<bgsound loop='1' src='http://download1338.mediafire.com/1g08g8qr11rg/3kyyincn04b25qz/Welcome.MP3'></bgsound>

Tuesday, June 3, 2014

រឿង​បុរស ៤ នាក់ រៀន​សិល្ប ៤ បែប

-ម្នាក់​រៀន​ធ្វើ​ឲ្យ​កើត​ជា​រូប​មនុស្ស; -ម្នាក់​រៀន​ធ្វើ​ឲ្យ​មាន​អវយវៈ; -ម្នាក់​រៀន​ធ្វើ​ឲ្យ​មាន​សាច់​ឈាម​ពណ៌​សម្បុរ ; -ម្នាក់​រៀន​ធ្វើ​ឲ្យ​មាន​ជីវិត​ចេះ​និយាយ​ស្ដី ។

មាន​និទាន​មួយ​ថា : មាន​បុរស ៤ នាក់ ​ទៅ​ស្វែង​រក​រៀន​សិល្បសាស្ត្រ​ឯ​តក្កសិលា​មហា​នគរ, លុះ​រៀន​បាន​ចេះ​ចប់​សព្វ​គ្រប់​ហើយ ក៏​លា​លោក​គ្រូ​អាចារ្យ​ត្រលប់​មក​ស្រុក​វិញ, កាល​មក​ដល់​ពាក់​កណ្ដាល​ផ្លូវ ក៏​ឈប់​សម្រាក​នៅ​ទី​មួយ​ក្នុង​ព្រៃ ទី​នោះ​មាន​ខ្លា​កាច​សាហាវ​ជា​ច្រើន​នឹង​ដេក​មិន​លក់​សោះ ។ បុរស​ទាំង ៤ នាក់​នោះ​គិត​គ្នា​ថា “គួរតែ​យើង​យក​ឈើ​មក​ធ្វើ​ជា​រូប​ស្ត្រី​ម្នាក់ ឲ្យ​ដេក​កំដរ​យើង” ។ លុះ​គិត​ព្រមព្រៀង​គ្នា​ហើយ បុរស​ម្នាក់​យក​ឈើ​មក​ធ្វើ​ជា​រូប​រាង​ខ្លួន​ប្រាណ បុរស​ម្នាក់​ឆ្លាក់​រចនា​សម្រេច​ជា​រូប​អង្គ​ឲ្យ​ល្អ​ល្អះ ត្រចះ​ត្រចង់​សព្វ​សព៌ាង្គកាយ មាន​ទាំង​កេរ្តិ៍​ខ្មាស​ផង, បុរស​ម្នាក់​សូត្រ​សែក​មន្ត​ឧបទេស បន្ទន់​សាច់​ឲ្យ​មាន​ពណ៌​សម្បុរ​ល្អិត​ល្អ ព្រម​ទាំង​ឲ្យ​មាន​សំលៀក​បំពាក់​ដណ្ដប់​ស្បៃ វិស័យ​ជា​មនុស្ស​ពិត ៗ, បុរស​ម្នាក់​សូត្រ​សែក​មន្ត​វិសេស​ឧបទេស​ជប​ឲ្យ​រស​ជា​មនុស្ស​ចេះ​និយាយ​ស្ដី ។

កាល​បុរស​ទាំង ៤ នាក់​យក​ឈើ​មក​ធ្វើ​ឲ្យ​កើត​ជា​រូប​មនុស្ស​ស្ត្រី​បាន​ស្រេច​ហើយ ក៏​ដណ្ដើម​គ្នា​យក​ស្ត្រី​នោះ​ធ្វើ​ជា​ភរិយា​តែ​រៀង​ខ្លួន ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក គ្មាន​អ្នក​ណា​ជំនុំ​ជម្រះ​សម្រេច​ឲ្យ​សោះ ទើប​នាំ​គ្នា​ទៅ​ប្ដឹង​ចៅក្រម​តាម​ដំណើរ​ទីទៃ ៗ ។ ឯ​ចៅក្រម​ជំនុំ​ជម្រះ​ឲ្យ​ដោយ​នូវ​គន្លង​ធម៌​ពុំ​បាន​ក៏​នាំ​បុរស​ទាំង ៤ នាក់​នោះ ឡើង​ក្រាប​បង្គំ​ទូល​ព្រះមហាក្សត្រ​តាម​ដំណើរ​គ្រប់​ប្រការ ។ បុរស​ទាំង ៤ នាក់​ក្រាប​ទូល​សួរ​ថា “សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស, បើ​សេចក្ដី​ដូច្នេះ តើ​ស្រី​នេះ​គួរ​បាន​ជា​ប្រពន្ធ​អ្នក​ណា ? ” ។

ព្រះមហាក្សត្រ​ទ្រង់​ពិចារណា​ឈ្វេង​យល់​ស្រេច​ហើយ ទ្រង់​មាន​ព្រះបន្ទូល​ថា “បុរស​ដែល​យក​ឈើ​មក​ធ្វើ​ជា​រូប​រាង​សាង​ឡើង​ជា​អង្គ​នោះ​ត្រូវ​បាន​ជា​ម្ដាយ, បុរស​ដែល​ឆ្លាក់​សម្រេច​រូប​អង្គ​ផ្ចិត​ផ្ចង់​គ្រប់​ប្រការ​ឲ្យ​ល្អ​ល្អះ​សព្វ​សព៌ាង្គ មាន​ទាំង​កេរ្តិ៍​ខ្មាស​ផង​នោះ ត្រូវ​បាន​ជា​ប្រពន្ធ, បុរស​ដែល​សូត្រ​សែក​មន្ត​ឧបទេស បន្ទន់​សាច់​សម្បុរ​ស្បែក​ឲ្យ​ល្អិត​ល្អ ឲ្យ​មាន​សំលៀកបំពាក់​ដណ្ដប់​ស្បៃ​វិស័យ​មនុស្ស​ពិត​នោះ ត្រូវ​បាន​ជា​បង, ឯ​បុរស​ដែល​សូត្រ​សែក​មន្ត​ឧបទេស ជប​ឲ្យ​រស់​ជា​មនុស្ស​មាន​វិញ្ញាណ​ចេះ​និយាយ​ចេះ​ស្ដី​នោះ ត្រូវ​បាន​ជា​ឪពុក” ។

ព្រះមហាក្សត្រ​ទ្រង់​កាត់​ក្ដី​ដូច្នេះ ហៅ​សុគតិគមនំ​ហោង ។

រឿង​បុរស ៤ នាក់ រៀន​សិល្បសាស្ត្រ

-ម្នាក់​រៀន​ទាយ; -ម្នាក់​រៀន​បាញ់; -ម្នាក់​រៀន​មុជ​ទឹក; -ម្នាក់​រៀន​ជប ។

មាន​និទាន​មួយ​ថា : មាន​បុរស ៤ នាក់​ទៅ​ស្វែង​រៀន​សិល្បសាស្ត្រ អំពី​ព្រាហ្មណ៍​ម្នាក់​ជា​ទិសាបាមោក្ខាចារ្យ នៅ​តក្កសិលា​មហានគរ ។ បណ្ដា​បុរស​ទាំង ៤ នាក់​នោះ, បុរស​ម្នាក់​រៀន​ទាយ បុរស​ម្នាក់​រៀន​បាញ់ បុរស​ម្នាក់​រៀន​មុជ​ទឹក បុរស​ម្នាក់​ទៀត​រៀន​ជប​ឲ្យ​រស់​ឡើង​វិញ ។ អ្នក​ទាំង ៤ នាក់ សឹង​រៀន​ទីទៃ ៗ ពី​គ្នា លុះ​រៀន​ចប់​ហើយ ក្រាប​លា​ទិសាបាមោក្ខាចារ្យ ជា​គ្រូ​ទៅ​ស្រុក​វិញ លុះ​ចេញ​ដើរ​ទៅ ដល់​ពេល​ល្ងាច ឈប់​សម្រាក​ដេក​នៅ​ឆ្នេរ​សមុទ្រ ។ ព្រឹក​ឡើង​បុរស​ចេះ​ហោរ​និយាយ​នឹង​បុរស​ទាំង ៣ នាក់​ថា អ្នក​អើយ ! ពេល​នេះ​យើង​នឹង​មាន​លាភ​ដោយ​សត្វ​ឥន្ទ្រី​ពាំនាំ​កូន​ស្ដេច​មួយ​ព្រះអង្គ អំពី​ពារាណសី​មហានគរ ហើរ​មក​ទៀប​លំនៅ​យើង​នេះ​ឯង ។ បុរស​ទាំង ៤ នាក់​គិត​គ្នា​ហើយ ក៏​ឃ្លាំ​ចាំ​មើល​ដោយ​ទិស​ទីទៃ ៗ ។ ឰដ៏​កាល​នោះ ពុំ​យូរ​ឡើយ​សត្វ​ឥន្ទ្រី​ក៏​នាំ​នាង​ហើរ​មក ទៀង​ប្រាកដ​ឆុត​ដូច​ហោរ​ទាយ​នោះ​មែន, បុរស​ចេះ​បាញ់​ក៏​ដំឡើង​ធ្នូ​បាញ់​ត្រូវ​សត្វ​ឥន្ទ្រី​នោះ ធ្លាក់​នាង​អំពី​មាត់ ចុះ​ទៅ​ក្នុង​ទឹក​សមុទ្រ, អ្នក​ចេះ​មុជ​ទឹក ក៏​មុជ​ចុះ​ទៅ​ស្រង់​យក​នាង​ឡើង​មក​បាន​ដូច​បំណង, ឯ​អ្នក​ចេះ​ជប បាន​ជប​នាង​នោះ​ឲ្យ​រស់​ឡើង​វិញ ។ កាល​នាង​មាន​ជំរិត​រស់​ឡើង​វិញ​ហើយ អស់​អ្នក​ទាំង ៤ នាក់​នោះ ដណ្ដើម​គ្នា​ចង់​យក​នាង​ជា​ភរិយា​តែ​រៀង​ខ្លួន ។ អស់​អ្នក​ទាំង ៤ នោះ ឈ្លោះ​ប្រកែក​គ្នា​ពុំ​ដាច់​ស្រេច ក៏​នាំ​គ្នា​ទៅ​ប្ដឹង​ចៅ​ក្រម ដោយ​ដំណើរ​ខ្លួន​ទីទៃ ៗ ហើយ​សួរ​ចៅ​ក្រម​ថា “នាង​នេះ​តើ​បាន​ជា​ប្រពន្ធ​នរណា ? ” ។

ចៅ​ក្រម​ជំនុំ​ពិចារណា​រឿង​នេះ​ពុំ​បាន ក៏​នាំ​អ្នក​ទាំង ៤ ឡើង​ក្រាប​បង្គំ​ទូល​ព្រះ​មហា​ក្សត្រ​ដោយ​ដំណើរ​សព្វ​គ្រប់​ប្រការ ។ ព្រះមហាក្សត្រ​ទ្រង់​ពិចារណា​ឈ្វេង​យល់​ក្នុង​ព្រះរាជ​ហឫទ័យ​ថា ព្រះស្ដែង​ទាំង ៤ នេះ សឹង​មាន​គុណ​ប្រសើរ​ដូច ៗ គ្នា ហើយ​ទ្រង់​ត្រាស់​បង្គាប់​ថា “ បុរស​ចេះ​ហោរ​ត្រូវ​ទុក​ជា​គ្រូ, បុរស​ចេះ​បាញ់​ទុក​ជា​ឪពុក, បុរស​ចេះ​ប្រោះ​ឲ្យ​រស់​ត្រូវ​ទុក​ជា​ម្ដាយ, បុរស​ចេះ​មុជ​ទឹក​ដែល​គេ​បាន​ស្ទាប​បាន​កាន់​អស់​អង្គ​នាង​បាន​បីបម​ថ្នម​ទ្រ យក​នាង​ឡើង​មក​អំពី​ទឹក ត្រូវ​បាន​នាង​ជា​ប្រពន្ធ ” ។

លុះ​ចំណេរ​ទៅ​មុខ បុរស​ជា​ប្ដី​បាន​ជា​ស្ដេច​ក៏​ចិញ្ចឹម​រក្សា​អ្នក​ទាំង​បី​ដោយ​នូវ​គន្លង​ព្រះ​មហាក្សត្រ​ទ្រង់​ត្រាស់​បង្គាប់​នោះ ។

ព្រះមហាក្សត្រ​ទ្រង់​កាត់​សេចក្ដី​ដូច្នេះ ហៅ​សុគតិគមនំ ហោង ។

រឿង​មហាឫសី​ប្រោះ​ខ្លា

មាន​និទាន​មួយ​ដំណាល​ថា : មាន​ខ្លា​ទោល ១ ទៅ​ដេក​លើ​រូង​ពស់ ៗ​លូន​ចេញ​មក​ចឹក​ខ្លា​នោះ​ស្លាប់​នៅ​មាត់​រូង ។ ថ្ងៃ​នោះ​ជួន​ជា​មហាឫសី​មួយ​អង្គ​និមន្ត​គោចរ ទៅ​ឃើញ​ខ្លា​នោះ​ស្លាប់ ក៏​មេត្តា​ប្រោះ​ខ្លា​នោះ​ឲ្យ​រស់​ឡើង​វិញ ។ ខ្លា​រស់​ដឹង​ខ្លួន​ហើយ​និយាយ​ថា ˝ អញ​កំពុង​តែ​ដេក​លក់​ជា​សុខ​សប្បាយ​ក្នុង​ព្រៃ​ជា​លំនៅ​របស់​អញ ម្ដេច​ឡើយ​ក៏​ព្រះ​ស្ដែង​ហ៊ាន​មក​ធ្វើ​ឲ្យ​អញ​ភ្ញាក់ ម៉េ្លះ​ហើយ​អញ​ខាំ​ព្រះ​ស្ដែង ស៊ី​ពុំ​លែង​ឡើយ˝ ។ មហាឫសី​ឆ្លើយ​ថា ˝ព្រះស្ដែង​ដេក​លើ​រូង​ពស់ ៗ ចឹក​ស្លាប់ អញ​ប្រោះ ព្រះ​ស្ដែង​ឲ្យ​រស់​ឡើង​វិញ គួរ​តែ​ព្រះ​ស្ដែង​សង​គុណ​អញ ម្ដេច​ឡើយ​ក៏​ព្រះ​ស្ដែង​គិត​ខាំ​អញ​វិញ˝ ។ មហាឫសី​និង​ខ្លា​ប្រកែក​ជជែក​គ្នា​មិន​អស់ មិន​ហើយ ទើប​នាំ​ទៅ​ប្ដឹង​ចចក ថ្លែង​ប្រាប់​តាម​ដំណើរ​រៀង​ខ្លួន ។ ចចក​ជញ្ជឹង​គិត​ថា ˝ អញ​នៅ​ក្នុង​ព្រៃ​សព្វ​ថ្ងៃ​នេះ​ពឹង​ពាក់​អានុភាព​ខ្លា បើ​អញ​កាត់​ក្ដី​នេះ​ឲ្យ​ខ្លា​ចាញ់ សម​អញ​នឹង​ពឹង​ពាក់​ខ្លា​នៅ​នា​ព្រៃ​នេះ​ពុំ​បាន​ឡើយ˝ ។ ចចក​គិត​ដូច្នេះ​ហើយ ក៏​កាត់​ក្ដី​ឲ្យ​ខ្លា​ស៊ី​មហាឫសី ។ ឯ​ចចក​កាត់​ក្ដី​យ៉ាង​នេះ​ហៅ​ថា ឆន្ទាគតិ ។

