮ​កូន​ប្រាប់​ដូច្នោះ ក៏​ក្រឡេក​មើល​ទៅ​ឃើញ​មនុស្ស​ដើរ​អំពី​ចម្ងាយ​តម្រង់​មក​មែន គាត់​គិត​ស្មាន​ថា​ជា​អ្នក​ផ្សារ​គេ​តាម​មក​វាយ​ទៀត​ភ័យ​ដែល​ស្ពាយ​ទំនិញ នោះ ក៏​មក​ដល់ ។ អាឡេវ​គិត​បញ្ឆោត​ជ្វា​នោះ​ទៀត​ វា​និយាយ​ប្រាប់​ថា «បង​ធម​អើយ! មាន​គេ​ដេញ​ក្ដាន់​បាក់​ជើង​ម្ខាង ប៉ុន្តែ​អ្នក​ដេញ​នោះ តែ​ម្នាក់​ឯង​នឹង​ស្ទាក់​ចាប់​ពុំ​បាន​ បើ​ដូច្នោះ បង​ធម​ឯង​រត់​ទៅ​ជួយ​ចាប់ បើ​បាន​នឹង​យក​មក​ចែក​គ្នា​ស្ល​ស៊ី» ។ ជ្វា​ឮ​អាឡេវ​ប្រាប់​ដូច្នោះ ក៏​ក្រឡេក​មើល​ទៅ​តាម​ពាក្យ​អាឡេវ​ឃើញ​មនុស្ស​រត់ គិត​ស្មាន​ថា​ជា​មនុស្ស​ដេញ​ក្ដាន់​មែន ក៏​យក​សម្ពាយ​ផ្ញើ​ទុក​នឹង​អាឡេវ​ទាំង​អស់ ហើយ​បបួល​គ្នា​រត់​ទៅ​តាម​អ្នក​ង៉េះៗ រត់​បណ្ដើរ​ក្រឡេក​មើល​មក​ក្រោយ​បណ្ដើរ ឃើញ​ជ្វា​រត់​តាម​ក្រោយ គិត​ស្មាន​ថា​ជា​គេ​ដេញ​ចាប់​ខ្លួន​ក៏​ប្រឹង​រត់​ទៅ​ទៀត ។ ឯ​អាឡេវ​បាន​សម្ពាយ​ទ្រព្យ​របស់​ជ្វា​ហើយ ក៏​ជញ្ជូន​យក​ទៅ​លាក់​ទុក​ឲ្យ​ម៉ែ​វា ហើយ​វា​វេះ​រត់​អំពី​ទី​នោះ​ទៅ​ទៀត ។ ឯ​ជ្វា​ដល់​ដឹង​ថា​អាឡេវ​បញ្ឆោត​ដូច្នោះ ក៏​ត្រឡប់​មក​វិញ​រក​សម្ពាយ​ទំនិញ​និង​អាឡេវ​ពុំ​ឃើញ នឹក​ស្ដាយ​របស់​ណាស់ នឹង​រក​ចាប់​អ្នក​ឯណា​ពុំ​បាន ក៏​ខំ​ដើរ​ទៅ​រក​អាឡេវ ។

សូម​ស្លេះ​ត្រឹម​នេះ​សិន ។ សូម​ចែង​ពី​រឿង​អាឡេវ​ដែល​រត់​ទៅ​នោះ​វិញ ។

អាឡេវ កាល​ក្រោយ​នោះ រត់​ទៅ​ដល់​ស្រុក​មួយ​ឆ្ងាយ​ណាស់​ហើយ​បាន​ជួប​នឹង​ដូច​ចាស់​ម្នាក់ និង​ចៅ​ក្រមុំ​ម្នាក់​កំពុង​រៀប​ទូក​ផ្ទុក​របស់​ទ្រព្យ ដើម្បី​ទៅ​នៅ​ស្រុក​ឯទៀត ឲ្យ​ជិត​ជួប​ជុំ​នឹង​អស់​បង​ប្អូន​ញាតិ​សន្តាន ត្បិត​ចៅ​គាត់​ធំ​ពេញ​ក្រមុំ​ល្មម​ឲ្យ​មាន​ប្ដី​ហើយ ។ អាឡេវ​ឃើញ​ចៅ​ដូន​ចាស់​នោះ ក៏​មាន​ចិត្ត​ស្រឡាញ់ ហើយ​ជួយ​ជញ្ជូន​របស់​ទ្រព្យ​ដាក់​ទូក ។ ដូន​ចាស់​ឃើញ​អាឡេវ​ជួយ​ឈឺ​ឆ្អាល​ដូច្នោះ គាត់​សួរ «ចៅ​ទៅ​ណា?» ។ អាឡេវ​ប្រាប់​ថា «ខ្ញុំ​សូម​ដោយ​សារ​យាយ​ទៅ​ផង»! ។ ដូន​ចាស់​នោះ​សួរ​ថា «ចៅ​ឯង​ឈ្មោះ​អ្វី​?» ។ អាឡេវ​ជម្រាប​ថា«ខ្ញុំ​ឈ្មោះ​ជី​ចៅ​ប្រសា តើ​យាយ​ទៅ​ណា? ខ្ញុំ​សូម​ដោយ​សារ​ទៅ​ផង » ។ យាយ​ចាស់​ឮ​អាឡេវ​សុំ ដោយ​សារ​ដូច្នោះ ក៏​មាន​ចិត្ត​អរ​នឹក​ថា​បាន​វា​ជា​គ្នា គ្រាន់​នឹង​ជួយ​ចែវ​ទូក​ទៅ ។ លុះ​រៀប​របស់​ទ្រព្យ​រួច​ស្រេច​កាល​ណា អាឡេវ​ក៏​សុំ​ខ្លួន​ចែវ​ទូក ។ ឯ​ដូន​ចាស់​អង្គុយ​អុំ​ក្បាល ចៅ​ក្រមុំ​អង្គុយ​កណ្ដាល ។ អាឡេវ​និង​ចៅ​ក្រមុំ​ចេះ តែ​រំពៃ​មើល​មុខ​គ្នា ហើយ​ញញឹម​ទៅ​មក​រក​គ្នា ។ លុះ​ចែវ​បន្តិច​ទៅ អាឡេវ​ធ្វើ​ជា​ភ្លេច​កាំបិត​ក៏​និយាយ​ថា «ឱ​យាយ​អើយ? ខ្ញុំ​ភ្លេច​កាំបិត​ចោល​នៅ​លើ​គោក​ឯ​ក្រោយ​នោះ ត្បិត​ខ្ញុំ​រវល់​តែ​ជញ្ជូន​របស់​យាយ បាន​ជា​ខ្ញុំ​ភ្លេច​កាំបិត​ខ្ញុំ, កាំបិត​នោះ ជា​របស់​កេរ្តិ៍​កោះ​ពី​ម៉ែ​ឪ​ដូន​តា​មក​ដូច្នេះ​ខ្ញុំ​សុំ​ត្រឡប់​ទូក​ទៅ​យក​វិញ» ។ ដូច​ចាស់​ក៏​ព្រម​ត្រឡប់​ទូក​ទៅ​វិញ លុះ​ដល់​កំពង់​អាឡេវ​និយាយ​នឹង​ដូច​ចាស់​ថា «យាយ​អាណិត​ឡើង​ទៅ​យក​កាំបិត​ឲ្យ​ចៅ​បន្តិច ខ្ញុំ​ទុក​ត្រង់​គល់​ឈើ​ខាង​លើ​ច្រាំង​នៅ​ប្រប​ផ្លូវ ដែល​យើង​ជញ្ជូន​របស់​មក​នោះ» ។ អាឡេវ​វា​បញ្ឆោត​នាយ​ចាស់ ឲ្យ​តែ​គាត់​ឡើង​ទៅ​ផុត​កាល​ណា នឹង​ចេញ​ទុក​អុំ​រត់​យក​ចៅ​ក្រមុំ ។ លុះ​ដូន​ចាស់​ឡើង​ដល់​មាត់​ច្រាំង​ល្មម​បាំង​ភ្នែក អាឡេវ​ក៏​ម្នីម្នា​ថយ​ទូក​ជា​ប្រញាប់ ចោល​ដូន​ចាស់​នោះ ហើយ​ខំ​ចែវ​តាម​បណ្ដោយ​ទឹក​ហូរ​ទៅ ។ យាយ​ចាស់​នោះ លុះ​រក​កាំបិត​ពុំ​ឃើញ​ក៏​ត្រឡប់​មក​ទូក​វិញ បាត់​ទាំង​អាឡេវ បាត់​ទាំង​ទូក ។ បាត់​ទាំង​ចៅ​ក្រមុំ ក្រឡេក​មើល​ទៅ​ក្រោម​ទឹក ឃើញ​អាឡេវ​កំពុង​ខំ​ប្រឹង​ចែវ​ទូក ។ ដូន​ចាស់​ភ័យ​ណាស់ យក​ដៃ​គក់​ទ្រូង ស្រែក​ទ្រហោ​យំ​បណ្ដើរ ស្រែក​បណ្ដើរ ឲ្យ​អ្នក​ស្រុក​គេ​ជួយ​ដេញ​តាម​ថា «សូម​ជួយ​ផង ត្បិត​ជី​ចៅ​ប្រសា វា​លួច​ពង្រត់​ចៅ​ក្រមុំ​ខ្ញុំ​ទៅ​ហើយ!» ។ អស់​អ្នក​ស្រុក​គេ​ឮ​ថា «ចៅ​ប្រសា​នាំ​ពង្រត់​ចៅ​ក្រមុំ​ដូច្នោះ,, គ្មាន​នរណា​គេ​ជួយ គេ​គិត​ថា «ប្រពន្ធ​របស់​អាឡេវ» ។ លុះ​ដូន​ចាស់​រត់​តាម​ពុំ​ទាន់ ទើប​រាយ​ដំណើរ​ប្រាប់​អ្នក​ស្រុក​ថា «អា​ដែល​លួច​ចៅ​ក្រមុំ​ខ្ញុំ​នោះ វា​ឈ្មោះ​ជី​ចៅ​ប្រសា វា​លួច​ពង្រត់​ចៅ​ក្រមុំ​និង​ទ្រព្យ​ខ្ញុំ​ទៅ​ទេ​តើ» ។ ទើប​អ្នក​ស្រុក​គេ​ដឹង​គ្រប់​គ្នា​ថា «អាឡេវ​វា​បញ្ឆោត​លួច​ពង្រត់​ចៅ​ក្រមុំ​និង​របស់​ទ្រព្យ​យាយ,, ដូច្នោះ ក៏​គេ​មិន​ដឹង​ធ្វើ​ដូច​ម្ដេច​នឹង​ទៅ​តាម​ក៏​មិន​ទាន់ ត្បិត​វា​ទៅ​យូរ​ណាស់​ហើយ ។ ឯ​អាឡេវ ខំ​ចែវ​លុះ​ដល់​វេលា​យប់​និយាយ​លួង​លោម​នាង​ក្រមុំ​នោះ​ថា «បាន​ជា​បង​ខំ​ពង្រត់​មក ត្បិត​បង​ស្រឡាញ់​នាង​ណាស់! ឥឡូវ​នេះ​បង​យក​នាង​ធ្វើ​ជា​ប្រពន្ធ» ។ នាង​ក្រមុំ​នោះ ចេះ​តែ​កន្ទក់​ទន្ទេញ​រឭក​ជីដូន ត្បិត​ធ្លាប់​នៅ​តែ​ពីរ​នាក់ ហើយ​និយាយ​ប្រាប់​អាឡេវ​ថា «ម្ល៉េះ​សម​យាយ​គាត់​រក​ខ្ញុំ​មិន​ឃើញ គាត់​នឹង​លោត​ទឹក​សម្លាប់​ខ្លួន​ក៏​មិន​ដឹង? មួយ​ទៀត សម​គាត់​នឹក​រឭក​ខ្ញុំ គាត់​សង្រេង​សង្រៃ អត់​ទាំង​បាយ​ទៅ​ជា​ឈឺ​ស្លាប់​អសារ​ឥត​ការ, បើ​ជា​ដូច្នោះ​សូម​អ្នក​ជួយ​ខ្ញុំ​ទៅ​វិញ បើ​អ្នក​មិន​ជូន​ទៅ​ទេ ខ្ញុំ​នឹង​លោត​ទឹក​សម្លាប់​ខ្លួន» ។ អាឡេវ​ឮ​នាង​នោះ​និយាយ​ដូច្នោះ​ក៏​វាត​ទូក​ចូល​ក្នុង​ព្រៃ​ស្ងាត់ លួង​លោម​នាង​នោះ​ថា «បង​ស្រឡាញ់​នាង​ណាស់​ហើយ បាន​ជា​បង​ខំ​ពង្រត់​យក​មក​ធ្វើ​ជា​ប្រពន្ធ បើ​នាង​លោត​រត់​សម្លាប់​ខ្លួន​ដូច្នោះ​ តើ​បង​បាន​នរណា​ជា​ប្រពន្ធ» ។ នាង​ឆ្លើយ! ឡើង​ថា «បើ​អ្នក​ស្រឡាញ់ ម្ដេច​ក៏​អ្នក​មិន​ដណ្ដឹង​តាម​ច្បាប់?,,, ។ អាឡេវ​ឆ្លើយ​ថា «ឱ​នាង​អើយ! បើ​ចាំ​ដណ្ដឹង​តាម​ច្បាប់ ធ្វើ​ម្ដេច​នឹង​ឆាប់​បាន​ទាន់​ចិត្ត បើ​គេ​ឲ្យ​នោះ​ក៏​បាន បើ​គេ​មិន​ឲ្យ​នោះ​នឹង​ទទេ​ឥត​អំពើ, ដូច្នេះ​ហើយ​បាន​ជា​បង​នាំ​ពង្រត់​នាង​សិន, ទៅ​ដល់​ស្រុក​ម៉ែ​ឪ​ដូន​តា​នឹង​រៀប​ការ​តាម​ច្បាប់ នាង​កុំ​តូច​ចិត្ត បង​នឹង​ជូន​ទៅ​សួរ​ជីដូន​នាង​ជា​ប្រញាប់ នាង​ពុំ​ថប់​បារម្ភ​ឡើយ» ។ នាង​ក្រមុំ​ក៏​ព្រមព្រៀង​សុខ​ចិត្ត​ ធ្វើ​ជា​ប្រពន្ធ​អាឡេវ​ទៅ ។

លុះ​ព្រឹក​ឡើង​អាឡេវ​ក៏​ចែវ​ទូក​ទៅ​ទៀត ប្រទះ​នឹង​ចោរ ៥០០ នាក់ ។ ចោរ​ទាំង ៥០០ នោះ​តែង​តែ​ទៅ​ចាំ​ប្លន់​អ្នក​ទូក អ្នក​ដំណើរ​ដែល​ដើរ​ទៅ​រក​ស៊ី​តែ​សព្វ​ថ្ងៃ ។ លុះ​ឃើញ​ទូក​ចែវ​ទៅ​ដល់ ក៏​គិត​ប្លន់​យក​ទ្រព្យ​របស់ ។ អាឡេវ​ដឹង​ថា ចោរ​ចង់​ប្លន់​យក​ទ្រព្យ​របស់​ខ្លួន​ដូច្នោះ ក៏​ចូល​ទូក​ទៅ​ក្នុង​កណ្ដាល​ពួក​ចោរ ហើយ​ឡើង​ទៅ​និយាយ​នឹង​មេចោរ​ថា «អស់​អ្នក​រាល់​គ្នា​ហ៊ាន​ប្លន់​តែ​អ្នក​ទូក-​អ្នក​ដំណើរ​ដែល​ដើរ​រក​ស៊ី​ដាច់​ដោច ឆ្ងាយ​ពី​ស្រុក​ពី​ភូមិ​គេ ហើយ​លើក​គ្នា​ទៅ​ទាំង​ហ្វូង​ៗ ផង, ឯ​ខ្លួន​ខ្ញុំ​មិន​ចេះ​ប្លន់​អ្នក​ដើរ​រក​ស៊ី​ដាច់​ដោច​ដូច្នេះ​ទេ ខ្ញុំ​ប្លន់​តែ​អ្នក​ស្រុក​អ្នក​នគរ​ ហើយ​ខ្លួន​ខ្ញុំ​តែ​ម្នាក់​ឯង, បាន​ជា​ខ្ញុំ​ហ៊ាន​ដូច្នេះ ដោយ​ខ្ញុំ​ចេះ​អាគម​កាប់​មិន​មុត​ដុត​មិន​ឆេះ ហើយ​ចេះ​ទាំង​អាគម​បឋមំ បឋម៉ឺន ប៉ែត​ដាន សា​ដាន មហា​ស្រឡប់ មហា​ស្រឡាយ នារាយណ៍​បែង​ភាគ​នារាយណ៍​កាឡា ខ្ញុំ​ចេះ​អស់​មិន​សល់ នេះ​ខ្ញុំ​ទើប​នឹង​មក​ពី​ប្លន់​ស្រុក​គេ យក​បាន​ទាំង​កូន​ក្រមុំ​គេ​ម្នាក់​មក​ផង បើ​អ្នក​ឯង​មិន​ជឿ អ្នក​សួរ​ស្រី​នោះ​ចុះ » ។ អស់​ពួក​ចោរ​បាន​ស្ដាប់​អាឡេវ​អួត​ប្រាប់​ពី​សិល្បសាស្ត្រ​អាគម​វិជ្ជា​ការ​ដូច្នោះ​ហើយ ក៏​ចង់​រៀន​ទើប​និយាយ​នឹង​អាឡេវ​ថា «បើ​ដូច្នោះ សូម​អ្នក​បង្ហាញ​អាគម​សិល្បសាស្ត្រ​ដល់​យើង​រាល់​គ្នា​ផង! យើង​សុំ​អ្នក​ធ្វើ​ជា​គ្រូ​បង្ហាញ​ប្រដៅ ហើយ​នៅ​រក​ស៊ី​ជា​មួយ​គ្នា» ។ អាឡេវ​ថា «បើ​អ្នក​រាល់​គ្នា​ចង់​រៀន ខ្ញុំ​ក៏​បង្ហាញ​បាន ប៉ុន្តែ ការ​រក​ទី​ធ្វើ​ពិធី​ចូល​ត្រណម​នោះ​ក្រ​ណាស់ មាន​តែ​រក​កោះ​ដាច់​ពី​ស្រុក​ពី​ភូមិ​គេ ហើយ​នៅ​កណ្ដាល​ទន្លេ​ឆ្ងាយ​ពី​ត្រើយ នោះ​ទើប​ធ្វើ​បាន «ហើយ​អាឡេវ​និង​ចោរ​ក៏​នាំ​គ្នា​ទៅ​រក​កោះ​កណ្ដាល​សមុទ្រ បាន​ឃើញ​កោះ​មួយ​មាន​ផ្នូក​ខ្សាច់​ល្អ ក៏​ឡើង​ទៅ​លើ​កោះ​នោះ រក​មើល​ទី​កន្លែង​សម​គួរ​ឆ្ងាយ​ពី​កន្លែង​ចត​សំពៅ ។ អាឡេវ​ប្រាប់​ថា «បើ​អ្នក​ចង់​ចេះ​អាគម​ឲ្យ​ពូ​កែ​នោះ​ត្រូវ​ស្ដាប់​ខ្ញុំ បើ​ខ្ញុំ​បង្គាប់​ឲ្យ​ធ្វើ​អ្វី ត្រូវ​ធ្វើ​តាម​ពាក្យ​ខ្ញុំ​ទាំង​អស់​នោះ ទើប​បាន​អាគម​ពូកែ​ឆុត​ឆាប់» ។ អស់​ចោរ​ទាំង ៥០០ ក៏​ទទួល​ព្រម​ធ្វើ​តាម​ទាំង​អស់ ហើយ​អាឡេវ​បង្គាប់​ឲ្យ​ធ្វើ​រោង​ពិធី មាន​បាយ​សី មាន​ទៀន​ធូប ភ្ញី​ផ្កា ហើយ​មាន​រាជវ័តិ​ឆត្រ​ទង់ សង់​ជា​រាន ៧ ថ្នាក់ ហើយ​វា​ឲ្យ​ជីក​កកាយ​ដី​ខ្សាច់​ជា​អណ្ដូង​ធំ​ជ្រៅ ឲ្យ​មាន​ទឹក​ល្មម​មុជ​លិច​ក្បាល លុះ​ធ្វើ​ស្រេច ហើយ​វា​បង្គាប់​ចោរ ៥០០ នាក់​ឲ្យ​កោរ​សក់ ឲ្យ​ស្រាត​សំពត់​ចេញ​ទាំង​អស់​គ្នា ហើយ​វា​និយាយ​បញ្ឆោត​ចោរ​តាំង ៥០០ នោះ​ថា «រី​អាគម​ខ្ញុំ​នេះ​ដែល​នឹង​រៀប​នោះ ត្រូវ​មុជ​ទឹក ហើយ​នឹង​សូត្រ​អត់​ដង្ហើម​នៅ​ក្នុង​ទឹក​បាន​៧​ចប់ ទើប​ពូកែ​មែន​ទែន» ។ ពួក​ចោរ​ក៏​នាំ​គ្នា​ហាត់​មុជ​ទឹក​សូត្រ​អាគម ។ ឯ​អាឡេវ​ចុះ​ទៅ​សំពៅ និយាយ​ខ្សឹប​ប្រាប់​ប្រពន្ធ​ឲ្យ​រៀប​ខ្លួន ហើយ​ទាញ​ពួរ​យុថ្កា​ឲ្យ​ខ្លី, វា​ផ្ដាំ​ប្រពន្ធ​ថា «បើ​អញ​រត់​ចុះ​ពី​លើ​គោក​មក​ត្រូវ​ទាញ​ពួរ​យុថ្កា​ឡើង​ឲ្យ​ឆាប់ » ។ ផ្តាំ​ស្រេច​ ហើយ​ក៏​ត្រឡប់​ទៅ​វិញ លុះ​ដល់​ព្រលប់​យប់​ងងឹត វា​ឲ្យ​ពួក​ចោរ​មុជ​ទឹក ហើយ​បង្គាប់​ថា «បើ​មុជ ត្រូវ​មុជ​ឲ្យ​ព្រម​គ្នា បើ​ងើប​ៗ ឲ្យ​ព្រម​គ្នា ទើប​អាគម​ពូកែ» ។ លុះ​ពួក​ចោរ​មុជ​ព្រម​គ្នា​ហើយ អាឡេវ​ក៏​រត់​ចុះ​ទៅ​សំពៅ​ដក​យុថ្កា លា​ក្ដោង ជួន​ជា​ខ្យល់​ជំនោរ​មក​ដល់ អាឡេវ​បើក​ក្ដោង​យោង​ទាំង​សំប៉ាន​ទៅ ចោល​ចោរ​ទាំង ៥០០ ឲ្យ​នៅ​លើ​កោះ​នោះ ។ ឯ​ចោរ​ទាំង​៥០០ ងើប​អំពី​ទឹក​ឡើង រក​មើល​អាឡេវ​ពុំ​ឃើញ​ក៏​សួរ​គ្នា​ថា «លោក​គ្រូ​ទៅ​ណា? » នាំ​គ្នា​រក​ឯ​កំពង់​មិន​ឃើញ ក៏​ឡើង​ទៅ​មើល​លង​រោង​ពិធី ក៏​មិន​ឃើញ​ បាត់​ទាំង​សំពៅ​ទាំង​មនុស្ស ។ ពួក​ចោរ​ទាំង ៥០០ ក៏​ដឹង​ថា អាឡេវ​បញ្ឆោត ហើយ​ទើប​នាំ​គ្នា​រក​ឈើ​ឫស្សី​ធ្វើ​ក្បូន​ឆ្លង ។

អាឡេវ បើក​សំពៅ​យក​ទ្រព្យ​របស់​ចោរ​ទាំង ៥០០ ដែល​នៅ​ក្នុង​សំពៅ​នោះ​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ លុះ​បើក​ក្ដោង​ទៅ​អស់​មួយ​យប់​មួយ​ថ្ងៃ ក៏​បាន​ដល់​ស្រុក​មួយ ហើយ​វា​រក​មើល​មនុស្ស​ក្នុង​ស្រុក​នោះ ពុំ​ឃើញ​មាន​មនុស្ស​ប្រុស មាន​តែ​មនុស្ស​ស្រី ទើប​ដឹង​ថា ជា​ស្រុក​ចោរ​ដែល​វា​បញ្ឆោត​នោះ ទើប​វា​បោះ​យុថ្កា​ឈប់ ។ អស់​ប្រពន្ធ​ចោរ​ទាំង​នោះ នឹង​បាន​ដឹង​ស្គាល់​ថា​ជា​សំពៅ​របស់​ប្ដី​ក៏​ទេ ត្បិត​កាល​ដែល​ប្ដី​ចេញ​ទៅ​អំពី​ផ្ទះ​តែ​ខ្លួន​ទទេ លុះ​បាន​ជួប​នឹង​ឈ្មួញ​សំពៅ ក៏​ប្លន់​យក បាន​ជា​ប្រពន្ធ​កូន​មិន​ដឹង​មិន​ស្គាល់ ។ លុះ​អាឡេវ​បោះ​យុថ្កា​រួច​ស្រេច​ហើយ ក៏​យក​ដី​ស​និង​ក្ដារ​ឆ្នួន​ចេញ​មក​ក្រៅ ហើយ​ធ្វើ​ជា​គូស​វាស​ចាប់​យាម ។ អស់​ប្រពន្ធ​កូន​ចៅ​ចោរ មើល​មក​ឃើញ​អាឡេវ​គូស​វាស​ដូច្នោះ ក៏​នឹក​ស្មាន​ថា វា​ចេះ​ចាប់​យាម ទើប​សួរ​ថា «អ្នក​អើយ! អ្នក​ចេះ​ចាប់​យាម​អាណិត​មើល​ឲ្យ​ប្ដី​ខ្ញុំ​បន្តិច ត្បិត​គាត់​ទៅ​រក​ស៊ី ជា​យូរ​ខែ​ហើយ» ។ អាឡេវ​ឮ​ដូច្នោះ​ហើយ​ក៏​ដឹង​ច្បាស់​ថា ស្រី​ទាំង​នោះ​ជា​ប្រពន្ធ​ចោរ​ដែល​អញ​បញ្ឆោត​នោះ​ជា​ប្រាកដ​ហើយ វា​ឆ្លើយ​ឡើង​ថា «ក្រ​អ្វី​សព្វ​បើ​ចាប់​យាម​នោះ ទោះ​បី​សម្ពង្ស​សម្ភារ​ភ្លឹក អត្តៈ លេខ​យន្ត​អ្វី ខ្ញុំ​ក៏​ចេះ​ទាំង​អស់, អ្នក​ចង់​មើល​អំពី​រឿង​អ្វី យក​តែ​ទៀន​ធូប ស្លា ម្លូ មក​បូជា​គ្រូ កុំ​ឲ្យ​សាប​អាគម​យាម​ខ្ញុំ តាម​គ្រូ​ប្រដៅ​មក» ។ ឯ​ប្រពន្ធ​ចោរ ឮ​អាឡេវ​ថា​ដូច្នោះ ក៏​ម្នីម្នា​ឡើង​ទៅ​ផ្ទះ​ជា​ប្រញាប់ ប្រាប់​ប្រពន្ធ​ចោរ​ឯទៀត​ៗ ឲ្យ​រក​ទៀន​ ធូប ភ្ញី ផ្កា ថ្លា ម្លូ ចេក អំពៅ យក​ទៅ​ជូន​គ្រូ ។ អាឡេវ​ទទួល​យក​ជំនូន​ហើយ តាំង​យក​ក្ដារ​ឆ្នួន​មក​គូស​វាស​ធ្វើ​ជា​ចាប់​យាម