មហាឫសី​មិន​សុខ​ចិត្ត ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នាំ​ខ្លា​ទៅ​ប្ដឹង​គោ ថ្លែង​ប្រាប់​តាម​ដំណើរ​រៀង​ខ្លួន​ដូច​មុន ។ គោ​គិត​ថា ˝ បើ​អញ​កាត់​ក្ដី​​ឲ្យ​ខ្លា​ចាញ់ សម​ខ្លា​នេះ​ស្អប់​អញ វា​នឹង​ខាំ​អញ​មិន​ខាន​ឡើយ˝ ។ ទើប​គោ​កាត់​ក្ដី​ឲ្យ​ខ្លា​ស៊ី​មហាឫសី ។ គោ​កាត់​ក្ដី​យ៉ាង​នេះ​ហៅ​ថា ភយាគតិ ។

មហាឫសី​មិន​សុខ​ចិត្ត​នាំ​ខ្លា​ទៅ​ប្ដឹង​ស្វា​ៗ គិត​ថា ˝កាល​មុន​មាន​បុរស​ម្នាក់​ធ្លាក់​ទៅ​ក្នុង​អណ្ដូង ឪពុក​អញ​ជួយ​សង្គ្រោះ​យោង​ឡើង​មក​លើ​មាត់​អណ្ដូង​បាន មាន​ខ្លា​មួយ​គិត​មក​ស៊ី​បុរស​នោះ ឪពុក​អញ​នាំ​បុរស​នោះ ឲ្យ​ឡើង​ទៅ​លើ​ដើម​ឈើ បាន​រួច​ពី​ភ័យ បុរស​នោះ​បែរ​ជា​ចិត្ត​អាក្រក់​សម្លាប់​ឪពុក​អញ​វិញ˝ ។ ស្វា​គិត​ដូច្នេះ​ហើយ ទើប​កាត់​ក្ដី​ឲ្យ​ខ្លា​ស៊ី​មហាឫសី ។ ស្វា​កាត់​ក្ដី​យ៉ាង​នេះ ហៅ​ថា​ ទោសាគតិ ។

មហាឫសី​មិន​សុខ​ចិត្ត​នាំ​ខ្លា​ប្ដឹង​ត្មាត ៗ គិត​ថា ˝សព្វ​ថ្ងៃ​នេះ​អញ​បាន​រំពា​សំណល់​អំពី​ខ្លា​ជា​អាហារ​ចំណី​ប្រក្រតី មិន​ដែល​ដាច់​ឡើយ បើ​អញ​កាត់​ក្ដី​នេះ​ឲ្យ​ខ្លា​ចាញ់ មុខ​ជា​ខ្លា​ខឹង​នឹង​អញ ម្ដេច​ឡើយ​អញ​និង​បាន​ស៊ី​រំពា​ខ្លា​នេះ​ទៀត˝ ។ ត្មាត​គិត​ដូច្នេះ​ហើយ​ ក៏​កាត់​ក្ដី​ឲ្យ​ខ្លា​ស៊ី​មហាឫសី ។ ត្មាត​កាត់​ក្ដី​យ៉ាង​នេះ​ហៅ​ថា​លោភាគតិ ។

មហាឫសី​មិន​សុខ​ចិត្ត​នាំ​ខ្លា​ទៅ​ប្ដឹង​ទេព្រក្ស​ៗ​គិត​ថា ˝មនុស្ស​ទាំង​ពួង​ដើរ ព្រៃ​អាស្រ័យ​ដោយ​ម្លប់​ឈើ​ផង​ទាំង​ឡាយ ចេះ​តែ​កាច់​មែក ហែក​សន្លឹក ស្ទោះ​សម្បក ឆ្លក​កាត់​ដើម˝ ។ ទេព្រក្ស​គិត​ដូច្នេះ​ហើយ​ក៏​កាត់​ក្ដី​ឲ្យ​ខ្លា​ស៊ី​មហាឫសី ។ ទេព្រក្ស​កាត់​ក្ដី​យ៉ាង​នេះ​ហៅ​ថា​មោហាគតិ មិន​ទៀង​ត្រង់​ឡើយ ។

មហាឫសី​មិន​សុខ​ចិត្ត​នាំ​ខ្លា​ទៅ​ប្ដឹង​ទន្សាយ​ប្រាប់​ថា ˝ខ្លា​នោះ​ដេក​លើ​រន្ធ​ពស់​វែក​ ៗ ចេញ​មក​ចឹក​ស្លាប់ អាត្មា​សូត្រ​មន្ត​បោស​ពិស​ពស់​ឲ្យ​ខ្លា​រស់​ឡើង​វិញ​ ។ ដោយ​គិត​ឃើញ​ថា​ខ្លា​នេះ​នឹង​តប​គុណ​អាត្មា​, ឥឡូវ​នេះ​ម្ដេច​ខ្លា​ក៏​ប្រាថ្នា​ស៊ី​អាត្មា​វិញ? តាម​តែ​ពិចារណា​ឲ្យ​អាត្មា​ចុះ˝ ។ ឯ​ខ្លា​ប្ដឹង​ថា ˝ខ្ញុំ​កំពុង​តែ​ដេក​លក់​ជា​សុខ​សប្បាយ​ក្នុង​ព្រៃ ស្រាប់​តែ​ព្រះស្ដែង​ឫសី​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ ហេតុ​នេះ​ត្រូវ​ខ្ញុំ​សុំ​ស៊ី​ព្រះ​ស្ដែង​ឫសី​នេះ ៗ ពុំ​សុខ​ចិត្ត​នាំ​ខ្ញុំ​ទៅ​ប្ដឹង​ចចក ៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ ៗ មិន​សុខ​ចិត្ត​នាំ​ខ្ញុំ​ទៅ​ប្ដឹង​គោ ៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ​ៗ មិន​សុខ​ចិត្ត​នាំ​ខ្ញុំ​ទៅ​ប្ដឹង​ស្វា​ៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ​ៗ មិន​សុខ​ចិត្ត​នាំ​ខ្ញុំ​ទៅ​ប្ដឹង​ត្មាត​ៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ​ៗ មិន​សុខ​ចិត្ត​នាំ​ខ្ញុំ​ទៅ​ប្ដឹង​ទេព្រក្ស ៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ ៗ មិន​សុខ​ចិត្ត​នាំ​ខ្ញុំ​មក​ប្ដឹង​លោក តាម​តែ​លោក​ពិចារណា​ឲ្យ​ខ្ញុំ​ចុះ ˝ ។

ទន្សាយ​ស្ដាប់​ពាក្យ​មហាឫសី និង​ពាក្យ​ខ្លា​ហើយ ក៏​ពិចារណា​ដោយ​ប្រាជ្ញា​ឈ្លាសវៃ ឈ្វេង​យល់​អាថ៌​សេចក្ដី​ហើយ​ប្រាប់​ថា ˝បើ​ដូច្នោះ​ចូរ​មហាឫសី និង​បង​ខ្លា​នាំ​គ្នា​ទៅ​ដល់​ទី​ដែល​កើត​ហេតុ​នោះ​ហើយ​ឲ្យ​បង​ខ្លា​ដេក​លក់​ជា​សុខ​ដូច​ពី​ដើម​ចុះ គឺ​ឲ្យ​មហាឫសី​ជូន​ទៅ​ដល់​កន្លែង​ដែល​ខ្លា​ដេក​នោះ​ឲ្យ​អញ​បាន​យល់​ហើយ​និង​ពិចារណា​ដោយ​ប្រការ​នោះ ˝ ។ ទើប​មហាឫសី និង​ខ្លា​បបួល​គ្នា​ទៅ នាំ​ទាំង​ទន្សាយ​ទៅ​ផង ។ លុះ​ទៅ​ដល់​កន្លែង​នោះ​ហើយ ខ្លា​ក៏​ប្រះ​ដេក​នៅ​ទី​ដដែល​នោះ យូរ​បន្តិច​ពស់​វែក​ចេញ​មក​ចឹក​ខ្លា​ស្លាប់​នៅ​មាត់​រន្ធ​នោះ​ឯង ។ កាល​បើ​ខ្លា​នោះ​ស្លាប់​ហើយ ទន្សាយ​ប្រាប់​មហាឫសី​ថា ˝សូម​លោក​មើល​ខ្លា​នោះ​ចុះ ហេតុ​តែ​ឥត​ធម៌ វង្វេង​ភ្លេច​គុណ​គេ ឥឡូវ​ពុំ​រំលង​និង​វេរា​កម្ម​ឡើយ, តាំង​ពី​ពេល​នេះ​ទៅ​មុខ លោក​កុំ​ធ្វើ​គុណ​នឹង​ខ្លា​ឲ្យ​សោះ ˝ឯ​ទន្សាយ​កាត់​ក្ដី​យ៉ាង​នេះ​ហៅ​ថា​សុគតិគមនំ (ដំណើរ​ល្អ) គឺ​សុចរិត យុត្តិធម៌​ហោង ។

Saturday, May 31, 2014

រឿង​ក្មេង​កំព្រា

កាល​ពី​ព្រេង​នាយ មាន​បុរស​អ្នក​ស្រែ​ម្នាក់ ប្រកប​របរ​ចិញ្ចឹម​ជីវិត​តែ​នឹង​ដាក់​ជុច​យក​ត្រី មក​លក់​ដូរ​ប៉ុណ្ណោះ ។ បុរស​នោះ មាន​កូន​ប្រុស​ពីរ​នាក់ កូន​បង​ អាយុ ១៣ ឆ្នាំ កូន​ប្អូន​អាយុ ១១ ឆ្នាំ ។ ប្រពន្ធ​ស្លាប់​ទៅ គាត់​នៅ​ពោះ​ម៉ាយ​ជា​មួយ​នឹង​កូន​ទាំង​ពីរ ហើយ​រក​ស៊ី​ចិញ្ចឹម​កូន​តែ​នឹង​ដាក់​ជុច​ដដែល ។ វេលា​ដែល​បុរស​នោះ​ទៅ​ព្រៃ រក​វល្លិ​ផ្ដៅ​ធ្វើ​ជុច តែង​យក​កូន​បង​ទៅ​ជា​មួយ, ឯ​កូន​ប្អូន​ទុក​ឲ្យ​នៅ​ចាំ​ផ្ទះ ។

ថ្ងៃ​មួយ កូន​ប្អូន​មាន​សេចក្ដី​សង្ស័យ​នឹង​ឪពុក​ទៅ​ព្រៃ​បោច​វល្លិ​ផ្ដៅ​ធ្វើ​ជុច​ពេក​ណាស់ ព្រោះ​ចង់​ដឹង​ថា តើ​ឪពុក​ធ្វើ​ជុច​យ៉ាង​ណា ខ្លួន​មិន​ដែល​ឃើញ​សោះ ក៏​និយាយ​​ប្រាប់​ឪពុក​ថា «ឪ! ខ្ញុំ​មិន​ហ៊ាន​នៅ​ផ្ទះ​តែ​ម្នាក់​ឯង​ទេ ខ្ញុំ​ខ្លាច​ណាស់! សូម​យក​ខ្ញុំ​ទៅ​ព្រៃ​ជា​មួយ​ផង» ។ ឪពុក​ក៏​ព្រម​យក​កូន​ប្អូន​ទៅ​ជា​មួយ ។ លុះ​ទៅ​ដល់​ព្រៃ​ឪ ពុក​ក៏​ខំ​ប្រឹង​រក​បោច​វល្លិ​ផ្ដៅ​បាន​ហើយ យក​មក​ពុះ​ច្រៀក​ជា​ចម្រៀក​តូច ៗ ល្មម​នឹង​ធ្វើ​ជា​សរសៃ​ជុច គាត់​ក៏​រែង​ធ្វើ​ជា​ជុច​ទៅ ។ កូន​បង​ដែល​ធ្លាប់​តែ​តាម​ឪពុក​ទៅ​ព្រៃ​ធ្វើ​ជុច​សព្វ ៗ​ថ្ងៃ មិន​ដឹង​ជា​ឪពុក​ធ្វើ​ជុច​យ៉ាង​ណា​ឡើយ ព្រោះ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ងារ​នោះ​សោះ គ្រាន់​តែ​បាន​ឃើញ​ជុច​ជាប់​ត្រី​ប៉ុណ្ណោះ ។ ឯ​កូន​ប្អូន​ដែល​ទើប​តែ​នឹង​បាន​តាម​ទៅ​ក្នុង​ថ្ងៃ​នោះ ក៏​ខំ​ពិនិត្យ​មើល​ឪពុក​ធ្វើ​ជុច ចាប់​តាំង​ពី​កាន់​កាំបិត​យក​ទៅ​កាប់​វល្លិ​ផ្ដៅ រហូត​ដល់​កើត​ជា​រាង​ជុច យក​ទៅ​ដាក់​ត្រី ជាប់​បាន​ត្រី​ហើយ យក​ត្រី​មក​ដុត​មក​អាំង ចម្អិន​ជា​ចំណី​អាហារ ។

ជួន​ជា​ថ្ងៃ​មួយ​នោះ ឪពុក​ភ្លេច​មិន​បាន​យក​ដែក​ភ្លើង​ទៅ គ្មាន​អ្វី​នឹង​បង្កាត់​ភ្លើង អាំង​ត្រី​ឲ្យ​កូន​បរិភោគ ក៏​ទៅ​កាប់​ឫស្សី​ស្ងួត​មួយ​កំណាត់ យក​មក​កូត​នឹង​គ្នា​ឲ្យ​ទាល់​តែ​ក្ដៅ កើត​ជា​ភ្លើង​ឆេះ​បាន ហើយ​គាត់​បង្កាត់​អាំង​ត្រី ឲ្យ​កូន​ទាំង​ពីរ​នាក់​បរិភោគ​ចម្អែត​ផ្ទៃ​មួយ​ពេល​ទៅ ។