គិត​ប្រមាណ​ក្នុង​ចិត្ត ឲ្យ​ត្រូវ​ពេលា​ល្មម​តែ​ពួក​ចោរ​ទាំង ៥០០ នោះ​មក​ដល់​ផ្ទះ គឺ​វា​គិត​ប្រមាណ​គ្នេរ​ចម្ងាយ​ផ្លូវ ហើយ​ប្រាប់​ប្រពន្ធ​ចោរ​ថា «ប្ដី​អស់​អ្នក​រាល់​គ្នា​នឹង​មក​ដល់​ក្នុង​ថ្ងៃ​ស្អែក​នេះ, ប៉ុន្តែ​ក្នុង​វេលា​យប់​នេះ នឹង​មាន​ព្រាយ​ក្បាល​ត្រងោល អាក្រាត​កាយ រត់​ចូល​មក​ក្នុង​ផ្ទះ បង្កើត​ជា​ឧត្បាត​ធំ​ណាស់, បើ​ដូច្នោះ មាន​តែ​អ្នក​រាល់​គ្នា​គិត​រំងាប់​ឧត្បាត​ចេញ​ទើប​ជា​« ។ ឯ​អស់​ប្រពន្ធ​កូន​ចោរ​ទាំង ៥០០ ឮ​អាឡេវ​ថា​ដូច្នោះ ក៏​ភិត​ភ័យ​ហើយ​សួរ​ថា «គិត​ធ្វើ​ដូច​ម្ដេច នឹង​រំងាប់​ឧត្បាត​ចេញ​បាន?» ។​អាឡេវ​ឆ្លើយ​ថា «វា​ងាយ​ទេ ការ​រំងាប់​ឧត្បាត​នោះ គឺ​ដល់​វេលា​ព្រលប់​កាលណា ត្រូវ​អស់​អ្នក​រាល់​គ្នា​នាំ​កូន​ចៅ​កាន់​ដំបង​ព្រនង់​ចាំ​នៅ​មាត់​ទ្វារ​ផ្ទះ បើ​ឃើញ​ព្រាយ​ក្បាល​ត្រងោល​អាក្រាត​កាយ​រត់​ចូល​មក​ក្នុង​ផ្ទះ ត្រូវ​វាយ​កុំ​ឲ្យ​វា​ចូល​បាន» ។ ឯ​ពួក​ចោរ​ទាំង ៥០០ នោះ លុះ​ឆ្លង​រួច​ដល់​ត្រើយ​កាល​ណា ពេល​ថ្ងៃ​ពួន​ព្រៃ យប់​នាំ​គ្នា​ដើរ​កាត់​តម្រង់​មក​ផ្ទះ ព្រោះ​គ្មាន​សំពត់​ស្លៀក បាន​ជា​មិន​ចេញ​ដើរ​ពេល​ថ្ងៃ លុះ​ដល់​ថ្ងៃ​កំណត់​ដែល​អាឡេវ​ចាប់​យាម ពេល​ព្រលប់​ពួក​ចោរ​ក៏​មក​ដល់​ផ្ទះ​ខ្លួន ។

ឯ​កូន​ប្រពន្ធ​ដែល​កាន់​ដំបង​ព្រនង់​ចាំ​នៅ​មាត់​ទ្វារ​ឃើញ​ប្ដី​រត់​ចូល​មក​ក្នុង​ផ្ទះ គិត​ស្មាន​ថា​ជា​ព្រាយ​ក្បាល​ត្រងោល​មែន ក៏​ពឺត​តែ​វាយ ទាល់​តែ​ដួល​សន្លប់​ខ្លះ របួស​ពិការ​ខ្លះ ក្រោយ​មក​ទើប​បាន​ដឹង​ជា​ប្ដី ជា​ឪពុក​ខ្លួន ហើយ​និយាយ​តាម​ដំណើរ​ប្រាប់​ប្ដី​សព្វ​គ្រប់ ។ ពួក​ចោរ​ទាំង​៥០០ ខឹង​នឹង​អាឡេវ​ខ្លាំង​ណាស់ តែ​មិន​ដឹង​គិត​ធ្វើ​ដូច​ម្ដេច ព្រោះ​ខ្លួន​ត្រូវ​ដំបង​ដំណំ​ទាំង​អស់​គ្នា ហើយ​មិន​ដឹង​ជា​អាឡេវ​នៅ​ឯណា ។ វេលា​នោះ អាឡេវ​នៅ​ចាំ​លប​ស្ដាប់​ប្រពន្ធ​កូន​ចោរ​វាយ​ប្ដី​ខ្លួន ដល់​ឮ​មាត់​ស្រែក​ទ្រហឹង​ពេញ​ពាស​ទាំង​ស្រុក ក៏​បើក​សំពៅ​រត់​ទៅ​ស្រុក​ប្រពន្ធ​វិញ, លុះ​ទៅ​ដល់​ហើយ​អាឡេវ​និង​ប្រពន្ធ​ឡើង​ទៅ​រក​ជីដូន បាន​ជួប​នឹង​ជីដូន​ក៏​សំពះ​សូម​ទោស ហើយ​ប្រគល់​របស់​ទ្រព្យ​ក្នុង​សំពៅ​ទាំង​ប៉ុន្មាន ជូន​ជីដូន​ទាំង​អស់ ។ ជីដូន​បាន​ឃើញ​សម្បត្តិ​អាឡេវ​ អា​ឡេវ​ពេញ​សំពៅ ក៏​បាត់​ខឹង បែរ​ជា​ស្រឡាញ់​រាប់​អាន​អាឡេវ​ជា​ចៅ​ប្រសា​មែន​ទែន ។ អាឡេវ​រៀប​សង់​ផ្ទះ​លោះ​ខ្ញុំ​កំដរ​ពាស​ពេញ​ក្នុង​ផ្ទះ ឲ្យ​បម្រើ​ជីដូន​ក្មេក​និង​ប្រពន្ធ, លុះ​នៅ​យូរ​បន្តិច​មក ក៏​លា​ជីដូន​និង​ប្រពន្ធ​ទៅ​សួរ​ម្ដាយ​ឪពុក​វា ។ ជីដូន​ក្មេក​ផ្ដាំ​ថា «បើ​ចៅ​ទៅ​កុំ​នៅ​យូរ​ពេក ឆាប់​ត្រឡប់​មក​រក​ជីដូន​វិញ ត្បិត​សព្វ​ថ្ងៃ​នេះ ជីដូន​កំព្រា​ឥត​មាន​អ្នក​ឯណា​ជា​ទីពឹង​ទេ!»​។

ឯ​ប្រពន្ធ​អាឡេវ ចង់​តាម​អាឡេវ​ទៅ​ដែរ ក៏​និយាយ​ថា «ខ្ញុំ​ចង់​ទៅ​ជា​មួយ​នឹង​អ្នក ឲ្យ​ស្គាល់​ម៉ែ​ឪ បង​ប្អូន ញាតិ​សន្តាន ស្រុក​ទេស​អ្នក មួយ​ទៀត ខ្ញុំ​មិន​ចង់​ឃ្លាត​ឆ្ងាយ​ពី​អ្នក​ទេ ព្រោះ​ថា ស្ត្រី​ប្ដី​ទៅ​ឆ្ងាយ​ហើយ កម្រ​នឹង​ទុក​ដាក់​រក្សា​ខ្លួន​ណាស់, អ្នក​ផង​គេ​តែង​និន្ទា​ថា ដូច​ជា​ស្រី​មេម៉ាយ​ចំណាយ​មាត់​គេ ហេតុ​ដូច្នេះ បាន​ជា​ខ្ញុំ​មិន​ចង់​នៅ ចង់​ទៅ​តាម​អ្នក​ជា​ប្ដី» ។ អាឡេវ​ឆ្លើយ​ឡើង​ថា «នាង​អើយ​! បង​ចង់​បាន​នាង​ទៅ​ជា​មួយ​ដែរ ប៉ុន្តែ​អាណិត​ជីដូន​ ត្បិត​គាត់​ចាស់​ជរា​ណាស់​ហើយ ក្រែង​ឈឺ​ចាប់​យប់​ថ្ងៃ គ្មាន​នរណា​ថែ​ទាំ បីបម​រក្សា​ដុះ​ថ្នាំ​ចាំ​ជំងឺ នឹង​ទុក​ចិត្ត​លើ​មនុស្ស​ម្នា​ខ្ញុំ​កំដរ​មិន​បាន​ទេ ដូច​កាល​យើង​នាំ​គ្នា​រត់​ទៅ​នោះ គាត់​សន្ធឹក​សន្ធៃ​ឈឺ​រីង​រៃ​ស្គាំង​ស្គម ទើប​នឹង​បាន​គ្រាន់​បើ ឥឡូវ​នេះ បើ​យើង​ទៅ​ចោល​គាត់​ទៀត គាត់​នឹង​ឈឺ​ស្លាប់​ពុំ​ខាន​ឡើយ ពីមុន បាន​ជា​ខុស​ធ្លោយ​ម្ដង​ទៅ​ហើយ ឥឡូវ​នេះ យើង​គិត​កុំ​ឲ្យ​ខុស ធ្លោយ​ម្ដង​ទៀត» ។ ឯ​ប្រពន្ធ​ឮ​ប្ដី​ថា​ដូច្នោះ នឹក​អាណិត​ជីដូន ក៏​ព្រម​ឲ្យ​ប្ដី​ទៅ​ទើប​រៀប​ស្បៀង​រៀង​ខ្លួន សម្រាប់​បរិភោគ​តាម​ផ្លូវ​សព្វ​គ្រប់​ហើយ​ សួរ​ប្ដី​ថា «អ្នក​នឹង​យក​មនុស្ស​ម្នា រទេះ​សាលី ទៅ​ប៉ុន្មាន?» ។ អាឡេវ​ឆ្លើយ​ថា «បង​មិន​យក​ទៅ​ទេ បង​ទៅ​តែ​ម្នាក់​ឯង» ។ ឯ​គំនិត​អាឡេវ បាន​ជា​មិន​ចង់​យក​មនុស្ស​ម្នា​ទៅ ពី​ព្រោះ​គិត​ចង់​បាន​ប្រពន្ធ​ទៀត បើ​យក​មនុស្ស​តាម​ក្រែង​គេ​ដឹង​ថា​ខ្លួន​មាន​ប្រពន្ធ​ហើយ នឹង​ទៅ​ដណ្ដឹង​កូន​គេ​ទៀត ក្រែង​គេ​មិន​ឲ្យ ហើយ​វា​និយាយ​នឹង​ប្រពន្ធ​ថា «បង​ធ្លាប់​ដើរ​តែ​ម្នាក់​ឯង តែ​មាន​មនុស្ស​ម្នា ក្របី​គោ រទេះ​ទៅ​ជា​មួយ​ផង នឹង​ធ្វើ​ដំណើរ​មិន​រហ័ស​ទាន់​ចិត្ត, ហេតុ​ដូច្នេះ​បាន​ជា​បង​មិន​ចង់​យក​ទៅ» ។ អាឡេវ​វេច​តែ​ប្រាក់​និង​ស្បៀង គ្រាន់​នឹង​ស៊ី​តាម​ផ្លូវ ។ ឯ​ជីដូន​ផ្ដាំ​ហើយ​ផ្ដាំ​ទៀត​ថា «បើ​ចៅ​ទៅ​ដល់​ម្ដាយ​ឪពុក​នៅ​ជា​សុខ​សប្បាយ ចូរ​ចៅ​ឆាប់​ត្រឡប់​មក​វិញ​ណា៎​ចៅ​ណា៎!» ។ អាឡេវ​ក៏​លា​ជីដូន​និង​ប្រពន្ធ​ហើយ​ចេញ​ដំណើរ​ទៅ លុះ​ទៅ​ដល់​អ្នក​ង៉េះ​និង​នាង​ង៉ោះ​ជា​ឪពុក​ម្ដាយ​ហើយ​ក៏​យក​ប្រាក់​ទៅ​ជូន​ម្ដាយ​ឪពុក​ៗ មាន​ចិត្ត​ត្រេក​អរ​សួរ​ថា «កូន​ទៅ​ណា​បាត់​យូរ​ម៉េ្លះ? ម្ដាយ​ឪពុក​ចេះ​តែ​ទន្ទឹង​មើល​ផ្លូវ​កូន​តែ​សព្វ​ថ្ងៃ» ។ អាឡេវ​ប្រាប់​ថា «ខ្ញុំ​ទៅ​គិត​ការ​រក​ស៊ី ត្បិត​ម៉ែ​ឪ​ឯង​មិន​គិត​រក​ស៊ី​នឹង​គេ» ។ អ្នក​ង៉េះ​និង​នាង​ង៉ោះ​ឆ្លើយ​ថា «តាម​តែ​កូន​គិត​ចុះ ចំណែក​ខាង​ម្ដាយ​និង​ឪពុក រក​ស៊ី​គ្រាន់​តែ​មាត់ ហើយ​និង​រក្សា​ទ្រព្យ​ទុក​ឲ្យ​កូន ចូរ​កូន​គិត​រក​អម្រស់​អម្រ​ដោយ​ខ្លួន​ឯង​ចុះ » ។ អាឡេវ នៅ​នឹង​ម្ដាយ​ឪពុក​បាន​ពីរ​បី​ថ្ងៃ ក៏​លា​ចេញ​ដើរ​ទៅ​ទៀត លុះ​ទៅ​ដល់​ស្រុក​ធំ វា​ចូល​ទៅ​មើល​ក្នុង​វាំង​សព្វ​គ្រប់​ហើយ ចេញ​មក​រក​មើល​ផ្ទះ​នាហ្មឺន​សេដ្ឋី ក៏​ឃើញ​សេដ្ឋី​ម្នាក់​មាន​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់ មាន​ទ្រព្យ​សម្បត្តិ​ច្រើន មាន​រោង​រទេះ​គោ​ក្របី​ដំរី​សេះ មនុស្ស​ម្នា​ខ្ញុំ​កំដរ​ពាស​ពេញ មាន​ច្បារ​ដំណាំ​ជា​ឧទ្យាន មាន​ជើង​ផ្កា​គ្រប់​ជំពូក​គ្រប់​ពណ៌​ដាក់​ហែ​ជា​ជួរ​ក្នុង​សួន​ច្បារ មាន​ត្រី​ប្រាក់​ត្រី​មាស មាន​ស្រះ​ដាំ​ដើម​ឈូក​ស​ឈូក​ក្រហម​ព្រលិត​លំចង់​ស្បង្ក័ជ​ដុះ​ពាស​ពេញ ហើយ​មាន​កូន​ក្រមុំ​មិន​ទាន់​មាន​ប្ដី ។ អា​ឡេវ​មាន​ចិត្ត​ស្រឡាញ់​ចង់​បាន ក៏​ចូល​ទៅ​កាន់​ផ្ទះ​សេដ្ឋី ហើយ​ជម្រាប​សុំ​ខ្លួន​នៅ​ធ្វើ​ជា​កូន​ក្មួយ ។ សេដ្ឋី ឃើញ​អាឡេវ​មក​សុំ​ខ្លួន​នៅ​ធ្វើ​ជា​កូន​ក្មួយ​ដូច្នោះ ក៏​មាន​ចិត្ត​អាណិត​ស្រឡាញ់ ហើយ​សួរ​ថា «ឯង​នៅ​ស្រុក​ណា? ម្ដាយ​ឪពុក​នៅ​ស្រុក​ណា?» ។ អាឡេវ​ជម្រាប​សេដ្ឋី​ថា «ខ្ញុំ​បាទ​នៅ​ស្រុក​ឆ្ងាយ​ណាស់ ឪពុក​ម្ដាយ​ខ្ញុំ​បាទ​មាន​ទ្រព្យ​របស់​របរ​ខ្ញុំ​កំដរ គោ​ក្របី​ ដំរី​សេះ ផ្ទះ​សម្បែង​ដូច​លោក​ដែរ ប៉ុន្តែ​គាត់​មាន​ជំងឺ ឈឺ​ស្លាប់​អស់​ហើយ ខ្ញុំ​បាទ​តូច​ចិត្ត​ណាស់ មិន​ចង់​នៅ ត្បិត​ធ្លាប់​មាន​ម៉ែ​ឪ ឥឡូវ​នៅ​តែ​ម្នាក់​ឯង​បាន​ជា​ខ្ញុំ​បាទ​ចោល​ផ្ទះ​សម្បែង ទ្រព្យ​របស់,, ។ មក​សុំ​នៅ​ជា​មួយ​នឹង​លោក តាម​តែ​លោក​ប្រើ​ធ្វើ​ការ​ងារ​អ្វីៗ ខ្ញុំ​បាទ​ទទួល​ទាំង​អស់ សេដ្ឋី​ក៏​ព្រម​ទទួល​យក​អាឡេវ​ឲ្យ​នៅ ។ ចាប់​ដើម​តាំង​ពី​ថ្ងៃ​ដែល​មក​នៅ​នឹង​សេដ្ឋី អាឡេវ​តែង​ភ្ញាក់​អំពី​ព្រឹក បោស​ផ្ទះ​ថែ​ទាំ​របស់​ទ្រព្យ​រៀប​ទុក​ដាក់​តាម​ទី​កន្លែង ហើយ​ខំធ្វើ​ការ​ដូច​ជា​របស់​ខ្លួន ។ សេដ្ឋី​ឃើញ​អាឡេវ​ឧស្សាហ៍​ធ្វើ​ការ ថែ​ទាំ​របស់​ទ្រព្យ​មិន​មាន​ឲ្យ​ឃ្នើស​ចិត្ត ក៏​រឹត​តែ​ស្រឡាញ់​ឡើង ឲ្យ​អាឡេវ​ត្រួត​ត្រា​ដាស់​តឿន​មនុស្ស​ម្នា​ខ្ញុំ​កំដរ​ទាំង​អស់ រាល់​តែ​វេលា​​សេដ្ឋី​ទៅ​គាល់​ស្ដេច បាន​យក​អាឡេវ​ទៅ​ផង លុះ​ទៅ​ជា​ញឹក​ញយ អាឡេវ​ស្គាល់​ពួក​ក្រមការ​និង​កូន​ក្មួយ​ទាំង​អស់ ត​មក​ទៀត វា​ស្គាល់​ដល់​នាហ្មឺន​ធំ​តូច តាំង​ពី​លោក​ក្រឡា​ហោម យម​រាជ ចក្រី​វាំង និង​នាហ្មឺន​ធំ​តូច​ឯ​ទៀត