ចំណេរ​ចេរ​កាល​មក​ខាង​ក្រោយ ឪពុក​មាន​ជំងឺ​ជា​ទម្ងន់ ស្លាប់​ទៅ ។ កូន​ទាំង​ពីរ​នៅ​កំព្រា​រញង់ ឥត​មេ​បា​នឹង​ចិញ្ចឹម​បី​បាច់​ថែ​រក្សា រស់​នៅ​ដោយ​ទ្រព្យ​បន្តិច​បន្តួច​ដែល​សល់​ពី​ឪពុក មិន​យូរ​ថ្ងៃ​ខែ​ប៉ុន្មាន​ក៏​អស់​ទ្រព្យ​នោះ​ទៅ ទើប​ប្អូន​និយាយ​នឹង​បង​ថា «ឱ បង​អើយ! កាល​ពី​ដើម​យើង​បាន​ឪពុក​ទំនុក​បម្រុង រក​ស៊ី​ចិញ្ចឹម​យើង​ទាំង​ពីរ​នាក់​យើង​ឥត​មាន​សេចក្ដី​ព្រួយ​លំបាក​អ្វី​ឡើយ ចាំ​តែ​បរិភោគ​ស្រាប់ ៗ ឥឡូវ​នេះ​ឪពុក​យើង​ស្លាប់​ចោល​ទៅ​ហើយ ឯ​យើង​ទាំង​ពីរ​នាក់​សោត​ទៀត ក៏​មិន​ទាន់​ពេញ​កម្លាំង​ល្មម​នឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​បាន​ដោយ​ខ្លួន​ឯង ទាំង​បង​ក៏​នៅ​តូច ទាំង​ខ្ញុំ​ក៏​នៅ​តូច​នឹង​ទៅ​រក​ស៊ី​ឈ្នួល​ជួល​ព័ទ្ធ​អ្នក​ជិត​ខាង ក្រែង​គេ​មិន​ព្រម​ទទួល ពី​ព្រោះ​យើង​ជា​មនុស្ស​កំព្រា​អនាថា រក​ទី​ពឹង​គ្មាន គេ​មិន​ហ៊ាន​ឲ្យ​នៅ​ជា​មួយ គេ​មិន​ទុក​ចិត្ត​យើង ហេតុ​តែ​យើង​គ្មាន​មេបា​ថែរក្សា បើ​ដូច្នេះ តើ​បង​គិត​យ៉ាង​ណា ឲ្យ​បាន​រស់​នៅ​ជា​មួយ​នឹង​គេ​ឯង បង! អង្ករ​យើង ថ្ងៃ​នេះ​នៅ​តែ ១ ទូក​ដៃ ល្មម​តែ​ល្ងាច​នេះ ថ្ងៃ​ស្អែក​គ្មាន​អង្ករ​ដាំ​បាយ​បរិភោគ​ទេ, បង! ដើរ​សូម​ទាន​គេ​ឬ​ដូចម្ដេច​ហ៎ះ! ខ្ញុំ​មិន​ទៅ​សូម​ទេ​ខ្មាស​គេ​ណាស់ ស៊ូ​តែ​ពី​ស្លាប់» ។ បង​សួរ​ប្អូន «ម្ដេច​ក៏​អូន​ថា​យ៉ាង​នេះ?» ។ ប្អូន​ឆ្លើយ​តប​ទៅ​នឹង​បង​ថា «ខ្ញុំ​មាន​ដៃ​ពីរ​ជើង​ពីរ គំនិត​មារយាទ ដូច​អ្នក​ទាំង​ពួង​ដែរ»។ «ឱ! ប្អូន​ឯង​គិត​យ៉ាង​ហ្នឹង? ពិត​មែន​តែ​មាន​ដៃ​ពីរ​ជើង​ពីរ គំនិត​មារយាទ​ដូច​អ្នក​ទាំង​ពួង​មែន​ហើយ តែ​ខ្លួន​យើង​នៅ​តូច​ណាស់ មិន​អាច​នឹង​ពុន​រែក កាប់​គាស់ លី​សែង​អ្វី​បាន​ឡើយ » ។ «ឱ! បង​អើយ សត្វ​ចាប​វា​ដែល​ទៅ​ពុន​រែក លីសែង​ឯណា​ដែរ​ឬ​? ម្ដេច​ក៏​វា​ចិញ្ចឹម​កូន​វា​រស់ ហើយ​កូន​វា​ទៀត ធំ​ឡើង​រក​ស៊ី​ដូច​មេ​វា​ទៀត​បាន, ចុះ​បង ម្ដេច​ក៏​មិន​គិត​ដល់​ការ​ងារ​របស់​ឪពុក​យើង​ផង?» ។ «ប្អូន! លាក់​បាំង​អ្វី! កាល​ពី​ខ្មោច​ឪ​យើង​នៅ​រស់​នៅ​ឡើយ គាត់​រក​ស៊ី​ចិញ្ចឹម​យើង​តែ​នឹង​ដាក់​ជុច ប៉ុន្តែ​បង​មិន​ដឹង​ថា​គាត់​ធ្វើ​ជុច យក​ទៅ​ដាក់​ត្រី​យ៉ាង​ណា​ទេ បង​ចាំ​តែ​ឆ្អិន​តែ​ម្យ៉ាង ។ ម្យ៉ាង​ទៀត​កាល​គាត់​យក​របស់​អ្វី​មក​ធ្វើ​ជុច ក៏​បង​មិន​ចាំ ហើយ​គាត់​ធ្វើ​ជុច​នោះ​មាន​សណ្ឋាន​បែប​ណា ក៏​បង​មិន​ដឹង​ទាំង​អស់ បើ​ដូច្នោះ ឲ្យ​បង​ធ្វើ​ដូច​ម្ដេច​កើត ឃើញ​តែ​ការ​សុំ​ទាន​រក​ស៊ី​ឈ្នួល​គេ​ហ្នឹង​ហើយ ដូច​ជា​ស្រួល​គ្រាន់​បើ ប្អូន! ណ្ហើយ​ចុះ! កាត់​កេរ្តិ៍​ខ្មាស​សិន​ទៅ​ចុះ ទម្រាំ​យើង​ធំ​ល្មម​រក​ស៊ី​ខ្លួន​ឯង​បាន! ។ «ទេ! បង ខ្ញុំ​មិន​ទៅ​សូម​ទាន​ឬ​ស៊ី​ឈ្នួល​គេ​ទេ ខ្មាស​គេ​ណាស់ ពី​ព្រោះ​ពូជ​យើង​មិន​ដែល​សុំ​ទាន ឬ​ស៊ី​ឈ្នួល​គេ​បើ​ទុក​ជា​ពី​ជីតា​ទួត​លួត​លា​មក ធ្លាប់​សុំ​ទាន ឬ​ស៊ី​ឈ្នួល​ឲ្យ​កម្លាំង​គេ​ប្រើ​ដូច​ជា​សត្វ​តិរច្ឆាន​ក៏​ដោយ ខ្ញុំ​មិន​ព្រម​ប្រព្រឹត្ត​តាម​បវេណី​វង្ស​ត្រកូល​នោះ​ដែរ នៃ​បង! ប្អូន​គិត​ឃើញ​ថា «កាល​បើ​មាន​អ្នក​សប្បុរស​ចិត្ត​ល្អ ដាក់​ទាន​ឲ្យ​យើង ឬ ក៏​បាន​ទៅ​ច្រក​កោន​នឹង​ចៅហ្វាយ​នាយ យើង​ក៏​បាន​ស្រួល​បន្តិច​ទៅ, តែ​បើ​ប្រទះ​ពារ​ទៅ​លើ​អ្នក​ចិត្ត​តក់​ម៉ក់​អាក្រក់​សម្លក់​ភ្នែក​ស្លែ ដូច​ភ្នែក​មៀម គំហក​គំរាម​យើង​ដូច​សត្វ​តិរច្ឆាន តើ​យើង​យក​មុខ​ទៅ​ទុក​ឯណា? ម្យ៉ាង​ទៀត អ្នក​ចិត្ត​ល្អ​ក្ដី អ្នក​ចិត្ត​អាក្រក់​ក្ដី កាល​គេ​ហុច​របស់​មក​ឲ្យ​យើង​ដោយ​ដៃ​គេ យើង​យក​ដៃ​ទៅ​ទទួល​ទាន​គេ ចុះ​ដៃ​ជា​ដៃ ជើង​ជា​ជើង​មាត់​ជា​មាត់ ដូច​គ្នា​ទាំង​អស់ ម្ដេច​ក៏​ដៃ​គេ​គ្មាន​សំពះ​សុំ​អ្នក​ណា? មាត់​គេ​មិន​ហា​និយាយ​សុំ​អ្នក​ណា? អន់​អ្វី​តែ​ដៃ​ជើង​មាត់​យើង​ជាង​គេ​ម្ល៉េះ ? បង​គិត​មើល​ចុះ ប្អូន​ថា​ប៉ុណ្ណេះ​ខុស​ឬ​ត្រូវ?» ។ «បើ​ដូច្នោះ ប្អូន​ចេះ​ចាំ​ការ​ងារ​របស់​ឪពុក​យើង​ដែរ​ឬ? »បង​សួរ​ទៅ​ប្អូន​វិញ ។ «អើ! មិន​អី​ទេ​បង! ប្អូន​ចាំ​ទាំង​អស់ បង​កុំ​ព្រួយ! កុំ​គិត​ទៅ​សូម​ទាន ឬ​ស៊ី​ឈ្នួល​ឲ្យ​កម្លាំង​គេ​ប្រើ វា​ថោក​ខ្លួន​ណាស់ យើង​នេះ​មិន​មែន​ជា​សត្វ​តិរច្ឆាន គេ​វាយ​ឯ​កើត​វាយ​ឯ​លិច​ដូច​សុនខ​ពេក​ទេ ឪពុក​គាត់​ទុក​កាំ​បិត​ព្រា​ឲ្យ​មួយ​ដែរ​តើ! យើង​ទៅ​ព្រួយ​អ្វី សព្វ​បើ​គ្រាន់​ចិញ្ចឹម​ជីវិត​មួយ​ប៉ុណ្ណឹង ។ «អើ! បើ​យ៉ាង​ហ្នឹង ប្អូន​គិត​ការ​ងារ​ឪពុក​ទៅ​ចុះ ។