ប៉ុន្តែ​ អាឡេវ​ធ្វើ​ចិត្ត​ជា ទុក​ជា​នរណា​ត្មះតិះដៀល​ដៀល​ដូច​ម្ដេច ក៏​មិន​ចេះ​ខឹង​នឹង​គេ សូម្បី​កូន​ក្មួយ​ផង​គ្នា​ធ្វើ​ដូច​ម្ដេច​ៗ​ក្ដី​អាឡេវ​ក៏​មិន​ចេះ​តប​មិន​ចេះ​ខឹង​ឡើយ ។ កាល​អាឡេវ​តាម​សេដ្ឋី​ទៅ​គាល់​ស្ដេច​ហើយ​មាន​គេ​សួរ​ថា «ឯង​ឈ្មោះ​អី? » វា​ប្រាប់​ថា «ខ្ញុំ​ឈ្មោះ​អាឡេវតេវ» ។ពួក​នាហ្មឺន តែ​ឃើញ​អាឡេវ​ទៅ​ហើយ ក៏​ហៅ​ថា​អាឡេវតេវ តែ​រាល់​គ្នា​ដូច្នេះ​ឯង ។ ក្រោម​មក អាឡេវតេវ​ទៅ​លេង​នៅ​សាលា​ជំនុំ ស្ដាប់​ចៅ​ក្រម​ជំនុំ​ជម្រះ​ក្ដី​តែ​សព្វ​ថ្លៃ​ក៏​ចេះ​ច្បាប់​ទម្លាប់​ច្រើន ហើយ​អាឡេវតេវ​រើស​យក​មក​សំបុត្រ ដែល​គេ​បោះ​ចោល​មាន​ទាំង​ស្នាម​ត្រា បោះ​នៅ​នោះ​ផង តាំង​ពី​ត្រា​លោក​ក្រឡា​ហោម យម​រាជ និង​នាហ្មឺន​ធំ​តូច​ទាំង​អស់​ ដែល​មាន​មាស​ប្រាក់​ច្រើន ហើយ​វា​យក​ក្រមួន​មក​សូន​ធ្វើ​ជា​ត្រា ហើយ​វាស់​នឹង​រង្វង់​ត្រា​កាក​សំបុត្រ​ចាស់ ហើយ​ធ្លាក់​ធ្វើ​ឲ្យ​ត្រូវ​តាម​ស្នាម​ត្រា​ចាស់​ទាំង​អស់​រួច​វា​ធ្វើ​ជា​សំបុត្រ សឹង​មាន​ឈ្មោះ​នាហ្មឺន​អស់​នោះ​ជំពាក់​ប្រាក់​ខ្លះ ១០០ ណែន ខ្លះ ២០០ ណែន ខ្លះ ៥០០ ណែន គ្រប់​តែ​នាហ្មឺន​ធំ​តូច​តែ​រាល់​គ្នា​ទាំង​អស់ ហើយ​បត់​ទុក​ក្នុង​ហឹប​មួយ​ពេញ, បើ​ខ្លួន​វា​មិន​នៅ ទៅ​ធ្វើ​ការ​ទីណា​ក្ដី ឬ​ទៅ​លេង​ក្ដី​វា​យក​ហឹប​នោះ​ទៅ​ផ្ញើ​នឹង​ប្រពន្ធ​សេដ្ឋី ហើយ​ផ្ដាំ​ថា «កុំ​ឲ្យ​នរណា​បើក​ឲ្យ​សោះ​ដល់​វា​វិល​មក ក៏​ទៅ​យក​ហឹប​នោះ​មក​វិញ ធ្វើ​ដូច្នេះ​ជា​រឿយៗ ។

លុះ​ដល់​ថ្ងៃ​ក្រោយ​ទៀត អាឡេវតេវ​រៀប​ទៅ​ធ្វើ​ការ ក៏​យក​ហឹប​ទៅ​ផ្ញើ​នឹង​ប្រពន្ធ​សេដ្ឋី ហើយ​ផ្ដាំ​ថា «អ្នក​ប្រយ័ត្ន​រក្សា​ទុក​ឲ្យ​ល្អ កុំ​ឲ្យ​នរណា​បើក​មើល​លេង» ហើយ​វា​ក៏​ទៅ​ធ្វើ​ការ​ទៅ ។ ឯ​ប្រពន្ធ​សេដ្ឋី នឹក​ឆ្ងល់​នឹង​ហឹប​អាឡេវតេវ​ណាស់ ក៏​យក​ហឹប​នោះ​មក​បើក​មើល ឃើញ​សំបុត្រ​ពេញ​ក្នុង​ហឹប ហើយ​លា​មើល​សំបុត្រ​អស់​នោះ បាន​ឃើញ​សេចក្ដី​សំបុត្រ​ថា «ពួក​នាហ្មឺន ជំពាក់​ប្រាក់» សឹង​មាន​ចំនួន​គ្រប់​គ្នា​អស់​ ហើយ​បោះ​ត្រា​ផង ។ លុះ​រើ​មើល​សំបុត្រ​ទាំង​អស់ ឃើញ​សុទ្ធ​តែ​នាហ្មឺន​ជំពាក់​ប្រាក់​ជា​ច្រើន​ណាស់​ដូច្នោះ ក៏​យក​ហឹប​សំបុត្រ​ទៅ​បង្ហាញ​សេដ្ឋី​ជា​ប្ដី ។ ឯ​សេដ្ឋី​បាន​ឃើញ​សំបុត្រ​អាឡេវតេវ​សព្វ​គ្រប់​ហើយ ក៏​និយាយ​នឹង​ប្រពន្ធ​ថា «កាល​អាឡេវតេវ​វា​មក​នៅ​នឹង​យើង​នោះ អញ​បាន​សួរ​ពី​ម្ដាយ​ឪពុក​នៅ​ឯណា វា​ប្រាប់​ថា គ្មាន​ម្ដាយ​ឪពុក​ទេ ស្លាប់​អស់​ហើយ​ៗ វា​ប្រាប់​អញ​ថា កាល​ដែល​ម្ដាយ​ឪ​ពុក​វា​នៅ​រស់​នៅ​ឡើយ​នោះ មាន​ទ្រព្យ​សម្បត្តិ​ដូច​ជា​យើង​នេះ​ដែរ ឥឡូវ​នេះ មក​ឃើញ​សំបុត្រ​អស់​នាហ្មឺន​ជំពាក់​ប្រាក់​វា​ច្រើន​ម៉េ្លះ​នេះ សឹង​ត្រូវ​នឹង​ពាក្យ​វា​និយាយ​ពីមុន​នោះ​ប្រាកដ​មែន គំនិត​ប្រាជ្ញា​វា សម​ជា​មនុស្ស​មាន​ពូជ មួយ​ទៀត ការ​ងារ​ទាំង​អស់​ក្នុង​ផ្ទះ​យើង​សព្វ​ថ្ងៃ​នេះ ក៏​បាន​វា​ជួយ​ដាស់​តឿន​ថែ​ទាំ​មើល​រក្សា ដឹង​បាត់ ដឹង​គង់​ដឹង​ខូច ដឹង​ជា មាន​តែ​វា​ហ្នឹង​ហើយ​ទុក​ដូច​ជា​កូន ឥឡូវ​កូន​ស្រី​យើង​មួយ​នេះ ពេញ​ក្រមុំ​ល្មម​មាន​ប្ដី​ហើយ ពួក​ស្ដេច​នាហ្មឺន​មក​ដណ្ដឹង​ចង់​បាន​ជា​ច្រើន​ណាស់​ហើយ យើង​មិន​ត្រូវ​ចិត្ត បាន​ជា​យើង​មិន​ព្រម​ឲ្យ ឥឡូវ​នេះ​បើ​យើង​ឲ្យ​អាឡេវតេវ​នោះ យើង​ខ្មាស​គេ​ណាស់ ត្បិត​អាឡេវតេវ​នោះ វា​ជា​មនុស្ស​កំព្រា​ក្បាល​មួយ មក​នៅ​ស្រុក​អាយ គ្មាន​នរណា​ស្គាល់​ពូជ​ពង្ស​វង្សា​ជា​ល្អ ឬ​អាក្រក់ យើង​នឹង​ឲ្យ​កូន​យើង​ជា​ប្រពន្ធ​ទៅ ក្រែង​ខ្មាស​គេ បើ​យើង​មិន​ឲ្យ​កូន​យើង​ជា​ប្រពន្ធ​វា ដូច​ជា​នឹក​ស្ដាយ ត្បិត​គំនិត​មារយាទ​វា​ជា​មនុស្ស​ល្អ ជួយ​ឈឺ​ឆ្អាល​ក្នុង​ការ​ងារ​យើង ដូច​ជា​ការ​ងារ​របស់​ខ្លួន​វា​ដែរ ដំណើរ​នេះ​ក្រ​បើ​គិត​ណាស់» ។ ឯ​ប្រពន្ធ​សេដ្ឋី​ឆ្លើយ​ឡើង​ថា «ត្រង់​កិច្ច​ដែល​ធ្វើ​មិន​ឲ្យ​ខ្មាស​គេ​នោះ​វា​ងាយ​ទេ យើង​នឹង​រៀប​ការ​ក្នុង​វេលា​យប់ ហើយ​រៀប​បន្តិច​បន្តួច​សោះ​តែ​ខាន កុំ​ឲ្យ​ខ្មោច​ព្រៃ​ខឹង យើង​ផ្សំ​ផ្គុំ​ឲ្យ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ទៅ! បើ​យូរ​ទៅ​ហើយ​ទើប​គេ​ដឹង​នោះ យើង​ក៏​អស់​ខ្មាស​គេ​ហើយ! ពីព្រោះ​វា​មាន​បំណុល​វា​ក៏​ច្រើន​ដែរ» ។ ហេតុ​តែ​ព្រេង​មាន សំណាង​របស់​អាឡេវ​នឹង​កូន​ក្រមុំ​សេដ្ឋី​នោះ​ ត្រូវ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ សេដ្ឋី​គិត​ឃើញ​ព្រម​ដូច​ពាក្យ​ប្រពន្ធ​ពន្យល់ ក៏​ព្រម​ឲ្យ​កូន​ក្រមុំ​ជា​ប្រពន្ធ​អាឡេវតេវ ហើយ​ហៅ​អាឡេវតេវ​ប្រាប់​ថា តាំង​ពី​ថ្ងៃ​ដែល​ឯង​មក​នៅ​នឹង​អញ​ៗ​មើល​ទៅ​គំនិត​មារយាទ​ចិត្ត​ថ្លើម​ឯង ឈឺ​ឆ្អាល​ក្នុង​ការ​ងារ​អញ​ដូច​ជា​កូន, អញ​បង្កើត​បើ​ដូច្នោះ អញ​ឲ្យ​កូន​ក្រមុំ​អញ​ជា​ប្រពន្ធ​ឯង» ។ អាឡេវតេវ​ឮ​សេដ្ឋី​ប្រាប់​ថា​ ឲ្យ​កូន​ក្រមុំ​ជា​ប្រពន្ធ​ដូច្នោះ ក៏​មាន​ចិត្ត​ត្រេក​អរ​ណាស់ ។ សេដ្ឋី​ក៏​ហៅ​កូន​ក្រមុំ​មក​រៀប​សំពះ​មេបា​ចាស់​ទុំ រៀប​សែន​ព្រេន​តាម​សណ្ដាប់​បុរាណ ផ្សំ​ផ្គុំ​អាឡេវតេវ​និង​កូន​ក្រមុំ​ជា​ប្ដី​ប្រពន្ធ​គ្នា​ទៅ ។

លុះ​ការ​រួច​បាន​ពីរ​បី​ថ្ងៃ ប្រពន្ធ​អាឡេវតេវ​ទៅ​គាល់​ស្ដេច​ឯ​ក្នុង​វាំង បាន​និយាយ​ប្រាប់​អា​ឡេវតេវ​ជា​ប្ដី​ឲ្យ​ដឹង ។ ឯ​អាឡេវ​ក៏​និយាយ​ផ្ដាំ​ប្រពន្ធ​ថា «អញ​ទៅ​ចាំ​នៅ​សាលា​ជំនុំ បើ​នាង​ឯង​ឃើញ​អញ​បោយ​ដៃ​ហៅ ត្រូវ​នាង​ឯង​លើក​ជើង​ពាន​ស្លា មក​លុត​ជង្គង់​ហុច​ពាន​ស្លា​នោះ​ឲ្យ​អញ, អញ​ទទួល​យក​ហើយ នាង​ឯង​សំពះ​ត្រឡប់​ទៅ​វិញ​ចុះ » ។ អាឡេវតេវ លុះ​និយាយ​ផ្ដាំ​ប្រពន្ធ​សព្វ​គ្រប់​ហើយ ក៏​ស្លៀក​សំពត់​ចាស់​ពាក់​អាវ​ចាស់ ដូច​កាល​ធ្វើ​ការ​ពី​មុន ហើយ​ទៅ​អង្គុយ​លេង​នៅ​សាលា​ជំនុំ ។ ពួក​នាហ្មឺន​សព្វ​មុខ​មន្ត្រី ចៅ​ក្រម​សាលា ភ្នាក់​ងារ​ក្រម​ការ ឃុន​ហ្មឺន មហា​តលិក​មក​ពាស​ពេញ ឃើញ​អាឡេវតេវ​អង្គុយ​នៅ​សាលា នាហ្មឺន​ខ្លះ​ត្បក​ក្បាល ខ្លះ​ទះ​ខ្នង​ខ្លះ​ទាញ​ដៃ ខ្លះ​ឲ្យ​អាឡេវ​ធ្វើ​ត្លុក​ក្រមាច់​លេង ត្បិត​ធ្លាប់​លេង​ពី​មុន​មក​ដូច្នេះ​ឯង ។ ឯអាឡេវតេវ​ជា​មនុស្ស​មាន​ប្រាជ្ញា ក្រមាច់​កំប្លែង​លេង​ឲ្យ​គេ​ចូល​ចិត្ត មិន​ចេះ​ខឹង​នឹង​នរណា​ទេ ទោះ​នាហ្មឺន​សព្វ​មុខ​មន្ត្រី ឃុន​ហ្មឺន មហា​តលិក នូវ​ក្រមការ​ភ្នាក់​ងារ ប្រើ​វា​ដូច​ម្ដេច​ក្ដី លេង​ដូច​ម្ដេច​ក្ដី ក៏​មិន​ចេះ​ខឹង មិន​ចេះ​ប្រកែក​ឲ្យ​អ្នក​ណា​អាក់​អន់​ចិត្ត តាំង​តែ​ពី​ដើម​មក​ដូច្នេះ​ឯង ហើយ​ពួក​នាហ្មឺន​មិន​ដឹង​ជា​អាឡេវតេវ​បាន​កូន​ក្រមុំ​សេដ្ឋី​មក​ធ្វើ​ជា​ប្រពន្ធ​ផង ស្មាន​ថា​អាឡេវតេវ​ជា​មនុស្ស​ផ្ដេសផ្ដាស ដើរ​សុំ​ទាន​គេ​ស៊ី​រក​ទីលំនៅ​គ្មាន បាន​ជា​នាំ​គ្នា​មាក់ងាយ​វា ។ លុះ​ដល់​កូន​សេដ្ឋី ជា​ប្រពន្ធ​អាឡេវតេវ​ជិះ​អង្រឹង​ស្នែង ហើយ​មាន​មនុស្ស​ម្នា​ខ្ញុំ​កំដរ កាន់​ប្រអប់​មាស​ប្រាក់ ដើរ​ពាស​ពេញ​ផ្លូវ​មក នាហ្មឺន​ទាំង​អស់​ក៏​និយាយ​ថា «ហ្ម ! មើល​កូន​ក្រមុំ​សេដ្ឋី​ល្អ​ណាស់ ដើរ​ចូល​ក្នុង​វាំង» នាហ្មឺន​ខ្លះ​លាន់​មាត់​ថា «ល្អ​មែន! កូន​ស្ដេច​កូន​នាហ្មឺន​ដណ្ដឹង​ជា​ច្រើន​ហើយ​តែ​មិន​បាន» ។ ឯ​អាឡេវតេវ​ឮ​នាហ្មឺន​និយាយ​គ្នា​ថា «កូន​ស្ដេច កូន​នាហ្មឺន​ដណ្ដឹង​កូន​ក្រមុំ សេដ្ឋី​មិន​ព្រម​ឲ្យ» ដូច្នោះ ក៏​ឆ្លើយ​ឡើង​ថា «បើ​អស់​លោក​ថា ដណ្ដឹង​កូន​ក្រមុំ​សេដ្ឋី​ឲ្យ​កូន​លោក​មិន​បាន លោក​ចាំ​មើល​ខ្ញុំ​បាទ​វិញ​ចុះ វេលា​កូន​ក្រមុំ​សេដ្ឋី​ចេញ​មក អំពី​ក្នុង​វាំង ខ្ញុំ​បាទ​នឹង​ហៅ​ឲ្យ​ចូល​មក ហើយ​ឲ្យ​យក​ស្លា​មក​ឲ្យ​ខ្ញុំ​បាទ​ទទួល​ទាន លោក​ហ៊ាន​ភ្នាល់​ទេ?» ។ ពួក​នាហ្មឺន ឮ​អាឡេវតេវ​ថា​ដូច្នោះ មិន​ជឿ ត្បិត​មិន​ដឹង​ជា​សេដ្ឋី​ឲ្យ​កូន​ក្រមុំ​ទៅ​ជា​ប្រពន្ធ​អាឡេវតេវ​សោះ ។ មួយ​ទៀត​ពួក​នាហ្មឺន​ទាំង​នោះ ធ្លាប់​តែ​ដឹង​ថា អាឡេវតេវ​ជា​មនុស្ស​ក្រមាច​លេង​ផ្ដេសផ្ដាស​តែ​ដោយ​ផ្ទះ​នាហ្មឺន បាន​ជា​មាក់ងាយ​វា​ខ្លាំង​ណាស់ ហើយ​មិន​ដឹង​ជា​អាឡេវតេវ​មាន​ប្រាជ្ញា​ច្រើន​ដល់​ម្ល៉ឹង​សោះ ទើប​ហ៊ាន​នាំ​គ្នា​និយាយ​ភ្នាល់​នឹង​អាឡេវតេវ​ថា «បើ​ឯង​ហៅ​កូន​ក្រមុំ​សេដ្ឋី​ចូល​មក​យក​ស្លា​ម្លូ​មក​ឲ្យ​ឯង​ស៊ី​បាន អញ​ហ៊ាន​ភ្នាល់​នឹង​ឯង ប៉ុន្តែ​ឯង​គ្មាន​អ្វី​ដាក់​ភ្នាល់​នឹង​អញ​ទេ» ។ អាឡេវតេវ ឮ​ពួក​នាហ្មឺន​ថា​ដូច្នោះ ក៏​ឆ្លើយ​ឡើង​ថា «លោក​កុំ​ព្រួយ​ប្រសាសន៍​នឹង​ខ្ញុំ​បាទ បើ​ខ្ញុំ​បាទ​ចាញ់​លោក ខ្ញុំ​បាទ​ធ្វើ​សំបុត្រ​នៅ​បម្រើ​ជា​ខ្ញុំ​លោក​ដល់​អស់​ជីវិត តាម​ចិត្ត​លោក​ប្រើ​ធ្វើ​អ្វី​ ខ្ញុំ​បាទ​ទទួល​ធ្វើ​ទាំង​អស់» ។ នាហ្មឺន​សព្វ​មុខ​មន្ត្រី​ទាំង​អស់ ឮ​អាឡេវ​តេវ​ថា​ដូច្នោះ ក៏​អរ​គ្រប់​គ្នា ដោយ​ចង់​បាន​អាឡេវតេវ​មក​ធ្វើ​ជា​ខ្ញុំ​តែ​រៀងៗខ្លួន ត្បិត​វា​ចេះ​និយាយ​ភូត​ភរ​ក្រមាច់​កំប្លែង​លេង គ្រាន់​សប្បាយ​ដោយ​សារ​វា, មួយ​ទៀត​មាក់ងាយ​អាឡេវតេវ​ថា ជា​មនុស្ស​ចោល​ម្សៀត​ធ្វើ​ម្ដេច​នឹង​ហៅ​កូន​សេដ្ឋី​ឲ្យ​ចូល​មក​បាន ហើយ​និយាយ​គ្នា​ថា "យើង​យក​អាឡេវតេវ​ធ្វើ​ជា​ខ្ញុំ គ្រាន់​និយាយ​ភូត​ភរ​ក្រមាច់​លេង ហើយ​យើង​ចែក​គ្នា​ប្រើ​លេង​សប្បាយ, ចិត្ត​វា​ចុះ ត្បិត​វា​មុខ​ជា​ចាញ់​យើង​ហើយ" ។ អាឡេវតេវ​និង​ពួក​នាហ្មឺន​ធ្វើ​សំបុត្រ​បង្កាន់​ដៃ​ភ្នាល់​តាម​ដំណើរ​សព្វ​គ្រប់​ហើយ ទើប​ពួក​នាហ្មឺន​ប្រាប់​អាឡេវ​តេវ​ថា "ឯង​ចង់​បាន​មាស​ប្រាក់​ប៉ុន្មាន? ដំរី​ចង​កូប សេះ​ចង​អាន ទាំង​គ្រឿង​ដែល​ជិះ​មក​ប៉ុន្មាន ចូរ​ដាក់​ក្នុង​សំបុត្រ​តាម​ចិត្ត​ឯង​ចុះ" ។ អាឡេវតេវ​ក៏​សរសេរ​ដាក់​ក្នុង​បង្កាន់​ដៃ​ដែល​ភ្នាល់​គ្នា​ឲ្យ​ខាង​តែ​ច្រើន ទាំង​មាស​ទាំង​ប្រាក់ ទាំង​ដំរី ទាំង​សេះ គ្រប់​គ្រឿង ហើយ​ជូន​ទៅ​ពួក​នាហ្មឺន​ឲ្យ​បោះ​ត្រា រួច​ទទួល​យក​មក​វេច​មួយ​សម្ពាយ​ក្រវាត់​ទក ហើយ​ទៅ​អង្គុយ​ចាំ​នៅ​មាត់​ទ្វារ​សាលា បន្តិច​ឃើញ​កូន​សេដ្ឋី​ជា​ប្រពន្ធ​វា​ចេញ​ពី​ក្នុង​វាំង វា​ក៏​បោយ​ដៃ​ហៅ​ថា "នាង​យក​ស្លា​មក​ឲ្យ​បង​ស៊ី" ។ កូន​សេដ្ឋី​ ឮ​ប្ដី​ហៅ​ឲ្យ​យក​ស្លា​មក​ដូច្នោះ​ក៏​ម្នីម្នា​ចុះ​ពី​អង្រឹង​ស្នែង ហើយ​ដាក់​ស្លា​លើ​ជើង​ពាន​យក​មក​ឲ្យ​ប្ដី ។ អាឡេវតេវ​ក៏​ទទួល​យក​ស្លា​ស៊ី ហើយ​នាំ​ប្រពន្ធ​នូវ​កំដរ ឡើង​ជិះ​សេះ​ដំរី​ដែល​តែង​គ្រឿង​គ្រប់​ស្រាប់ ទៅ​កាន់​ផ្ទះ​សេដ្ឋី​ជា​ឪពុក​ក្មេក ។ អាឡេវតេវ​និយាយ​ផ្ដាំ​ខ្ញុំ​កំដរ​ថា "បើ​លោក​ឪពុក​លោក​ម្ដាយ ឬ​អ្នក​ឯណា​ជា​មនុស្ស​នៅ​ក្នុង​ផ្ទះ​ក្តី ឬ​អ្នក​ជិត​ខាង​ក្ដី គេ​សួរ​ថា​បាន​សេះ​ដំរី​ពី​ណា​មក? ឲ្យ​ជម្រាប​ឲ្យ​ប្រាប់​គេ​ថា «ទារ​បំណុល​អំពី​គេ" ។ ឯ​ពួក​នាហ្មឺន​សព្វ​មុខ​មន្ត្រី ក្រមការ ភ្នាក់​ងារ នូវ​ឃុន​ហ្មឺន មហាតលិក ដែល​ភ្នាល់​ចាញ់​អាឡេវតេវ ស្រាប់​តែ​ភ័យ ភ្នែកស​រៀង​ខ្លួន ស្ដាយ​របស់​ទ្រព្យ និង​ដំរី​សេះ​ជា​ជំនិះ ធ្លាប់​ជិះ​ជា​លម្អ​ត្រូវ​ចិត្ត សុទ្ធ​សឹង​តែ​គ្រឿង​មាស​និង​ប្រាក់​ពន់​ពេក ហើយ​និយាយ​គ្នា​ថា «យើង​បង់​គំនិត​អាឡេវតេវ​ហើយ​ជាន់​នេះ" ? ឯ​អាឡេវតេវ​និង​ប្រពន្ធ​ខ្ញុំ​កំដរ ជិះ​ដំរី​សេះ​មាន​កូប​មាន​អាន នូវ​គ្រឿង​ប្រដាប់​សុទ្ធ​សឹង​តែ​មាស​និង​ប្រាក់ ។ លុះ​ទៅ​ដល់​ផ្ទះ​ហើយ សេដ្ឋី​ជា​ឪពុក​ក្មេក​ម្ដាយ​ក្មេក នូវ​អស់​មនុស្ស​ម្នា ភ្នាក់​ងារ​ក្នុង​ផ្ទះ​ឃើញ​ដំរី​សេះ​ពាស​ពេញ​ដូច្នោះ ក៏​នឹក​ឆ្ងល់​ហើយ​សេដ្ឋី​ប្រើ​មនុស្ស​ឲ្យ​ទៅ​សួរ​អាឡេវ​តេវៗ ក៏​ប្រាប់​ថា "ទារ​បំណុល​អំពី​គេ​មក" ។ សេដ្ឋី​ជា​ឪពុក​ក្មេក​ម្ដាយ​ក្មេក​ក៏​និយាយ​គ្នា​ថា "យើង​អស់​ខ្មាស​គេ​ហើយ" ។ ចាប់​ដើម​ពី​ថ្ងៃ​នោះ​មក សេដ្ឋី​ប្ដី​ប្រពន្ធ ក៏​រឹត​តែ​ស្រឡាញ់​អាឡេវតេវ​លើស​អំពី​មុន​ទៀត ។ អាឡេវតេវ ក៏​ទៅ​ទារ​ប្រាក់​ពី​ពួក​នាហ្មឺន​សព្វ​មុខ​មន្ត្រី​តែ​សព្វ​ថ្ងៃ ជញ្ជូន​យក​មក ហើយ​វា​គិត​ធ្វើ​ការ​រក​ស៊ី ជួស​សេដ្ឋី​ជា​ឪពុក​ក្មេក​ម្ដាយ​ក្មេក មិន​ឲ្យ​ព្រួយ​ចិត្ត​គ្រប់​ជំពូក ។ នៅ​យូរ​មក សេដ្ឋី​ចាស់​ជរា អស់​អាយុ​ទៅ អាឡេវតេវ ក៏​បាន​ជា​សេដ្ឋី​ធំ​ក្នុង​នគរ​នោះ​ឯង ។


ត្រុកៗ អ្នក​ស្រុក​មើល​ងាយ​រលាស់​គូថ​ខ្ជាយ មាន​ឱដ្ឋ​មាន​ភ័ន្ត