ឯ​ប្អូន​ជា​ក្មេង​មាន​ប្រាជ្ញា ក៏​ប្រារព្ធ​ធ្វើ​ជុច​កើត យក​ទៅ​ដាក់​ត្រី​បាន​ដូច​បំណង ។ លុះ​ថ្ងៃ​ក្រោយ​​កន្លង​មក​ទៀត ប្អូន​អង្គុយ​គិត​តែ​ម្នាក់​ឯង មិន​ចេញ​វាចា​ប្រាប់​បង​សោះ​ថា «ឪពុក​អញ គាត់​ចេះ​ធ្វើ​ជុច​ដាក់​ត្រី​ប៉ុណ្ណោះ ឯ​សត្វ​ឯ​ទៀត​ៗ គាត់​ដាក់​ជុច​មិន​បាន​ឃើញ​ថា ប្រាជ្ញា​គាត់​នៅ​ខ្សោយ​ណាស់, បើ​ដូច្នោះ អញ​រក​ឧបាយ​នឹង​ធ្វើ​ជុច​ដាក់​សត្វ​ម្រឹគ មាន​សត្វ​ជ្រូក​ព្រៃ ឈ្លូស រមាំង​ជា​ដើម ។ លុះ​គិត​ឃើញ​ដូច្នោះ​ហើយ ក៏​និយាយ​ប្រាប់​បង «បង! យើង​គិត​ទៅ​រក​ដាក់​ជុច​ឯ​ព្រៃ​វិញ ក្រែង​បាន​ជាប់​ជ្រូក​ព្រៃ ឈ្លូស រមាំង ជា​សត្វ​ធំ ៗ មាន​សាច់​ច្រើន» ។ បង​ក៏​សុខ​ចិត្ត​តាម​ប្អូន​ទាំង​អស់​ ព្រោះ​យល់​ឃើញ​ថា ប្អូន​ចេះ​ចាំ​កិច្ច​ការ​របស់​ឪពុក​ពិត​ប្រាកដ​មែន, ហើយ​ក៏​បណ្ដើរ​គ្នា​ពីរ​នាក់​បង​ប្អូន ចូល​ទៅ​ក្នុង​ព្រៃ​ស្រោង​ជា​ទី​រហោស្ថាន ។ ទៅ​ដល់​ពាក់​កណ្ដាល​ព្រៃ បង​ស្រេក​ទឹក​យ៉ាង​ខ្លាំង ក៏​និយាយ​ប្រាប់​ប្អូន​ថា «ប្អូន! បង​ស្រេក​ទឹក​ណាស់! រក​ទឹក​ឯណា​ផឹក​បាន?» ។ ប្អូន​ឆ្លើយ​ថា «កាល​ឪពុក​យើង​រស់​នៅ បើ​ដើរ​ទៅ​ទី​ណា​ដែល​គ្មាន​ទឹក គាត់​តែង​ជី​ដី​ត្រង់​កន្លែង​ណា​សើម​ៗ យូរ​ៗ​ទៅ ចេញ​ទឹក​បាន, បើ​ដូច្នេះ បង​ជីក​ល​មើល!» ។ «ជីក​ឯណា​កើត បើ​អស់​កម្លាំង​យ៉ាង​នេះ» ។ «អើ! បើ​ដូច្នោះ ចាំ​ដើរ​ទៅ​ខាង​មុខ​បន្តិច​សិន ក្រែង​ជួន​ប្រទះ​ទឹក» ។ ដើរ​បាន​បន្តិច​ទៅ ក៏​ជួប​ប្រទះ​ត្រពាំង​មួយ​មាន​ទឹក​ថ្លា ពាស​ពេញ​ដោយ​ផ្កា​ឈូក​ផ្លែ​ឈូក បង​ប្អូន​ទាំង​ពី​នាក់ ក៏​នាំ​គ្នា​ងូត​ទឹក ផឹក​ទឹក បេះ​ផ្លែ​ឈូក​ស៊ី​តាម​សប្បាយ​ហើយ​ក៏​ទៅ​សម្រាន្ត​នៅ​ក្បែរ​មាត់​ត្រពាំង​នោះ​មួយ​ស្របក់ ។ លុះ​មាន​កម្លាំង​ល្មម​នឹង​ដើរ​ទៅ​ទៀត​បាន ក៏​នាំ​បង​ប្អូន​ដើរ​ទៅ ទៅ​ដល់​ព្រៃ​ធំ​មួយ ឈ្មោះ​ព្រៃ​ហិមពាន្ត មិន​ដែល​មាន​មនុស្ស​ណា​ទៅ​ដល់​សោះ បាន​ឃើញ​ពួក​សត្វ​ម្រឹគ​ជា​ច្រើន​នៅ​អាស្រ័យ​ក្នុង​ព្រៃ​នោះ ប្អូន​និយាយ​នឹង​បង​ថា «បង! យើង​ឈប់​នៅ​ក្នុង​ព្រៃ​នេះ​ហើយ មើល​ទៅ​ព្រៃ​នេះ​សម្បូណ៌​សត្វ​ម្រឹគីម្រឹគា​ណាស់, យើង​គិត​ធ្វើ​ជា​ធ្នះ​មួយ​នៅ​លើ​ចុង​ឈើ ហើយ​ខ្ញុំ​រក​ផ្ដៅ​មក​ធ្វើ​ជុច​ដាក់​សត្វ​ទាំង​នោះ យក​មក​ធ្វើ​ជា​ចំណី​អាហារ» ។ ប្អូន​ធ្វើ​ហើយ ឲ្យ​បង​នៅ​អាស្រ័យ​លើ​ធ្នះ​នោះ​ទៅ ខ្លួន​ទៅ​រក​បោច​ផ្ដៅ យក​មក​ធ្វើ​ជុច​ដាក់​សត្វ​ព្រៃ រៀប​ធ្វើ​ជា​ចំណារ​ចារ​ជុំ​វិញ​ព្រៃ ហើយ​ទុក​តែ​ផ្លូវ​១ ល្មម​សត្វ​នោះ​ដើរ​ចូល​បាន ដូច​ជា​ធ្វើ​កន្លែង​ដាក់​ត្រី​ដែរ ។ ពេល​នោះ មាន​ជ្រូក​ព្រៃ​មួយ​ដើរ​សំដៅ​ពី​នាយ​មក ហាក់​ដូច​ជា​គ្មាន​កោត​ក្រែង​ដល់​អ្វី​សោះ ដើរ​មក​តាម​ចន្លោះ​ផ្លូវ​ដែល​កុមារ​នោះ​ចារ ទៅ​ដល់​ត្រង់​កន្លែង​ដាក់​ជុច ក៏​ស្រាប់​តែ​ជាប់​ក្នុង​ជុច​កុមារ ។ ជ្រូក​នោះ​ខំ​បម្រះ​ននៀល​រើ​យ៉ាង​ណា​ក៏​មិន​រួច ជុច​រឹត​រួត​ជ្រូក​ព្រៃ​នោះ​យ៉ាង​តឹង ស្ទើរ​តែ​ដក​ដង្ហើម​មិន​រួច ។ មិន​យូរ​ប៉ុន្មាន​ជ្រូក​នោះ​ក៏​ដាច់​ខ្យល់​ស្លាប់​ទៅ ។ កុមារ​ទាំង​ពីរ ឃើញ​ជ្រូក​ព្រៃ​ជាប់​ជុច​ស្លាប់​ដូច្នោះ​ហើយ ក៏​ត្រេក​អរ​ពេក​ណាស់ នាំ​គ្នា​ដោះ​អូស​ចេញ​ពី​ជុច គិត​យក​មក​អាំង​ឆ្អើរ ធ្វើ​ជា​អាហារ​បរិភោគ ។ ជួន​ជា​វេលា​នោះ ដែក​ភ្លើង​ដែល​ដាក់​ក្នុង​ហោ​ប៉ៅ​អាវ​បង ក៏​អស់​ប្រឆេះ​រលីង គ្មាន​អ្វី​ធ្វើ​ភ្លើង​នឹង​បង្កាត់​អាំង​ឆ្អើរ​ជ្រូក, បង​ទាល់​គំនិត មិន​ដឹង​គិត​ធ្វើ​យ៉ាង​ណា ។ ឯ​ប្អូន​ជា​ក្មេង​មាន​គំនិត បាន​ដឹង​ជាក់​ប្រាកដ​ពី​កាល​ឪពុក​នៅ នាំ​ទៅ​ព្រៃ បើ​គ្មាន​ភ្លើង​បង្កាត់​ចម្អិន​អ្វីៗ គាត់​តែង​ទៅ​កាប់​ឫស្សី​ស្ងួត​មក​កួត​គ្នា ឲ្យ​កើត​ជា​ភ្លើង ដុត​អាំង​បាន​តាម​ប្រាថ្នា ហើយ​បាន​ចាំ​ទុក​ក្នុង​ចិត្ត​រួច​ស្រេច ។ វេលា​នោះ ប្អូន​និយាយ​ប្រាប់​បង​ថា «កាល​ពី​ឪពុក​យើង​គាត់​នៅ បើ​គាត់​ទៅ​ព្រៃ​គ្មាន​ភ្លើង​ដុត​អាំង​អ្វីៗ គាត់​កាប់​ឫស្សី​យក​មក​កួត​គ្នា ឲ្យ​កើត​ជា​ភ្លើង​បាន, បើ​ដូច្នោះ បង​ទៅ​ចាំ​សត្វ​ក្នុង​ទី​នេះ​ចុះ ខ្ញុំ​ទៅ​រក​កាប់​ឫស្សី​ស្ងួត​យក​មក​កួត​ធ្វើ​ភ្លើង​អាំង» ថា​តែ​ប៉ុណ្ណេះ​ហើយ ក៏​ទៅ​រក​កាប់​ឫស្សី​បាន​យក​មក ធ្វើ​តាម​តម្រា​ឪ​ពុក​កើត​មែន អាំង​ឆ្អើរ​ជ្រូក​នោះ​ទៅ​តាម​បំណង ឆ្អិន​បាន​បរិភោគ​ក្នុង​វេលា​នោះ​ទៅ ។ កុមារ​ទាំង​ពីរ​នៅ​អាស្រ័យ​ក្នុង​ព្រៃ​នោះ​អស់​កាល​ជា​យូរ​បាន​សេចក្ដី​សុខ​សប្បាយ រក​ស៊ី​តែ​នឹង​ដាក់​ជុច​សត្វ​ព្រៃ​ប៉ុណ្ណោះ ។ ពួក​សត្វ​ដែល​ដើរ​មក​ជាប់​ជុច​កុមារ​ទាំង​ពីរ​នោះ តាំង​តែ​ពី​សត្វ​ជ្រូក​ព្រៃ រមាំង​ ឈ្លូស រហូត​ដល់​ដំរី ។ រាត្រី​មួយ កុមារ​ប្អូន​បាន​ឃើញ​ដំរីស្ដ​មួយ​យ៉ាង​ធំ ដើរ​ក្បែរ​ធ្នះ​នោះ ក៏​មាន​បំណង​ចង់​ស៊ី​សាច់​ដំរី ទើប​និយាយ​ប្រាប់​បង​ថា «ខ្ញុំ​ចង់​ស៊ី​សាច់​ដំរី​ណាស់ ត្បិត​មាន​ដំរីស្ដ​មួយ​យ៉ាង​ធំ​ធាត់ ដើរ​មក​ក្បែរ​ធ្នះ​យើង​រាល់​រាត្រី ខ្ញុំ​គិត​ដាក់​ជុច​យក​ដំរី​នេះ​ឲ្យ​បាន» ។ បង​និយាយ​ឃាត់​ថា «ណ្ហើយ​ប្អូន កុំ!​ដំរី​នេះ​ធំ​ណាស់ ប្អូន​ដាក់​វា​មិន​ជាប់​ទេ ឬ​ថា ប្រសិន​ជា​វា​ដើរ​មក​ជាប់​ជុច​ប្អូន​ហើយ វា​បម្រះ​ត្រដរ​រួច​ទៅ​នោះ វា​ខឹង, កាល​បើ​វា​ខឹង​ហើយ ថ្ងៃ​ក្រោយ​វា​មក​ព្រេច​ធ្នះ​យើង, ល្អិត​ល្អោច​ខ្ទេច​ខ្ទី ហើយ​វា​ជាន់​សម្លាប់​យើង ស៊ី​ជា​ចំណី​អាហារ ពុំ​លែង​ឡើយ» ។ «ទេ មិន​អី​ទេ​បង កុំ​ព្រួយ! នៅ​ឲ្យ​តែ​ស្ងៀម​ទៅ​ចុះ ចាំ​មើល​ខ្ញុំ​ធ្វើ​ជុច​ដាក់​ដំរី​នេះ​ឲ្យ​ទាល់​តែ​បាន » ។ ប្អូន​ថា​ដូច្នោះ​ហើយ ក៏​រក​កាប់​ផ្ដៅ​ក្រែក​យ៉ាង​ធំ​ៗ យក​មក​រែង​ធ្វើ​ជុច ដាក់​ត្រង់​កន្លែង​ដែល​ដំរី​គោចរ ។

ឯ​ដំរី​ដែល​ដើរ​មក​សព្វ​រាត្រី ឥត​មាន​គិត​ក្រែង​អ្វី​សោះ​ឡើយ ដោយ​គិត​ថា «ព្រៃ​នេះ ស្រេច​លើ​អញ​ហើយ គ្មាន​អ្នក​ណា​ជា​ចម្បង​លើ​អញ​ទៀត​ទេ» ក៏​ដើរ​តម្រង់​ត្រង់​មក​កន្លែង​ដែល​កុមារ​ដាក់​ជុច​ ស្រាប់​តែ​ចូល​ទៅ​ក្នុង​ជុច ជាប់​ខ្លួន​ចង្អៀត​ណែន​ក្ដន់ ខំ​បម្រះ​ននៀល​ស្រែក​រោទ៍​រំពង​ព្រៃ​ធំ​យ៉ាង​ណា ក៏​មិន​រួច, មិន​យូរ​ប៉ុន្មាន​ដាច់​ខ្យល់​ស្លាប់​ទៅ ។

កុមារ​ទាំង​ពីរ​នាក់ បាន​ឃើញ​ដំរី​ជាប់​ជុច​ស្លាប់​ហើយ បបួល​បង​ប្អូន​បំពក់​ភ្លើង​ភ្នក់​យ៉ាង​ធំ ដុត​ឆ្អើរ​ដំរី ។ វេលា​នោះ ក្លិន​ឈ្ងុយ​សាច់​ដំរី ក៏​ផ្សាយ​រហូត​ភព​ជា​ទី​អាស្រ័យ​នៃ​យក្ស ដែល​មាន​អំណាច​គ្រប​សង្កត់​ពួក​យក្ស​ឯ​ទៀត​ៗ ។ យក្ស​នោះ​លាន់​មាត់​ថា ថ្ងៃ​នេះ​ធុំ​ក្លិន​អ្វី ក៏​ឈ្ងុយ​ឈ្ងប់​ម្ល៉េះ? មាន​អ្នក​ណា​ឆ្អើរ​សាច់​ឯណា​អេះ? បើ​ដូច្នេះ អញ​នឹង​ទៅ​រក​មើល ក្រែង​បាន​មួយ​ចម្អែត ពី​ព្រោះ​សាច់​នេះ​ក្លិន​ឆ្ងាញ់​ណាស់ ហើយ​ដោយ​ស្មាន​ទៅ​ប្រហែល​ជា​ច្រើន​ផង បាន​ជា​ធុំ​ក្លិន​ផ្សាយ​មក​ដល់​ទី​អញ​យ៉ាង​នេះ​អញ​ទៅ​គំរាម​យក​ស៊ី​ទាំង​អស់ កុំ​ឲ្យ​អ្នក​ឆ្អើរ​នេះ​នោះ​វា​បាន​ស៊ី » គិត​ដូច្នេះ​ហើយ ក៏​ចាប់​យក​ដំបង​ពេជ្រ គ្រវី​ហោះ​ឡើង​លើ​អាកាស​វេហា ងាក​មើល​ចុះ​ឡើង ឃើញ​ផ្សេង​ហុយ​ៗ ត្រង់​ព្រៃ​ធំ ក៏​ហោះ​ចុះ​សំដៅ​ទៅ​ត្រង់​កន្លែង​ផ្សែង​នោះ ក្រឡេក​មើល​ទៅ​ឃើញ​ក្មេង​តូច​ពីរ​នាក់​កំពុង​ឆ្អើរ​ដំរី, គិត​ថា «ថ្ងៃ​នេះ ពេញ​ជា​មហា​លាភ​ហើយ បាន​ទាំង​ចំណី បាន​ទាំង​ម្ចាស់​, បើ​ដូច្នេះ តើ​អញ​នឹង​ស៊ី​ដំរី​មុន ឬ​ស៊ី​ក្មេង​មុន​អេះ? បើ​ស៊ី​ដំរី​មុន ក្រែង​ក្មេង​នេះ​វា​ភ័យ​នឹង​អញ រត់​ពួន​បាត់​ទៅ ឥឡូវ​នឹង​ស៊ី​ក្មេង គ្មាន​អ្វី​គ្រាន់​ធ្វើ​ជា​បង្អែម សម្រាប់​លាង​មាត់​ខាង​ក្រោយ» ។ នៅ​ទី​បំផុត​នោះ យក្ស​សម្រេច​ចិត្ត​ថា «ណ្ហើយ! អញ​ស៊ី​ដំរី​មុន​ចុះ ទុក​ក្មេង​ស៊ី​ក្រោយ​ជា​បង្អែម​វិញ ទើប​ជ្រះ​មាត់​ស្រួល, ក្មេង​នេះ វា​មិន​មែន​រត់​ពួន​ទៅ​ឯណា​ឡើយ ទុក​ជា​វា​រត់​ពួន​កន្លែង​ណា​ក៏​មិន​កំបាំង​នឹង​ភ្នែក​អញ​ដែរ, វា​មក​ពី​ស្រុក​ភូមិ​របស់​មនុស្ស​លោក ចូល​មក​ដល់​ព្រៃ​នេះ​ម្ល៉េះ​ហើយ វា​រត់​ទៅ​ណា​នឹង​រួច» ទើប​យក្ស​ចូល​ទៅ​គំរាម​កុមារ​ដែល​កំពុង​ឆ្អើរ​ដំរី​នោះ​ថា « វ៉ី​អា​ក្មេង​ច្រមក់! អាឯង​មក​ពី​ណា? ដើរ​ចេញ​ឲ្យ​ឆាប់» ។ កុមារ​ទាំង​ពីរ​ដើរ​ចេញ​ពី​ទី​នោះ​ទៅ ។

ប៉ុន្តែ កុមារ​បង​មាន​សេចក្ដី​ភិត​ភ័យ​តក្កមា ព្រោះ​ខ្លួន​ស្គាល់​ច្បាស់​ជា​យក្ស​ហើយ បាន​ដឹង​ប្រាកដ​អំពី​សម្នាក់​ចាស់ៗ គេ​និយាយ​ប្រាប់​ថា «យក្ស​ខ្លួន​ធំ មាន​ចង្កូម​ពីរ សម្រាប់​ស៊ី​មនុស្ស​លោក» តែ​មិន​ចេញ​វា​ជា​ប្រាប់​ប្អូន​ឡើយ ។ ចំណែក​ខាង​កុមារ​ប្អូន​គិត​ថា «មនុស្ស​នេះ​មក​ពី​ណា រូប​រាង​ធំ​គម្រាំង ធ្មេញ​ធំ​ៗ សស្ងាច​ប៉ុន​ៗ​ចប​កាប់ ភ្នែក​ឡើង​ក្រឡោត​ៗ ក្រហម​ត្លែត ដូច​ភ្នែក​អាអូត ស្បែក​មុខ​ឡើង​គគ្រីតគគ្រាត ដូច​ស្បែក​គីង្គក់ ដង​ខ្លួន​ដូច​ក្របី​ដេក​ភក់ សំឡេង​ឮ​គ្រក់ៗ ដូច​ជា​ទឹក​ដក់​ក្នុង​រន្ធ​ឈើ ដុះ​ពុក​មាត់ ពុក​ចង្កា​ស្រមេម​ស្រមាម ដូច​បី​សាច​រាជ​ភូត, អា​នេះ​ប្រហែល​ជា​មិន​ខ្លាច​កោត​ញញើត​ចិត្ត​អញ​ទេ បាន​ជា​ហ៊ាន​មក​និយាយ​កំហែង​អញ​ដូច្នេះ មិន​អី​ទេ! អាឯង​ព្រហើន​ហ៊ាន​ស៊ី​ដំរី» ។ កុមារ​ប្អូន​ថយ​ចេញ​ពី​កន្លែង​នោះ​មិន​ឆ្ងាយ​ប៉ុន្មាន ទៅ​ឈរ​មើល​យក្ស​ស៊ី​ដំរី តែ​ក្នុង​ចិត្ត​នឹក​ក្នាញ់​ពេក​ណាស់ មិន​ទាន់​ចេញ​ស្ដី ថា​ដូច​ម្ដេច​ៗ​ឡើយ គ្រាន់​តែ​នឹក​ក្នុង​ពោះ​ប៉ុណ្ណោះ ។ ពេល​នោះ​យក្ស​សួរ​ថា «នែ​អា​ក្មេង! អា​ឯង​ធ្វើ​ដូច​ម្ដេច បាន​ជា​បាន​ដំរី​នេះ​យក​មក​ឆ្អើរ?» ។ ពេល​នោះ​កុមារ​តូច​បាន​ឱកាស ក៏​ឆ្លើយ​តប​ទៅ​យក្ស​វិញ​ថា «ពូ​ឯង​សួរ​ចង់​ដឹង​អ្វី? គិត​តែ​បរិភោគ​ទៅ​ចុះ! កុំ​ចាំ​បាច់​ដឹង​ហេតុការណ៍​អ្វី​ឡើយ» ។ «យើ! អា​ច្រមក់! ប្រាប់​ឲ្យ​ឆាប់ៗ អញ​ស៊ី​អាឯង​ឥឡូវ​នេះ​ហើយ» យក្ស​សួរ​គំរាម​កុមារ​តូច ។ «អើ! ដំរី​នេះ វា​ដើរ​មក​ជាប់​ជុច​ខ្ញុំ» កុមារ​ឆ្លើយ​តប​នឹង​យក្ស ។ «យីអើ! អា​ឯង​ធ្វើ​ជុច​ដូច​ម្ដេច​ក៏​ដាក់​ដំរី​បាន អាឯង​និយាយ​កុហក​ទេ​ឬ? ក្រែង​ដំរី​វា​ស្លាប់​ខ្លួន​វា​ទេ​ដឹង​? ហើយ​អា​ឯង​និយាយ​បញ្ឆោត​អញ​យ៉ាង​នេះ​ទៅ មើល​អាឯង​និយាយ​ឲ្យ​ត្រង់ តែ​កុហក អញ​ស៊ី​ឯង​ទៀត ឥឡូវ​នេះ​មិន​ខាន» ។ «ខ្ញុំ​មិន​ចេះ​និយាយ​កុហក​ទេ, ពូឯង​មើល​ចុះ ! ជុច​ខ្ញុំ​នៅ​ឯ​ណោះ​ហ្ន» ។ «ប្រាកដ​ជា​អាឯង​ដាក់​ជុច​ដំរី​នេះ​បាន​មែន?» យក្ស​សួរ​សង្កត់​សង្កិន​កុមារ ។ «មែន» កុមារ​ឆ្លើយ​តប​យ៉ាង​យក​ជុច​មក​ហើយ​ប្រាប់​យក្ស​ថា «ពូឯង​ចង​ដឹង ចូល​ទៅ​ក្នុង​ជុច​ខ្ញុំ​លង​មើល!» ។ ដោយ​ហេតុ​តែ​ការ​មើល​ងាយ​ថា «សត្វ​បើ​ជុច​សរសៃ​រ៉ើងៗ​ប៉ុណ្ណោះ អញ​គ្រាន់​តែ​កម្រើក ក៏​ដាច់​ខ្ទេច​ខ្ទី​ដែរ» ថា​ហើយ​ក៏​ត្បុរ​ក្បាល​ចូល​ទៅ​ក្នុង​ជុច ផុត​ដៃ​ផុត​ជើង​ទាំង​អស់ ស្រាប់​តែ​ជុច​រឹត​រួត​តឹង​ខ្លួន​ដូច​គេ​ចាក់​ស្រែះ បម្រះ​ននៀល​បាក់​ឈើ​ព្រៃ​ល្អិត​ល្អោច ស្រែក​ទ្រហោ​រំពង​ព្រៃ រឹទ្ធិ​យក្ស​ដែល​ធ្លាប់​ពូកែ​យ៉ាង​ណា ក៏​ប្រមូល​យក​មក​អស់ ថែម​ទាំង​នឹក​សូធ្យ​មន្ត​របៀន​សិល្បសាស្ត្រ ដែល​ធ្លាប់​ចេះ​ធ្លាប់​រៀន​មក​ប៉ុន្មាន ក៏​នៅ​តែ​រើ​មិន​រួច​ពី​ជុច​នោះ រឹត​តែ​តឹង​ឡើង​ៗ ស្ទើរ​នឹង​ដាច់​ខ្យល់​រក​តែ​ស្ដី​និយាយ​ស្ទើរ​តែ​មិន​រួច ។ យក្ស​ទើប​ដឹង​ថា «ជុច​ក្មេង​នេះ ពូកែ​មែន បើ​អញ​មិន​និយាយ​អង្វរ​ឲ្យ​វា​ស្រាយ​ជុច​នេះ​ចេញ​ទេ​នឹង​ស្លាប់​អសារ​ឥត​ការ​មិន​ខាន» ទើប​និយាយ​អង្វរ​កុមារ​ថា «ឱ​លោក​អើយ​! កាល​ពី​ដើម ខ្ញុំ​មើល​ងាយ​ជុច​លោក​ដោយ គិត​ឃើញ​ថា មើល​ទៅ​មិន​ល្មម​នឹង​កម្លាំង​ខ្ញុំ​សោះ ហេតុ​តែ​សេចក្ដី​មើល​ងាយ​នេះ​ហើយ បាន​ជា​ខ្ញុំ​ស្ទើរ​តែ​ស្លាប់​ខ្លួន​យ៉ាង​នេះ ហេតុ​នេះ សូម​លោក​អាណិត​ខ្ញុំ​ម្ដង​ទៅ​ចុះ​ខុស​ម្ដង​ឆ្គង​មួយ​ថ្ងៃ សូម​លោក​អធ្យាស្រ័យ​ឲ្យ​តែ​រស់​ជីវិត កុំ​ឲ្យ​តែ​ខ្ញុំ​ស្លាប់» ។

ឯ​កុមារ បាន​ឃើញ​យក្ស​បម្រះ​ននៀល​មិន​រួច​អំពី​ជុច​របស់​ខ្លួន​ហើយ ថែម​ទាំង​ឮ​និយាយ​អង្វរ​ទៀត កាំបិត​នៅ​ដៃ និយាយ​ត​ទៅ​នឹង​យក្ស​វិញ​ថា «ម៉េច​អា​ឯង​ជឿ​អញ​ទេ? ឥឡូវ មក​ធ្វើ​ជា​និយាយ​អង្វរ, ឯ​សាច់​ដំរី​អញ ឯង​ស៊ី​អស់ ហើយ​គិត​នឹង​ស៊ី​អញ​ទៀត អាឯង​ថ្លើម​ធំ​ណាស់ អញ​មិន​យក​អង្វរ​អាឯង​ទេ, ល្ងាច​នេះ អញ​គ្មាន​អ្វី​ស៊ី​សោះ ម្ដង​នេះ​អញ​ស៊ី​ថ្លើម​អាឯង​ហើយ ចុះ​មក​បង! ទៅ​រក​កាប់​ឫស្សី​មក​ធ្វើ​ត្រណោត​ ដោត​ថ្លើម​អា​ខូច​នេះ​អាំង​ស៊ី» ។ បង​ក៏​ចុះ​ពី​ធ្នះ​មក​ទាំង​ភ័យ​ញញី​ញញ័រ​ដល់​មក​ជិត​ប្អូន​ឃើញ​យក្ស​គួរ​សម្បើម ក៏​រឹង​រឹត​តែ​ញាប់​ញ័រ ។ ប្អូន​និយាយ​ថា «ឈប់​បង! កុំ​ញ័រ​ចង់​ស៊ី​សាច់​វា​ពេក ឈប់​សិន! ចាំ​ឆ្អិន​សិន, ហ៎ះ! ញ័រ​ចង់​អ្វី​ទៀត​ហើយ! កុំ​ញ័រ​អ្វី​ពេក ហើយ​ស៊ី​ឆៅ​មិន​ឆ្ងាញ់​ទេ ហើម​ពោះ​ពុង​ណា៎​បង!» ។ យក្ស​ឮ​សម្ដី​កុមារ​និយាយ​នឹង​បង​ដូច្នោះ​ហើយ រឹង​រឹត​តែ​ភិត​ភ័យ​ស្លុត​ព្រលឹង ហើយ​និយាយ​អង្វរ​កុមារ​ទៀត​ថា «ឱ​លោក​ម្ចាស់​ថ្លៃ​អើយ! សូម​លោក​អាណិត​ខ្ញុំ យក​តែ​បុណ្យ​ម្ដង​ទៅ​ចុះ, ខ្ញុំ​នឹង​ជូន​កន្លែង​បក់​កន្សែង​បោយ​មួយ ឲ្យ​តែ​លោក​លែង​ខ្ញុំ​ឲ្យ​បាន​រស់​មាន​ជីវិត, ត្បិត​ខ្ញុំ​ជា​ស្ដេច​យក្ស គ្រប់​គ្រង​អាណា​ប្រជានុរាស្ត្រ បើ​លោក​ឲ្យ​ខ្ញុំ​ស្លាប់​ទៅ​សម​ជា​ស្រុក​ទេស​របស់​ខ្ញុំ​អន្តរ​ធាន​មិន​ខាន ទាំង​កូន​ប្រពន្ធ​ខ្ញុំ ក៏​ពុំ​មាន​ទីពឹង» ។ កុមារ​ប្អូន​សួរ​បញ្ជាក់​យក្ស​ថា «ចុះ​ឯង​ឲ្យ​កន្សែង​បក់​កន្លែង​បោយ​ដល់​យើង កន្លែង​នោះ បើ​បក់​បោយ​ទៅ អាច​ឲ្យ​សម្រេច​ប្រយោជន៍​ដូច​ម្ដេច​ខ្លះ?» ។ «តាម​តែ​លោក​ចង់​បាន​អ្វី បក់​មក បាន​តាម​ប្រាថ្នា បើ​ចង់​ឲ្យ​បាត់​ទៅ​វិញ គ្រាន់​តែ​បោយ​ថា ទៅ​វិញ​ចុះ ក៏​ស្រាប់​តែ​បាត់​អស់​រលីង» ។ «ប្រាកដ​ជា​ឯង​ឲ្យ​យើង​មែន​ឬ?» ។ «មែន» ។ «ក្រែង​កុហក​អញ​ទេ​ដឹង?» ។ «មិន​កុហក​ទេ​លោក» ។ «បើ​កុហក តើ​ឲ្យ​យើង​ធ្វើ​ដូច​ម្ដេច? យើង​មិន​ទុក​ចិត្ត​ទេ ពី​ព្រោះ​ឯង​ជា​ស្ដេច​សោយ​រាជ្យ ក្រែង​រួច​ពី​កណ្ដាប់​ដៃ​យើង​ទៅ បបួល​រេហ៍ពល​មក​ច្បាំង​នឹង​យើង​វិញ? បង! យក​កាំ​បិត​មក​ពន្លះ​សាច់​វា អាំង​ស៊ី​សម្រន់​សេចក្ដី​ឃ្លាន​១​ស្របក់ សិន» ។ បង​នោះ​នៅ​តែ​មិន​ទាន់​បាត់​ភ័យ​នឹង​យក្ស ។ យក្ស​ឮ​កុមារ​តូច​ឲ្យ​បង​យក​កាំ​បិត មក​ពន្លះ​សាច់​ខ្លួន​ដូច្នោះ ក៏​ញាប់​ញ័រ​ស្ទើរ​បាត់​ស្មារតី ហើយ​និយាយ​អង្វរ​កុមារ​នោះ​ទៀត​ថា «សូម​លោក​ទុក​តែ​ជីវិត​ឲ្យ​ចុះ ខ្ញុំ​នឹង​ប្រគល់​រាជ្យ​ទាំង​អស់​ព្រម​ទាំង​ស្រុក​សួយ​ទាំង​អម្បាល​ម៉ាន ជូន​លោក​ទៀត ខ្ញុំ​សូម​រួច​តែ​ខ្លួន​នឹង​ភរិយា​បុត្រី​បុត្រា ហើយ​នៅ​ធ្វើ​ជា​សេនា​រក្សា​លោក​ទៀត » ។ កុមារ​ប្អូន​ក៏​សួរ​បញ្ជាក់​យក្ស​ថា «បើ​ឯង​និយាយ​ទៀត​ត្រង់​មែន ណ្ហើយ! យើង​អត់​ទោស​ឲ្យ​បាន, តែ​យើង​មិន​ដឹង​ជា​ឯង​ស្ដេច​សោយ​រាជ្យ​នៅ​នគរ​ណា ចុះ​ធ្វើ​ម្ដេច​ឲ្យ​យើង​ទៅ​តាម​យក​នគរ​ឯង​បាន? » ។ «ឱ​លោក មិន​សល់​ក្រ​អ្វី​នឹង​អញ្ជើញ​ទៅ​ឯ​នគរ​ខ្ញុំ​នោះ​ទេ ឲ្យ​តែ​លោក​លែង​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ធ្វើ​តម្រុយ​ជា​លំអាន​រហូត​ដល់​ទៅ​នគរ​ខ្ញុំ​ឯណោះ » ។ «ឯង​ធ្វើ​តម្រុយ​បែប​ណា?» ។ ខ្ញុំ​កាច់​មែក​ឈើ​ស្រស់​បោះ ហែៗ តាម​ផ្លូវ​ទៅ​កាល​បើ​លោក​អញ្ជើញ​ទៅ សូម​ទៅ​តាម​មែក​ឈើ​ដែល​ខ្ញុំ​កាច់​បោះ​នេះ​ចុះ »។ កុមារ​ទាំង​ពីរ​ក៏​ព្រម​ដោះ​យក​ចេញ​ពី​ជុច ។ ឯ​យក្ស​បាន​រួច​ខ្លួន​ពី​ជុច​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​កុមារ​ទាំង​ពីរ ដើរ​ទៅ​នគរ​ខ្លួន​វិញ ហើយ​កាច់​មែក​ឈើ​ជា​តម្រុយ ដើម្បី​ជា​ទី​សម្គាល់​ដល់​កុមារ​ទាំង​ពីរ​ប្រាណ ឥត​មាន​កុហក​ភូត​ភរ​អ្វី​ឡើយ លុះ​ដល់​ទៅ​នគរ​ហើយ​ចូល​ទៅ​និយាយ​ប្រាប់​ពួក​ពល​សេនា​យោធា​ទាហាន ដែល​នៅ​ចាំ​ក្លោង​ទ្វារ​ទាំង ៧ ជាន់​ថា «នែ​វ៉ឺយ! ថ្ងៃ​ស្អែក​នេះ​មាន​ក្មេង​តូច​ៗ ពីរ​នាក់ ជា​ក្មេង​មនុស្ស​លោក មក​ដណ្ដើម​រាជ្យ​អញ បើ​ឯង​ឃើញ​វា​មក​ហើយ ត្រូវ​ឃាត់​កុំ​ឲ្យ​វា​ចូល តែ​កុំ​ធ្វើ​ទុក​បុក​ម្នេញ​វា​ឡើយ គ្រាន់​តែ​ស្រែក​ឃាត់​ប៉ុណ្ណោះ​បាន​ហើយ ពី​ព្រោះ​ក្មេង​នោះ​ពូកែ​ណាស់ អម្បាល​អញ​ដែល​មាន​រឹទ្ធិ មាន​អំណាច​ច្បាំង​ដណ្ដើម​យក​នគរ​ឯ​ទៀត​ៗ បាន​មក​ធ្វើ​ជា​ប្រទេស​រាជ​ទាំង​ប៉ុន្មាន ក៏​វា​ដាក់​ជុច​អញ​ជាប់​ស្ទើរ​តែ​នឹង​ស្លាប់​អសារ​ឥត​ការ, តែ​ពួក​ឯង​រាល់​គ្នា​ឃាត់​វា​ល្បង​មើល​សិន​ចុះ​បើ​វា​មិន​ខ្លាច​ទេ បើក​ផ្លូវ​ឲ្យ​វា​ចូល​មក​ចុះ» ។ យក្ស​បាន​ប្រាប់​គ្រប់​សេនា​អ្នក​ចាំ​ក្លោង​ទ្វារ​ទាំង​៧ ជាន់​សព្វ​គ្រប់​ហើយ ក៏​ចូល​ទៅ​ក្នុង​ប្រាសាទ សម្ងំ​ដេក​លក់ ស្រមុក​ក​ក្រើក​ប្រឹថពី ។ ឯ​កុមារ​បង​ប្អូន​ទាំង​ពីរ​នាក់ ក៏​បណ្ដើរ​គ្នា​ទៅ​នគរ​យក្ស​តាម​តម្រុយ​មែក​ឈើ លុះ​បាន​ទៅ​ដល់​ហើយ​ក៏​ជួប​ប្រទះ​នឹង​ពួក​កង​ទ័ព​មួយ​កង ដែល​នៅ​ចាំ​ក្លោង​ទ្វារ​ទី ៧ នោះ​កុមារ​បង កាល​បាន​ឃើញ​យក្ស​ច្រើន​ដល់​ម្ល៉ោះ ក៏​ភ័យ​ញាប់​ញ័រ​ស្ទើរ​នឹង​បាត់​ស្មារតី, ប្អូន​និយាយ​កម្លា​បង​ឡើង​ថា «នែ​បង កុំ​ញ័រ​ចង់​ពេក! ឈប់! កុំ​អាល​ចង់​ចាប់​កាប់​ធ្វើ​បាប​វា ឈប់​ៗ កុំ​ៗ យើ​បង! ស្ទើរ​តែ​ឃាត់​មិន​ឈ្នះ​ណ្ហើយ កុំ​ញ័រ​ចង់​ពេក វា​ខ្លាច​បង​ឯង​ហើយ» ។ ពួក​ទាហាន យក្ស​បាន​ឮ​កុមារ​និយាយ​ដូច្នោះ ក៏​ខ្លាច​រួញ​ខ្លួន ឥត​ហ៊ាន​មាត់​ក​អ្វី​សោះ បើក​ផ្លូវ​ឲ្យ​កុមារ​ទៅ​ដោយ​ស្រួយ​រហូត​ដល់​ទៅ​ទ្វារ​ក្នុង​គម្រប់​៧​ជាន់ យក្ស​ខ្លាច​ទាំង​អស់ ។ ទើប​នាំ​បង​ប្អូន​ឡើង​ទៅ​លើ​ប្រាសាទ​យក្ស​ ឃើញ​យក្ស​កំពុង​ដេក​ស្រមុក​ខ្ទ័រ​ប្រាសាទ ឃើញ​ពួក​ស្រី​ស្នំ​កំពុង​តែ​អង្គុយ​បក់​ខាង​ស្ដាំ​មួយ​រយ ខាង​ឆ្វេង​មួយ​រយ ។ ឯ​បង​ឃើញ​យក្ស​ច្រើន​សម្បើម​ណាស់​ពេក ក៏​ភ័យ​ស្លុត​ស្មារតី ប្អូន​ស្រែក​ហៅ​យក្ស​ថា «នែ​! អា​នេះ​ក្រោក​ឡើង ! អញ​មក​ដល់​ហើយ​ដេក​ដល់​ណា​ទៀត» ។ យក្ស​ឮ​សំឡេង​កុមារ​តូច​ស្រែក​ហៅ​ខ្លួន ដែល​កំពុង​ដេក​លក់​ដូច្នោះ ក៏​ភ្ញាក់​ដឹង​ខ្លួន​ឡើង ក្រឡេក​មើល​ទៅ ស្គាល់​ជាក់​ជា​កុមារ​ម្ចាស់​ជុច ក៏​ភិត​ភ័យ​មហិមា ស្ទុះ​មក​ម្នីម្នា​ក្រាប​ថ្វាយ​បង្គំ​កុមារ​តូច​ទាំង​ពីរ ហើយ​ប្រាប់​ពួក​ស្រី​ស្នំ​ដែល​កំពុង​អង្គុយ​គាល់ ប្រើ​អមាត្យ​ឲ្យ​ហៅ​ពួក​សេនាបតី នាហ្មឺន​មុខ​មន្ត្រី ព្រាហ្មណ៍​ព្រឹទ្ធ បុរោហិត បណ្ឌិត​កវី ឲ្យ​ចូល​មក​ក្នុង​បុរី​យ៉ាង​ឆាប់​វៃ​ៗ ។ លុះ​ពួក​រាជ​សេវកាមាត្យ​មក​ជួប​ជុំ​គ្នា​សព្វ​គ្រប់​ហើយ យក្ស​ស្រែក​ប្រកាស​ថា «អ្នក​រាល់​គ្នា​ចូរ​ក្រាប​ថ្វាយ​បង្គំ​ស្ដេច​មនុស្ស​ទាំង​ពីរ​នាក់​នេះ ហើយ​ត្រូវ​គោរព​កោត​ខ្លាច​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដូច​ជា​ខ្លួន​អញ ត្បិត​អញ​ប្រគល់​រាជ្យ ឲ្យ​ស្ដេច​មនុស្ស​លោក​នេះ​សោយ​ហើយ ។ អញ​សូម​រួច​តែ​ខ្លួន​ប៉ុណ្ណោះ​ទេ, ឯ​អ្នក​ទាំង​អស់​ត្រូវ​នៅ​ជ្រក​ក្រោម​ម្លប់​បុណ្យ​ស្ដេច​មនុស្ស​លោក​នេះ​ចុះ» ។ ពួក​រាជ​សេវកាមាត្យ​ទាំង​អស់ ក្រាប​ថ្វាយ​បង្គំ​កុមារ​ទាំង​ពីរ​គ្រប់​គ្នា ឥត​មាន​នរណា​មួយ​ហ៊ាន​និយាយ​ថា​ដូច​ម្ដេច​ឡើយ ។

យក្ស​ក៏​បាន​រៀប​ពិធី​អភិសេក​ជា​ឯក​មង្គល ប្រជុំ​ពួក​ពល​យោធា​ជា​អនេក​ប្រការ ហើយ​ប្រគល់​ធីតា​របស់​ខ្លួន​ឲ្យ​ជា​មហេសី ។ ប៉ុន្តែ​កុមារ​ប្អូន​មិន​សោយ​រាជ្យ​ខ្លួន​ឯង​ទេ ឲ្យ​បង​សោយ​រាជ្យ​វិញ ព្រោះ​យល់​ឃើញ​ថា បង​បាន​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​ខ្លួន ។ កុមារ​ទាំង​ពីរ សឹង​នៅ​ជា​សុខ​សប្បាយ​ក្នុង​នគរ​យក្ស​នោះ រហូត​អវ​សាន​កាល​ទៅ​ហោង ។


គិត​គ្រប់​សព្វ​ដោយ​ផ្លូវ ក្ដី​ចន្លោះ​កុំ​បី​មាន

រឿង ហោរ​និង​តា​ចាស់​ដូន​ចាស់

កាល​ពី​ព្រេង​នាយ​មាន​ហោរ​ម្នាក់​ជា​អ្នក​ទាយ គន់​គូរ​មើល​ឆុត​ណាស់ ហោរ​នោះ​នៅ​ស្រុក​ជា​មួយ​នឹង​តា​ចាស់​យាយ​ចាស់ ។ មាន​កាល​ថ្ងៃ ១ តា​ចាស់​ដូន​ចាស់​គាត់​នាំ​គ្នា​ទាំង​ពីរ​នាក់​ទៅ​នេសាទ​ត្រី​នៅ​បឹង​ក្បែរ​ភូមិ​គាត់ ។ ពេល​នោះ​គាត់​រុត​បាន​ត្រី​រស់ ១ ហើយ​និង​បាន​ទន្សាយ​លង់​ទឹក​១ ដល់​ល្ងាច​គាត់​ត្រឡប់​មក​ផ្ទះ​វិញ គាត់​យក​ទន្សាយ​គ្រប​នឹង​អង្រុត​ទុក​នៅ​កណ្ដាល​ច្បារ​បន្លែ ខាង​មុខ​ផ្ទះ​គាត់, ត្រី​រ៉ស់ គាត់​ដាក់​ទ្រុង​ប្រោះ ទុក​ក្នុង​ត្រពាំង​នៅ​ជិត​ច្បារ​បន្លែ​គាត់ ក្បែរ​កន្លែង​ទុក​ទន្សាយ ។ ដល់​ព្រឹក​ឡើង តា​ចាស់​យាយ​ចាស់​គិត​គ្នា​ថា «យើង​ទៅ​រក​ហោរ​ទាយ​មើល ថា​ព្រឹក​នេះ​យើង​បាន​ម្ហូប​អ្វី​ស៊ី? បើ​ហោរ​នោះ​ទាយ​ត្រូវ សឹម​ជឿ​ថា​ពូកែ​មែន ព្រោះ​ចាប់​បាន​ត្រី​រ៉ស់​១ ទន្សាយ​១ បម្រុង​នឹង​ទុក​ធ្វើ​ម្ហូប​អាហារ​ស៊ី​ព្រឹក​នេះ​ហើយ» ។ ដល់​ព្រមព្រៀង​គ្នា​ស្រេច​ហើយ ក៏​ដើរ​ទៅ​លុះ​ទៅ​ដល់​មុខ​ផ្ទះ​ហោរ​នោះ តា​ចាស់​ក៏​ស្រែក​សួរ​ទៅ​ម្ចាស់​ផ្ទះ​ថា « អើ​អ្នក​អើយ! លោក​គ្រូ​នៅ​ៗ ហ្នឹង​ឬ? ។ ម្ចាស់​ផ្ទះ​ក៏​ប្រាប់​មក​តា​ចាស់​ដូន​ចាស់​ថា «គាត់​នៅ​នេះ មាន​ការ​អ្វី? តា​យាយ​អញ្ជើញ​ចូល​មក! » ។ តា​ចាស់​យាយ​ចាស់​នោះ​គ្នា​ចូល​ទៅ​ បន្តិច ហោរ​ដណ្ដឹង​សួរ​មក​តា​យាយ​ថា «ចុះ​អញ្ជើញ​មក​នេះ មានការ​អ្វី?» ។ តា​ចាស់​យាយ​ចាស់ ជម្រាប​ទៅ​ហោរ​វិញ​ថា «ខ្ញុំ​មក​នេះ មាន​ការ​បន្តិច សូម​លោក គ្រូ​មេត្តា​ករុណា​ចុះ» ។ ហោរ​សួរ​ថា «មាន​ការ​អ្វី? ចូរ​ថា​មក​ចុះ! » ។ តា​ចាស់​យាយ​ចាស់​ថា «ឱ​លោក​គ្រូ​អើយ​! យើង​ខ្ញុំ​ទាំង​ពីរ​នាក់​នេះ អត់​ម្ហូប​អាហារ​ទទួល​ទាន ពីរ​បី​ថ្ងៃ​ហើយ, តើ​ព្រឹក​នេះ នឹង​បាន​អ្វី​ទទួល​ទាន​ឬ​ទេ?» ។ ហោរ​ចាប់​ក្ដារ​ឆ្នួន​ឡើង វាយ​លេខ​មើល​ឲ្យ​តា​យាយ មើល​រួច​ស្រេច ក៏​ជម្រាប​តា​យាយ​ថា «ព្រឹក​នេះ តាយាយ​ឯង មុខ​តែ​លិទ្ធ​ប្រហុក​ក្នុង​ពាង!» ។ តា​យាយ​ឮ​ហោរ​ថា​ដូច្នោះ ក៏​នឹក​ក្នុង​ចិត្ត​ថា «ហោរ​នេះ គ្មាន​ពូកែ​ទេ ទាយ​ផ្ដេសផ្ដាស​សោះ, យើង​កុំ​ជឿ!» គិត​តែ​ប៉ុណ្ណោះ​ក៏​នាំ​គ្នា​លា​ហោរ​មក​ផ្ទះ​វិញ ហើយ​យាយ​ក៏​ប្រើ​តា​ឲ្យ​ទៅ​ចាប់​យក​ត្រី​ពី​ទ្រុង ទៅ​ធ្វើ​ក្បែរ​ត្រពាំង​ជិត​ផ្ទះ តា​លូក​ចាប់​ត្រី​យក​មក​ក្រៅ ត្រី​វា​បម្រះ​រួច លោត​ចុះ​ត្រពាំង​ទៅ ។ តា​ក៏​ស្ទុះ​ទៅ​យក​អង្រុត ដែល​គ្រប​ទន្សាយ​មក​ដេញ​រុត​ត្រី ។ ឯ​ទន្សាយ​នៅ​ក្នុង​អង្រុត​នោះ ក៏​ផ្អើល​រត់​បាត់​ទៅ​ទៀត ។ យាយ​មើល​ពី​លើ​មក​ឃើញ​ទន្សាយ​រត់​ចូល​ទៅ​ក្នុង ព្រៃ ក៏​ស្រែក​ប្រាប់​ថា «តា ៗ! ទន្សាយ​រួច​ទៅ​ហើយ!» ។ តា​ប្រាប់​ទៅ​វិញ​ថា "យាយ​អើយ ! ត្រី​វា​បម្រះ​រួច​ពី​ដៃ​ទៅ​ហើយ​ដែរ" ។ យា​ក៏​បន្ទោស​តា​ថា "តា​ឯង សម​តែ​ស៊ី​ប្រហុក​ក្នុង​ពាង ដូច​គេ​ទាយ​ពី​ព្រឹក​មិញ​នោះ​ឯង » ។ តា​ឮ​យាយ​ថា​ដូច្នោះ ក៏​នឹក​ឃើញ​ថា «គ្រូ​ទាយ​ឆុត​មែន» ដល់​ពេល​បាយ​ព្រឹក តាម​ចាស់​ដូន​ចាស់​ក៏​នាំ​គ្នា​ស៊ី​ប្រហុក​ក្នុង​ពាង​ដូច​ហោរ​ទាយ​ឲ្យ​នោះ​ឯង ។ ទើប​តា​ចាស់ ដូន​ចាស់​ដូន​ចាស់​ជឿ​ថា «ហោរ​ចេះ​ដឹង​ត្រឹម​ត្រូវ​តាម​ក្បួន​តម្រា​ប្រាកដ​មែន» ។


កុំ​អាង​អួត​អាត្មា ត្មះ​តម្រា​ប្រាជ្ញ​ព្រេង​នាយ

រឿង អាប៉ាង​នាង​តី

ក្នុង​សម័យ​មួយ​នោះ ជា​រដូវ​ស្រូវ​ទុំ អាប៉ាង​ទៅ​ដេក​ចាំ​ស្រូវ​វា ទាំង​យប់​ទាំង​ថ្ងៃ មាន​ទាំង​ចាប៉ី​មួយ​ទៅ​ផង, វេលា​ថ្ងៃ​ឡើង ថែ​ទាំ​ស្រូវ ដល់​ពេល​យប់​ទំនេរ តែង​ដេញ​ចាប៉ី ហើយ​ស្រែក​ច្រៀង​ផង។ លុះ​ច្រៀង​រាប់​យប់​ទៅ មាន​ខ្មោច​ស្រី​ក្រមុំ​ម្នាក់​ឮ​សូរ​ចម្រៀង​ច្រៀង​ចាប៉ី​ពីរោះ​ពេក​ក៏​ដើរ​ទៅ​ស្ដាប់ ទៅ​អង្គុយ​អាំង​ភ្លើង​ក្រោម​ខ្ទម​អាប៉ាង យូរ​បន្តិច​ទៅ អាប៉ាង​ក្រឡេក​ទៅ​ក្រោម​ផ្ទះ ឃើញ​ខ្មោច​ដែល​តំណែង​ខ្លួន​នោះ​អង្គុយ​អាំង​ភ្លើង អាប៉ាង​សួរ​ទៅ​ថា «អាណា​អង្គុយ​ក្រោម​ខ្ទម​នេះ?» ។ មេ​ខ្មោច​ប្រាប់​ថា «ខ្ញុំ» ។ អាប៉ាង​ថា «ប្រហែល​ជា​ខ្មោច​ទេ» ។ មេ​ខ្មោច​ឆ្លើយ​ថា «ខ្មោច​ថា​មិន​ខ្មោច»។ អាប៉ាង​សួរ​ថា «ហង​ឯង​ឈ្មោះ​អី? មក​រក​អី?» ។ មេ​ខ្មោច​ឆ្លើយ​ថា «ខ្ញុំ​ឈ្មោះ​តី, ខ្ញុំ​មក​ស្ដាប់​ចាប៉ី»។ អាប៉ាង​ថា «ឡើង​មក! បើ​មក​ស្ដាប់​ចាប៉ី» ។ មេ​ខ្មោច​ឡើង​ទៅ​អង្គុយ​ជិត​អាប៉ាង​ៗ ក៏​ស្រឡាញ់​គ្នា​យក​ជា​ប្ដី​ប្រពន្ធ​ទៅ ។ ដល់​រួច​ស្រូវ មេ​ខ្មោច​នោះ សួរ​ទៅ​អាប៉ាង​ថា «ឥឡូវ​រួច​ស្រូវ​ហើយ តើ​ឯង​ព្រម​យក​អញ​ឬ​ទេ? បើ​ឯង​មិន​យក​អញ​ៗ នឹង​កាច់​យក​ឯង» ។ អាប៉ាង​ថា «អញ​ព្រម​យក ប៉ុន្តែ​ចាំ​អញ​ដឹក​ស្រូវ​ទៅ​ទុក​ផ្ទះ​សិន» ។ លុះ​អាប៉ាង​ដឹក​ស្រូវ​យក​ទៅ​ទុក​រួច​ហើយ ក៏​ត្រឡប់​មក​យក​មេ​កន្តី​នោះ​វិញ ។ មេ​កន្តី ក៏​នាំ​អាប៉ាង​ទៅ​ជម្រាប​សួរ​ពួក​បង​ប្អូន​ខ្មោច​ទាំង​ប៉ុន្មាន រួច​ក៏​នៅ​ជា​មួយ​គ្នា​ទៅ ។

ប្រហែល​ជាង​មួយ​ខែ ពួក​ខ្មោច​ទាំង​ប៉ុន្មាន​បបួល​គ្នា ព្រម​ទាំង​អាប៉ាង​ឲ្យ​ទៅ​រក​បាញ់​សត្វ​មក​ធ្វើ​ជា​អាហារ ។ អាប៉ាង​ក៏​ទៅ​ជា​មួយ​នឹង​ពួក​ខ្មោច​នោះ លុះ​ទៅ​ដល់​កណ្ដាល​ព្រៃ​ដើម​ត្រថុក ដែល​ខ្មោច​ទាំង​ពួង​សម្គាល់​ថា ដើម​ឈើ​ទាល បាន​ប្រទះ​នឹង​កង្កែប​មួយ ខ្មោច​ទាំង​នោះ​ស្រែក​ថា «ប្រយ័ត្ន​វ៉ី​កន​យើង! ដំរី​ធំ​ណាស់ ទៅ​ហើយ! »។ អាប៉ាង​ឮ​គេ​ស្រែក​ថា​ដំរី ក៏​ប្រឹង​រក​មើល មិន​ឃើញ​ដំរី​សោះ ឃើញ​តែ​កង្កែប​លោត​មក​ត្រង់​មុខ​អាប៉ាង​ៗ ក៏​ចាប់​ដាក់​ក្នុង​ថ្នក់​សំពត់​ទៅ ។ ខ្មោច​អស់​នោះ ចេះ​តែ​ស្រែក​ថា «ប្រយ័ត្ន​វ៉ី​ដំរីស្ដ​មួយ​ធំ​ណាស់» ហើយ​ស្រែក​សួរ​អាប៉ាង​ថា «ឃើញ​ដំរី​ឬ​ទេ?» ។ អាប៉ាង​ស្រែក​ថា​ «មិន​ឃើញ​ទេ!» ។ ពួក​ខ្មោច​ក៏​នាំ​គ្នា​ដើរ​មក​ដល់​ជិត​អាប៉ាង​ហើយ​ថា «ទៅ​អាប៉ាង​ទៅ​ផ្ទះ​យើង រក​សត្វ​មិន​បាន​ទេ» ។ អាប៉ាង​ថា «អញ​បាន​កង្កែប​មួយ» ។ ខ្មោច​ទាំង​នោះ សួរ​ទៅ​អាប៉ាង​ថា «យ៉ាង​ដូច​ម្ដេច​អាប៉ាង​កង្កែប​នោះ? ឯង​ចែក​ឲ្យ​យើង​រាល់​គ្នា​ស៊ី​ផង» ។ អាប៉ាង​យក​កង្កែប​ចេញ​ពី​ថ្នក់ ហើយ​បង្ហាញ​ទៅ​ពួក​ខ្មោច​នោះ ។ ខ្មោច​អស់​នោះ​ឃើញ ក៏​នាំ​គ្នា​រត់​ព្រោង​ព្រាត​អស់​ទៅ​ហើយ​វា​មាន​វាចា​ថា «ទុក​ប្ដី​មី​កន្តី​ឲ្យ​នៅ​មិន​បាន​ទេ ព្រោះ​វា​ខ្លាំង​ពូកែ​ណាស់ វា​ហ៊ាន​ចាប់​ដំរី​យក​ទៅ​ដាក់​ក្នុង​ថ្នក់​វា, បើ​ដូច្នោះ យើង​ឲ្យ​អាប៉ាង​នេះ​នៅ​មិន​បាន​ទេ ឲ្យ​វា​ទៅ​វិញ​ទៅ!» អាប៉ាង​ក៏​បាន​រួច​ខ្លួន ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។


ល្ងង់​មើល​តែ​ខ្មោច

រឿង អា​សំគម​បាញ់​លលក

មាន​មនុស្ស​ម្នាក់ ជា​កូន​នៃ​អ្នក​ត្រកូល​ក្រី​ក្រ, បុរស​នេះ តាំង​ពី​ចម្រើន​ធំ​ឡើង គ្មាន​រក​ស៊ី​អ្វី​សោះ ខំ​ប្រឹង​សង្វាត​តែ​ខាង​ការ​បរ​បាញ់ ទាល់​តែ​ស្ទាត់​ជំនាញ, បើ​បុរស​នោះ​បាញ់​តម្រង់​សព្វ​ណា ចង់​ឲ្យ​ត្រូវ​ក្បាល ត្រូវ​ក ឬ​ទ្រូង រមែង​ត្រូវ​តាម​បំណង, តែ​រូប​ឆោម​លោម​ពណ៌​បុរស​នោះ អាក្រក់​មាឌ​ស្គម​កំព្រឹង សក់​ក្រញាង មុខ​ក្រញុះ អ្នក​ស្រុក​គេ​ដាក់​ឈ្មោះ​ហៅ​ថា «អា​សំគម​បាញ់​លលក» ព្រោះ​វា​តែង​ដើរ​បាញ់​លលក​រាល់​ថ្ងៃ ។

ថ្ងៃ​មួយ អា​សំគម​បាញ់​លលក លី​ស្នា​ដើរ​ទៅ​ស្វែង​រក​បាញ់​លលក បាន​ប្រទះ​ឃើញ​ភូមិ​សេដ្ឋី​១ មាន​ដើម​ឈើ​ដុះ​ត្រសាយ​ត្រសុំ​ដង្គុំ​ដង្គោល ជា​ទី​លំ​នៅ​នៃ​បក្សី​មាន​លលក​ជា​ដើម ។ សេដ្ឋី​នោះ​ជា​អ្នក​សម្បូណ៌​សំបុក​សម្បត្តិ ព្រម​ទាំង​មាន​កូន​ក្រមុំ​ពីរ​នាក់​ផង ។ អា​សំគម​បាញ់​លលក លី​ស្នា​ដើរ​សៀរ​តាម​របង​ភូមិ​សេដ្ឋី ក៏​ជួប​ជា​កូន​ស្រី​សេដ្ឋី​ទាំង​ពីរ​បណ្ដើរ​គ្នា​លេង​តាម​សួន​ច្បារ ក្នុង​ភូមិ​របស់​ខ្លួន ដ៏​ដេរដាស​ដោយ​ផ្ការីក​ស្គុស​ស្គាយ​ផ្សាយ​ក្លិន​ក្រអូប​ឈ្ងុយ​ឈ្ងប់ នៅ​ពេល​ព្រឹក​ព្រហាម ។ អា​សំគម​បាញ់​លលក​ដើរ​សៀរ​តាម​ភូមិ ងើប​មើល​លើ ក្រែង​មាន​សត្វ​លលក​ទំ​នៅ​ចុង​ឈើ ។ កាល​បើ​អា​សំគម​បាញ់​លលក ងាក​ភ្នែក​ចុះ​ឡើង ចោល​កន្ទុយ​ភ្នែក​ទៅ​ក្នុង​ភូមិ, ខ្សែ​ភ្នែក​ក៏​រត់​ទៅ​ប៉ះ​ទង្គិច​នឹង​រូប​រាង​នាង​ក្រមុំ​ទាំង​ពីរ ដែល​ប្រកប​ដោយ​គ្រឿង​តែង​ប្រាណ មាន​លំអ​ស្រស់​ស្រងៅ ទាំង​មាន​ព្រលឹង​សាច់​ទ្រលុក​ទ្រលន់ នាំ​ឲ្យ​ភ្ញាក់​កន្ទ្រាក់​ដួង​ចិត្ត​ប្រុស​នៅ​វេលា​ឃើញ​ដំបូង ។ ឯ​អា​សំគម​បាញ់​លលក គ្រាន់​តែ​ចោល​ភ្នែក​ទៅ​ប៉ះ​រូប​នាង​នោះ​ភ្លាម ក៏​ស្រឡាំងកាំង​ភាំង​ស្មារតី ភ្លេច​ខ្លួន ជ្រុះ​ទាំង​ស្នា​ទាំង​ព្រួញ​ដល់​ដី ។ អា​សំគម​បាញ់​លលក តាំង​ពី​បាន​ឃើញ​កូន​សេដ្ឋី ក៏​ស្រឡាញ់​ជាប់​ក្នុង​ចិត្ត នឹក​ឥត​ភ្លេច ហើយ​ក៏​ទៅ​ដល់​ផ្ទះ ថ្លែង​ប្រាប់​ឪពុក​ម្ដាយ និយាយ​នឹង​ម្ដាយ​ឲ្យ​ទៅ​ដណ្ដឹង​កូន​សេដ្ឋី​ឲ្យ ។ ម្ដាយ​និយាយ​នឹង​កូន​ថា «នៃ​កូន​! ម្ដេច​ក៏​ឯង​ទៅ​ស្រឡាញ់​កូន​សេដ្ឋី​អីចេះ! បើ​ឯង​ក្រី​ក្រ​ភោគ​សម្បត្តិ ទាំង​រូប​ឯង​ទៀត​ក៏​អាក្រក់ មិន​សម​នឹង​កូន​គេ ធ្វើ​ម្ដេច​គេ​នឹង​ឲ្យ​ឯង ?» អា​សំគម​បាញ់​លលក ក៏​និយាយ​នឹង​ម្ដាយ​ថា «ម៉ែ! បើ​ម៉ែ​មិន​ទៅ​ដណ្ដឹង​ឲ្យ​ខ្ញុំ​ទេ ខ្ញុំ​ក៏​អស់​ឃើញ​មុខ​ម៉ែ, ម៉ែ​ក៏​លែង​បាន​ឃើញ​មុខ​ខ្ញុំ តាំង​ពី​ថ្ងៃ​នេះ​ទៅ​ហើយ» ។

ម្ដាយ​ដែល​មាន​ចិត្ត​អាណិត​កូន ឮ​កូន​និយាយ​ដូច្នោះ ក៏​ស៊ូ​កាត់​កេរ្តិ៍​ខ្មាស ទៅ​និយាយ​ស្នើ​ការ​នឹង​សេដ្ឋី ៗ ​ក៏​តប​វិញ​ថា «ខ្ញុំ​ឥត​បើ​ស្អប់​ខ្ពើម​អី​កូន​នាង​ទេ ប៉ុន្តែ​កូន​ខ្ញុំ​ៗ នឹង​ឲ្យ​ពុំ​បាន ត្បិត​មិន​ទាន់​គ្រប់​ការ, ណ្ហើយ​នាង! ប៉ុណ្ណេះ​ទុក​ជា​ស្រេច​ចុះ កុំ​បាច់​ទៅ​មក​ទៀត» សំដី​ប៉ុណ្ណេះ ជា​សំ​ដី​បង្វែង​ដាន​មិន​ចង់​ឲ្យ ។ ម្ដាយ​អា​សំគម​បាញ់​លលក ទញ់​តុះ​គំនិត​រក​ឧបាយ​កល​និយាយ​ទៀត​គ្មាន ក៏​លា​សេដ្ឋី​ត្រឡប់​ទៅ​ផ្ទះ​ប្រាប់​កូន ។ អា​សំគម​បាញ់​លលក គ្រាន់​តែ​ម្ដាយ​ប្រាប់​ដូច្នោះ​ភ្លាម ក៏​ផ្លាស់​ទឹក​មុខ​ក្រៀម​ក្រំ អង្គុយ​ត្របោម​ក្បាល​ជង្គង់ ដង្ហើម​ឃូរៗ បាយ​លេង​នឹក ទឹក​លេង​ស្រេក​ចេះ​តែ​នឹក​មមៃ​ៗ ហាក់​ដូច​ជា​កូន​សេដ្ឋី​នៅ​ចំពោះ​មុខ​ស្រស់ៗ ដោយ​កម្លាំង​សេចក្ដី​ស្នេហា​ខ្លាំង​ពេក ហើយ​បែរ​ជា​មិន​បាន​ដូច​បំណង ។ នៅ​វេលា​ដែល​អា​សំគម​បាញ់​លលក​ចូល​ដេក ក៏​ចូល​ទៅ​ទាំង​នឹក​អាល័យ​ទៅ​ជា​មមើ ស្រែក​ច្រៀង​ទាំង​យប់​ថា ៖ «ឆោម​អើយ​ឆោម​ឆើត​ទាំង​ពីរ​ប្រាណ ធ្វើ​ម្ដេច​នឹង​បាន​មក​កៀក​កើយ ឲ្យ​ដូច​ជា​ពូក​និង​ខ្នល់​ខ្នើយ បើ​ម្ល៉េះ​ទៅ​ហើយ​អស់​សង្ឃឹម» ។

អា​សំគម​បាញ់​លលក ទុក​ជា​ដឹង​ថា គេ​លែង​ឲ្យ​ហើយ​ដូច្នោះ លុះ​ព្រឹក​ឡើង ក៏​នៅ​តែ​លី​ស្នា និង​ស្ពាយ​បំពង់​ព្រួញ ដើរ​ទៅ​សំដៅ​ភូមិ​សេដ្ឋី​រាល់​ថ្ងៃ​ឥត​ខាន​សោះ ពួន​ចាំ​លប​មើលកូន​សេដ្ឋី ។

ថ្លែង​ពី​បុរស​ម្នាក់​ទៀត ជា​កូន​អ្នក​មាន​សម្បត្តិ ទាំង​រូប​ឆោម​នោះ​ក៏​ស័ក្ដិសម ទឹក​មុខ​ឡើង​ស្រស់​បំព្រង ជា​ទី​ពេញ​ចំណង់​នៃ​ស្ត្រី​ភាព ។ បុរស​នោះ​ក៏​ស្រឡាញ់​កូន​សេដ្ឋី​នោះ​ដែរ លុះ​ទៅ​ដណ្ដឹង សេដ្ឋី​ក៏​មិន​ព្រម​ឲ្យ ។ បុរស​នោះ ទុក​ជា​ដឹង​ថា​គេ​មិន​ព្រម​ឲ្យ ក៏​នៅ​តែ​លប​មើល​កូន​សេដ្ឋី​រាល់​ថ្ងៃ ។ ចួន​ជា​ពេល​មួយ បុរស​នោះ​ក៏​ទៅ​អា​សំគម​បាញ់​លលក​ក៏​ទៅ ហើយ​បាន​ជួប​គ្នា អា​សំគម​បាញ់​លលក​សួរ​ថា «អ្នក​ឯង​ទៅ​ណា?» ។ បុរស​នោះ​ឆ្លើយ​ថា «ខ្ញុំ​មក​លប​មើល​កូន​សេដ្ឋី» ឆ្លើយ​ហើយ​សួរ​ថា «ចុះ​ឯង​មក​ធ្វើ​អ្វី​ដែរ?» ។ អា​សំគម​បាញ់​លលក​ថា «ខ្ញុំ​ក៏​មក​មើល​កូន​សេដ្ឋី​ដែរ» ។ បុរស​នោះ​ថា «យើ !រាង​នេះ អួត​ឯង​ចង់​បាន​កូន​សេដ្ឋី​ផង ! ប៉ុន​អម្បាល​រូប​ខ្ញុំ គេ​នៅ​តែ​មិន​ឲ្យ» ។ អា​សំគម​បាញ់​លលក​ថា «បង​ឯង​ចាំ​មើល ខ្ញុំ​យក​ទាល់​តែ​បាន» ។

ជួន​ជា​ថ្ងៃ​នោះ សេដ្ឋី​ប្ដី​ប្រពន្ធ​នាំ​គ្នា​ទៅ​វត្ត នៅ​តែ​កូន​ក្រមុំ​ពីរ​នាក់​ចាំ​ផ្ទះ ។ អា​សំគម​បាញ់​លលក​ដឹង​ដូច្នោះ កំពុង​តែ​គិត​រក​ឧបាយ ក៏​ចួន​ជា​ក្រឡេក​ទៅ​ឃើញ​សត្វ​លលក​មួយ​ទំ​នៅ​ចុង​ឈើ​មុខ​ផ្ទះ​សេដ្ឋី ។ អា​សំគម​បាញ់​លលក បាន​ឱកាស​ក៏​យឺត​ស្នា​បាញ់​ឮ​សូរ​ក្លឹង​ប៉ាប់ ស្រាប់​តែ​លលក​ទធាក់​ផើង ទទះ​ស្លាប​នៅ​ទី​ធ្លា​មុខ​ផ្ទះ ។ លំដាប់​នោះ កូន​ក្រមុំ​សេដ្ឋី​ម្នាក់​ចុះ​ទៅ​ដី ឃើញ​លលក​នោះ​ហើយ ក៏​ស្រែក​ប្រាប់​បង​ថា «អ្នក​បង ! អ្នក​ណា​បាញ់​លលក​ធ្លាក់​មក​នេះ?» ថា​ហើយ​ក៏​រើស​លលក​ទៅ ។ អា​សំគម​បាញ់​លលក​ធ្វើ​ដូច​ជា​មិន​ដឹង ដល់​គេ​បោច​រួច​ហើយ ស្រាប់​តែ​ឡូឡា​រក​លលក ដែល​ខ្លួន​បាញ់​នោះ​ថា «នរណា​លួច​លលក​អញ​ទៅ​ណា? តែ​អញ​រក​ឃើញ​មុខ​ជា​ប្ដឹង​រាជការ​ឲ្យ​យក​ទៅ​ដាក់​គុក​ពុំ​ខាន» ។ នាង​ក្រមុំ​ទាំង​ពីរ​នាក់ ឮ​ដូច្នោះ​ក៏​ភ័យ​ស្រែក​ប្រាប់​ថា «លលក​បង​ឯង​ខ្ញុំ​យក​មក​នេះ​ហើយ» ។ អា​សំគម​បាញ់​លលក​ស្ដី​គំរាម​ថា «ម្ដេច​ក៏​ហ៊ាន​លួច​លលក​អញ ត្រូវ​យក​មក​ឲ្យ​អញ» កូន​ស្រី​សេដ្ឋី​ក៏​យក​លលក​មក​ឲ្យ ។ អា​សំគម​បាញ់​លលក​ថា «ទេ! លលក​អញ​នៅ​រោម​នៅ​ស្លាប ឥឡូវ​នាង​ឯង​យក​ទៅ​បោច​រោម​ស្លាប​អស់​ហើយ ក្រែង​តែ​អាំង​ឲ្យ​ឆ្អិន​ឲ្យ​អញ​បាន​អញ​យក ។ «នាង​ក្រមុំ​ទាំង​ពីរ​នាក់ ក៏​យក​ទៅ​អាំង ឆ្អិន​ហើយ​យក​មក​ឲ្យ ។ អា​សំគម​បាញ់​លលក​ថា «នរណា​ស៊ី​តែ​សាច់​លលក ក្រែង​តែ​មាន​ស្រា​ផឹក​ផង ទើប​ស៊ី​កើត» ។ នាង​ទាំង​ពីរ​នាក់ ហេតុ​តែ​ខ្លួន​ជា​ស្រី​ប្រកប​ដោយ​សេចក្ដី​ភ័យ​ច្រើន ក៏​ទៅ​យក​ស្រា​មក​ឲ្យ ឲ្យ​មួយ​ពែង​ហើយ​ថា​មួយ​ពែង​ទៀត​ទាល់​តែ​ស្រវឹង​ដួល​ដេក​លើ​ផ្ទះ​នោះ​ទៅ ។ ឯ​នាង​ក្រមុំ​ទាំង​ពីរ​នាក់​គិត​គ្នា​ថា «បើ​យើង​បណ្ដោយ​ឲ្យ​វា​នៅ​ក្នុង​ទី​ហ្នឹង តែ​ឪ​ម៉ែ​មក​វិញ​ឃើញ យើង​មុខ​ជា​មាន​រឿង «គិត​ហើយ មិន​ដឹង​យក​ទៅ​ណា ក៏​នាំ​គ្នា​សែង​អា​សំគម​បាញ់​លលក យក​ទៅ​លាក់​ក្នុង​ផ្ទះ ។ ដល់​ពេល​យប់ អា​សំគម​បាញ់​លលក​ដឹង​ខ្លួន ក៏​ស្រែក​ថា «មូស​ខាំ​ណាស់ » ។ កូន​សេដ្ឋី​ភ័យ ក្រែង​ឪពុក​ដឹង ក៏​នាំ​គ្នា​សែង​ទៅ​ដាក់​ក្រោម​គ្រែ​ដេក​របស់​ខ្លួន ។ អា​សំគម​បាញ់​លលក​ស្រែក​ទៀត​ថា «សង្កើច​ខាំ​ណាស់ » ។ នាង​ទាំង​ពីរ​នាក់​ក៏​លើក​មក​ឲ្យ​ដេក​លើ​គ្រែ ក្នុង​មុង​ជា​មួយ ដោយ​គិត​ថា វា​ស្រវឹង​ស្រា នឹង​ធ្វើ​អ្វី! ។ ពេល​នោះ អា​សំគម​បាញ់​លលក​បាន​ឱកាស ក៏​តាំង​លូក​ប្រឡែង​ស្ទាប​អង្អែល ដោយ​សេចក្ដី​ស្រឡាញ់​ដរាប​ដល់​បាន​រួម​ដំណេក ជា​មួយ​នឹង​នាង​ក្រមុំ​ទាំង​ពីរ​នាក់​នោះ​ទៅ ។


ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